38 C
Phnom Penh

អគារ​ដែល​​​ត្រូវ​​​កម្ទេ​ច​​គឺ​​​ដោយសារ​​​បំពានកិច្ច​ព្រម​ព្រៀង ​មិន​មែនរឿង​​​នៅក្បែរ​​​​ព្រះបរម​​​រាជវាំង​នោះទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិល​មិញ​ អភិបាល​រាជធានី​ភ្នំ​ពេញ​បាន​បដិសេធមិន​បញ្ជាក់​ថា តើ​អគារ​​ពី​រ​ដែល​នៅ​ក្បែរ​ព្រះ​បរម​រាជវាំង​នឹង​ត្រូវ​បាន​​​កម្ទេច​ ឬ​យ៉ាង​ណា​ទេ​ បន្ទាប់ពី​ក្រុម​មន្ត្រី​ខណ្ឌ​ និង​សង្កាត់​បាន​លើក​ឡើង​កាល​ពីថ្ងៃពុធ​ថា ​អគារ​ ទាំង​ពីរ​នេះ​នឹង​ត្រូវ​បាន​​កម្ទេច​នៅ​ពេល​ឆាប់​ៗ​នេះ​ ដោយ​សារ​តែ​មាន​ការ​រំលោភ​​បំពាន​ផ្នែក​​កម្ពស់​អគារ​។

លោក​ ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​បដិសេធ​មិន​ធ្វើ​សេចក្តី​អត្ថាធិ​ប្បាយ​ទាក់​ទង​នឹង​សេចក្តី​រាយ​ការណ៍​អំពី​ការ​កម្ទេច​អគារ​ទាំង​នេះ​ ហើយ​បាន​លើ​កឡើង​ថា កិច្ច​ពិភាក្សា​ជាច្រើន​កំពុង​ដំណើ​រការ​។ លោក ប៉ា សុជាតិ​វង្ស ​បាន​មាន​ប្រសាសន៍​​​ថា “ខ្ញុំ​មិន​អាច​និយាយ​ថា តើ​អគារ​ណា​នឹង​ត្រូវ​បាន​កម្ទេច​​បាន​ទេ​ ពីព្រោះ​មាន​ការ​ងារ​បចេ្ចក​ទេ​ស​ដែល​ត្រូវ​​លើកយក​ទៅ​ពិភាក្សា​ជាមួយ​មន្ទីរ​សាធារណការ​ក្រុង​ជុំវិញ​ការ​កម្ទេច​អគារ​ខុស​ច្បាប់ទាំង​នេះ​។ ដូច្នេះ​សូម​ផ្តល់​ពេល​វេលា​ដល់​ខ្ញុំ​បន្ថែម​ទៀត​”។

លក្ខខណ្ឌ​រឹត​បន្តឹង​បណ្តោះ​អាសន្ន​​ផ្នែក​កម្ពស់អគារ​ត្រូវ​បាន​ប្រើ​ប្រាស់​ជាយូ​រមក​ហើយ​ សម្រាប់​កំណត់​កម្ពស់​​អគារ​ដែល​នៅ​​ក្បែរ​ព្រះ​បរមរាជវាំង​ ក៏​ប៉ុន្តែ កាល​ពីឆ្នាំ​មុន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា​មួយ​ថា លក្ខខណ្ឌ​រឹត​បន្តឹង​ទាំង​នោះ​លែង​មាន​ទៀត​ហើយ​​ ហើយ​​វិនិយោគិន​​អាច​សង់​អគារ​នៅ​ជុំវិញ​ព្រះ​បរម​រាជវាំង​បាន​ ប្រសិនបើ​ពួក​គេ​ចង់​។​

កាល​ពីម្សិល​មិញ លោក បេងហុង  ​សុជាតិ ​ខេមរ៉ូ អ្នក​នាំពាក្យ​​ក្រសួ​ងរៀបចំដែន​ដី នគរូបនីយកម្ម​ និង​សំណង់​បាន​អះអាងថា អគារ​ទាំង​ពីរ​ដែលត្រូវ​បាន​​​ទុក​សម្រាប់​កម្ទេច​ បាន​បណ្តាល​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អាជ្ញាធរ​ មិន​មែន​ដោយ​សារ​តែ​អគារ​ទាំង​នោះ​មាន​កម្ពស់​ខ្ពស់​ បើ​ប្រៀប​ធៀប​នឹង​ព្រះបរមរាជវាំង​ ក៏​ប៉ុន្តែ អគារ​ទាំង​នោះ​ល្មើស​នឹង​លក្ខខណ្ឌ​នៃ​សេចក្តី​អនុញ្ញាត​​លើ​ផែនការ​សាង​សង់​អគារ​ទាំង​នោះ​។

លោក បេងហុង  ​សុជាតិ ​ខេមរ៉ូ ​បាន​​​​មាន​​ប្រសាសន៍ថា “បច្ចុប្បន្ន​បញ្ហា​សម្រាប់​អគារ​ទាំង​ពីរ​នេះ​ គឺ​មិន​ែម​ន​ដោយ​សារ​តែ​វា​ខ្ពស់​ពេក​ទេ​ ក៏​ប៉ុន្តែ ដោយ​សារ​តែ​ នៅពេល​​ពួក​គេ​ស្នើ​សុំ​សេចក្តី​អនុញ្ញាត​សាង​សង់​ ពួកគេ​បាន​ព្រម​ព្រៀង​សាង​សង់​ក្នុង​កម្រិត​កម្ពស់​មួយ​ជាក់​លាក់​ ក៏​ប៉ុន្តែ ពួក​គេ​សាង​សង់​រហូត​ធ្វើ​ឲ្យ​អគារ​នោះ​​​មាន​កម្ពស់​ខ្ពស់ជាង​កម្ពស់​អនុញ្ញាត​”។

ប្រសិន​បើ​អគារ​ទាំង​ពីរ​ត្រូវ​បាន​កម្ទេច​ដូចអ្វី​ដែល​ក្រុម​មន្ត្រី​សង្កាត់​ និង​ខណ្ឌ​បាន​លើក​ឡើង​កាល​ពីថ្ងៃពុធ លោក​ សុជាតិ​ខេមរ៉ូ បាន​លើកឡើង​ថា ច្បាស់​ណាស់​ថា រដ្ឋាភិ​បាល​​នឹង​មិ​ន​ផ្តល់​សំណង​ដល់​ម្ចាស់​អគារ​ទេ​។ លោក​ បាន​មាន​ប្រសាសន៍ថា “ ហេតុអ្វី​បាន​ជា​រដ្ឋា​ភិបាល​គួរ​តែត្រូវ​​ផ្តល់​សំណង​? រដ្ឋា​ភិ​បាល​បាន​ផ្តល់​សេចក្តី​អនុញ្ញាតដល់​ពួក​គេ​សម្រាប់​សាង​សង់​អគារ​របស់​ពួក​គេ​ ក្នុង​កម្ពស់​ដែល​បាន​ព្រម​ព្រៀង​គ្នា​ ហើយ​ដោយ​សារ​តែ​កម្ពស់​អគារ​បាន​ឡើង​ខ្ពស់​ហួស​ ហើយ​​ល្មើ​ស​​​នឹង​ច្បាប់​ និង​នៅ​ពេល​អ្នក​​ល្មើស​ច្បាប់​  អ្នក​ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ ហើយ​ផ្នែក​មួយ​នៃការ​ផាក​ពិន័យ​នេះ​នឹង​ជាការ​កម្ទេច​អគារ​របស់​ពួក​គេ​”។

សកម្មភាព​សាង​សង់​អគារ​មួយនៅ​​ក្នុង​ចំណោម​អគារ​ទាំង​នេះ​ត្រូវ​បាន​ផ្អាក​​តាំង​ពី​មុន​ថ្ងៃ​ឈប់​សម្រាក​​បុណ្យ​ភ្ជុំ​បិណ្ឌ នេះ​បើ​យោង​តាម​បុគ្គលិក​សន្តិសុខ​នៅ​ក្នុង​ច្រក​ចូល​ជាន់​ក្រោម​ដែល​ត្រូវ​បាន​ចាក់​សោ​ បន្ទាប់​ពី​មាន​បញ្ជា​កាល​ពីថ្ងៃ​ទី​១​ ខែតុលា​ ចេញ​ពី​លោក ប៉ា សុជាតិ​វង្ស​  ដែល​បាន​ចេញបញ្ជា​ឲ្យ​បញ្ឈប់​ សកម្មភាព​សាង​សង់​នេះ​។ អគារ​មួយនេះ​គឺជាកម្មសិទ្ធិ​របស់​ក្រុមហ៊ុន​វឌ្ឍនៈ​ ប្រ៊ូ​ភើធី​ (Vattanac Properties)។

នៅ​ឯអគារ​ទី​២​ដែល​រង​ការ​រិះគន់​ និង​ស្ថិត​នៅ​កាច់​ជ្រុង​​រវាង​ផ្លូវ​តូចមួយ​​ និង​ផ្លូវ​លេខ​៩​ នៅខាង​ក្រោយ​សាកល​វិទ្យាល័យ​​ភូមិន្ទ​វិចិត្រសិល្បៈ​ កាល​ពីម្សិល​មិញ  ​ក្រុម​កម្មករ​នៅ​តែ​មិន​រវីរវល់​នឹង​សេចក្តីរាយ​ការណ៍​ដែល​ថា អគារ​លំនៅដ្ឋាន​កម្ពស់​១២​ជាន់​ប្រឈម​នឹង​ការ​កម្ទេច​ ខណៈដែល​​​អ្នក​ជំនួញ​ដែល​ជាម្ចាស់​គម្រោង​អគារ​នេះ​បាន​​លើក​ឡើង​ថា លោក​នៅ​តែ​គ្រាន់​តែ​បាន​ឮ​អំពី​ការ​គំរាម​តាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​ប៉ុណ្ណោះ​។

លោក​ សិុន​ គឹម​ហេង​ ដែល​កាលពី​ពេល​ថ្មីៗ​នេះ​ លោក​បាន​សាង​សង់​អគារ​ហួស​កម្ពស់​២៤,៥​មែ៉ត្រ​ គុណ​នឹង​១០​ម៉ែត្រ​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាង​សង់​ ពីព្រោះ​​កាល​ពីឆ្នាំ​មុន លោក​នាយក​រដ្ឋមន្ត្រី  ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​​ក្រុមហ៊ុន​អភិវឌ្ឍន៍​សាង​សង់​អគារ​ខ្ពស់​ៗ​។​ ក្រុមហ៊ុន​សូគីម៉ិច គ្រុប (Sokimex  Group)  ដែល​ជាក្រុម​ហ៊ុន​ពហុ​ជំនួញ​ក្នុង​ស្រុក​ បាន​ដាក់​ផែនការ​ឲ្យ​​សាលារាជធានី​ភ្នំពេញ​ពិនិត្យ​​​ដើម្បី​សាង​សង់​សណ្ឋាគារ​ដ៏​ធំមួយ​ដែលមាន​កម្ពស់​១៥ជាន់​ នៅ​ផ្លូវ​លេខ​១៣​ កែង​ផ្លូវ​១៧៨​ ហើយ​​អគារ​សណ្ឋាគារ​នោះ​ស្ថិត​នៅ​ចម្ងាយ​ពីរ​បីរយ​ម៉ែត្រ​​​ពី​ព្រះ​បរមរាជវាំង​។

ក៏​ប៉ុន្តែ​ លោក បេងហុង សុជាតិ​ខេមរ៉ូ បាន​លើក​ឡើង​ថា លោក​ រំពឹង​ថា អគារ​នោះ​នឹង​បន្ត​ដំណើ​រការ​។ លោក​ បាន​មាន​ប្រសាសន៍​​​​​​បន្ថែម​​​ថា “ខ្ញុំ​គិត​ទុក​ជា​មុន​ថា ​សកម្មភាព​សាង​សង់​អគារ​នោះ​នឹង​បន្ត​ដំណើ​រការ​ ប្រសិន​បើ​សំណើ​សាង​សង់​អគារ​១៥​ជាន់​នោះ​ត្រូវ​បាន​អនុម័ត​ និង​ព្រម​ព្រៀង​”៕

ប្រែ​​​សម្រួល​​​ដោយ កង​ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស