28 C
Phnom Penh

ព្រះសង្ឃ​​​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​​ឈប់​បំភិត​បំភ័យ​​ព្រះសង្ឃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ​ព្រះ​សង្ឃពីរអង្គ​​ដែល​ជា​តំណាង​​​ឲ្យ​​បណ្តាញ​ព្រះ​សង្ឃ​មួយ​ក្រុម​បាន​ធ្វើ​សន្និសីទ​កាសែត ដើម្បី​​រិះគនរដ្ឋា​ភិបាល​​​ចំពោះ​​ការ​ប្រើ​ប្រាស់​​​​​មន្ត្រី​​​សង្ឃ​ជាន់​ខ្ពស់​​ឲ្យ​​បំភិត​បំភ័យ​​ព្រះសង្ឃ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ហើយ​បាន​គំរាម​ធ្វើ​​​ការ​តវ៉ា​ប្រសិន​បើ​ការបំភិត​បំភ័យបែប​នេះ​​​នៅ​តែ​បន្ត​កើតមាន​ទៀត​នោះ។

ពេល​មាន​សង្ឃដីកា​នៅវត្ត​នាគ​វ័ន្ត​ក្នុង​រាជ​ធានីភ្នំពេញ ព្រះតេជគុណ​ ប៊ុន ប៊ុនទិញ ព្រះ​ជន្ម​៣៤​វស្សា​ ដែល​ជា​ប្រធាន​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យដើម្បី​យុត្តិធម៌​សង្គម​​បាន​បង្ហាញ​ពី​ហេតុការ​ណ៍​ជាច្រើន​ក្រោយ​ការ​បោះឆ្នោត​ជាតិ កាលពី​ខែកក្កដា ដែល​នៅ​ពេល​នោះ​ព្រះសង្ឃ​ត្រូវ​បាន​ព្រះចៅ​អធិការ​​​​វត្ត​បណ្ដេញចេញពីវត្ត​បន្ទាប់ពី​​បាន​ដឹង​ថា ព្រះ​សង្ឃ​ទាំងនោះ​បានទៅ​​ចូល​រួម​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​។

ព្រះ​តេជគុណ​ ប៊ុន ប៊ុនទិញ បាន​មាន​សង្ឃ​ដីកានៅឯ​សន្និសីទ​កាសែត​នោះ​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​នៅតែ​ព្យាយាមបំភិត​បំភ័យ​​ព្រះ​សង្ឃ​ទៀត​ ព្រះ​សង្ឃ​នឹង​ក្រោក​ឈរ​ឡើង​ហើយប្រមូល​ព្រះសង្ឃ​ និង​ប្រជា​ពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស​​ ធ្វើ​ការ​តវ៉ា​”។ ​ព្រះតេជគុណ​​​មាន​សង្ឃដីកាថា ព្រះ​​អង្គ​ធ្វើ​សន្និសីទ​កាសែត​​នេះដើម្បី​អំពាវ​នាវ​​ជាសាធារណៈ​ឲ្យ​រដ្ឋាភិ​បាល​បញ្ឈប់​​ការ​បំភិត​បំភ័យ​​បែប​នេះ​។

យោង​តា​មព្រះតេជគុណ ប៊ុន ប៊ុនទិញ បាន​ឲ្យ​ដឹងថា ការ​បំភិត​បំភ័យ​បែប​នេះ​មានដូចជា ករណី​ព្រះ​សង្ឃ​មួយអង្គ​​មកពី​ខេត្ត​កំពង់ស្ពឺ ដែល​និមន្ត​ត្រឡប់មកពី​ចូល​រួម​​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ ក្នុង​រាជធានីភ្នំពេញ​កាលពី​ពាក់​កណ្ដាល​ខែ​កញ្ញា ហើយត្រូវ​ភាស​ខ្លួន​ចេញពី​វត្ត​របស់​ព្រះ​អង្គ​បន្ទាប់ពីមាន​ការ​បាញ់​កាំភ្លើង​មួយ​គ្រាប់​នៅ​ជិត​កុដិ​​ព្រះ​អង្គនៅ​ក្នុង​បរិវេណ​វត្ត​នោះ។ ព្រះសង្ឃ​នៅ​ក្នុងរាជ​ធានី​ភ្នំពេញ និង​ខេត្ត​កំពង់​ឆ្នាំង​ក៏​ត្រូវ​បាន​ធ្វើ​​​ទារុណ​កម្ម​ផង​ដែរ ​ហើយ​ព្រះ​សង្ឃ​មួយ​ចំនួន​​ត្រូវ​បាន​ព្រះចៅ​អធិការ​វត្ត​បណ្ដេញចេញ​ពេល​វិល​ត្រឡប់​ទៅវត្តវិញ ​ក្រោយ​ពី​បាន​ចូល​រួម​ការ​តវ៉ា​របស់គណបក្ស​សង្គ្រោះ​ជាតិក្នុងរាជ​ធានី។

ព្រះ​តេជគុណ​ ប៊ុន ប៊ុនទិញ ​មាន​សង្ឃ​ដីកា​ថា នគរ​បាល​ និងកង​រាជ​អាវុធ​ហត្ថ​​ត្រូវ ​បាន​​ដាក់​ពង្រាយនៅ​វត្ត​បទុម​ពីរ​លើក​ក្នុង​រយៈ​​ពេល​ពីរ​សប្ដាហ៍​​នេះ ហើយ​ព្រះ​អង្គ​បាន​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​បេសកកម្ម​​បំភិត​បំភ័យ​ព្រះ​សង្ឃ​ដែលគាំទ្រ​គណបក្ស​សង្គ្រោះ​​​ជាតិ។ ​ព្រះ​អង្គ​បា​ន​មាន​សង្ឃដីកា​ថា “ពួកគេ​បាន​បំពេញ​បេសកកម្ម​​ក្នុង​​វត្ត​បទុម​នៅពេល​យប់​​កាល​ពី​ថ្ងៃ​ទី​៩ និង​ទី​១៤ ខែតុលា។ មន្ត្រី​ទាំង​នោះ​និយាយ​ថា ពួកគេ​​កំពុង​សាក​ល្បង​ប្រព័ន្ធ​រដ្ឋបាលថ្មី ប៉ុន្តែ​អាត្មាគិត​ថា ​ពួកគេ​បញ្ជូន​នគរ​បាល​មកទីនេះដើម្បី​បំភិត​បំភ័យ​ក្រុម​របស់​អាត្មា​ហើយ​បន្ទាប់​មក​នៅ​ពេល​ដែល​ក្រុម​អាត្មា​តប​ត​ពួកគេ​នឹង​ប្រើ​អំពើ​ហិង្សា​និង​ចាប់​ខ្លួន​​ក្រុម​អាត្មា។ រដ្ឋាភិបាល​កំពុង​ដើរ​ផ្លូវ​ខុស​នៅ​ពេល​នេះ គឺ​ខុស​ឆ្ងាយពីផ្លូវ​​ប្រជា​ធិប​តេយ្យ​។ អាត្មា​សូម​ស្នើ​ឲ្យ​រដ្ឋាភិបាល​​​បញ្ឈប់​​ការ​ប្រើ​ប្រាស់​វិធីបំភិត​បំភ័យ​​បែប​​នេះ​មក​លើ​ព្រះ​សង្ឃ​”។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗនេះ ព្រះ​សង្ឃ​បាន​ចូល​ប្រឡូក​ក្នុង​នយោបាយ​បន្តិច​ម្ដងៗ​ បន្ទាប់ពីការ​បោះឆ្នោត​កាលពីខែ​កក្កដា។ ការ​ធ្វើ​ឲ្យ​មាន​​ចល​នារបស់​​ព្រះ​សង្ឃ​​​ដែល​​​​​​​​​មាន​​​​ការ​ព្រួយ​បារម្ភ​​និមន្ត​មក​ចូល​រួម​ការតវ៉ា​ក្រោយ​ការ​បោះ​ឆ្នោត​​​កាលពីខែកក្កដា បាន​ធ្វើ​ឲ្យ​​ព្រះសង្ឃ​ជា​ច្រើន​ដែល​មាន​អារម្មណ៍​​​​​ដូច​គ្នានេះ​​បញ្ជូន​ញត្តិ​ទៅ​ព្រះបរ​ម​រាជវាំង​ កាលពីខែកញ្ញា ជា​សញ្ញា​បង្ហាញ​​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំ​​ពី​កា​រ​ផ្លាស់​ប្ដូរ​បរិយា​កាស​នយោ​​​​​​​​​បាយ​​នៅកម្ពុជា​។

​លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជអា​វុធ​ហត្ថ​បាន​បដិសេធ​កាលពីម្សិលមិញ​ថា មន្ត្រី​របស់លោក​មិន​បាន​បំភិត​បំភ័យ​​ព្រះសង្ឃ​ទេ ហើយ​បាន​​ក្រើន​រំឭក​ព្រះតេជគុណ ប៊ុន ប៊ុន​​​ទិញ និង​ក្រុម​របស់​ព្រះអង្គ​ឲ្យ​គោរព​ច្បាប់​​។ ​លោក ខេង ទីតូ ​មាន​ប្រសាសន៍​ថា “វាមិន​​​ពិត​ទេ​ក្នុង​ការ​អះអាង​ថា នគរ​បាល​និង​កង​រាជអាវុធហត្ថ​​​ដាក់​សម្ពាធ​លើ​​ព្រះ​សង្ឃ។ យើង​គ្រាន់​តែ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ។​ព្រះ​អង្គមាន​សិទ្ធិ​តវ៉ា​ ប៉ុន្តែ​ត្រូវ​​​គោរព​ច្បាប់ និង​ធ្វើ​តាម​​​​​​​​​​ការ​ណែនាំ​របស់​អាជ្ញាធរ​”។

ព្រះ​តេជគុណ ឃឹម សន ព្រះមេគណ​រាជ​ធានីភ្នំពេញ ​បាន​​មាន​សង្ឃដីកា​ថា គណៈសង្ឃ​បាន​សម្រេច​ហាម​ឃាត់​ព្រះសង្ឃ​មិន​ឲ្យ​ចូល​រួម​ការ​ជួប​ជុំ​ជា​សាធារណៈទេ​។ ព្រះតេជគុណ ឃឹម សន ​មាន​សង្ឃ​ដីកា​ថា “​ការ​​​ដែល​​​​​​​​ព្រះ​សង្ឃ​ត្រូវ​បានអនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​ហ្នឹង គឺ​​​ជា​​​សេរីភាព​គ្រប់គ្រាន់​​​​ណាស់​​​ទៅ​​​​​​​ហើយ។​​​​​​ កូន​ប្រុសកូន​ស្រីត្រូវ​​គោរព​​និង​​​ដឹង​​​​គុណ​ឪពុក​ម្ដាយ​។ កូន​ប្រុស​កូន​ស្រីមិន​គួរ​បន្ទោស​ឪពុក​ម្ដាយ​ខ្លួន​ចំពោះ​ស្ថាន​ភាព​​មិន​​​ល្អ​​​​​ក្នុង​គ្រួសា​រ​ទេ”។

ព្រះតេជ​គុណ​​បាន​បន្ត​​​​ថា ​​​គណបក្ស​ប្រជា​ជន​​​​របស់​​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ជួយ​សង្គ្រោះ​ប្រទេស​​​​​​​ជាតិ និង​បាន​ផ្ដល់ជីវិត​ទី​២​ ដល់​ប្រជា​ជន​។
ព្រះតេជគុណ​ ប៊ុន ប៊ុនទិញ បានទទួល​ស្គាល់​​ថា ​ព្រះសង្ឃមិនត្រូវ​បង្ហាញ​ការ​ជាប់​ពាក់​ព័ន្ធ​​​នយោ​បាយ​​របស់​ខ្លួន​ជា​សាធារណៈ​ទេ ប៉ុន្តែ​ព្រះ​អង្គ​បាន​លើក​ឡើង​ថា ​មាន​ការ​​រិះគន់​យ៉ាង​ខ្លាំង​​ទៅ​លើ​​​មន្ត្រី​​សង្ឃ​ជាន់​ខ្ពស់​​ចំពោះ​ការ​លម្អៀ​ង​ទៅ​ខាង​គណបក្ស​ប្រជាជន​។

ព្រះតេជគុណ​​មាន​សង្ឃដីកា​ថា “សម្ដេច​សង្ឃ​ [ ទេព វង្ស ] បាន​ចេញ​បទ​បញ្ជា​មិន​ឲ្យ​​ព្រះសង្ឃ​ចូល​រួម​ការ​ធ្វើ​បាតុកម្ម​ ប៉ុន្តែ​ព្រះ​អង្គ​ខ្លួន​ឯ​ង​គឺ​ជា​សមាជិក​គណបក្ស​ប្រជា​ជន​កម្ពុជា​។ រឿង​នេះផ្ទុយ​គ្នា​ស្រឡះ​”។ ព្រះតេជគុណ​ ទេព វង្ស ព្រះសង្ឃ​រាជ​គណៈ​មហានិកាយ​ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​តំណាង​របស់​​សាធារណៈ​រដ្ឋ​ប្រជា​មានិត​កម្ពុជា មុន​ពេលចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​១៩៨១​ និង​​ធ្វើ​ជា​អនុ​ប្រធាន​រដ្ឋសភា​នៅពេល​នោះ។
ព្រះតេជគុណ​ ប៊ុន ប៊ុនទិញ បាន​មាន​សង្ឃ​ដីកាថា ទោះបី​ជា​​មាន​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ក៏ដោយ​ ក៏​មាន​​ព្រះសង្ឃ​ធម្ម​ភាគ​ច្រើន​គាំទ្រ​គណ​បក្ស​ប្រឆាំង​ដែរ។

​ព្រះអង្គ​បានមាន​សង្ឃដីកា​​បន្ទាប់ពី​សន្និ​សីទកាសែត​នោះថា ព្រះសង្ឃ​៩០​ភាគរយ​កំពុង​ស្វែង​រក​យុត្តិធម៌​ ហើយ​សូមទោស​ដែល​និយាយ​ថា ព្រះសង្ឃ​៩០​ភាគ​រយ​ស្រឡាញ់​គណបក្សប្រឆាំង​​។ យើង​មិន​ធ្វើការ​​ឲ្យគណ​បក្ស​ប្រឆាំងទេ ប៉ុន្តែ​យើង​ធ្វើកា​រ​ដើម្បី​យុត្តិ​ធម៌ សេរីភាព និង​សន្តិភាព។ ប្រសិន​បើ​យើង​ពិនិត្យ​មើល​ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០១៣​មាន​ភាព​ខុស​គ្នា​ច្រើន​ណាស់​។ ប្រជា​ជន​ចាប់​អារម្មណ៍លើ​នយោបាយ​ណាស់​ពេលនេះ ហើយប្រសិន​បើ​រដ្ឋាភិបាល​បំពាន​ព្រះ​សង្ឃ​ ប្រជា​ជន​នឹង​ក្រោក​ឈរ​គាំទ្រ​ព្រះសង្ឃ៕

ប្រែ​​​សម្រួល​​​ដោយ មូល គឹមហឿន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស