បុរសម្នាក់ ដែលត្រូវបានឃាត់ខ្លួនដោយអ្នកចូលរួមក្នុងពិធីជួបជុំគ្រូបង្រៀន កាលពីថ្ងៃ អាទិត្យ បន្ទាប់ពីបុរសម្នាក់នោះ ត្រូវបានគេមើលឃើញថា កាន់កាំភ្លើងខ្លីមួយដើម កាលពីម្សិលមិញ ត្រូវបានបញ្ជាក់ថា ជាសមាជិកកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈដែលរូបភាពដែលត្រូវបានគេរកឃើញក្នុងអ៊ិនធើណិត បាននាំឲ្យមានចង្ងល់ទាក់ទងនឹងតួនាទីរបស់បុរសរូបនោះ នៅក្នុងអង្គភាពយោធាសម្ងាត់ និងហេតុផលដែលបុរសនេះចូលរួមក្នុងបាតុកម្មរបស់គណបក្សប្រឆាំង។

ប៉ឹង ជឿន អាយុ៣៨ឆ្នាំ ដែលកំពុងតែថតរូបព្រះសង្ឃមួយក្រុមនៅក្នុងពិធីជួបជុំតូចមួយ ដែលត្រូវបានរៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅទីលានប្រជាធិបតេយ្យ នៅពេលបុរសរូបនេះត្រូវបានលោកស្រី មូរ សុខហួរ តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ សួរដេញដោលពីរឿងកាំភ្លើងខ្លី K-54 ដែលបុរសរូបនេះបានលាក់នៅក្នុងអាវ។
អ្នកចូលរួមបានវាយប្រហារឈ្មោះ ប៉ឹង ជឿន យកកាំភ្លើងចេញពីខ្លួនគាត់ ហើយទាញគាត់ពេញទីលាន មុនពេលកងរាជអាវុធហត្ថទៅយកគាត់ ហើយទុកគាត់នៅខាងក្រោយកម្លាំងរបស់ខ្លួន។ ឈ្មោះ ប៉ឹង ជឿន ត្រូវបានព្យាបាលនៅឯមន្ទីរពេទ្យកាល់ម៉ែតដោយសារតែរងរបួស។ នៅទីនោះលោកបានចុះឈ្មោះក្នុងសៀវភៅចុះឈ្មោះអ្នកជំងឺដោយសរសេរកន្លែងមុខរបរជា “អង្គរក្សសម្តេច” មុនពេលចាកចេញ។
លោក ទូច ណារ៉ុថ ប្រធានអង្គភាពកងអង្គរក្សនៃក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីម្សិលមិញពីការងាររបស់លោក ប៉ឹង ជឿន នៅផ្នែកកម្លាំងប្រដាប់អាវុធផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លោកមានប្រសាសន៍ថា “គាត់ធ្វើការនៅអង្គភាពកងអង្គរក្សសម្តេចតេជោ។ លោកបានប្រើពាក្យ “តេជោ” ដើម្បីសំដៅទៅលើលោក ហ៊ុន សែន ។ លោកបានបន្តថា “កុំសួរខ្ញុំ[អំពីគាត់]។ គាត់មិនធ្វើការនៅក្នុងអង្គភាពរបស់ខ្ញុំទេ”។
លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការអង្គភាពកងអង្គរក្សនាយករដ្ឋមន្ត្រីបានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយអំពីលោក ប៉ឹង ជឿន ហើយបានណែនាំឲ្យអ្នកសារព័ត៌មានទៅសាកសួរអ្នកដែលបញ្ជាក់ពីតំណែងរបស់លោក ប៉ឹង ជឿន ។ លោកបានមានប្រសាសន៍ថា “អ្នកណាដែលនិយាយថា គាត់ជាអង្គរក្ស ទៅសួរគាត់ទៅ”។
ការយល់ឃើញផ្សេងៗគ្នាអំពីអត្តសញ្ញាណ របស់លោក ប៉ឹង ជឿន បានកើតឡើងបន្ទាប់ពីមានចលាចលមួយប្រាវនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃអាទិត្យ។ ក្រៅពីមានកាំភ្លើង លោកក៏បានពាក់ប័ណ្ណអនុញ្ញាតឲ្យចូលសម្រាប់អ្នកសារព័ត៌មាន ដែលកំណត់ថា លោក គឺជាអ្នកសារព័ត៌មានមួយរូបនៅអង្គភាពព័ត៌មាននៃនាយកដ្ឋានព័ត៌មានរាជធានីដែលជាសេនាធិការមួយរបស់ក្រសួងព័ត៌មាននៅក្នុងរាជធានីភ្នំពេញ។
លោក ឃុត សំខាន់ ប្រធានមន្ទីរព័ត៌មានរាជធានីបានបញ្ជាក់ថា លោក ប៉ឹង ជឿន បានធ្វើការនៅអង្គភាពនេះ ហើយលោកបន្តថា លោកមិនដឹងថា ហេតុអ្វីបានជាលោក ប៉ឹង ជឿន កាន់កាំភ្លើងខ្លីក្នុងពិធីជួបជុំនោះទេ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានលើកឡើងផងដែរថា ក្រសួងរបស់លោកបញ្ជូនអ្នកថតរូបទៅថតយករូបភាពធ្វើជាឯកសារផងដែរ ក៏ប៉ុន្តែ លោកបានបដិសេធថា អ្នកថតរូបទាំងនោះមិនមានអាវុធទេ។ ក្រោយមកលោកក៏បានលើកឡើងទៀតថា លោក ប៉ឹង ជឿន ប្រហែលជាធ្វើការជា “បុគ្គលិកបណ្តែត” ។
លោក សំខាន់ បានលើកឡើងកាលពីម្សិលមិញថា ខណៈដែលមន្ទីរព័ត៌មានរាជធានី មិនធ្វើការចំណុះឲ្យអង្គភាពកងអង្គរក្សលោក ហ៊ុន សែន លោក ប៉ឹង ជឿន អាចធ្វើការនៅកន្លែងផ្សេងទៀតមួយណាក៏បានឲ្យតែលោកចង់ធ្វើ។ លោក សំខាន់ បានមានប្រសាសន៍ថា “គាត់ អាចធ្វើការនៅស្ថាប័នណាក៏បាន ឲ្យតែគាត់ធ្វើព័ត៌មានឲ្យនាយកដ្ឋានរបស់យើង”។ លោកបានបន្ថែមថា វាមិនមានបញ្ហាទេប្រសិនបើមន្ត្រីរបស់លោកមានអាវុធ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនខ្វល់អំពីកាំភ្លើងរបស់គាត់ទេ។ ឲ្យតែខ្ញុំដឹងថា គាត់សរសេរព័ត៌មានឲ្យខ្ញុំ”។
រូបថតដែលត្រូវបានរកឃើញកាលពីម្សិលមិញ នៅលើទំព័រសាវតាក្នុងបណ្តាញព័ត៌មានសង្គមត្រូវបានសន្និដ្ឋានថា ជាលោក ប៉ឹង ជឿន ប៉ុន្តែ មិត្តភក្តិរបស់លោកក៏បានលាក់រឿងរ៉ាវទាក់ទងទៅនឹងការងារពិតរបស់លោក ប៉ឹង ជឿន ផងដែរ។ រូបថតទាំងនោះបានបង្ហាញសកម្មភាពឈរជាច្រើននៅក្បែរលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន និងសមាជិកកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមាជិកកងរាជអាវុធហត្ថផងដែរ ហើយក្នុងករណីដែលលោកមានកាំភ្លើង និងធ្វើសកម្មភាពនៅជុំវិញអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ។ លោក ស៊ីណាវ៉ាត្រា ដែលត្រូវបានតាមចាប់ខ្លួននៅប្រទេសថៃត្រូវបានផ្តល់កន្លែងជ្រកកោនដើម្បីរក្សាសុវត្ថិភាពក្នុងប្រទេសកម្ពុជា ដោយលោក ហ៊ុន សែន អស់រយៈពេលជាច្រើនឆ្នាំ។
រូបថតមួយបង្ហាញថា លោក ប៉ឹង ជឿន ពាក់ប័ណ្ណសម្គាល់អ្នកសារព័ត៌មានរបស់លោកកាលពីខែកញ្ញា ខណៈដែលរូបថតមួយផ្សេងទៀតដែលត្រូវបានថតកាលពីខែកក្កដា បង្ហាញថា លោកពាក់ប័ណ្ណសម្គាល់ខ្លួនថា “ នាយកដ្ឋានកងអង្គរក្ស” ។ រូបថតជាច្រើនផ្សេងទៀតដែលលោក ប៉ឹង ជឿន បានបង្ហោះនៅលើអ៊ិនធើណិតមានរូបភាពអ្នកចូលរួមជាច្រើននៅក្នុងព្រឹត្តិការណ៍នានារបស់គណបក្សសង្គ្រោះជាតិ។
រូបថតទាំងនោះរូមមានរូបថត ព្រះសង្ឃ និងអ្នកសារព័ត៌មានក្នុងពេលធ្វើបាតុកម្ម ព្រមទាំងរូបថតសកម្មជនយុវជនគណបក្សប្រឆាំងឈ្មោះ ធី សុវណ្ណថា ដែលបានទាក់ទាញអ្នកគាំទ្រ២០០.០០០នាក់តាមរយៈទំព័រ “ខ្ញុំស្រឡាញ់ព័ត៌មានទាន់ហេតុការណ៍នៅកម្ពុជា” ក្រោមចំណុះគណបក្សសង្គ្រោះជាតិ នៅលើគេហទំព័របណ្តាញសង្គមហ្វេសប៊ុក (Facebook) ក៏ប៉ុន្តែ រូបថតទាំងនោះមានចំនួនបីដែលហាក់ដូចជាត្រូវបានថតយកដោយសម្ងាត់៕
ប្រែសម្រួលដោយ កង សុធា