អ្នកភូមិដែលត្រូវបានបណ្តេញចេញពីដីធ្លីនិងសកម្មជនប្រឆាំងការបណ្តេញចេញពីដីធ្លីបានប៉ះទង្គិចជាមួយនគរបាលមួយប្រាវបន្ទាប់ពីមានការបិទផ្លូវធំនៅមុខសាលារាជធានីភ្នំពេញកាលពីម្សិលមិញដើម្បីទាមទារឲ្យក្រុមហ៊ុនឯកជនមួយ ដែលបានបណ្តេញពួកគាត់ចេញដោយហិង្សាកាលពីឆ្នាំមុនធ្វើតាមការសន្យាដើម្បីសាងសង់ផ្ទះថ្មីឲ្យពួកគាត់។

ស្ត្រីចំនួន៤០នាក់ ដែលផ្ទះសំបែងរបស់ពួកគាត់ស្ថិតនៅក្បែរបុរីកីឡា នៅក្នុងរាជធានីភ្នំពេញត្រូវបានវាយកម្ទេចអំឡុងការប៉ះទង្គិចគ្នាដ៏ហិង្សាជាមួយនគរបាលកាលពីខែមករា ឆ្នាំ២០១២នោះ ចង់ឲ្យក្រុមហ៊ុនផានអ៊ិម៉ិចដែលមានខ្នងក្រាស់សាងសង់អគារផ្ទះល្វែងពីរចុងក្រោយក្នុងចំណោមអគារផ្ទះល្វែចំនួន១០ដែលក្រុមហ៊ុនបានសន្យាសាងសង់នៅពេលដែលក្រុមហ៊ុននេះបានទិញដីរបស់ពួកគាត់។
ស្ត្រីទាំងអស់នេះបានដើរក្បួនពីតំបន់បុរីកីឡាឆ្ពោះទៅកាន់សាលារាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ ដើម្បីស្នើសុំឲ្យមន្ត្រីសាលារាជធានីភ្នំពេញដាក់សម្ពាធឲ្យក្រុមហ៊ុននេះបំពេញកាតព្វកិច្ចរបស់ខ្លួន។ ចូលរួមដោយសកម្មជនប្រឆាំងការបណ្តេញចេញពីដីធ្លីពីរបីនាក់ទៀតមកពីសហគមន៍បឹងកក់នៅក្បែរខាងនោះ ពួកគាត់បានស្រាក់ដៃគ្នាកាត់ទទឹងមហាវិថីព្រះមុនីវង្សរយៈពេលប្រហែល២០នាទី មុនពេលនគរបាលជាង១៥០នាក់បានមកដល់ ហើយបានរុញច្រានឲ្យពួកគាត់ចេញពីផ្លូវដោយប្រើខែល និងដំបង ធ្វើឲ្យស្ត្រីពីរបីនាក់ដួល។
អ្នកតវ៉ាម្នាក់ឈ្មោះ ញឹម សុភា ដែលរស់នៅក្នុងខ្ទមទ្រុឌទ្រោមសង់ពីបន្ទះក្តារស្តើងៗ ហើយប្រក់កៅស៊ូតង់ក្បែរគំនរសំរាមដែលមានក្លិនស្អុយ នៅជិតកន្លែងដែលរងការបណ្តេញចេញនៅសហគមន៍បុរីកីឡា ចាប់តាំងពីផ្ទះដ៏ចាស់របស់អ្នកស្រីត្រូវបានក្រុមហ៊ុន ផានអីុមិុច វាយកម្ទេចចោលនោះ បាននិយាយថា “នគរបាលបានចាប់មួលដៃរបស់ខ្ញុំ ហើយវាយខ្ញុំមួយដំបងចំកដៃ”។ អ្នកស្រីបាននិយាយថា “ខ្ញុំមានការឈឺចាប់ ពីព្រោះនគរបាលបានប្រើអំពើហិង្សាមកលើអ្នកតវ៉ាដែលមានតែដៃទទេ ហើយខ្ញុំខឹងយ៉ាងខ្លាំងចំពោះទង្វើនេះ ពីព្រោះយើងសុទ្ធតែខ្មែរដូចគ្នា”។
លោក លឹម ហុង អធិការរងនគរបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា មន្ត្រីរបស់លោកប្រើតែកម្លាំងប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “យើងមិនបានវាយពួកគាត់ទេ ប៉ុន្តែ យើងគ្រាន់តែរុញច្រានពួកគាត់ឲ្យទៅចិញ្ចើមផ្លូវតែប៉ុណ្ណោះ ហើយពួកគាត់រងរបួសនៅពេលដែលដួល។ ខ្ញុំបានសុំឲ្យពួកគាត់ឡើងទៅចិញ្ចើមផ្លូវ ប៉ុន្តែ ពួកគាត់មិនស្តាប់ខ្ញុំទេ ដូច្នេះខ្ញុំត្រូវតែប្រើកម្លាំងដើម្បីសម្រួលដល់ការធ្វើចរាចរណ៍”។
ទីបំផុតមុនពេលចេញដំណើរបានបន្តិចមុនពេលថ្ងៃត្រង់ ពួកគាត់ដែលសុទ្ធតែជាស្ត្រីនោះបានជួបជាមួយលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញរយៈពេលខ្លី ដែលបានចេញមកទទួលយកញត្តិរបស់ពួកគាត់ ដើម្បីស្នើឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់បញ្ចប់អគារចុងក្រោយចំនួនពីរ ហើយផ្តល់សំណងដល់គ្រួសារដែលត្រូវបានបណ្តេញចេញពីផ្ទះសំបែង និងដីធ្លី ដែលត្រូវបានវាយកម្ទេចចោលកាលពីឆ្នាំមុននោះ។
នៅពេលទាក់ទងក្រោយមក លោក ឃួង ស្រេង បានមានប្រសាសន៍ថា លោកបានប្រគល់ញត្តិនេះទៅឲ្យលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានបដិសេធមិនធ្វើអត្ថាធិប្បាយ។
អ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច បានអះអាងថា ក្រុមហ៊ុនរបស់អ្នកស្រីមិនបានជំពាក់ផ្ទះល្វែងអ្នកតវ៉ាទាំងនេះទេ ពីព្រោះពួកគាត់មិនមែនជាអ្នកភូមិស្របច្បាប់ដែលរស់នៅលើដីនេះតាំងពីដំបូង។
សាលាដំបូងរាជធានីភ្នំពេញក៏បានច្រានចោលរឿងក្តីដែលអ្នកភូមិរងការបណ្តេញចេញទាំងនេះប្តឹងក្រុមហ៊ុនរបស់អ្នកស្រីផងដែរ។ កន្លែងដែលនឹងត្រូវសាងសង់ផ្ទះល្វែងបន្ថែមនោះ ឥឡូវនេះគឺជាឃ្លាំងលក់រថយន្តស្ព័រទំនើបទៅវិញ។ កន្លែងដែលផ្ទះរបស់ពួកគាត់ត្រូវបានវាយកម្ទេចចោលនោះ គឺជាវាលស្មៅនៅទំនេរស្អាត។
លោក ពេជ្រ លឹមឃួន អ្នកភូមិដែលត្រូវបានបណ្តេញចេញ ជាអ្នករៀបចំការតវ៉ាម្នាក់ក្នុងចំណោមអ្នករៀបចំការតវ៉ាជាច្រើនកាលពីម្សិលមិញនោះបាននិយាយថា ពួកគាត់ទុកពេលមួយសប្តាហ៍ឲ្យសាលារាជធានីឆ្លើយតបចំពោះសំណើថ្មីបំផុតរបស់ពួកគាត់ក្នុងការសុំជំនួយនេះ។ ប្រសិនបើពួកគាត់មិនបានទទួលព័ត៌មានវិញនៅពេលនោះទេនោះ ពួកគាត់នឹងទៅកាន់កាប់កន្លែងដែលត្រូវសាងសង់ប្លុកផ្ទះល្វែងទាំងពីរនោះ។
លោកបាននិយាយថា “យើងនឹងមកស្នាក់នៅលើដីនោះតែម្តង ប្រសិនបើសាលារាជធានីមិនរកដំណោះស្រាយឲ្យពួកយើងក្នុងរយៈពេលមួយសប្តាហ៍ទេនោះ ពីព្រោះដីនេះជាកម្មសិទ្ធិស្របច្បាប់របស់អ្នកភូមិដែលរងការបណ្តេញចេញទាំងនេះ”៕
ប្រែសម្រួលដោយ សោម សារុន