31 C
Phnom Penh

ទំនប់​វារី​អគ្គិសនី​ដន​​​ សាហុង ​​នៅ​ប្រទេស​ឡាវ​នឹង​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាហា​​រូបត្ថម្ភ​នៅ​​​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ជំនាញ​​ផ្នែក​អាហា​រូប​ត្ថម្ភ​ និង​​​អ្នក​ការ​ពារ​​បរិស្ថាន​​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​​ចំពោះ​ផល​ប៉ះពាល់​​ពី​​ការ​សាង​សង់​​ទំនប់​វារី​អគ្គិសនី​ ដន សាហុង​ នៅ​ក្នុង​ប្រទេស​ឡាវ​ ដែល​​នឹង​​មាន​ផល​ប៉ះពាល់​​លើ​តម្រូ​វ​ការ​​អាហារូប​ត្ថម្ភ​​របស់​ប្រជាពលរដ្ឋ​ខ្មែរ​​រាប់​ម៉ឺន​នាក់​ ដែល​រស់​នៅ​​​ផ្នែក​ខាង​ក្រោម​នៃ​កន្លែង​សាង​សង​ទំនប់​វារី​អគ្គិសនី​នេះ​។ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​​​នាក់​នេះ​ ​ពឹង​ផ្អែក​លើ​ត្រី​​នៅ​ក្នុង​ទន្លេ​មេគង្គ​ ដែល​ជា​ប្រភព​ជាតិ​​ប្រូតេអ៊ីន​ និង​ជាតិ​ខ្លាញ់​​ដ៏​សំខាន់​។

លោក​ ឈិត សំអាត នាយក​ប្រតិបត្តិ​​​វេទិ​កា​​​​នៃ​អង្គ​ការ​​មិន​មែន​រដ្ឋាភិបាល​​ស្ដី​ពី​កម្ពុជា​  បាន​​​​លើក​ឡើង​ថា ការ​សាង​សង​ទំនប់​វារី​អគ្គិសនី​ ដែល​នឹង​​មាន​ទីតាំង​​ត្រឹម​តែ​ពីរ​គីឡូ​ម៉ែត្រ​​​ពី​​​ព្រំដែន​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ឲ្យ​ចំនួន​​ត្រី​​នៅ​ក្នុង​​ប្រទេស​​ ដែល​ស្ថិត​​​នៅ​​​ក្រោម​​កន្លែង​​សាង​សង់​​ទំនប់​វារី​អគ្គិសនី​នេះ​ធ្លាក់​ចុះ​​ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ព្រោះ​​ទំនប់​វារី​អគ្គិសនី​នេះ​ នឹង​​ត្រូវ​សាង​សង់​​លើ​​ផ្លូ​វ​ទឹក​តែ​មួយ​គត់​ ដែល​​ជា​ផ្លូវ​ទឹក​សម្រាប់​ត្រី​​រស់​នៅ​​ក្នុង​ទន្លេ​មេគង្គ​ធ្វើ​​​បម្លាស់​ទីជា​យូរ​ឆ្នាំ​មក​។

លោក​ ឈិត សំអាត បាន​មានប្រសាសន៍​ថា“ប្រសិន​បើ​ទំនប់​វារី​អគ្គិសនី​ ដន សាហុង​ ​ត្រូវ​បាន​សាង​សង់​វា​នឹង​មាន​​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​​លើ​ត្រី​ដែល​ស្ថិត​នៅ​អាង​ទន្លេ​​​​មេគង្គ​ក្រោម​។​ យើង​​គិត​ថា វា​នឹង​មាន​​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​​លើ​​ការធ្វើ​​​បម្លាស់​ទី​របស់​ត្រី​ និង​​បរិមាណ​​​ត្រី​ ពីព្រោះ​​ចរន្ត​​ខ្សែ​​ទឹក​ហូរ​​​ នឹង​ត្រូវ​បា​ន​រាំង​ខ្ទប់​​”។ លោក​បាន​បន្ថែម​​ថា ពូជ​ត្រី​ជិត​ផុត​ពូជ​ដូចជា​ ត្រី​រាជ​ ក៏​ទំនង​ជា​នឹង​​ផុត​ពូជ​ផង​ដែរ​។

នៅ​ក្នុង​ការ​សិក្សា​​កាល​ពី​ឆ្នាំ​២០០៩ ស្ដី​ពី​ផល​ប៉ះពាល់​​បង្ក​​​ឡើង​​​ដោយ​​​ទំនប់​វារី​អគ្គិសនី​ ដន សា​ហុង​ លោក​ អៀន​ បៀដ (Ian Baird) សាស្ត្រា​ចារ្យ​​ផ្នែក​ភូមិ​វិទ្យា​​នៅ​សាកល​វិទ្យា​​​ល័យ​​​​ Wisconsin-Madison បាន​មានប្រសាសន៍​ថា ផល​ប៉ះពាល់​​លើ​ការ​​​​ធ្វើ​​​បម្លាស់​ទី​របស់​ត្រី​​នឹ​ងមិន​អាច​ចៀស​ផុត​​ឡើយ​។

លោក​បាន​លើក​​​ឡើង​នៅ​ក្នុង​ការ​​​សិក្សា​​របស់​លោក​ថា “អ្វី​ដែល​យើង​​បាន​​​​ដឹង​យ៉ាង​​​ច្បាស់​​​នោះ​ គឺ​ថា​ [ត្រី​] គឺ​ពិត​ជា​មាន​សារៈ​សំខាន់​​​​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​ និង​​សុវត្ថិ​ភាព​ស្បៀង​សម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ ហើយ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ណា​មួយ​ ដែល​កើ​ត​ចេញ​ពី​​​ការ​បំផ្លិច​បំផ្លាញ​​ពូជ​ត្រី​ នឹ​ងធ្វើ​​ឲ្យ​មាន​​បញ្ហា​​សង្គម​ និង​​សេដ្ឋកិច្ច​​ចំពោះ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​តាម​ទី​​ជនបទ”។

យោង​តាម​​ការ​ស្ទង់​មតិ​​កាល​ពី​ឆ្នាំ​២០១១​របស់​រដ្ឋបាល​ជលផល​បាន​​ឲ្យ​ដឹង​ថា ត្រី​គឺ​ជា​ប្រភព​ប្រូតេអ៊ីន​ និង​ជាតិ​ខ្លាញ់​ដ៏​សំខាន់​​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ទី​ជន​បទ​។​ ប្រូតេអ៊ឺន​ និង​ជាតិ​​ខ្លាញ់​មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​រាងកាយ​ និង​ខួរ​ក្បាល​។ ត្រី​ និង​អាហារ​សមុទ្រ​​ បាន​​​ផ្ដល់​​​​ប្រូតេអ៊ីន​៤០​ភាគរយ​​​និង​​​​ជាតិ​ខ្លាញ់២៨​​​ភាគរយ​​​សម្រាប់​​​ប្រជាពល​​​រដ្ឋ​​​ខ្មែរ​​​។

លោក សូនី​ គ្រីសនែន (Sonny Krishnan) មន្ត្រី​​ទំនាក់​ទំនង​​នៅ​អង្គ​ការ​សុខភាព​​ពិភព​លោក​បាន​មានប្រសាសន៍​ថា ត្រី​គឺ​ជា​ប្រភព​​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ ដែល​លំបាក​នឹង​រក​អ្វី​មក​​ជំនួស​បាន​ណាស់​ ជា​ពិសេស​​វា​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​​សម្រាប់​​ប្រជាពល​រដ្ឋ​ខ្មែរ​ ដែល​ទទួល​បាន​ប្រាក់​ចំណូល​ទាប​។ លោក​បានលើក​ឡើង​​​ថា ក្រៅ​ពី​បង្ក​ឲ្យ​មាន​កង្វះ​អាហារូបត្ថម្ភ ការ​ទទួល​បាន​ជាតិ​ខ្លាញ់​តិច​​សម្រាប់​រាង​កាយ​ពីត្រី​​​ ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ប្រព័ន្ធ​ដំណើរ​ការ​​នៃ​រាង​កាយ​ផង​ដែរ​​។

លោក​ គ្រីសនែន បាន​មានប្រសាសន៍​ថា “ជាតិ​ខ្លាញ់​របស់​​​ត្រី​​​គឺ​វា​មាន​​​សារៈ​សំខាន់​​ខ្លាំង​ណាស់​​សម្រាប់​មុខ​ងារ​​រាង​កាយ​ ​ ហើយ​ការ​ទទួល​ទាន​ជាតិ​ខ្លាញ់​របស់​ត្រី​បាន​តិច​វា​អាច​នឹង​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​មុខ​ងារ​សាច់ដុំ និង​មុខ​ងារ​ប្រព័ន្ធ​ប្រសាទ”។ លោ​ក​បាន​លើក​​​ឡើង​​​បន្ថែម​ថា “ប្រសិន​​​​បើ​យើង​​ធ្វើ​ឲ្យ​​ប្រភព​នៃ​ប្រូតេអ៊ីន​ដ៏​សំខាន់​នេះ​បាត់​បង់​​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ការ​លូតលាស់​សម្រាប់​​ក្មេង​ៗ​ គឺ​ប៉ះពាល់​ដល់​ការ​​ធំធាត់​ និង​ខួរ​ក្បាល​របស់​ពួក​​គេ​”។ លោក​​បាន​បន្ត​ថា វា​ក៏​នឹ​ង​ធ្វើ​ឲ្យចំនួន​ទារក​ ដែល​កើត​មក​មិន​គ្រប់​គី​ឡូ​កើន​ឡើង​ផង​ដែរ​ ទន្ទឹម​នឹង​នោះ ក៏​នឹង​ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​មុខ​ងារ​ប្រព័ន្ធ​​ប្រសាទ​សម្រាប់​មនុស្ស​ពេញ​វ័យ​ដែរ​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស