កាលពីម្សិលមិញសាធារណជននៅតែត្រូវបានរឹតបន្តឹងក្នុងការចូលទៅកាន់ព្រះបរមរូបសម្ដេចឪ នរោត្តម សីហនុ ដែលស្ថិតនៅលើសួនច្បារជិតវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ពោលគឺមួយថ្ងៃក្រោយពីពិធីខួបមួយឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះអង្គ ខណៈពេលដែលមន្ត្រីកងរាជអាវុធហត្ថប្រដាប់អាវុធនៅតែឈរយាមកាមតាមចំណុចផ្លូវកាច់ជ្រុងនានាក្នុងរាជធានីភ្នំនៅឡើយនោះ។

(ស៊ីវ ចាន់ណា)
អ្នកដែលមកបួងសួងនៅព្រះបរមរូបកាលពីម្សិលមិញ បានបង្ខំចិត្តចូលទៅបួងសួងក្រោមការយាមកាមនិងឃ្លាំមើលរបស់កងកម្លាំងសន្តិសុខ និងនគរបាលរាប់សិបនាក់ ដែលខ្លះស្លៀកពាក់ស៊ីវិល ហើយបន្ទាប់ពីបួងសួងរួចបានដើរចេញតាមច្រកតែមួយគត់គឺច្រករបាំងដែកបិទផ្លូវជុំវិញព្រះបរមរូបដែលមាននគរបាលយាមកាមដែរ។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍កាលពីម្សិលមិញសំដៅដល់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើពហិការសម័យប្រជុំសភាដំបូងកាលពីខែមុនដើម្បីជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតថា “កងកម្លាំងប្រដាប់អាវុធរបស់យើងត្រូវបានដាក់ពង្រាយដោយសារតែយើងមានកម្លាំងគ្រប់គ្រាន់ និងដោយសារតែមនុស្សមួយចំនួនមិនទាន់បានចូលរួមជាមួយរដ្ឋាភិបាលនៅឡើយ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ប្រសិនបើមានរឿងអ្វីកើតឡើងវាងាយស្រួលនឹងអន្តរាគមន៍”។
កាលពីព្រឹកថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើពិធីរំឭកខួបមួយឆ្នាំនៅឯវិមានព្រះបរមរូបសង់ពីស្ពាន់តម្លៃ១,២លានដុល្លារ ចំណែកឯសាធារណជនត្រូវបានហាមឃាត់មិនឲ្យចូលទៅទីនោះក្នុងចម្ងាយផ្លូវពីរបីប្លុក ដោយមានការបិទផ្លូវនិងមានកម្លាំងនគរបាលយាមកាមរាប់រយនាក់យាមកាម។
ប្រជាពលរដ្ឋទូទៅមិនត្រូវបានអនុញ្ញាតឲ្យចូលទៅគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចឪនៅឯព្រះបរមរូបនេះរហូតដល់រសៀលថ្ងៃអង្គារ។ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា មនុស្សមិនលើសពី៣០នាក់ឡើយ ដែលត្រូវបានអនុញ្ញាតឲ្យដើរចូលទៅគោរពព្រះបរមរូបក្នុងមួយលើក ហើយអាជីវករត្រូវបានតម្រូវឲ្យនៅចម្ងាយបួនម៉ែត្រពីរបាំងបិទផ្លូវ។
លោក ចាន់ ផល អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ប្រសិនបើយើងមិនដាក់របាំងផ្លូវទេ ប្រជាពលរដ្ឋនឹងមកពីគ្រប់ទិសទី ហើយវានឹងបង្កភាពគ្មានសណ្ដាប់ធ្នាប់”។ លោកបានលើកឡើងទៀតថា លោកមិនដឹងថា ពេលណារបាំងផ្លូវនោះត្រូវបានដកចេញវិញទេ ប៉ុន្តែថា សេចក្ដីសម្រេចនោះធ្វើឡើងដោយសាលារាជធានី។
លោក នួន វណ្ណៈ អាយុ៣៤ឆ្នាំមកពីខណ្ឌមានជ័យ ដែលបានមកបួងសួងនៅឯព្រះបរមរូប បាននិយាយថា សេចក្ដីសម្រេចមិនឲ្យសាធារណជនចូលទៅជិតបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច។ គាត់បាននិយាយថា “ខ្ញុំគិតថា ពួកគេព្រួយបារម្ភខ្លាចប្រជាពលរដ្ឋរំខានពួកគេ ពីព្រោះប្រជាពលរដ្ឋជាច្រើនមិនគាំទ្រពួកគេទេ។ ពួកគេបានបិទផ្លូវ [កាលពីថ្ងៃអង្គារ] ដោយសារតែពួកគេខ្លាចប្រជាពលរដ្ឋរបស់ខ្លួន”។
ស្ត្រីឈ្មោះ ឆេង ស្រី អាយុ៣៤ឆ្នាំមកពីខណ្ឌទួលគោកនិយាយថា “ នេះគឺជាការរើសអើង។ រដ្ឋាភិបាលគួរតែអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាបានគោរពព្រះ វិញ្ញាណក្ខន្ធសម្ដេចឪនៅពេលណាក៏បាន”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា វិធានការសន្តិសុខជ្រុលហួសហេតុនេះបង្ហាញពីចេតនាអាក្រក់ក្នុងការរារាំងប្រជាពលរដ្ឋមកពីក្រៅរាជធានីភ្នំពេញមិនឲ្យចូលមកកាន់ចំណុចកណ្ដាលក្រុង។
សំដៅដល់មហាបាតុកម្មតាមការគ្រោងទុករបស់គណបក្សប្រឆាំងនៅថ្ងៃពុធសប្ដាហ៍ក្រោយ នេះដើម្បីឲ្យស្របពេលខួបនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ លោក យឹម សុវណ្ណ មានប្រសាសន៍ថា “ ពួកគេមិនចង់ឲ្យប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តចូលមករាជធានីឡើយ ពីព្រោះពួកគេភ័យខ្លាចប្រជាពលរដ្ឋចូលរួមបាតុកម្ម”៕
ប្រែសម្រួលដោយ តែម សុខុម