គណៈកម្មាធិការអចិន្ត្រៃយ៍ត្រួតត្រាដោយគណបក្សប្រជាជនកម្ពុជានៅរដ្ឋសភាថ្មី បានអនុម័តថវិកា២៥លានដុល្លារ សម្រាប់រ៉ាប់រងរាល់ការចំណាយរបស់រដ្ឋសភានាឆ្នាំក្រោយទោះបីជាសមាជិកជាប់ឆ្នោតរបស់ខ្លួនជិតពាក់កណ្តាលនៃចំនួនសមាជិកសរុប១២៣រូបនៅតែបន្តអវត្តមានក៏ដោយ។
សមាជិកសភាជាប់ឆ្នោតទាំង៥៥រូបមកពីគណបក្សសង្គ្រោះជាតិបាននិងកំពុងតែធ្វើពហិការសភា តាំងពីសភាបានបើកសម័យប្រជុំដំបូងរបស់ខ្លួនក្នុងថ្ងៃទី២៣ ខែកញ្ញា ដើម្បីបដិសេធការបោះឆ្នោតជាតិកាលពីខែកក្កដា។ គណបក្សប្រឆាំងបានអះអាងថា គណបក្សប្រជាជនកម្ពុជាបានលួចបន្លំសន្លឹកឆ្នោត។ គណបក្សសង្គ្រោះជាតិចាត់ទុកសភាបច្ចុប្បន្នជាសភាមិនស្របនឹងរដ្ឋធម្មនុញ្ញ និងកំពុងតែជំរុញឲ្យម្ចាស់ជំនួយរបស់ប្រទេសកម្ពុជាផ្អាកទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីរហូតទាល់តែជម្លោះក្នុងការបោះឆ្នោតត្រូវបានដោះស្រាយ។
សមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជាបានបង្កើតគណៈកម្មាធិការអចិន្ត្រៃយ៍ដែលមានសមាជិក១២រូបនៅរដ្ឋសភា រួមទាំងប្រធានសភា អនុប្រធានពីររូប និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទាំងប្រាំបួននៃរដ្ឋសភា។
លោក ជាម យៀប សមាជិកសភា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មកពីគណបក្សប្រជាជនកម្ពុជាបានលើកឡើងកាលពីថ្ងៃពុធថា គណៈកម្មាធិ ការសភាបានអនុម័តថវិកា១០០.០០០លានរៀល ឬក៏ប្រហែល២៥លានដុល្លារ ដើម្បីដោះស្រាយរាល់ការចំណាយរបស់រដ្ឋសភានាឆ្នាំក្រោយ។ ចំនួនទឹកប្រាក់នេះមានកំណើនបន្តិច បើធៀបនឹងថវិកាអនុម័តកាលពីឆ្នាំមុន។
លោកបានមានប្រសាសន៍ថា “យើងធ្វើវាម្តងក្នុងមួយឆ្នាំ។ ថវិកានេះកើនឡើង១,៦ភាគរយបើធៀបនឹងថវិកាឆ្នាំ២០១២”។ លោកបានឲ្យដឹងបន្ថែមទៀតថា ថវិកាទាំងនេះនឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ចំណាយលើប្រាក់ខែ ការធ្វើដំណើរ សម្លៀកបំពាក់ និងម្ហូបអាហារ។ នៅពេលមានសំណួរលើកឡើងថា តើអវត្តមានរបស់សមាជិកសភាជិតពាក់កណ្តាលអាចមានផលប៉ះពាល់ចំពោះថវិកានេះដែរ ឬយ៉ាងណា លោកបានឆ្លើយតបវិញថា “វាមិនមានបញ្ហាទេ”។ ទោះបីជាយ៉ាងណា លោកបានលើកឡើង បន្ថែមទៀតថា សមាជិកសភាទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិប្រហែលជានឹងត្រូវស្បថ មុនពេលក្លាយជាសមាជិកសភា បើមិនដូច្នោះទេពួកគេមិនមានសិទ្ធិទទួលបានប្រាក់ខែរបស់ពួកគេទេ។
លោក ជាម យៀប បន្តថា ថវិការដ្ឋសភានឹងត្រូវបានដាក់បញ្ចូលទៅក្នុងថវិកាជាតិប្រចាំឆ្នាំរបស់រដ្ឋាភិបាល។លោកបានឲ្យដឹងផងដែរថា ថវិកាជាតិនេះកំពុងត្រូវបានរៀបចំ និងកំណត់ពេលវេលាសម្រាប់ការបោះឆ្នោតក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា នៅថ្ងៃទី១ ខែធ្នូ។ នៅឆ្នាំមុន រដ្ឋសភា បានអនុម័តថវិកា៣,១ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៣ ពោលគឺច្រើនជាងថវិកាសម្រាប់ឆ្នាំ២០១២ប្រហែល៥០០លានដុល្លារ។
លោក ញ៉ែម ប៉ុញារិទ្ធ សមាជិកសភាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិបានរិះគន់ការបោះឆ្នោតកាលពីថ្ងៃពុធ ដែលធ្វើឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍ថា ខ្វះតម្លាភាព ហើយលោកបានលើកឡើងថា គណៈកម្មាធិការនេះគួរតែបានព្យាយាមកាត់បន្ថយចំណាយរបស់សភាទៅលើខ្លួនឯង ជាពិសេសទៅលើខ្ទង់ចំណាយផ្សេងៗដូចជា មធ្យោបាយដឹកជញ្ជូន និងការស្នាក់នៅអំឡុងការធ្វើដំណើរនានា។ លោកបានមានប្រសាសន៍ថា “ខ្ទង់ចំណាយសម្រាប់កិច្ចការមិនចាំបាច់ គួរតែត្រូវបានកាត់បន្ថយ ពីព្រោះប្រទេសរបស់យើងជំពាក់បំណុលគេយ៉ាងច្រើន និងស្ថិតក្នុងភាពក្រីក្រនៅឡើយ”។
លោក ជាម យៀប និងលោក ញ៉ែម ប៉ុញា រិទ្ធ សុទ្ធតែបានលើកឡើងថា គណបក្សទាំងពីរមិនបានធ្វើឲ្យមានវឌ្ឍនភាពក្នុងការដោះស្រាយការខ្វែងគំនិតគ្នាជុំវិញការបោះឆ្នោត និងមិនសហការគ្នាក្នុងការត្រឡប់ទៅរកកិច្ចចរចាទេ។ គណបក្សសង្គ្រោះជាតិកំពុងតែត្រៀមខ្លួនធ្វើមហាបាតុកម្មក្នុងរាជធានីភ្នំពេញ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោតដ៏ប្រទាញប្រទង់ នៅថ្ងៃពុធសប្តាហ៍ក្រោយ៕
ប្រែសម្រួលដោយ កង សុធា