29 C
Phnom Penh

សាលាក្តី​​ចាប់​ផ្តើម​បើក​សវនា​ការ​​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ជម្លៀស​ប្រជា​ជន​ចេញពី​ក្រុង​ភ្នំពេញ​និង​តំបន់​​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​​​ក្នុង​ឆ្នាំ​១៩៧៥ គឺ​ជា​ពេលវេលា​ប្រែ​ប្រួល​ដ៏​​ធំ​​មួយ​ ដែលបន្ទាប់​ពី​នោះ​មក បាន​ធ្វើ​ឲ្យ​​ប្រជា​​ជនខ្មែររាប់​លាន​នាក់​រង​គ្រោះ​ដោយ​នឹក​ស្មាន​មិន​ដល់​នៅ​ពេល​របប​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​អស់​រយៈ​ពេល​​បី​ឆ្នាំ​ ប្រាំបីខែ​ និង​ម្ភៃ​ថ្ងៃ ហើយ​កាល​ពី​ម្សិល​មិញ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​​​​ជំនុំ​ជម្រះ​ពី​រឿង​នេះ នៅ​ពេល​​ចាប់​ផ្តើម​សវនាការ​​ធ្វើ​សេចក្តី​សន្និដ្ឋាន​បិទបញ្ចប់​ការ​ពិភាក្សា​ដេញ​ដោល​លើ​សំណុំ​រឿង​០០២/០១។

មេ​ធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណីដែល​តំណាង​ឲ្យ​ជន​រង​គ្រោះ​ចំនួន​៣.០៦៥​នាក់​ នៅក្នុង​របប​នេះ​ ដែល​បាន​ដាក់​ពាក្យ​សុំចូល​រួម​នៅក្នុង​សំណុំ​រឿង​០០២ បាន​ក្លាយជា​ភាគី​ផ្លូវ​ច្បាប់​លើក​ទី​១ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ផ្តន្ទា​ទោស​សហ​ចុង​ចោទ​ និង​ជា​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​គឺ នួន ជា អាយុ​៨៧​ឆ្នាំ និង​ ខៀវ សំផន អាយុ​៨២​ឆ្នាំ ពី​បទ​ចេញ​សេចក្តី​សម្រេច​ជម្លៀស​​ប្រជា​ជន​ទាំង​បង្ខំ​នៅទូទាំង​ប្រទេស​ក្នុង​ដំណាក់​កាល​ពីរផ្សេង​គ្នា​ ព្រម​ទាំង​ការ​ផ្តោត​គោល​ដៅ​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​ ដោយ​បង្ខំ​ឲ្យ​ប្រជា​ជន​​ប្តេជ្ញា​ជា​មួយ​គ្នា(​រៀប​ការ)​ និង​បញ្ជា​ឲ្យ​គេ​សម្លាប់​ទាហាន​ លន់ នល់ នៅ​មណ្ឌល​សន្តិ​សុខ​មួយ​ក្នុង​ខេត្ត​ពោធិ៍​សាត់​។

ក្រុម​មេធាវី​ទាំង​នេះ​បាន​រៀប​រាប់​ម្នាក់​ម្តងៗ ពី​ដំណើរ​រឿង​រង​គ្រោះ​របស់​កូន​ក្តី​ខ្លួន​ ហើយ​បាន​បន្ទោស​ទៅ​លើ​ចុង​ចោទ​ទាំង​ពីរ​ ដោយ​ចោទ​ពួក​​គេ​ថា ស្ថិត​នៅ​ពី​ក្រោយ​រឿង​​នេះ ដូច​ដែល​សហ​មេធាវី​ អេលីហ្សា​បេត សៃម៉ុនណូ ហ្វត បាន​លើក​ឡើង​ថា ជា​ហេតុ​ការណ៍​ដែល​ផ្ទុយ​ពីការ​គិត​ និង​គ្មា​ន​ហេតុ​ផល​ ព្រម​ទាំង​ហួស​ពី​សមត្ថ​ភាព​។

លោក ពេជ្រ អង្គ សហ​មេធាវីដើម​បណ្តឹង​​រដ្ឋ​ប្បវេណី បាន​មាន​ប្រសាសន៍​នៅ​ពេលថ្លែង​ទៅ​កាន់​អង្គ​សវនាការ​ ដែល​មាន​ការ​ចូលរ​ួម​ច្រើនពី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី សាធារណជន​ សិស្ស និស្សិត និង​ព្រះ​សង្ឃ​ថា  “ ជន​រង​គ្រោះ​រាប់​លាន​នាក់​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​សារ​របប​ខ្មែរ​ក្រហម ត្រូវ​រស់​នៅ​ក្រោម​សង្គម​កសិកម្ម​​​មហា​​អស្ចារ្យ​មហា​លោត​ផ្លោះ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មិន​មាន​ការ​គោរព​ប្រជា​ពល​រដ្ឋ​”។ “របប​នេះ ត្រូវ​បានគាំទ្រ​ដោយ​គោល​នយោ​បាយ​ឃោរ​ឃៅ​ ដែលមាន​បំណង​ធ្វើ​ឲ្យ​​រីក​ចម្រើនមហា​អស្ចារ្យ​ មហា​លោត​ផ្លោះ។ ប៉ុន្តែ ការ​អនុវត្ត​ដោយ​គ្មាន​ការ​អត់​ឱន​លើ​ផែន​ការ​ទាំង​នេះ​ បា​ន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់​ និង​រងការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​ការ​នៅតាម​វាលស្រែ”។ “ នួន ជា និង ខៀវ សំផន ដែល​ជា​មេ​ដឹក​នាំ​របប​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ ពួក​គេ​មាន​ទោស​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ពីបទ​សម្លាប់​មនុស្ស និង​ទង្វើ​អមនុស្ស​ធម៌​ផ្សេងៗ​ទៀត ពី​បទ​ជម្លៀស​មនុស្ស​ទាំង​បង្ខំ និង​អំពើ​ប្រឆាំង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស។ ពួក​គេ​ជាប់​ពាក់​ព័ន្ធ​នឹង​សហឧក្រិដ្ឋ​កម្ម​រួម​”។

ជន​ជាប់​ចោទ​ទាំងពីរបាន​ចូល​រួម​នៅក្នុង​សវនាការនេះ ប៉ុន្តែ នួន ជា បាន​ស្នើ​សុំ​ឲ្យ​គេ​នាំទៅ​បន្ទប់​ឃុំ​ឃាំង​វិញ បន្ទាប់​ពីការ​បើក​សវនាការ​បាន​តែ​១៧​នាទី​តែ​ប៉ុណ្ណោះ។ នៅ​​ពេល​កាម៉េរ៉ាងាកទៅ​រក​ ខៀវ សំផន ពេញ​មួយ​ថ្ងៃ​នោះ គាត់​មិន​សប្បាយ​ចិត្ត​ទេ​។

លោក ពេជ្រ​ អង្គ​ បាន​មាន​ប្រសាសន៍​ថា សក្ខី​កម្ម​ដែល​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ចំនួន​៥៦៧​នាក់​ផ្តល់​ឲ្យ​នោះ​ មានការ​ពាក់​ព័ន្ធ​គ្នា និង​មាន​តម្លៃ​សម្រាប់​អង្គ​បុរេ​ជំនំុ​ជម្រះ​ នៅ​ពេល​ខ្លួន​ងាក​ទៅ​ពិចារណា​អំពី​សាល​ក្រម​ក្នុង​រឿង​ក្តី​នេះ​។ សម្រាប់​ដើម​បណ្តឹង​រដ្ឋប្ប​វេណីទាំង​នោះ ជា​ភាគី​ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​មុន​គេ​នៅ​​ក្នុង​សំណំុ​រឿង​នេះ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៧នោះ​ ការ​វិនិច្ឆ័យ​នេះ​បាន​ចំណាយ​ពេល​ជាយូរ​មក​ហើយ​។

លោក ហុង គឹមសួន មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​បាន​មាន​ប្រសាសន៍​ថា ការ​ប្តេជ្ញា​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា​ដើម្បី​បង្កើត​សង្គម​និយម​មហា​លោត​ផ្លោះ មហា​អស្ចារ្យ​មួយ​ ត្រូវ​តែ​អនុវត្ត​តាម​គ្រប់មធ្យោ​បាយ​ចាំ​បាច់​ទាំង​អស់​ ហើយ​​គ្មា​ន​ការ​គោរព​​សេចក្តី​ថ្លៃ​ថ្នូរ​ និង​សិទ្ធិ​របស់​ប្រជាពល​រដ្ឋ​ ដែល​ខ្លួន​ពឹង​ផ្អែក​ដើម្បី​សម្រេច​គោល​ដៅ​របស់​ខ្លួន​ឡើយ​។

លោក ហុង គឹមសួន បាន​មាន​ប្រសាសន៍​ថា គម្រោង​នេះ​រួម​មាន​ការ​បង្កើត​សហករ​ និង​កន្លែង​ធ្វើ​ការ​ កន្លែង​អប់​រំ​មនុស្ស​អាក្រក់​ ហើយ​ចុងក្រោយ​គឺ​ការ​សម្លាប់​ជា​ប្រព័ន្ធ​លើ​មនុស្ស​ណា​ដែល​គេ​ចាត់​ទុក​ថាជា​សត្រូវ​។ ក្រុម​មនុស្ស​​ជាក់​លាក់​មួយ​ចំនួន​ ដូចជា ខ្មែរ​ឥស្លាម ព្រះ​សង្ឃ និង​ជន​ជាតិ​វៀត​ណាម គឺ​ជា​គោល​ដៅ​របស់​គេ​ ព្រម​ទាំង​មន្ត្រី​រដ្ឋា​ភិបាល​ លន់ នល់ មន្ត្រី​យោធា និង​គ្រួសារ​របស់​ពួក​គេ។

ប៉ុន្តែ សង្គម​ដ៏​ទំនើបនេះ​បាន​ចំណាយ​កម្លាំង​មនុស្ស​ជា​ច្រើន​​ធ្វើ​ការ​ធ្ងន់​នៅ​តាម​កន្លែង​ធ្វើ​ការ​នានា​ នៅទូទាំង​ប្រទេស​។ លោក គឹមសួន បាន​មាន​ប្រសាសន៍ថា “នេះ​មានន័យ​ស្មើ​នឹង​គុកឥតជញ្ជាំង ដែល​នៅ ទី​នោះគេ​ឲ្យ​កុមារ​ទៅយក​ការណ៍​ពី​​ឪពុក​ម្តាយ​​របស់​ខ្លួន”។ “បក្ស​កុម្មុយ​នីស្ត​កម្ពុជា​បាន​ដក​ស្បៀង​អាហារ​ជា​មធ្យោ​បាយ​ក្នុង​ការ​​គ្រប់គ្រង​។ មនុស្ស​​ឈឺ​មិន​អាច​មាន​កម្លាំង​ឡើង​វិញ​បាន​ទេ​ ហើយ​ត្រូវ​បាន​គេ​បង្អត់​អាហារ​។ គេ​ឲ្យ​មនុស្ស​ធ្វើ​ការ​ពី​១៥ ទៅ​១៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ស្ត្រី​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ភ្លាមៗ​បន្ទាប់​ពី​សម្រាល​កូន​រួច។ គ្មាន​នរណា​ម្នាក់​អាច​តវ៉ា​បាន​ទេ​”។

លោក គឹម​សួន បាន​មាន​ប្រសាសន៍​ថា នួន ជា និង ខៀវ សំផន មិន​​ត្រូវ​បាន​​ប្រាប់​​អំពី​​ការ​អនុវត្ត​គោល​នយោ​បាយ​នេះទេ​ ប៉ុន្តែ បាន​បង្កើត​ និង​ត្រួត​ពិនិត្យ​គោល​នយោបាយ​នេះ​នៅ​ពេល​ដែល​ពួក​គេ​ចុះ​ទៅ​មើល​សហករ និង​កន្លែង​ធ្វើការ​ជា​ប្រចាំ​នោះ”។

លោក​ថ្លែងថា ខៀវ សំផន ចុះ​ទៅ​ពិនិត្យ​មើល​តាម​វាល​ស្រែ​ និង​ជួប​ជាមួយ​មេ​សហ​ករ ​រីឯ​ នួន ជា បាន​ចុះ​ទៅ​ទំនប់​១មករា ដែល​គេ​ដឹង​ថា នៅ​ទីនោះ​គាត់​បាន​ឃើញ​មនុស្ស​ជា​ច្រើន​កំពុង​រែក​ដី ធ្វើ​ទំនប់​។ ប៉ុន្តែ នួន ជា ចង់​ដឹង​​តែ​រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ទំនប់​ប៉ុណ្ណោះ​ មិន​ចង់​ដឹង​ពី​សុខ​ភាព​របស់​មនុស្ស​ដែល​កំពង់​ធ្វើ​ការ​នៅ​ចំពោះមុខ​គាត់​ទេ។

លោក គឹមសួន បាន​មាន​ប្រសាសន៍​ថា “ខៀវ សំផន និង អៀង សារី ដែល​ស្លាប់​ទៅ​ហើយ​នោះ បាន​ពិភាក្សា​អំពី​ការ​ជម្លៀស​ប្រជាជន​​ជាមួយ​ ប៉ុល ពត។
លោក​បាន​មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ជា​ឧទាហរណ៍​អំពី​ស្ត្រី​ជន​ជាតិ​ចាម​ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ប្តេជ្ញា ​(រៀប​ការ) ជាមួយ​បុរស​ខ្មែរ​កាន់​សាសនា​ព្រះ​ពុទ្ធ​ ហើយ​ព្រះ​សង្ឃ​ត្រូវ​បាន​ផ្សឹក និង​បង្ខំ​ឲ្យ​ប្តេជ្ញា​នោះ​ថា ​ការ​សម្លាប់​មនុស្ស​ទាំង​គ្រួសារ និង​ការ​បំផ្លាញ​វប្ប​ធម៌មាន​នៅ​គ្រប់​ទី​កន្លែង​។ “​ពួកគេ​​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បធានា​ថា ប្រជា​ពល​រដ្ឋ​ត្រូវ​ប្តេជ្ញា​ជាមួយ​គ្នា។ ដើមបណ្តឹង​រដ្ឋ​ប្បវេណី​ម្នាក់​បាន​និយាយ​ថា កង​ឈ្លប​មក​ស៊ើប​ការណ៍​មើល​ថា តើ​ពួក​គេ​រួម​ភេទ​គ្នា​ឬអត់បន្ទាប់​បី​ប្តេជ្ញា​រួច​។ ពួក​គេ​បាន​​ព្រមាន​ប្រជា​ជន​ថា ពួក​គេ​នឹង​សម្លាប់​ចោល​ប្រសិន​បើ​អ្នក​ទាំ​ងនោះ​មិន​ដេក​ជា​មួយ​គ្នា​ទេ។ ដៃ​របស់​គាត់​ត្រូវ​បាន​គេ​ចង​ជាប់​គ្នា ហើយ​គាត់​ត្រូវ​គេ​រំលោភ​តែ​ម្តង​”។

លោក សំ សុគុណ មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​បាន​ប្រាប់​តុលាការ​ថា ដើម​បណ្តឹង​​រដ្ឋ​ប្បវេណី​ជា​ច្រើន​នាក់ ក៏​បាន​រៀប​រាប់​ប្រាប់​​ពី​ការ​បង្ខំ​ឲ្យ​ប្រជា​ជន​ខ្មែរ​សម្លាប់​ប្តី ឬ​ប្រពន្ធ​ជន​ជាតិ​វៀត​ណាម​របស់​ខ្លួនដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា “ស្ត្រី​វៀត​ណាម គឺ​ជា​គោល​ដៅនៃ​ការ​រំលោភ​ផ្លូវ​ភេទ នេះ​បើ​តាម​ការ​បង្ហាញ​​ប្រាប់​ពី​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី”។

លោក​បាន​មាន​ប្រសាសន៍​ថា ខៀវ សំផន​ ក្នុង​នាម​ជា​ប្រធាន​រដ្ឋ និង​ជា​សមាជិ​ក​គណៈ​កម្មា​ធិការ​មជ្ឈិម​បក្ស​​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជំុ​ធ្វើ​សេចក្តី​សម្រេច​នានា ដែលនៅ​ក្នុង​នោះ​​ការ​សម្រេច​កម្ទេច​សត្រូវ​គឺ​ជា​អាទិភាព។ នួន ជា ដែល​នៅពេល​នោះ​ជាប្រធាន​រដ្ឋ​សភា​ “ មាន​អំណាច​ធ្វើ​សេចក្តី​សម្រេច​ពាក់​ព័ន្ធ​គោល​យោ​បាយ ដែលមាន​ការ​បញ្ជាក​់​នៅ​ក្នុងកំណត់​ហេតុ​នៃ​កិច្ច​ប្រជុំនានា។ គោល​​នយោ​បាយ​​ទាំង​នេះ​​រួម​មាន​ការ​យក​មនុស្ស​ទៅ​អប់​រំ និង​ការ​សម្លាប់​សត្រូវ​”។

សហ​មេធាវីលោក​ស្រី​ ទី​ ស្រ៊ីណា បាន​ស្នើ​ឲ្យ​តុលា​ការ​ដាក់​ទោស​ នួ​ន​ ជា និង ខៀវ សំផន ដែល​បាន​ឡើង​កាន់​អំណាច​​មិន​ស្រប​តាម​ឆន្ទៈ​របស់​ប្រជា​ជន​ ប៉ុន្តែ​តាម​រយៈ​ការ​ប្រើ​កម្លាំង​ ហើយ​ហេតុ​ផល​របស់​គាត់​ក្នុង​ការ​​ជម្លៀស​ប្រជា​ជន​ចេញ​ពី​ក្រុង​ភ្នំពេញ ដោយ​សារ​ខ្លាច​មាន​ការ​ទម្លាក់​គ្រាប់​បែក​ពី​អាមេរិក​នោះ​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា មិន​មាន​​ភ័ស្តុតាង​បង្ហាញ​ថា មាន​ការ​ទម្លាក់​គ្រាប់​បែក​ពី​ទាហាន​អាមេរិក​ទេ​ លើកលែង​តែ​ការ​បាញ់​កាំ​ភ្លើង​ពី ទាហាន​ខ្មែរ​ក្រហម​ ដើម្បី​បង្ខំ​ឲ្យ​ប្រជាជន​ចេញពី​ទីក្រុង​ និង​ការ​សម្លាប់​មនុស្ស​នៅ​តាម​ផ្លូវ។ បក្សកុម្មុយនីស្តកម្ពុជា​យក​លេស​ជា​ឃោសនា​ខ្លាច អាមេរិក​ទម្លាក់​​គ្រាប់​បែក​ ដើម្បី​អនុវត្ត​គោល​នយោ​បាយ​ដ៏​ឃារ​ឃៅ​របស់ខ្លួន”។

មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​លោក​ស្រី គ្រីស​ស្ទីន ម៉ាទីណូ បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​នៅ​តែ​មាន​ចម្ងល់​គ្រប់​ពេល​បើក​សវនាការ​។ លោក​ស្រី​បានមាន​ប្រសាសន៍​ថា “ការ ជម្លៀស​ប្រជា​ជន​ដំបូង​បង្ហាញពី​ការ​បាត់​បង់​ភាព​ជា​មនុស្ស​​របស់​មនុស្ស​ទាំ​ងនេះ”។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ខៀវ សំផន បាន​តាំង​ខ្លួនជា​ជន​រង​គ្រោះ​ក្នុង​របប​នេះ​ ដោយ​ប្រើ​​​ព័ត៌​មាន​​សម្ងាត់ និង​ការ​ឆ​បោក​ ​ប៉ុន្តែ គាត់​និង នួន ជា ស្ថិត​នៅ​ជា​មួយ​​ ប៉ុល ពត  ​រហូត​ដល់​ថ្ងៃ​ចុងក្រោយ​របស់​ ប៉ុល ពត និង​មិន​ដែល​ដក​ខ្លួន​ចេញ​ពី​ ប៉ុល ពត​ ឡើយ​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា នួន ជា គឺ​ជា​មនុស្ស​ជំនិត​របស់​ ប៉ុល ពត។
ប៉ុន្តែ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ដល់​ពេល​ដែល​ត្រូវ​ពិចារណា​ហើយ ហើយ​បានជំរុញ​ឲ្យ​អង្គ​បុរេ​ជំនុំជម្រះ​គិត​គូ​រពី​ការ​ឈឺ​ចាប់​របស់​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​។ “នៅ​ក្នុង​សវនាការ​នេះ ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​បាន​មក​​ចូល​រួម​ទាំ​ង​លំបាក​។ វា​ជា​និមិត្ត​រូប​​នៃ​ការ​រស់​ឡើង​វិញ​បន្ទាប់​ពី​បាន​ស្លាប់។ ប្រវត្តិ​សាស្ត្រ និង​យុត្តិ​ធម៌​ស្ថិត​នៅ​ជា​មួយ​គ្នា​នៅ​ក្នុង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ។ ចៅ​ក្រម​ អស់លោក​ត្រូវ​តែ​ធ្វើ​សេចក្តី​​​សម្រេច​​ដោយ​ប្រុង​ប្រយ័ត្ន​”។

ប៉ុន្តែ ប្រហែលជា​ពាក្យ​សម្តី​ដ៏​ខ្លាំងៗ​ និង​ពោរ​ពេញ​ដោយ​អារម្មណ៍​រំជើប​រំជួល​នៅ​ថ្ងៃ​​នោះ​ចេញ​មក​ពីលោក​ស្រី​ សៃម៉ុនណូ ហ្វត ដែល​បានក្រើន​រំឮក​ចៅ​ក្រម​ជា​លើក​ចុង​ក្រោយ​ អំពី​សារៈ​សំខាន់​នៃ​​ការ​ធ្វើ​សេច​ក្តី​​សម្រេច នៅ​ចំពោះមុខ​ពួក​គេ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំបាន​គិត​អំពី​អ្នក​រួច​​ជីវិត​ ដែល​បានអង្គុយ​នៅពី​ក្រោយ​យើង​ជា​រៀង​រាល់​ថ្ងៃ​ ហើយពួក​គាត់​កាន់​តែ​ចាស់​ទៅៗ ​ដូច​ចុង​ចោទ​អ៊ីចឹង​ដែរ។ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ខ្ញុំ​ថា ពួកគាត់​​នេះ​ហើយ​ដែល​យើង​ត្រូវ​គោរព​បំផុត​ អាណិត​ស្រឡាញ់​បំផុត​​​ និង​ត្រូវ​រក​យុត្តិ​ធម៌​ឲ្យ​ពួក​គាត់​”។ “ខ្ញុំគិត​អំពី​មនុស្ស​ទាំង​អស់​នេះ ដែល​បាន​មក​ជា​រៀង​រាល់​ថ្ងៃ​ ជួន​កាល​ខំ​ទប់​ទឹក​ភ្នែក​ ​ទ្រាំស្តាប់​កិច្ចពិភាក្សា​ផ្លូវ​ច្បាប់ ប៉ុន្តែ តែង​តែ​រំពឹង​ថា នឹង​ទទួល​បាន​អ្វី​មួយ​ដែល​ពួក​គេ​ដឹង​ថា ​មាន​សារៈ​សំខាន់។ ខ្ញុំនិយាយ​ជំនួស​ឲ្យ​ពួក​គេ​ ​ស្វែង​រក​ការពិត​ និង​ចម្លើយ​។ ប៉ុន្តែ​ មិន​ទាន់​បាន​ល្អ និង​ចប់​សព្វ​គ្រប់​ទេ​”។ “ខ្ញុំ​និយាយ​ជំនួស​ឲ្យ​អ្នក​ដែល​បាន​ស្លាប់ និង​អ្នក​ដែល​បាន​រួច​ជីវិត​ តាម​រយៈពាក្យ​សម្តី​របស់​អ្នក​ផ្សេង​ទៀត​ ដូចជាភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី។ ខ្ញុំ​សង្ឃឹម​ថា សវនាការ​នេះ នឹង​ប្រគល់​​សេចក្តី​ថ្លៃ​ថ្នូរ​ពេញ​លេញ​ដល់​អ្នក​ស្លាប់​វិញ”។

លោក​ស្រី សៃម៉ុនណូ ហ្វត បាន​មាន  ​ប្រសាសន៍​ថា ការ​សម្លាប់​ទាហាន​ លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ​បង្ហាញពី​ឧទាហរណ៍​នៃ​ការ​​ឆបោក​ ការ​សម្ងាត់​ និង​ការ​សម្លាប់​សត្រូវ​របស់​ខ្មែរ​ក្រហម​។ “សាកសព​នៅ​គលើ​គ្នា​​គ្មាន​នរណា​យក​ទៅ​កប់ ហើយ​ពួក​គេ​បាន​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​​ទៅ​រុញ​ដី​កប់​ភ័ស្តុតាង​ដែល​គេ​មើល​ឃើញ​ច្បាស់​នេះ​  ហើយ​សាក​សព​ទាំង​នោះមាន​ក្លិន​អាក្រក់​ណាស់​”។

លោក​ស្រី​បាន​លើក​ឡើង​ជា​ពាក្យ​សមី្ត​ខ្លាំងៗ​ថា លោក​ស្រី​ចង់ឲ្យ​​គេ​ស្រមើល​ស្រមៃ​​​ឃើញ​មនុស្ស​ប្រុស​ ស្រី កុមារ មនុស្ស​ចាស់ និង​អ្ន​មាន​ជំងឺ​ដើរ​តាម​ផ្លូវ​ដែល​មាន​ការ​ស្រេក​​ឃ្លាន និង​អស់​កម្លាំង​ ហើយ​ភាគ​ច្រើន​ដើរ​រហូត​ដល់​ស្លាប់។​ “ពីព្រោះ​នេះ​គឺ​ជា​ការ​ពិត​ដែល​​បង្ហាញ​ភ័ស្តុតាង​ដល់​សវនាការ​នេះ ហើយ​ជន​ជាប់​ចោទ​ទាំង​ពីរ​នេះ​ដឹង​រឿង​នេះ។ ពួក​គេ​ដឹង​តាំង​ពី​ថ្ងៃ​ដំបូង​ម៉្លេះពីព្រោះ​ពួកគេ​រៀបចំ​រឿង​​នេះ​ ពួក​គេ​បង្កើត​រឿង​នេះ​នៅ​ទូ​ទាំង​ប្រទេស​គឺ​ដើម្បីតែ​បម្រើ​បដិវត្ត​ដ៏​ល្បី​ឈ្មោះ​របស់​ខ្លួន​។​ខ្ញុំ​សង្ឃឹម​ថា ​យុត្តិធម៌​នឹង​ថ្កោល​ទោស​​ពួកគេ​​ចំពោះ​ការ​​បង្កើត​រឿង​ទាំង​អស់​នេះ”៕

ប្រែ​សម្រួល​ដោយ មូល គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស