35 C
Phnom Penh

ធនាគារ​ចិន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀ​ង​ស្តី​ពី​ប្រាក់កម្ចី​សម្ប​ទាន១២១​លា​ន​ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ​​ធនាគារចិន​ នីហរ័​ណ​-អាហរ័ណ​ (Exp​ort-Import​ Bank​ of ​Ch​i​na)​ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀ​ង​ពីរ​ ដើម្បី​ផ្តល់​ប្រាក់​កម្ចី​សរុប​ចំនួន​១២១​លាន​ដុល្លារ​ ដល់​សម​ភាគីកម្ពុជា​ ​នៅ​ក្នុង​ពិ​ធី​ចុះហត្ថលេខា​រៀប​ចំនៅ​ឯក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​ក្រោម​អធិបតីភាព​របស់​លោ​ក គាត ឈន់ ​អតី​ត​រដ្ឋ​មន្ត្រី​ក្រសួង​សេ​ដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​។​

​លោក គាត ឈន់ ​ដែល​ត្រូវ​​បាន​ជំនួ​ស​ដោយ​លោក ​អូន ព័ន្ធមុនីរ័ត្ន​ ​ក្នុងតំណែ​ង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ កាលពីថ្ងៃ​ទី​២​៦ខែ​កញ្ញា​ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ជា​ភ្ញៀ​វ​កិត្តិយស​ក្នុង​ពិធីចុះ​ហត្ថលេខា​នេះ​​។​ ​លោក​បាន​លើកឡើងថា កិច្ច​ព្រមព្រៀង​​ទាំង​នេះ​នឹងជួយ​ឲ្យ​គម្រោង​នានា​មានសកម្មភាព​ជា​ក់​ស្តែង​។ គួររំឭក​ផង​ដែរ​ថា ​គម្រោង​ទាំង​នេះ​ត្រូវ​បាន​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​​វត្ថុ​រូប​នេះ​ និង​លោក ពូ ​ជីនហ្គូ (​Bu ​Jinguo)​ ឯក​អគ្គ​រដ្ឋ​ទូ​ត​ប្រទេស​ចិន​ បាន​ព្រម​ព្រៀ​ង​គ្នា​កាលពីខែ​សីហា​។

លោក គាត ឈន់ ​បាន​មាន​ប្រសាស​ន៍​​ថា “ ​កិច្ច​ព្រមព្រៀង​ស្តីពី​ប្រាក់​កម្ចី​សម្ប​ទា​ន​ទាំងពីរ​​មាន​ទឹក​ប្រាក់​សរុប​១​២​១​លា​ន​ដុ​ល្លារ ដែល​ឯកឧត្តម​ លី រូហ្គូ  (Li Ru​ogu) ប្រ​ធាន​ធនាគារចិន ​​​នីហរ័​ណ​-អាហរ័ណ​ និ​ង​ឯក​ឧត្តម ​អូន ព័ន្ធមុនីរ័ត្ន​ ​ទើប​តែ​បាន​ចុះ​ហត្ថ​លេខា​ថ្មីៗ​នេះ​ គឺជា​ជំហាន​បោះ​ទៅ​មុ​ខ​មួយ​ ក្នុង​ដំណើរ​ ការ​អនុវត្ត​គម្រោង​អភិវ​ឌ្ឍន៍​ប្រព័ន្ធ​ធារា​សាស្ត្រ​ អា ចាង (A Chang ) ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំ​ង​ និង​គម្រោង​សាង​សង់​បណ្តាញ​បញ្ជូន​ចរន្ត​អគ្គិសនី​កម្លាំង​១១​៥​គីឡូ​វ៉ុល​ តភ្ជាប់​ពី​រាជធានីភ្នំ​ពេញ​​ទៅ​ក្រុ​ង​បាវិត​”។ ​លោក​បាន​មានប្រសាសន៍​បន្ត​ទៀតថា “ គិត​រហូត​មក​ទល់​ពេល​នេះ​ ​សា​ធារ​ណរដ្ឋ​ប្រជា​មានិត​ចិន​ បាន​ផ្តល់​ហិរញ្ញ​ប្បទាន​កិច្ច​សហ​ប្រតិបត្តិការ​ ចំនួន​២.៨៥​៦­សម្រាប់​គម្រោង​អភិវឌ្ឍន៏ និង​ហេដ្ឋ​ារច​នា​សម្ព័ន្ធ​ក្នុងប្រទេស​កម្ពុជា​ ដូចជា​ផ្លូវ​ថ្នល់​ ស្ពាន ​ប្រព័ន្ធស្រោច​ស្រព ​កំពង់​ផែ​ ​និង​វិ​ស័យ​ថាមពល​អគ្គិសនី​”។

​នៅ​ក្នុង​ពិធីនោះ ​លោក គាត ឈន់ ​ក៏​បាន​ថ្លែង​អំណរគុណ​សម្រាប់​ការ​ចុះកិច្ច​ព្រ​ម​ព្រៀង​ជាមួយ​សហគ្រាស​ចិន​នានា​ ក្នុង​គោល​បំណង​ជួយ​ផ្តល់​មូល​និធិ​សម្រាប់​ប​ង្កើ​ត​រោង​ចក្រ​ចម្រាញ់​​ប្រេង​ក្នុងខេត្ត​កំពត ​និ​ង​សម្រាប់​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​សម្រេច​​បាន​នូវ​គោល​ដៅ​នាំអង្ករចេញ​របស់ខ្លួន​ផ​ង​ដែរ​។ ​លោក គាត ឈន់​ ​បានមានប្រសា​សន៍​បន្ថែ​ម​ទៀត​ថា “ ខ្ញុំសូមអបអរ​សាទរ​ ចំ​ពោះ​ការ​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ រវាង​ធនាគារអភិវឌ្ឍ​ន៍​ជនបទ​ នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា ​និង​ធ​នាគារ​ចិន​​ និហរ័ណ​-អាហរ័ណ ដែល​បា​នផ្តល់​​​ហិរញ្ញ​ប្បទាន​ជាសាច់​ប្រាក់​ ដោយ​មិន​ចាំ​បាច់​មាន​លក្ខខណ្ឌ​ធានា​មូល​​ធន​ពី​រដ្ឋ​ ដល់​ធនាគារ​អភិ​វឌ្ឍន៍​ជន​បទ​ ក្នុងគោល​បំណ​ង​សម្រេច​ឲ្យ​បាន​នូវ​ផែន​ការ​នាំអង្ករ​ចេញ​​មួយ​លានតោន​ចាប់តាំង​ពីឆ្នាំ​២០១៥”។​

​ប្រាក់​កម្ចី​សម្ប​ទាន​ទទួលបានពី​សម​ភាគី​ចិន​ បានរង​សំឡេង​រិះគន់​ពីសំណាក់​ស​ហ​គមន៍​ ផ្តល់​ជំនួយនានា ក្នុងរយៈ​ពេ​ល​មួ​យ​ទសវត្សរ៍​កន្លង​មក​នេះ ដោយ​លើក​ឡើ​ង​ថា ​ប្រាក់​កម្ចី ទាំងនេះ​ធ្វើ​ឲ្យ​មាន​ការ​បំប៉ោ​ង​គម្រោង​អភិ​វឌ្ឍន៍​ ដែល​មាន​ការ​ធានា​ឲ្យ​មាន​តម្លាភាពតិច​តួច​ ឬក៏​មិន​មាន​តែ​ម្តង​។ ​លើស​ពីនេះ​ទៀត​ ខណៈ​ដែល​ប្រាក់​កម្ចី​សម្ប​ទាន​ត្រូវ​បាន​ផ្តល់​ឲ្យ​ ក្នុងលក្ខខណ្ឌ​អំ​ណោយផល​ជាង​អត្រា​ការប្រាក់​ទីផ្សារ​ អ្នក​រិះ​គន់​លើក​ឡើង​ផង​ដែរ​ថា ​ប្រាក់កម្ចី​ស​ម្ប​ទាន​ទទួលបាន​ពី​ប្រទេស​ចិន​ ​នៅតែ​មា​ន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​ប្រាក់​ កម្ចី​ទទួល​បា​នពី​ស្ថាប័ន​អភិវឌ្ឍន៍អន្តរ​ជាតិ​។

លោក សុន គន្ធរ ប្រធាន​ធនាគារ​អភិ​វឌ្ឍន៍​​ជន​បទ​ បាន​លើក​ឡើងថា ប្រាក់​កម្ចី​ថ្មី​ទទួល​បាន​ពី​ធនាគារ​​និហរ័​ណ​-អាហរ័​ណ​​​​​នេះ​“ ​មាន ​អត្រាកា​រប្រាក់​ខ្ពស់​ជាង​អត្រា​កា​រ​ប្រាក់ ប្រាក់​ ​កម្ចី​សម្ប​ទាន​មួយ ប៉ុន្តែ​ ទា​ប​ជា​ង​អត្រា​ការ​ប្រាក់ ប្រាក់​កម្ចី​ពាណិជ្ជកម្ម​។​វា​មាន​អត្រា​ប្រហែល​៤ទៅ​៦ភាគរយ​”។

​លោក គាត ​ឈន់ ​បាន​លើក​ឡើង​ប​ន្ថែ​​ម​ទៀតថា ​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ប្រាក់ ​កម្ចី​ថ្មី​បំផុត​ដែល​ទទួល​ពី​សម​ភាគី​ចិន​ត្រូវបាន​គ្រប់គ្រ​ង​ឲ្យ​ស្រប​តាម​គោល​កា​រណ៍​អភិ​បាល​​ កិច្ច​ល្អ។ ​លោក​​មាន​ប្រ​សាសន៍​ថា “ ​ខ្ញុំ​នឹ​ង​ធានា​​ថា រាជ​រដ្ឋាភិបា​ល​កម្ពុជា​នឹង​ប្រើប្រាស់​ហិរញ្ញ​ប្បទាន​កិច្ច​ស​ហ​ប្រតិបត្តិការ​នេះ​ ប្រកប​​ដោយ​តម្លាភា​ព​ និង​គណនេយ្យភាព​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិ​ច្ច​​ និង​សង្គម​នៃ​ប្រទេស​កម្ពុជា”៕

ប្រែ​សម្រួល​ដោយ ​កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស