29 C
Phnom Penh

​ក្រុម​ហ៊ុន​ស្រាបៀរអង្គ​រ​​នៅ​ពី​ក្រោយ​ទំនប់​វារី​អគ្គិសនី ​ដន ​សាហុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក ហ្គោហ្វ ណា​នគ័រ (Goh Nan Kioh)​ ជា​នាយក​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរដ៏​​​​ធំ​មួយ​ក្នុងចំណោម​​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរដ៏​ធំ​បំផុត​​នៅ​ក្នុង​ប្រទេស​កម្ពុជា​  ហើយលោកបានរក​ប្រាក់​ចំណូលបាន​​រាប់​លាន​ដុល្លារ​ពីការលក់​ស្រាបៀរ​អង្គរ​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​។

ប៉ុន្តែ ឥឡូវ​នេះ​ មុខ​​​ជំនួញ​​​ចូល​​​ហ៊ុន​​​គ្នា​​​ថ្មី​​​បំផុត​របស់​លោក​ គឺគម្រោង​​​សាង​​​សង់​​​​ទំនប់​វារី​អគ្គិ​សនី​លើ​ទន្លេមេគង្គ​ ​ដ៏​ចម្រូង​ចម្រាស​ ក្នុង​ប្រទេស​ឡាវ​ បាន​ធ្វើ​ឲ្យ​អ្នកការ​ពារ​បរិស្ថាន​​​​​​​រិះ​គន់​យ៉ាង​ខ្លាំង​។ ក្រុម​​​អ្នកការ​ពារ​បរិស្ថាន​ជឿ​ជាក់​ថា ការ​សាង​សង់​ទំនប់​វារី​អគ្គិសនីធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់មច្ឆជាតិ​​​​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រភព​ប្រូតេអ៊ី​ន​យ៉ាង​សំខាន់​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​រស់​នៅ​ខ្សែ​​​ទឹក​ខាង​​​​ក្រោម​។

លោក ឃូ តេង​គៀត ជា​​​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន ​Mega First Corporation​ Bhd ​ហៅ​​​កាត់​​​ថា​​​ MFCB ​​ជា​ក្រុម​ហ៊ុន​របស់​​​ម៉ាឡេស៊ី​ទទួល​បន្ទុក​​សាង​សង់​ទំនប់​វារី​អគ្គិសនី​ ដន​សាហុង​នៅ​ក្នុង​ប្រទេស​ឡាវ​ បាន​បញ្ជាក់​កាល​​ពីម្សិល​មិញ​ថា លោក ហ្គោហ្វ ណានគ័រ គឺ​ជា​ប្រធានប្រតិ​បត្តិ​​​​ក្រុម​ហ៊ុន​ MFCB និង​​​ជា​​នាយក​ក្រុម​ហ៊ុនផលិត​ស្រាបៀរ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ក្រុមហ៊ុន​​ Cambrew Ltd ដែល​ផលិត​ស្រា​បៀរ​អង្គរ​ដ៏​ពេញ​​​និយម​​​​។

លោក ឃូ តេង​គៀត​ ​​មាន​ប្រសាសន៍​ថា “បាទ​ គាត់​​​​ និង​​​​​លោក ហ្គោហ្វ ណានគ័រ ​ដែល​ជា​នាយក​ក្រុម​ហ៊ុន ​Cambrew Ltd គឺ​​​ជា​​​មនុស្ស​តែ​មួយ​ទេ​​​”។ លោក​បាន​បន្ថែម​ថា គាត់​មិន​ឃើញ​​​​មាន​​​​ទំនាស់​​​ផល​​​ប្រយោជន៍​​​ក្នុង​​​មុខ​​​ជំនួញ​​​ទាំង​ពីរ​នេះ​ឡើយ​ ​ព្រោះ​លោក ហ្គោហ្វ ណានគ័រ មិនគ្រប់​​​គ្រង​​​ក្រុម​ហ៊ុន​ Cambrew Ltd ដោយ​​​ផ្ទាល់​​​​ទេ។ លោក​ ឃូ តេង​គៀត បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ក្រុម​ហ៊ុន ​Cambrew Ltd គឺ​មាន​​​ភាគ​​​ហ៊ុន​​​​៥០ភាគ​រយ​របស់​​​ក្រុម​ហ៊ុន​ Carlsberg ​ដូច្នេះ​ក្រុម​ហ៊ុន​​​នេះ​ទើប​​​ជា​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ Cambrew Ltd ។ គាត់​គឺ​ជា​នាយកមែន​​​​ ប៉ុន្តែ គាត់​មិន​​គ្រប់​គ្រង​ក្រុមហ៊ុន ​​​នេះដោយ​​​ផ្ទាល់​​​​នោះ​ទេ​”។

យោង​តាម​គេហទំព័រ​របស់​ក្រុម​ហ៊ុន​នេះ​ ក្រុម​ហ៊ុន​ Cambrew Ltd បាន​គ្រប់គ្រង​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​ កាលពី​ឆ្នាំ​១៩៩១ ហើយ​ចាប់​ពី​​​ពេល​នោះ​មក​បាន​ផលិត​ស្រាបៀរ​ផ្សេងៗ​ទៀត​ ដូចជា ស្រាបៀរអង្គរ​​​ អ៊ិច​​​ស្ត្រាស្តោត  ​​(Angkor Extra Stout)​​​ ប៊្លែក​​​ ភែនធើ ( Black Panther) និង​ស្រា​បៀរ​ខ្លាំង​។ ឈ្មោះ​​​របស់​​​លោក ហ្គោហ្វ ណានគ័រ ក៏​ត្រូវ​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ជា​ប្រធាន​ក្រុម​ហ៊ុន​  Cambrew Ltd ផង​ដែរ​។

សម្រាប់​ក្រុម​ហ៊ុន​ MFCB វិញ​​​​ទំនប់​វារី​អគ្គិសនី​ ដន ​សាហុង កម្លាំង​២៦០​មេហ្គា​វ៉ាត់​ នេះ​គឺ​ជា​​​គម្រោង​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​​លើក​ដំបូង​​ហើយ​រ​​​បស់​​​​ក្រុម​ហ៊ុន​ម៉ាឡេស៊ី​​​ ដែល​​​កន្លង​​​មក​​​ក៏​​​​ធ្លាប់​បាន​​ផ្តោត​​លើ​ការ​​​វិនិ​​​យោគ​​​ក្នុង​​​វិស័យ​​​និស្សារណកម្ម​​​ និង​​​រោង​​​ចក្រ​​​​​​​​​​​​ផលិត​​​ថាមពល​​​​។ ក្រុម​​​អ្នក​​​​បរិស្ថាន​បាន​លើក​ឡើង​ថា ដោយ​​​​មាន​ទី​តាំង​ប្រហែល​មួយគីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​កម្ពុជា-ឡាវ នៅ​ក្នុង​តំបន់​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ល្បាក់ខោននោះ​​​ ទំនប់​វារី​អគ្គិសនី ​ដន សាហុងនេះ​​​ អាច​នឹង​បិទ​ច្រក​ផ្លូវ​ទឹក​មិន​ឲ្យ​ត្រី​ទន្លេមេគង្គ​ធ្វើ​បម្លាស់​​ទី​ ហើយ​អាច​ធ្វើ​​​​ឲ្យ​​ត្រី​ផ្សោត​​​ហ៊ីរ៉ាវ៉ាឌី  ​និង​ត្រី​រាជ​ផុត​ពូជ​ផង​ដែរ។

នៅ​ក្នុង​ការសិក្សា​កាលពី​ឆ្នាំ​២០០៩ ស្តី​ពី​ផល​ប៉ះ​ពាល់​នៃ​ទំនប់​វារី​អគ្គិសនី​ ដន សាហុង លោក អៀន បៀដ (Ian Baird) សាស្ត្រាចារ្យ​ផ្នែក​ភូមិវិទ្យា​នៅ​សាកល​វិទ្យាល័យវិនខូស៊ីន មែឌីស្តុន (Wisconsin-Madison University) មាន​ប្រសាសន៍​ថា ផល​ប៉ះ​ពាល់​នៃ​ទំនប់​វារី​អគ្គិ​​​សនី​ ដន សាហុង លើ​ការ​ធ្វើ​បម្លាស់​ទី​របស់​ត្រី​​​គឺ​​​ច្បាស់​​​ណាស់​​​ហើយ​​​មិន​​​អាច​​​ប៉ះប៉ូវ​​​វិញ​​​បាន​​​ទេ​​​។

ប៉ុន្តែ​​​ លោក យឹង ឈី​ណេង​ ប្រធាន​គម្រោង​​​​​​​​​​ទំនប់​វារី​អគ្គិសនី​ ដន សាហុង​ របស់​ក្រុម​ហ៊ុន ​MFCB បាន​អះអាង​​​​កាលពី​ម្សិលមិញ​ថា ក្រុម​ហ៊ុន​របស់​លោក ជឿជាក់ថា ទំនប់​វារី​អគ្គិស​​​នី​នេះ​នឹង​មិន​បង្ក​​​ផល​ប៉ះ​ពាល់​ណា​មួយ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ទំនប់​វារី​អគ្គិសនី​​នេះ​ នឹង​ធ្វើ​ឲ្យ​បរិស្ថាន​ និង​ការ​បម្លាស់​ទី​របស់​ត្រី​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ទៅ​វិញ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ហ៊ាន​​​និយាយ​ថា [ក្រុម​​​អ្នក​​​បរិស្ថាន] គឺ​ខុស​ហើយ​ ពួកគេ​គ្មាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​ណា​មួយ​ដើម្បី​គាំទ្រ​អ្វី​ដែល​ខ្លួន​បាន​លើក​ឡើង​នោះ​ទេ​ ហើយ​ពួកគេ​ភាគ​ច្រើន​​មិន​ដែល​បាន​ចុះ​ទៅ​​​ត្រួត​ពិនិត្យ​តំបន់​នោះ​​​ទាល់​តែ​សោះ​”។ លោក​បាន​ពន្យល់​ថា កត្តា​​​​ប្រឈម​​​ចម្បង​​​បំផុត​​​ចំពោះ​​ការ​ធ្វើ​បម្លាស់​ទីចុះ​ឡើងរបស់​ត្រី​​​នៅ​ទន្លេមេគង្គ​ គឺ​​​បង្ក​​​​ឡើង​ដោយ​សារ​ការ​នេសាទ​ជ្រុល​ហួស​​របស់​អ្នក​នេសាទ​ ដែល​​​​​​​​​​តែង​តែ​ដាក់​ស្បៃ​​ពេញ​ទន្លេ​។ លោក​បាន​​ថ្លែង​​បន្ថែម​ថា “យើង​នឹង​យក​​​​​របាំង​​​ [ស្បៃ​] ទាំង​នោះ​​​​ចេញ​ ​​​ហើយ​​​វា​​​ប្រាក​​​ដ​​​ជា​​​​នឹង​ធ្វើ​ឲ្យ​ការធ្វើ​​បម្លាស់​ទី​របស់​ត្រី​មាន​ភាព​ប្រសើរ​ឡើង​ជាក់​ជាពុំខាន។គោល​បំណង​របស់​យើង​គឺ​ចង់​ឲ្យ​មាន​​ត្រី​ច្រើននៅ​ក្នុង​ទន្លេមេគង្គ​”។

ពេល​ត្រូវ​បាន​សួរ​​​ថា តើលោក ហ្គោហ្វ ណានគ័រ នឹង​​​ផ្ដល់​​​នូវ​​​សំណង​​​​អ្វី​ខ្លះ​ដល់​សហ​គមន៍​ប្រជាពលរដ្ឋ​ខ្មែរ​ ប្រសិន​បើ​ត្រី​នៅក្នុង​​​​ទន្លេមេគង្គ​រង​ផល​ប៉ះ​ពាល់​នោះ លោក យឹង ឈីណេង បាន​ច្រាន​​​ចោល​លទ្ធភាព​​​នៃ​​​ការ​​​កើ​​​ត​​​មាន​​​ផល​​​ប៉ះពាល់​​​នេះ។ លោកបាន​លើក​ឡើង​ថា “យើង​ប្តេជ្ញា​ធ្វើ​យ៉ាង​ណា​ឲ្យ​​​អ្វីៗ​​​មាន​​​ភាព​​​​ប្រសើរ​ឡើង​ ​ដូច្នេះ ខ្ញុំ​គិត​ថា នេះ​មិន​មែន​ជា​បញ្ហា​ទាល់​តែ​សោះ​”។

ទាំង​លោក យឹង ឈីណេង និង​លោក ឃូ តេងគៀត មិន​ព្រម​​​​ផ្តល់​ច្បាប់ចម្លង​នៃលទ្ធ​​​ផល​​​វាយ​​តម្លៃ​អំពី​ផល​ប៉ះ​ពាល់​បរិស្ថាន​ឲ្យ​កាសែត​ខេមបូឌា ដេលី​ ឡើយ​​​ ដោយ​លើក​ឡើង​​​​ថា វា​​ជា​​​សិទ្ធិ​របស់​រដ្ឋាភិបាល​ឡាវ ក្នុង​​​ការ​​​សម្រេច​​​ថា តើ​គួរ​ផ្ដល់​​​​ព័ត៌មានស្តី​​ពី​​ការ​វាយ​តម្លៃ​នេះ​​​ ឬ​​អត់​នោះ។

លោក ឈិត សំអាត នាយក​ប្រតិបត្តិនៃ​​​​វេទិកាអង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​បាន​​​ចំអក​ការ​វាយ​តម្លៃ​របស់​លោក យឹង ឈី​​​ណេង ដែល​ថា ត្រី​នឹង​អាច​បម្លាស់​ទី​ដោយ​សេរី​ជាង​មុន​ ប្រសិន​បើ​ទំនប់​វារី​អគ្គិសនី​នេះ​ត្រូវ​បាន​សាង​សង់​នោះ។ លោក សំអាត បាន​សួរ​ថា “ តើ​ពួកគេ​មាន​អ្វី​ជា​​​សម្អាង​​​​​? តើ​ពួក​គេ​នឹង​​​ដាក់​ភ្លើង​សញ្ញា​ចរាចរ​ណ៍​​​សម្រាប់​ត្រី​ដើម្បី​​​ឲ្យ​​​វា​​​ធ្វើ​បម្លាស់​ទី​ឬយ៉ាង​​​ម៉េច​​​?”។

លោកបាន​លើក​ឡើង​ថា ការ​​​លក់​​​ស្រា​​​បៀរ​​​យក​​​ប្រាក់​​​ចំណេញ​​​ពី​​​ពល​​​រដ្ឋ​​​កម្ពុជា​​​​​​ផង ហើយ​​​បង្ក​​​គ្រោះ​​​គំរាម​​​កំហែង​​​​​​​ដល់​​​ធន​​​ធាន​​​មច្ឆាជាតិ​​​ផង​​​អ៊ីចឹង​​​ គឺ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​។ លោក​​មាន​ប្រសាសន៍​ថា ខ្ញុំ​គិត​ថា ​​​ពួក​​​គេ​​​​​​​​គួរគិត​​​ពិចារណា​​​ឡើង​​​វិញ​​​អំពី​​​ការ​​​សាងសង់​ទំនប់​​​វារី​អគ្គិសនី​នេះពី​​​ព្រោះ​ក្រុមហ៊ុន​ស្រា​​​បៀរ​​​​នេះ​​បាន​ចំណេញ​ប្រាក់យ៉ាង​ច្រើន​រួច​ទៅ​ហើយ [​ពី​កម្ពុជា​​​]​”។

លោកស្រី​ អាមេ ត្រានឌិម (Ame Trandem)​ប្រធាន​កម្មវិធី​នៅ​អង្គការទន្លេ​​​អន្តរជាតិ​​​ (​ International Rivers) ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​​​យល់​​​ស្រប​​​តាម​​​ការ​រិះ​គន់​របស់​លោក សំអាត​ ​​​ពី​​​​​​​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​ ដន សាហុង របស់​ក្រុម​ហ៊ុន ​MFCB៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស