34 C
Phnom Penh

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អំពាវនាវ​ឲ្យអ្ន​កមាន​អំណាច​ផ្នែក​នយោបាយ​ការពារ​អ្នក​យក​ព័ត៌មាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​អង្គការ​សិទ្ធិ​មនុស្ស​ជាង​១០​បាន​អំពាវ​នាវ​ឲ្យ​អ្នក​មាន​អំណាច​ផ្នែក​នយោ​បាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការពារ​​អ្នក​កាសែត​ និង​ធានា​ឲ្យ​បាន​ថា ប្រជា​ពល​រដ្ឋ​អាច​ទទួល​បាន​ព័ត៌មាន​បាន​យ៉ាង​ទូលំ​ទូលាយ​​ដោយ​គ្មាន​ការ​រារាំង អំឡុងពេល​​​​នយោ​បាយ​​ភាព​កំពុង​មាន​ភាព​ចលចល​នាពេល​បច្ចុប្បន្ន​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​កាលពី​ថ្ងៃ​ពុធ មជ្ឈម​ណ្ឌល​កម្ពុជាដើម្បី​ប្រ​ព័ន្ធ​​​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​សម្ពន្ធ​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា ស៊ីប៉ា (Seapa) ព្រមទាំង​ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុម​ហ្វ្រែល) បាន​ចេញ​សេចក្តី​អំពាវ​នាវ​​ឲ្យ​” អ្នក​មាន​អំណាច​ផ្នែក​នយោ​បាយ​” ​ការពារ​​អ្នក​កាសែត​​​​​​ លើក​កម្ពស់​វិន័យ​នៅ​ក្នុង​ចំណោម​កង​កម្លាំង​នគរបាល​ និង​ទទួល​ស្គាល់​បទ​ដ្ឋាន​អន្តរជាតិ​នៃ​សេរី​ភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​។

ដោយចាត់​ទុក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ [គ.ជ.ប.] ថា គ្មាន​”សមត្ថ​ភាព” នោះ ​អង្គការ​សិទ្ធិមនុស្ស​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃការ​ទទួល​បាន​ព័ត៌មាន​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​។ សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​ថា “នៅ​ក្នុង​ស្ថានភាព​នយោបាយ​មិន​ប្រាកដ​ប្រជា​នេះ​ ពលរដ្ឋ​ខ្មែរ​ត្រូវ​ការ​ឯក​រាជ្យភាព​ និង​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​ ដើម្បី​ជួយ​ពួកគាត់​ក្នុង​ការសម្រេចចិត្ត​​”។ សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បន្ត​ថា” ភាព​ចាំ​បាច់បែប​នេះ​អាច​បំពេញ​បាន​ ប្រសិន​បើអ្នក​យក​ព័ត៌មាន​អាចមាន​លទ្ធភាព​បង្ហាញ​ពី​វិជ្ជាជីវៈ​ និង​ក្រម​សីលធម៌​របស់​ខ្លួន ម្យ៉ាង​វិញ​​ទៀត​​​ប្រសិន​បើ​ត្រូវ​បាន​ការពារ​ ឬ​ក៏​ត្រូវ​បាន​ធានាដោយ​ច្បាប់​​នោះ​”។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុម​ហ្វ្រែល បាន​មាន​ប្រសាសន៍​ថា ”នៅ​ពេល​​អ្នក​កាសែត​ព្យាយាម​យក​ព័ត៌មាន​ អំឡុង​ពេល​មាន​បាតុកម្ម ​ពួកគេ​តែង​តែ​ត្រូវ​បាន​រំខាន​ ឬ​ក៏​រារាំង​ដោយ​អាជ្ញាធរ​ ព្រម​ទាំង​រង​របួស​ផង​ដែរ​”។ ទាំង​លោក គល់ បញ្ញា និង​សេចក្តី​ថ្លែង​កាណ៍​នេះ សុទ្ធ​តែ​បាន​លើក​ឡើង​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​អ្នក​តវ៉ា​ប្រឆាំងនឹង​ការ​បណ្ដេញ​ចេញ​ នគរបាល​ និង​​បុរស​មួយ​ក្រុម​ កាលពី​ខែមុននៅ​ឯ​វត្ត​ភ្នំ​។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​ទៀត​ថា “[ការ​តវ៉ានេះ​​​] មិន​គ្រាន់​តែ​បន្សល់​ទុក​នូវ​​ការ​រង​របួស​ក្នុង​ចំណោម​អ្នក​តវ៉ា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ ក៏​បន្សល់​ទុក​នូវ​ការ​រង​របួស​នៅ​ក្នុង​ចំណោម​អ្នក​កាសែត​ក្នុង​ស្រុក​ និង​បរទេស​ផង​ដែរ​”។ សេចក្តី​ថ្លែង​ការណ៍​នេះ​ បាន​លើក​ឡើង​បន្ថែមថា ”ក្រុមបុរស​ទាំង​នោះ​ក៏​បាន​បំផ្លាញ​ម៉ាស៊ីន​ថត​របស់​អ្នក​កាសែត​​ថត​រូប​​ក្នុង​ស្រុក​​ម្នាក់​ផង​ដែរ។​ទង្វើ​​​នេះគឺ​ដើម្បី​​រារាំងមិន​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ពីការ​ប្រើ​អំពើ​ហិង្សា​ និង​បំបិទ​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​របស់​សាធារណជន​​​​​”។

ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​នេះ​បាន​ប្រើ​ដំបង​ឆក់​ ដើម្បី​បំភិត​បំភ័យ​អ្នក​យក​ព័ត៌មាន​ម្នាក់​របស់​កាសែត​ខេមបូឌា ដេលី​អំឡុង​ការ​ប្រើ​អំពើ​ហិង្សា​នៅ​វត្ត​ភ្នំ ខណៈ​មន្ត្រី​នគរ​បាល​ជា​ច្រើន​ឈរ​ព័ន្ធ​ជុំ​វិញ។

លោក មឿន ឈានណារិទ្ធ នាយក​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ជា​ហត្ថលេខីនៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ បាន​លើក​ឡើង​ថា លោកសូម​ជំរុញ​ឲ្យ​អ្នក​កាសែត​ធ្វើការ​របស់​ខ្លួន​នៅ​ក្នុង​ពេល​វេលា​ដ៏​ច្របូក​ច្របល់​នេះ​បន្ត​ទៀត​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​ជម្នះ​រាល់​ការ​រឹត​បន្តឹង​ទាំង​នេះ​ ពី​ព្រោះ​យើង​ដឹង​ថា វា​​បាន​រារាំង​ដល់​សិទ្ធិ​សេរី​ភាព​និង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​។ ប្រសិន​បើ​យើង​បញ្ឈប់​ការ​ជម្នះ​របស់​យើង​ ការ​​​ដាក់​​​កំហិត​​​​ទាំង​នេះ​នឹង​កើត​មាន​ឡើង​វិញ​ ហេតុ​ដូច្នេះ​ហើយ​យើង​នឹង​មិន​នៅ​ស្ញៀម​ហើយ​រង់ចាំ​គេ​ដាក់​កំហិត​​សិទ្ធិ​សេរី​ភាព​​​ទទួល​​​បាន​ព័ត៌មាន​​របស់​យើង​ឡើយ​។ យើង​នឹង​បន្ត​ប្រយុទ្ធ​​ប្រឆាំង​ដើម្បី​យុត្តិធម៌​តទៅ​មុខ​ទៀត”។

កាលពី​ខែ​កញ្ញា ឆ្នាំ​២០១២ លោក ហង្ស សេរី​ឧត្តម​ អាយុ​៤២ឆ្នាំ​ ដែល​ជាអ្នក​កាសែត​​ត្រូវ​បាន​គេ​កាប់​សម្លាប់​ ហើយ​ញាត់​ចូល​គូទ​រថយន្ត​ម៉ាក់​តូយ៉ូតា​កាមរី​របស់​លោក​នៅ​ក្នុង​ស្រុក​អូរ​ជុំ​ ក្នុង​ខេត្ត​រតនគិរី។ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​ថា លោក ហង្ស សេរី​ឧត្តម គឺ​ជាអ្នក​កាសែត​ទី​១១​ហើយ​ដែល​ត្រូវ​បាន​គេ​សម្លាប់​ ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤មក ដោយ​ឃាតករ​មិន​ត្រូវបាន​ចាប់​​ខ្លួន​យក​មក​ផ្តន្ទា​ទោសឡើយ​​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស