33 C
Phnom Penh

ភាព​អត់​ឃ្លាន​ត្រូវ​បាន​កាត់​បន្ថយ​នៅ​កម្ពុជា​ ប៉ុន្តែកង្វះ​អាហារូបត្ថម្ភ​ជា​​បញ្ហាសម្រាប់​ពេល​ខាង​មុខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​លើកឡើង​នៅ​ទិវា​ស្បៀង​​​អាហារ​ពិភពលោក​​កាល​ពីម្សិលមិញ​ថា ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរបស់​ខ្លួន ដោយ​​បាន​កាត់​បន្ថយ​​ចំនួន​ប្រជាជន​ពាក់​កណ្តាល​ដែល​​រង​ភាព​អត់​ឃ្លាន​​ប៉ុន្តែ នៅ​មាន​កិច្ច​ការ​ចាំ​បាច់​​ត្រូវ​ធ្វើ​នា​ពេល​ខាង​មុខ​គឺ ត្រូវ​ធា​នាថា​ បច្ចុប្បន្ន ​ប្រជាជន​​ទទួល​បាន​​រូបត្ថម្ភ​ត្រឹម​​ត្រូវ​​​​។

លោក អ៊ុក​ រ៉ាប៊ុន រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់និង​នេសាទ បានថ្លែង​បែប​នេះ​ទៅ​កាន់​និស្សិត​និង​កសិករ​ប្រហែល​៦០០​នាក់​នៅ​ឯ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ ក៏ប៉ុន្តែ លោកមិន​បាន​បញ្ជាក់ថា តើ​ប្រជាជន​ប៉ុន្មាន​នាក់​​រងគ្រោះ​ដោយ​សារ​ភាព​អត់​ឃ្លាន​ ដែល​​​​បាន​វាស់​វែង​តាមកម្រិត​កាឡូរីក្នុង​ខ្លួន​របស់​​​ប្រជាជន​ ដែលមានតិច​ជាង​កម្រិត​ត្រូ​វ​កា​រ​។

លោក​ អ៊ុក រ៉ាប៊ុន បាន​មាន​ប្រសាសន៍ថា “ចំពោះ​សន្តិសុខ​ស្បៀង​ ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ទី​​១​ប្រកប​ដោយ​ជោគ​​ជ័យក្នុងការ​ប្រយុទ្ធ​ប្រឆាំង​​ភាព​ក្រីក្រ​​ និង​ភាព​អត់​ឃ្លាន​”។

អំឡុងឆ្នាំ​១៩៩០-១៩៩២ ប្រជាជនខ្មែរ​៣​៩​,៤ភាគ​រយ​រស់​នៅ​ក្នុង​ស្ថានភាព​ខ្វះ​អាហា​​​រូប​ត្ថម្ភ។ នេះ​​​ជាតួលេខ​មួយ​​ដែល​ត្រូវ​បាន​​​​កាត់​បន្ថយមក​​១៥,៤​ភាគ​រយ​កាល​ពី​​​ឆ្នាំមុន​ នេះ​បើ​យោង​តាម​តួ​លេខ​ដោយ​អង្គការ​ស្បៀង​អាហារ​និង​កសិ​កម្ម​ ហៅ​កាត់​​ថា FAO​​​។

ទោះបីជាយ៉ាង​ណា លោក អ៊ុក រ៉ាប៊ុន បាន​ឲ្យ​​ដឹង​កាល​ពី​ម្សិល​មិញបន្ថែម​ទៀត​ថា កា​រ​​​ទទួល​របប​​អា​ហារ​​មា​ន​តុល្យ​ភាព​នៅ​មាន​​កម្រិត​​នៅ​ឡើយ​។ លោក​មា​ន​ប្រសាសន៍ថា “សុខភាព​របស់​ប្រជា​ជន​អាស្រ័យ​លើ​សន្តិសុខ​ស្បៀងល្អ​និង​​ប្រកប​ដោយ​និរន្តរ​ភាព​ និង​របប​អាហារ​រូបត្ថម្ភ​ទៀត​ទាត់​ និង​ជួយពង្រឹង​សុខភាព​​​”។

កុមារ​ប្រហែល​៤០ភាគរយ​ក្រោម​អាយុ​៥​ឆ្នាំ​ មិន​មាន​ការ​លូត​លាស់ធំ​​ធាត់​ ដែល​ជា​អាការ​មួយ​បង្ហាញ​ពីកង្វះអាហារូបត្ថម្ភនិង​ខួរ​​​ក្បាល​មិន​លូត​លាស់ ​ហើយ​៥៥ភាគរយ​ទទួល​​​រងគ្រោះ​ដោយ​សារ​​ជំងឺ​​ខ្វះកោសិកា​ឈាម​ក្រហម​​ នេះ​បើយោង​តាម​លទ្ធផល​សិក្សា​ស្រាវ​​​​​​​ជ្រាវ​​​អំពីសុខភាព​ប្រជាសាស្ត្រ ឆ្នាំ​២០១០​។

លោក ជៀនភីត្រូ​ បឌីកណាន់​ (Gainpirtro Bordignon) ​នាយកអង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ប្រចាំ​ក្នុ​ងប្រទេសកម្ពុជា​បានលើក​ឡើង​អំឡុង​កម្មវិធី​ក្នុងទិវា​ស្បៀង​អាហារ​ពិភពលោក​ថា របៀប​បំប៉ន់​គ្រប់​ផ្នែក ​ចាំបាច់​ត្រូវ​តែ​ដាក់​ចេញ​​​ ដើម្បី​ធានា​ថា ប្រជា​​​​​​​​ព​ល​​​​រដ្ឋ​ម្នាក់​ៗ​ អាចទទួល​បាន​វីតា​មីននិងជាតិ​​រ៉ែ ជា​ពិសេស​សម្រាប់​ការ​អភិវឌ្ឍ​សុខ​​​ភាព​។

លោក​បាន​លើកឡើងថា ត្រូវ​មានការ​ផលិត​អាហារបំ​ប៉ន​​សុខភាពជា​ច្រើន​ប្រភេទ​ជាង​មុន និងដាក់​លក់​នៅ​លើទីផ្សារ​​ក្នុង​​ស្រុក​ក្នុង​តម្លៃសម​រម្យ​។អង្ករ​ ប្រេង​ ឬ​ទឹក​ត្រីដែល​មាន​សារ​ធាតុ​បំប៉ន​ និងជាតិ​​រ៉ែ​ នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ ក៏ប៉ុន្តែ ការ​អប់​រំ​អំពី​សារៈ​សំខាន់​នៃ​របប​អាហារ​ត្រឹម​ត្រូវ​ គឺជា​រឿង​​ចាំបាច់ក្នុងការ​ឈាន​ទៅ​រកការ​ផ្លាស់​ប្តូរ​រយៈ​ពេលវែង​។

លោក បឌីកណាន់​ មានប្រសាសន៍​ថា “អ្នក​ត្រូវ​ធ្វើ​ការ​លើ​កត្តាទាំងអស់​នេះ ហើយ​វាគឺ ជា​កិច្ច​ការ​​ដ៏ស្មុគស្មាញ​ណាស់ ពីព្រោះ​នៅ​ពេល​អ្នក​និយាយ​អំពី​បញ្ហានេះ អ្នក​ក៏​ត្រូវ​និយាយ​អំពី​ទម្លាប់​​បរិភោគ​អាហារ​ផងដែរ។ ការ​អប់​រំអំពីអាហារនោះ ក៏មាន​សារៈ​សំខាន់ណាស់​ដែរ ដើម្បីឲ្យ​ប្រជាជន​យល់​ដឹង​ថា តើ​អា​ហារ​ណា​​ដែល​ពួក​គេ​ចំណាយ​ប្រាក់​ទិញ​”។

ការ​ខ្វះ​អាហារ​ូបត្ថម្ភ​​នៅ​ក្នុង​ស្បូន​ ធ្វើ​ឲ្យ​ទារក​​ទទួល​ផល​ប៉ះ​ពាល់​អវិជ្ជមាន​។លោក បឌីកណាន់ បានមានប្រសាសន៍​​បន្តទៀតថា “ប្រសិន​បើ​អ្នក​ខក​រយៈពេល​១.០០០ថ្ងៃ​ដំបូង​ អ្នក​នឹង​តាម​មិនទាន់​ទេ​​…។​ នោះ​ជា​មូល​ហេតុ​ដែល​អ្ន​ក​ត្រូវតែកែ​ប្រែការ​អប់​រំ​អំពីមាតា​នៅ​ពេល​អនាគត​ ដើម្បីឲ្យពួក​គាត់​ទទួល​បានការ​អប់​រំ​គ្រប់​គ្រាន់​ សម្រាប់… គ្រប់​គ្រង​គ្រួសារ​ កូន​ៗ និង​អាហារូបត្ថម្ភ​របស់​​ពួកគាត់”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស