ព័ត៌មានជាតិ

គណបក្ស​ប្រជាជន​កម្ពុជា ​បានត្រៀម​​ខ្លួនដើម្បីពិភាក្សា​ពីកំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​

By

October 16, 2013

កាល​ពី​ម្សិលមិញ​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចេញ​សេចក្តី​​​​​ប្រកាស​​​​មួយ​ ដោយ​មិន​បាន​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​របស់​ខ្លួន​​​ឲ្យបាន​ច្បាស់​ឡើយ​នៅ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​​ប្រព័ន្ធ​បោះ​​​​​​​ឆ្នោត​ ដែល​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​រិះគន់​ថា បាន​ធ្វើឲ្យ​អ្នក​បោះឆ្នោត​​មាន​ការ​មិន​ទុកចិត្ត​ចំពោះ​​លទ្ធផល​ផ្លូវការ​​នៃ​ការ​បោះ​​​​ឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨​​​ខែ​កក្កដា​នោះ។​

នៅ​ក្នុង​ “សេចក្ដី​​​ប្រកាស​​​របស់​ខ្លួន​ស្ដី​អំពី​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​​​ដែល​​​នឹង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ” ​គណបក្ស​កាន់​អំណាច​បាន​លើក​ឡើង​ថា ខ្លួន​នឹង​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ស្នើ​ឲ្យ​មាន​ការ​បង្កើត​ក្រប​ខណ្ឌ​ច្បាប់​បន្ថែម ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ដោយ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ ហើយ​ “នៅ​តែ​រក្សា​ជំហរ​បើក​ចំហ​របស់​ខ្លួន​ និង​សិក្សា​ពី​អនុសាសន៍​ទាំង​នៅ​ក្នុង​ស្រុក​ និង​​​​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត”។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​​ឆ្នោត​​​(គ.ជ.ប.)​​​​ ដែល​សមាសភាព​​​របស់​ខ្លួន​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​នោះ មិន​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​នេះ​ឡើយ​។ សេចក្ដី​ប្រកាស​របស់​គណបក្ស​​​​ប្រជាជន​​​កម្ពុជា​​​​​​ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​​​កា​​​រចរចាដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​​​​ជាតិ​បាន​ផ្អាក ​បន្ទាប់​ពី​គណបក្ស​ប្រជា​​​ជន​កម្ពុជា​បាន​សម្រេច​បើក​សម័យ​ប្រជុំ​សភា​ឯក​បក្ស​ដំបូង​ ហើយ​បោះ​ឆ្នោត​ជ្រើស​រើស​រដ្ឋា​​​ភិបាល​ថ្មី​ដែល​មាន​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ជា​អ្នក​ដឹក​នាំ​។

នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ដោះ​ស្រាយ​ជម្លោះ​របស់​ខ្លួន​ជាមួយ​គណ​​​បក្ស​សង្គ្រោះ​ជាតិ​បាននោះ​​​​ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​​ប្រឆាំង​​បាន​មាន​ប្រសា​​​សន៍​ថា កំណែ​ទម្រង់​ណា​មួយធ្វើ​​​ឡើង​​​​ដោយ​​​​គណបក្ស​កាន់​តែ​ម្នាក់​ឯង​នោះនឹង “មិន​មាន​ន័យ​អ្វី​ឡើយ​សម្រាប់​អ្នក​បោះឆ្នោត និង​ប្រជា​​​​​​​​​ពលរដ្ឋ​” ។​លោក​បាន​លើក​ឡើង​បន្ត​ថា សេចក្តី​​​​ប្រកាស​របស់​គណបក្ស​ប្រជា​​​ជន​កម្ពុជា​នេះ គឺ​ដើម្បី​ “បោក​បញ្ឆោត​” ​ប្រជា​​​ពលរដ្ឋ​ឲ្យ​គិត​ថា គណបក្ស​កាន់​អំណាច​បាន​ធ្វើ​កំណែ​ទម្រង់​​​ស៊ី​ជម្រៅ​រួច​ហើយ​។

លោក​បានមាន​​​ប្រសាសន៍​​​​ថា “ប្រសិន​បើ​​​​ពួក​អស់​លោក​ពិត​ជា​ចង់​ធ្វើ​កំណែ​ទម្រង់​មែន​នោះ​ ពួក​អស់​លោក​​គួរ​តែ​យល់​ព្រម​ចំពោះ​សំណើ​របស់​យើង​​ ដែល​ស្នើ​សុំ​ឲ្យ​​​ស្វែង​​​​រក​យុត្តិ​ធម៌​សម្រាប់​អ្នក​បោះ​ឆ្នោត​ និង​ធ្វើ​ឲ្យ​មាន​តុល្យ​​​ភាព​អំណាច​នៅ​ក្នុង​រដ្ឋ​​​សភា”។ លោក​​បាន​​​​ថ្លែង​​​បែប​នេះ​ដោយ​ស​ំដៅ​​​​ទៅ​លើ​ការ​​​​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​​​​​ទាម​​​​​​​ទារ​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា​ ដែល​ខ្លួន​កំពុង​តែ​ធ្វើ​ពហិការ​នោះ​​​។

លោកស្រី ឡូរ៉ា ថន​តុន (Laura Thornton)​​ នាយិកា​ប្រចាំ​​​ប្រទេស​​​កម្ពុជានៃ​​​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិប​តេយ្យ​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​​​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ជំហាន​​​ឆ្ពោះ​ទៅ​រក​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ណាមួយ​ត្រូវ​បាន​ស្វាគមន៍​នោះ ផែនការ​ច្បាស់​លាស់​បន្ថែម​ចាំ​បាច់​ត្រូវ​តែ​មាន​មុន​ពេល​កិច្ច​ពិភាក្សា​ដ៏​មាន​អត្ថន័យ​អាច​ចាប់​ផ្ដើម​។

លោកស្រី ថនតុន បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​​ថា “ព័ត៌មាន​លម្អិត​បន្ថែម​ចាំបាច់​ត្រូវ​តែ​មាន​នៅ​ក្នុង​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ ដែល​ពួក​​​គេ​នឹង​បង្កើត​ឡើង ពីព្រោះ​ធ្លាប់​មាន​អនុ​​​សាសន៍​ជាក់​លាក់​កាលពី​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ​ដែល​ពួកគេ​មិន​បាន​អនុវត្ត​​​។ លោក​ស្រី​បាន​មាន​​​ប្រសាសន៍​​​បន្ត​​​​ទៀត​​​ថា “វា​នឹង​មាន​ភាព​ប្រសើរ​ ប្រសិន​បើ​ពួកគេ​​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​​ចំពោះ​​​អនុសាសន៍​មួយ​ក្នុង​ចំណោម​អនុ​​​សាសន៍​ទាំង​នេះ​ដែល​ពួកគេ​នឹង​​​យក​មក​អនុវត្ត​”។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​​​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​​​នៅ​កម្ពុជា​(ខុមហ្វ្រែល) បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា សេចក្ដី​ប្រកាស​របស់​គណបក្ស​​​ប្រជាជន​កម្ពុជា​ យ៉ាង​ហោច​ណាស់​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​ចាប់​ផ្ដើម​សម្រាប់​​​​កិច្ច​ចរចា​លើក​ក្រោយៗ​ដែរ។ ​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ នឹង​ក្លាយ​ទៅ​ជា​បញ្ហា​មួយ​​​​ដ៏​សំខាន់​​នៃ​ការ​ទាម​ទារ​ឲ្យ​មាន​កំណែ​ទម្រង់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​”។

លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា គណ​​​បក្ស​ប្រជាជន​កម្ពុជា​គួរតែ​សម្រុះ​សម្រួល​គ្នា​ជាមួយ​​​គណបក្ស​​​សង្គ្រោះជាតិ​​​សម្រាប់​កិច្ច​ចរចា​នយោបាយ​លើក​ក្រោយ​ៗ។ គណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​ទទួល​បាន​​​អំណាច​​​​​​​គ្រប់​គ្រាន់​ក្នុង​រដ្ឋ​សភា​ ពោល​គឺ​មាន​អំណាច​ស្មើ​​​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​យក​តួនាទី​នេះ​ទៅ​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​អនុវត្ត​​​​កំណែទម្រង់​”។ លោក​បាន​បន្ថែម​ថា គណបក្ស​​​ប្រជាជនកម្ពុជា​​​ក៏​ធ្លាប់​បាន​សន្យា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ដែរ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​​​​កាលពី​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៨ ដែល​មាន​ចន្លោះ​ខ្វះ​ខាត​។ លោក​បាន​បន្ត​ថា “ការ​សន្យា​គឺ​វា ​[ល្អ​ណាស់​​​]  នៅ​លើ​ក្រដាស ប៉ុន្តែ សកម្ម​ភាព​អនុវត្ត​ជាក់​ស្តែង​វិញ មិន​ដូច្នោះ​ឡើយ”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​​​