27 C
Phnom Penh

ការសិក្សារបស់​អ.ស.ប.៖ ជនរង​គ្រោះ​ដោយសារ​ការ​ជួញ​ដូរ​ទទួលជំនួយ និង​ការ​គាំពារ​​តិច​តួច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយការណ៍​មួយ​ចេញផ្សាយដោយ​​គម្រោង​អន្តរទីភ្នាក់ងារ​​ផ្នែក​ជួញដូរ​មនុស្ស​ ហៅកាត់ថា UNIAP របស់​អង្គការ​សហ​ប្រជា​ជាតិ​ និង​រដ្ឋាភិបាល​ក្នុង​តំបន់​បានបង្ហាញ​ថា ភាគ​ច្រើនក្នុង​ចំណោមជន​រង​គ្រោះ​ដោយ​​សារ​​ការ​ជួញ​ដូរ​មនុស្ស​​ ដែលមកពី​ប្រទេស​កម្ពុជា​ និង​ប្រទេស​ផ្សេង​ទៀតក្នុង​តំបន់​​ មិន​បាន​ទទួល​ជំនួយ​ និង​ការ​គាំពារ​សម​ស្រប​ទេ​ ជាហេតុ​បណ្តាលឲ្យជន​រង​គ្រោះ​ទាំង​នោះ​មិន​អាច​មានលទ្ធភាព​ចូល​ប្រឡូក​នៅ​ក្នុង​សង្គម​បាន។

ពាក់​កណ្តាល​នៃ​ចំនួន​អ្នក​ដែល​ត្រូ​វបាន​សម្ភាស​​២៥២​នាក់​ ក្នុង​នោះ​មាន​៦២​នាក់​ជន​ជាតិ​ខ្មែរ​ដែល​ត្រូវបានគេ​ជួញ​ដូរ​ មិន​បាន​ទទួល​ជំនួយ​ពី​អង្គការក្រៅ​រដ្ឋាភិបាលនានា​ ឬ​អាជ្ញាធរ​នៅ​ក្នុង​បណ្តាប្រទេស​ដែល​ពួក​គេ​ត្រូវ​បាន​គេ​ជួញ​ដូរ​ទេ​​ ហើយ​​២០​ភាគ​រយ​ផ្សេង​ទៀត​មិន​បាន​ទទួល​ការ​ប្រឹក្សា​យោបល់​​ ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ជំនួយ​ឥត​សំណង​ ឬក៏ការ​អប់​រំ​ផ្លូវ​ច្បាប់​ទេ នៅ​ពេល​ពួក​គេ​វិល​ត្រឡប់​​ទៅស្រុក​កំណើត​រៀង​ៗ​ខ្លួន​​វិញ។

លោក សេក​ សុផល​ ប្រធាន​កម្មវិធីនៅ​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ការ​ការពារ​សិទ្ធិ​កុមារ​​ហៅកាត់​ថា CCPCR ​ដែល​បាន​ជួយ​​ក្នុ​ង​សកម្មភាពសិក្សា​ស្រាវ​ជ្រាវ​សម្រាប់គម្រោង​“ បន្ទាប់​ពីការ​ជួញ​ដូរ៖ ​បទ​ពិសោធ​ និងបញ្ហា​ប្រឈម​​ក្នុង​ការធ្វើសមាហ​រណកម្ម​របស់​ជន​រង​គ្រោះ​ដោយការ​ជួញ​ដូរ​ នៅ​មហា​អនុ​តំបន់​​​ ទន្លេ​មេគង្គ” បាន​លើកឡើងថា ជំនួយពិត​ជា​​សំខាន់​​ណាស់​ សម្រាប់ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ ​ជួញ​ដូរ​មនុស្ស​ម្តង​ទៀត​។​

លោក​ សេក សុផល បាន​មានប្រសាសន៍ថា “វា​ជារឿងសំខាន់​​ណាស់​ ដែលត្រូវជួយ​ពួក​គេ​ ពីព្រោះ​ប្រជាជន​ជាច្រើន​នាក់​ណាស់​មាន​ ជីវភាពក្រីក្រ ហើយ​ជន​រង​គ្រោះ​ភាគ​ច្រើន​​ជា​អ្នកក្រី​ក្រខ្លាំង”។ លោកបានបន្តថា “ប្រសិនបើ​យើ​ង​មិន​​ជួយ​​ពួក​គេ​ទេ​ នោះ​ពួក​គេ​នឹង​ធ្វើ​ចំណាក​ស្រុក​​ម្ត​ង​​​ ទៀត​ ហើយ​មាន​​​បញ្ហា​ដដែល​ទៀត​”។

លោក សុផល បាន​ឲ្យ​ដឹង​ទៀតថា នៅ​ក្នុង​​ ជំរំ​ពីរ​​តាំង​នៅ​​តាម​បណ្តោយ​ព្រំ​ដែន​វៀត​ណាម​​ ​និង​ថៃ​ អង្គការ CCPCR បច្ចុប្បន្ន​កំពុង​ជួយ​ជន​រង​គ្រោះ ដោយ​សារ​ការ​ជួញ​ដូរ​មនុស្ស​ ប្រហែល​​១០០នាក់​ ដែល​ភាគ​ច្រើន​ជា​កុមារ​។

កាល​ពីក្នុង​ខែ​មិថុនា​ ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​ បានទម្លាក់​ចំណាត់​ថ្នាក់​របស់កម្ពុជា​​ ពី​ថ្នាក់ទី២ដែល​ខ្លួនសម្រេចបាន​​រយៈ​ពេល​បីឆ្នាំ​ចុង​ក្រោយ​​ មកនៅថ្នាក់​បញ្ជី​ឃ្លាំមើល​ថ្នាក់ទី២ នៅក្នុង​របាយ​ការណ៍​​ប្រចាំ​ឆ្នាំ​ ស្តី​ពី​ស្ថានភាពជួ​ញ​ដូរ​មនុស្សជា​សាកល​។ របាយ​ការណ៍​នេះ​បាន​បង្ហាញថា មាន​ជន​ល្មើស​​តែ​៤៤​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​កាត់​ទោស​នៅ​ក្នុ​ងប្រទេស​នេះ​ក្នុងឆ្នាំ​២០១២​។

ទោះជាយ៉ាង​ណា រដ្ឋាភិបាល​បាន​លើក​ឡើ​ង​ថា មនុស្ស​៣០០នាក់​ត្រូវ​បាន​កាត់​ទោស​ ហើយ​ជន​រងគ្រោះ​សរុប​ចំនួន៤៥៨​នាក់​ត្រូវ​​បាន​ជួយ​សង្គ្រោះ​ នេះ​បើ​យោង​តាម​តួ​លេខ​ផ្តល់​ដោយ​​ក្រសួ​ងការ​បរទេស​ និង​សហ​ប្រតិបត្តិការអន្តរ​ជាតិ។

លោក​ស្រី​ រ៉េ​ប៊ិកកា ស៊័រ​ទី​ស (Rebecca Surtees) អ្នក​​និពន្ធ​របាយ​ការណ៍​សិក្សាស្រាវ​ជ្រាវ​របស់​ អង្គការ UNIAP ដែល​ត្រូ​វ​បាន​ចេញផ្សាយ​កាល​ពីថ្ងៃ​ច័ន្ទ បាន​​លើក​ឡើង​ថា បើ​ទោះជា​អង្គការ​នានា​​កំពុង​ព្យាយាម​​ជួយ​ជន​រងគ្រោះ​ដោយសារការ​ជួញដូរ​មនុស្ស​ក៏ដោយ​ ក៏​ជន​រង​គ្រោះ​ជាច្រើន​មិនដឹងខ្លួនថា ខ្លួន​ជា​ជន​រង​គ្រោះទេ ហើយពួកគេចង់​​ត្រឡប់​​​ទៅ​ស្រុក​កំណើត​​របស់​ខ្លួន​ដែល​ពុំ​មាន​សេវា​វិញទេ។

លោកស្រី ស៊័រ​ទីស​ បាន​លើកឡើង​ក្នុ​ង​អីុមែល​កាល​ពីម្សិលមិញថា “អ្នក​ដែល​ត្រូវ​បាន​គេជួញ​ដូរ​ជាច្រើន​​មិន​ដឹងថា ខ្លួន​អាច​នឹង​មាន​សិទ្ធិ​ទទួល​ជំនួយ​ ឬ​មិនដឹងថាតើ​អាចទទួល​បាន​កា​រគាំទ្រ​នេះដោយរបៀប​ណា​។ ​មាន​ន័យ​ថា ពួក​គេ​ជានិច្ច​កាល​គ្មាន​មធ្យោបាយស្វែង​រក​ការ​គាំទ្រ​ឡើយ​”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស