មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីម្សិលមិញថា រដ្ឋាភិបាលបានបញ្ជាឲ្យវាយបំផ្លាញជាបន្ទាន់នូវអគារចំនួនពីរដែលមានទីតាំងស្ថិតនៅប្លុកព្រះបរមរាជវាំង ពីព្រោះសំណង់ទាំងនោះខ្ពស់ជាងកម្ពស់អនុញ្ញាតសម្រាប់អគារនៅជុំវិញព្រះបរមរាជវាំង។

អគារមួយដែលជារបស់ក្រុមហ៊ុនអចលនទ្រព្យវឌ្ឍនៈមានទីតាំងស្ថិតនៅចម្ងាយមួយប្លុកពីព្រះបរមរាជវាំង តាមបណ្ដោយតីរវិថីស៊ីសុវត្ថិ ជិតផ្លូវលេខ១៨៤។ អគារមួយទៀតដែលជាកម្មសិទ្ធិរបស់បុរសអ្នកជំនួញម្នាក់ មានទីតាំងស្ថិតនៅចម្ងាយពីរប្លុកពីព្រះបរមរាជវាំងនៅផ្លូវលេខ១៩ក្រោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា “យើងនឹងវាយកម្ទេចអគារពីរ ប៉ុន្តែខ្ញុំមិនអាចនិយាយបានទេ មុនពេល [លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ] ចេញសេចក្ដីប្រកាសវាយកម្ទេចចោល។ ខ្ញុំគិតថា ករណីនេះនឹងមិនអូសបន្លាយពេលយូរពេកទេ។ លោកអភិបាលប្រហែលជាចេញសេចក្ដីប្រកាសឆាប់ៗនេះ”។
លោកស្រី រឿង ផល្លីន ចៅសង្កាត់ជ័យជំនះបានបញ្ជាក់ថា យ៉ាងហោចណាស់អគារមួយនឹងត្រូវវាយកម្ទេចចោល។ លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំដឹងច្បាស់ថា អគារវឌ្ឍនៈនឹងត្រូវវាយកម្ទេចចោល ប៉ុន្តែពាក់ព័ន្ធនឹងអគារមួយទៀត ខ្ញុំមិនទាន់ទទួលបានព័ត៌មានពីថ្នាក់លើរបស់ខ្ញុំនៅឡើយទេ ប៉ុន្តែ អគារនេះក៏កំពុងស្ថិតក្នុងការពិចារណាវាយកម្ទេចចោលដែរ”។
ឯកសារមួយចុះថ្ងៃទី០១ខែតុលា ដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យផ្អាកជាបន្ទាន់នូវការសាងសង់អគារវឌ្ឍនៈ។ ឯកសារនោះមានខ្លឹមសារដូច្នេះថា “យើងសូមស្នើឲ្យផ្អាកការសាងសង់ជាបន្ទាន់ ព្រោះទីតាំងនេះនៅជិតព្រះបរមរាជវាំងពេក ជាតំបន់អភិរក្សដែលត្រូវតែគោរព”។
ទោះបីជាសេចក្ដីថ្លែងការណ៍នេះមិនបានលើកឡើងពីការវាយកម្ទេចអគារទាំងពីរក៏ដោយ ក៏លោក ប៉ា សុជាតិវង្ស ត្រូវបានកាសែតកម្ពុជាថ្មី ដកស្រង់ប្រសាសន៍នៅក្នុងអត្ថបទព័ត៌មានតាមអុីនធើណិតកាលពីម្សិលមិញ ដោយលើកឡើងថា ការវាយកម្ទេចចោលនឹងធ្វើឡើង “ជាបន្ទាន់”។
កាសែតនេះបានដកស្រង់ប្រសាសន៍របស់អភិបាលរាជធានីភ្នំពេញ ដែលបានលើកឡើងក្រោយពីជួបប្រជុំជាមួយអភិបាលខណ្ឌទាំងប្រាំបួននៅសាលារាជធានីកាលពីម្សិលមិញថា “ថ្នាក់លើបានបញ្ជាឲ្យសាលារាជធានីវាយកម្ទេចអគារពីរជាបន្ទាន់ដើម្បីធ្វើជាគំរូដល់អគារផ្សេងៗទៀត។ មន្ត្រីបានអះអាងថា អគារដែលមានបញ្ហាទាំងពីរនេះត្រូវបានសាងសង់ខ្ពស់ជាងកម្ពស់អនុញ្ញាតនៅក្នុងកិច្ចសន្យារបស់ពួកគេ។
អគារវឌ្ឍនៈទទួលបានការអនុញ្ញាតឲ្យសាងសង់កម្ពស់១៤ម៉ែត្រ ប៉ុន្តែផ្ទុយទៅវិញអគារនេះបានសង់កម្ពស់ហួសពី២០ម៉ែត្រ រីឯអគារនៅផ្លូវលេខ១៩ត្រូវបានអនុញ្ញាតឲ្យសាងសង់កម្ពស់២៤,៥ម៉ែត្រ ប៉ុន្តែពេលនេះវាខ្ពស់ជាង៣៤,៥ម៉ែត្រទៅហើយ។
លោកស្រី រឿង ផល្លីន បានមានប្រសាសន៍ថា “អគារនៅទីតាំងជុំវិញព្រះបរមរាជវាំងមិនអាចសាងសង់ខ្ពស់បែបនេះបានទេ។ អគារវឌ្ឍនៈទំនងជាផ្អាកការសាងសង់ហើយ”។ កម្ទេចថ្មត្រូវបានចាក់គរនៅខាងក្រៅច្រកទ្វារចូលអគារវឌ្ឍនៈកាលពីម្សិលមិញ និងមានរបងស័ង្កសីពណ៌ខៀវព័ទ្ធជុំវិញទីតាំងដែលមានសំណាញ់ពណ៌បៃតងគ្របដណ្ដប់នៅផ្នែកខាងមុខ។ គេមិនឃើញមានកម្មករនៅទីនោះទេ ហើយច្រកទ្វារចូលត្រូវបានចាក់សោ។ បុគ្គលិកម្នាក់បម្រើការងារនៅសណ្ឋាគារមួយជាប់អគារនេះបាននិយាយថា ខ្លួនមិនបានឃើញកម្មករនៅការដ្ឋាននេះយ៉ាងហោចណាស់ក៏មួយសប្ដាហ៍ដែរ។
អគារវឌ្ឍនៈបានបង្កការឈឺក្បាលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ អាជីវកម្មនានា និងអ្នកអភិរក្សតំបន់ក្រុងរាប់ឆ្នាំមកហើយ ដោយសារតែការសាងសង់បានបង្កការខូចខាតដល់អគារសម័យអាណានិគមនិយមបារាំង មួយចំនួននៅតាមបណ្ដោយតីរវិថីស៊ីសុវត្ថិ រួមទាំងអគារភោជនីយដ្ឋាន និងបារ FCC ដ៏ពេញនិយមផងដែរ។
កាលពីរសៀលម្សិលមិញនៅឯការដ្ឋានសំណង់ទី២ ដែលគ្រោងនឹងវាយកម្ទេចចោល មានកម្មកររាប់សិបនាក់កំពុងបន្តធ្វើការងារធម្មតា ដោយមានលោក ស៊ិន គឹមហេង ម្ចាស់អគារចាំពិនិត្យមើល។
លោក គឹម ហេង បានលើកឡើងពីអគារសណ្ឋាគារកម្ពស់១២ជាន់ពេលសាងសង់រួចថា “ខ្ញុំមិនទទួលបានបទបញ្ជានេះទេ”។ លោក គឹម ហេង បានទទួលស្គាល់ថា កិច្ចសន្យារបស់លោកជាមួយមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញបានលើកឡើងថា លោកទទួលបានការអនុញ្ញាតឲ្យសាងសង់តែកម្ពស់២៤,៥ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែលោកបានសម្រេចចិត្តសាងសង់កម្ពស់១០ម៉ែត្របន្ថែមទៀតបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានជំរុញជាសាធារណៈឲ្យប្រជាពលរដ្ឋធ្វើបែបនេះ។
កាលពីឆ្នាំមុនលោក ហ៊ុន សែន ត្រូវបានគេដកស្រង់ប្រសាសន៍កាលពីឆ្នាំមុនអំឡុងពិធីសម្ពោធអគារថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលស្ថិតនៅតាមហាវិថីមុនីវង្សថា នឹងលែងមានការរឹតបន្ដឹងចំពោះអគារនៅជុំវិញព្រះបរមរាជវាំងទៀតហើយ។ កាលពីដើមឆ្នាំនេះ លោក សឿង សុច្ចរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានអះអាងថា ការរឹតបន្តឹងលើការសាងសង់អគារជុំវិញព្រះបរមរាជវាំងត្រូវបានលោក ហ៊ុន សែន ដកចេញវិញហើយ។
លោកបានមានប្រសាសន៍នៅពេលនោះថា “យើងមិនហាមឃាត់ការសាងសង់អគារខ្ពស់ៗនៅជុំវិញព្រះបរមរាជវាំងទេ បន្ទាប់ពីសម្ដេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តល់ការអនុញ្ញាតឲ្យមានការសង់អគារខ្ពស់ៗ។ កាលពីមុន[គោលនយោបាយមួយ] បានហាមប្រាមការសាងសង់ចម្ងាយ៥០០ម៉ែត្រពីបរិវេណព្រះបរមរាជវំាង ហើយបានកំណត់ឲ្យសង់អគារកម្ពស់ត្រឹម១៤ម៉ែត្រប៉ុណ្ណោះរាប់ពីដំបូលចុះមកក្រោម”។ លោកបានលើកឡើងថា “ខ្ញុំមិនថាអីទេ ចំពោះអគារខ្ពស់ៗនៅជុំវិញព្រះបរមរាជវាំង ពីព្រោះវានឹងជំរុញលើកទឹកចិត្តវិនិយោគិន និងធ្វើឲ្យដីកាន់តែមានតម្លៃ”។
លោក គឹម ហេង បានមានប្រសាសន៍ថា លោកបានគោរពតាមបទបញ្ជារបស់លោក ហ៊ុន សែន នៅពេលលោករចនាប្លង់់សណ្ឋាគាររបស់លោក។ លោក កឹម ហេង បានលើកឡើងថា “ ខ្ញុំសាងសង់អគារខ្ពស់ ពីព្រោះនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វាមិនអ្វីនោះទេ។ លោកបានថ្លែងថា អាជ្ញាធរនឹងមិនហាមអ្នកជំនួញដែលចង់សង់អគារខ្ពស់ៗឡើយ។ ប្រសិនបើគេកម្ទេចអគាររបស់ខ្ញុំ អញ្ចឹងសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីគឺគ្មានន័យអ្វីឡើយ”។
អស់ជាច្រើនឆ្នាំមកហើយដែលបញ្ហាសាងសង់អគារខ្ពស់ជុំវិញព្រះបរមរាជវាំងបានក្លាយជាប្រធានបទនៃការពិភាក្សាដេញដោលចំពោះការគោរពរាជវង្សានុវង្ស និងបង្កការយល់ច្រឡំព្រោះពេលខ្លះការសាងសង់អគារខ្ពស់នៅជិតព្រះបរមរាជរាំងត្រូវបានរឹតបន្តឹង ប៉ុន្តែ ក្រោយមកបែរជាមានការសាងសង់ជាច្រើនទៅវិញ។
ឧទាហរណ៍ សណ្ឋាគារ Frangipani Royal Palace Hotel ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៨ ចម្ងាយមួយប្លុកពីព្រះបរមរាជវាំង ត្រូវបានចាប់ផ្តើម និងបញ្ចប់ការសាងសង់កាលពីឆ្នាំមុន។ អគារនេះមានកម្ពស់៨ជាន់ ហើយមើលទៅវាកៀកនឹងព្រះបរមរាជវាំងណាស់។ រីឯអគារខ្ពស់មួយផ្សេងទៀតកំពុងត្រូវបានសាងសង់តាមបណ្តោយផ្លូវលេខ២៤០ ទល់មុខមន្ទីរពេទ្យ គន្ធបុប្ផា។ ខណៈគម្រោងសាងសង់នៅអតីតសណ្ឋាគាររណសិរ្សដែលមានរបងហ៊ុមព័ន្ធ ហើយមានទីតាំងក្បែរព្រះបរមរាជវាំងដែរនោះកំពុងស្ថិតក្នុងភាពអាថ៌កំបាំង។
លោកស្រី អាន ឡឺម៉េស (Anne Lemaistre)ជាតំណាងប្រចាំប្រទេសនៃអង្គការយូណេស្កូបានមានប្រសាសន៍ថា ការទទួលបាននូវដំណឹងពីការកម្ទេចអគារដ៏ចម្រូងចម្រាសនេះ បានធ្វើឲ្យអង្គការរបស់លោកស្រីពេញចិត្តយ៉ាងខ្លាំង។ លោកស្រីបានមានប្រសាសន៍បន្ថែមថា “ វាបញ្ជាក់ថា អ្វីដែលយើងបានលើកឡើងអស់រយៈពេលជាច្រើនខែមកនេះ គឺពិតជាមិនខុសទេ។ យើងយល់ថា ការសាងសង់អគារខ្ពស់ៗបែបនេះគឺជាការបង្ហាញពីការខ្វះក្តីគោរពចំពោះគ្រួសាររាជវង្សានុវង្សហើយឥឡូវនេះសាលារាជធានីភ្នំពេញបានបង្ហាញពីការយល់ឃើញដូច្នេះដែរ។ យើងពិតជាពេញចិត្តខ្លាំងណាស់”៕
ប្រែសម្រួលដោយ តែម សុខុម