31 C
Phnom Penh

​លោក ហ៊ុន សែន ​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ចិន​ពន្លឿន​សកម្មភាព​សាង​សង់​រោង​ចក្រ​ចម្រាញ់ប្រេង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ជំនួយ​ការ​លោក​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យដឹ​ង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បា​ន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុនចិន ​ពន្លឿន​សកម្ម​ភា​ព​គម្រោង​​សាង​សង់​រោងចក្រ​ចម្រាញ់​ប្រេង​​ ដែល​នឹងក្លាយ​ជា​រោងចក្រ​ចម្រាញ់​ប្រេង​ដំបូងរបស់​ប្រទេស​នេះ ​និង​បាន​ជំ​រុ​ញ​ឲ្យ​​មាន​ប្រតិបត្តិការ​យ៉ាង​យូរ​ ក្នុងឆ្នាំ​២​០១៨​។

លោក ​អៀង​ ​សុផាល្លែត ជំនួយការ​ផ្ទាល់​លោក​នាយក​រដ្ឋ​មន្ត្រី​​ បាន​លើក​សំណើ​​អំឡុង ​កិច្ច​ប្រជុំ​ជាមួយ​លោក សៃ ស៊ី​យូ (Cai Xiyou)​ ​អនុប្រធាន​ជាន់​ខ្ពស់​ក្រុម​ហ៊ុន​សាជីវកម្ម​ប្រេង​កាត​ និ​ងគីមីចិន​ (China Petroleum and Chemical Corporation) ​ ឬហៅកាត់​ថា ក្រុម​ហ៊ុន​ស៊ីន​ណូប៉ិក​ (Sinopec) ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា និ​ងបាន​ជួប​សម្តែង​ការ​គួរ​សម​ជាមួ​យ​លោក ហ៊ុន សែន​។

​លោក សុផាល្លែត​ បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ថា “ដំបូង ​អ្វី​ដែល​សម្តេ​ច ហ៊ុន សែន​ ចង់​បាន​គឺ​ថា លោក​ចង់​ឲ្យ​ក្រុម​ហ៊ុន​នេះ​ខិត​ខំប្រឹង​ប្រែង​កាត់​បន្ថយ​ហេតុ​ប៉ះពាល់​បរិស្ថាន​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​​។ទី​២​ក្រុម​ហ៊ុន​ត្រូវ​ជំរុញ​ល្បឿន​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេង​នេះ​ដែ​លគួរ​តែ​អាច​ផលិត​ប្រេង​បាន​ក្នុង​ឆ្នាំ​២០១៨​”។

លោក​ សុផាល្លែត​ បាន​លើកឡើង​បន្ត​ទៀត​ថា  លោក សៃ បាន​ឆ្លើយ​តប​ថា  រោង​ចក្រ​ ចម្រាញ់​ប្រេងនឹង​ទទួល​ជោគ​ជ័យ​ “ នៅ​ពេល​ ឆាប់​ៗ​នេះ​” ហើយ​ក្រុម​ហ៊ុន ស៊ីន​ណូប៉ិក​ ​នឹង​ខិត​ខំ​កាត់​បន្ថយ​ហេតុ​ប៉ះពាល់​ផ្សេង​ៗ​។ លោក​បាន​មាន​ប្រសាសន៍ថា “ក្រុម​ហ៊ុន​របស់​លោក​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ​ និង​ទំនើប​ៗ​ដើម្បីកាត់​បន្ថយ​ហេតុ​ប៉ះពាល់​ដែល​​បង្ក​ឡើង​ដោយ​រោង​ចក្រ​ទៅ​លើ​បរិស្ថាន​ និង​ដើម្បី​ផលិត​ប្រេង​ឲ្យស្រប​តាម​​ស្តង់​ដា​រ​អន្តរ​ជាតិ​”។

យោង​តាម​ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​អាកា​ប៉េ​(AKP) បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ ស៊ីន​ណូប៉ិក​ ស្ថិត​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ចិន​មួយ​ចំនួន​ដែល​បាន​ចុះហត្ថលេខា​លើ​អនុស្ស​រណៈ​​នៃការ​យោគយល់គ្នា​ កាល​ពីខែ​មេសា​ ដើម្បី​បោះ​ទុន​វិនិយោគ​ចំនួន​១,៦៧ពាន់​លាន​ដុល្លារ​ ក្នុង​គោល​បំណង​សាង​សង់​រោង​ចក្រ​ចម្រាញ់​​ប្រេង​មួ​យ​នៅខេត្ត​កំពត​ ដែល​មាន​សមត្ថ​ភាព​ចម្រាញ់​​ប្រេង​បាន​រហូត​ដល់​៥លាន​តោន​ក្នុង​មួយឆ្នាំៗ​។

ក្រុមហ៊ុន​ ស៊ីន​ណូ​ម៉ាច ឆាយណា ភើ​ហ្វិក​ ម៉ាកឈីនារី​  អ៊ីន​ដាស​ស្ទ្រី  ខប​ភើ​រ៉េ​សិន (Sino​mach  China Perfect  Machinery  Industry Corporation ) ​ ដែល​ជាក្រុមហ៊ុន​ចិន​មួយ​ផ្សេង​ទៀត​បាន​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​មួ​យ​ជាមួ​យ​ក្រុម​ហ៊ុន​រដ្ឋ ខេម​បូឌាន​ ផេត​ត្រូ ឆេមីខល​ ខំផេនី​ (Cambodian Petrochemical  Company)​​ ដើម្បី​សាង​សង់​រោង​ចក្រ​ចម្រាញ់​​ប្រេង​មួយ​ដែល​មាន​សមត្ថភាព​ចម្រាញ់​​ប្រេង​បាន​៥លាន​តោន​ក្នុង​មួយឆ្នាំ​​នៅ​ក្នុង​ទី​តាំង​ដូច​គ្នា​ដោយ​ត្រូវ​ចំណាយ​ប្រាក់​២,៣​ពាន់​លាន​ដុល្លារ​ កាល​ពីខែ​ធ្នូ​។ ក៏​ប៉ុន្តែ កាល​ពី​ម្សិល​មិញ​ មិន​មាន​ភាព​ច្បាស់​លាស់​ថា តើ​ក្រុម​ហ៊ុន ស៊ីណូម៉ាច នៅមាន​ការ​ពាក់​ព័ន្ធ​ក្នុង​គម្រោង​នេះ​ ឬ​យ៉ាង​ណា​នោះ​ទេ​។

ក្នុង​ពេល​ជាមួ​យ​គ្នា​នោះ​ដែរមន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​របស់​ក្រុមហ៊ុន​​ បាន​លើ​កឡើង​ថា រោង​ចក្រ​ចម្រាញ់​ប្រេង​នេះ​នឹង​ចាប់​ផ្តើម​ការ​សាង​សង់​នៅ​ដើម​ឆ្នាំ​២០១៣​ និង​ត្រូវ​ការ​​ពេល​វេលា​ប្រហែល​បីឆ្នាំ​ ដើម្បី​បញ្ចប់​ការ​សាង​សង់​។

លោក តែ ជីមណា​រិទ្ធ​ អនុ​ប្រធាន​​នាយក​ដ្ឋាន​មន្ទីរ​ឧស្សាហ​កម្ម​ខេត្ត​កំពត​​បាន​​អះ​អាង​ថា ការ​ងារ​​សម្រាប់​រោង​ចក្រ​ចម្រាញ់​​ប្រេង​នេះបាន​ចាប​់ផ្តើម​កាល​ពីឆ្នាំមុន​ ក៏​ប៉ុន្តែ លោក​មិន​ដឹង​​​ថា តើ​អ្នក​ណា​មាន​ការ​ពាក់​ព័ន្ធ​ខ្លះ​ទេ​ ហើយ​បាន​បង្វែ​រ​សំណួរ​​ទៅ​ក្រសួង​​ឧស្សាហកម្ម​ រ៉ែ និង​ថាម​ពល​។

លោក​ ខូយ​ ឃុន អភិបាល​ខេត្ត​កំពត​ បាន​​បដិសេធមិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​​ និង​បាន​បង្វែរសំណួរ​​ទៅក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាម​ពល​ផង​ដែរ​ ខណៈ​ដែល​លោក អ៊ិត​ ប្រាំង​ រដ្ឋលេខាធិការ​ក្រសួ​ងនេះ​ និង​ទទួល​បន្ទុក​ផ្នែក​ថាម​ពល​បាន​បដិសេធ​មិន​ធ្វើ​សេច​ក្តី​អត្ថាធិប្បាយ​។ បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​ប្រើ​ប្រាស់​ប្រេង​​ជាង​១លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ហើយ​នាំចូល​បរិមាណ​ប្រើ​ប្រាស់​ទាំង​នេះ​ទាំង​ស្រុង​។ កិច្ច​ខិត​ខំប្រឹង​ប្រែង​​ក្នុង​ការ​យក​ប្រេង​ចេញ​ពី​អណ្តូង​ប្រេង​នៅ​ក្នុង​ទឹក​កម្ពុជា​នៅ​ឈូង​សមុទ្រ​ថៃ​ ត្រូវ​បាន​ពន្យារ​ពេល​យ៉ាង​យូរ​៕­

ប្រែ​​​សម្រួល​​​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស