34 C
Phnom Penh

អ្នក​ស្លាប់​ក្នុង​​ឧបទ្ទវហេតុធ្លាក់​យន្តហោះរបស់​​​​ក្រុមហ៊ុន​អាកាស​ចរណ៍ឡាវ គឺជាអាកាស​យានិក​ខ្មែរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់​នៅ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកា​ស​ចរ​ណ៍​ស៊ីវិល​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា អាកាស​យានិក​ដែល​បើក​បរ​យន្ត​ហោះ​ឲ្យ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ឡាវ​ដែល​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ពុធ និង​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ទាំង​៤៤​នាក់ និងសមាជិក​ក្រុម​ការ​ងារ​ប្រាំ​នាក់​ដែល​ជិះនៅ​លើ​យន្ត​ហោះ​ទាំង​អស់​ស្លាប់នោះ គឺ​ជា​អាកាស​យា​និក​​​ជន​ជាតិ​ខ្មែរ​ ដែលមានអាយុ​៥០​ឆ្នាំ។

យោង​តាម​សេចក្តី​​រាយការណ៍​​​ព័ត៌មាន​អន្តរ​ជាតិ​បាន​ឲ្យ​ដឹង​ថា យន្ត​ហោះ​ម៉ាក ATR-72 បាន​ហោះ​ហើរ​ពេលមានអាកាស​ធាតុ​មិន​ល្អ​ ​មុន​ពេល​យន្ត​ហោះនេះ​ធ្លាក់ចូលទៅ​ក្នុង​ទន្លេ​មេគង្គ​នៅម៉ោង​ប្រហែល​៤​ និង​១០​នាទី​ល្ងាច​។ យន្ត​ហោះ​នេះ​បាន​ហោះ​ហើរ​ចេញ​ពី​រដ្ឋ​ធានី​វៀងចន្ទន៍​ ប្រទេស​ឡាវ​ ហើយ​​​​បាន​ធ្លាក់​នៅ​​ចម្ងាយ​ប្រហែល​ប្រាំបីគីឡូ​ម៉ែត្រ​ ពី​អាកាស​យាន​ដ្ឋាន ​Pakse ដែល​ជា​ទិស​ដៅ​ចុះ​ចត​របស់​ខ្លួន។

លោក ឡុង ចេង ប្រធាន​ខុទ្ទ​កាល័យ​របស់​​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលបាន​អះ​អាង​ថា បុរស​ដែល​ជា​អ្នក​បើក​យន្ត​ហោះ​នេះ​ គឺ​ឈ្មោះ យុង សំ អាយុ​៥០​ឆ្នាំ។ លោក ឡុង ចេង បាន​មាន​ប្រសាសន៍​ថា “យន្ត​ហោះ​​​ ATR-72 របស់​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ឡាវនេះគឺ​ជា​ជើង​ហោះ​ហើរ​​ក្នុង​​ស្រុក​ដែល​បាន​ធ្លាក់​ និង​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ទាំង​អស់​ស្លាប់​នោះ រួម​មាន​អាកាស​​​​យានិក​ជន​ជាតិ​ខ្មែរ​របស់​យើង​ឈ្មោះ យុង សំ។ គាត់​បាន​ដាក់​ពាក្យ​ធ្វើ​ការ​ជាមួយ​ក្រុម​​​ហ៊ុនអាកាស​ចរណ៍​ឡាវ​នេះ​បាន​ប្រហែល​ប្រាំមួយ​ខែ​ប៉ុណ្ណោះ”។

លោក ឡុង ចេង បាន​មាន​ប្រសាសន៍​ថា “លោក​មិន​ទាន់​ទទួលបាន​ព័ត៌​មាន​អំពី​មូល​ហេតុ​នៃ​ការ​ធ្លាក់​នេះនៅ​ឡើយ​ទេ ដោយ​លោក​បន្ថែម​ថា មន្ត្រីរដ្ឋ​លេខា​ធិការដ្ឋាន​អាកាស​ចរ​ណ៍​ស៊ីវិល នឹង​សុំការ​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ​នៅ​ថ្ងៃ​នេះ។ លោក​ថ្លែង​​​ថា “យើង​នឹង​ស្នើ​សុំ​ការ​អនុញ្ញាត​​​​ឲ្យ​មន្ត្រី​រដ្ឋា​ភិបាល​​ជាន់​ខ្ពស់​របស់​​​យើង​ចុះ​ទៅធ្វើ​ការ​ស៊ើប​អង្កេត​ករណី​​នេះ”។

យោង​តាម​មន្ត្រី​​អាកាស​ចរម្នាក់​បាន​ឲ្យ​ដឹង​ថា ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យទ័របាន​រាយ​ការណ៍​កាលពី​ម្សិល​មិញ​​ថា អាកាស​ធាតុ​ដែល​មាន​ព្យុះ​ភ្លៀង ដោយ​សារ​ព្យុះ​ទីហ្វុង​ឈ្មោះ​ណារី ដែល​បាន​ប៉ះបាល់​​ប្រទេស​វៀត​ណាម​នៅ​សប្តា​ហ៍​នេះ​អាច​ជា​ហេតុ​បណ្តាល​ឲ្យ​​ធ្លាក់​​យន្ត​ហោះ​នេះ។ បញ្ជី​ឈ្មោះអ្នក​ដំណើរបាន​បង្ហាញថា ​សញ្ជាតិ​អ្នក​ដំណើរ​ទាំង​៤៤​នាក់នេះ រួម​មាន​ជន​ជាតិ​ឡាវ​១៧​នាក់ អូស្ត្រាលី​ប្រាំនាក់ បារាំង​​ប្រាំពីរ​នាក់ ថៃ​ប្រាំ​នាក់ កូរ៉េ​បីនាក់ វៀត​​ណាម​​ពីរ​នាក់​ និង​អាមេរិក​ម្នាក់ កាណា​ដា​​ម្នាក់ ចិន​ម្នាក់ ម៉ាឡេស៊ីម្នាក់ និង​តៃវ៉ាន់​ម្នាក់៕

ប្រែ​សម្រួលដោយ សោម សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស