សមាជិកប្រមាណជា១.០០០នាក់នៅក្នុងសមាជប្រជាជនកម្ពុជា (Cambodian Grassroots People’s Assembly) ដែលជាបណ្តាញសហគមន៍ទូទាំងប្រទេសរួមមានកសិករ និងសកម្មជនការងារ និងដីធ្លី នឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅថ្ងៃច័ន្ទ ដើម្បីទាមទារ និងបញ្ចប់ភាពជាប់គាំងនយោបាយបច្ចុប្បន្ននេះ។
គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាចនិងគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងកំពុងតែមានវិវាទជាមួយគ្នា ចាប់តាំងពីពេល បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា។ គណបក្សប្រឆាំងលើកឡើងថា មានការលួចបន្លំយ៉ាងច្រើនក្នុងការបោះឆ្នោតនោះ។ មហាបាតុកម្មធ្វើឡើងដោយអ្នកគាំទ្រគណបក្សប្រឆាំង បានបណ្តាលឲ្យកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលបិទផ្លូវសំខាន់ៗ និងល្បាតតាមផ្លូវ ដើម្បីទប់ទល់កុបកម្មក្នុងប៉ុន្មាន សប្តាហ៍កន្លងមកនេះ។
តំណាងសមាជប្រជាជនបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ភាពតានតឹងផ្នែកនយោបាយបានប៉ះពាល់ជីវភាពរបស់ប្រជាជនកម្ពុជាសាមញ្ញ។
លោក ញិល ភាព ប្រធានសមាគមកសិករសម្រាប់ការអភិវឌ្ឍសន្តិភាពមានប្រសាសន៍ ថា “ភាពជាប់គាំងផ្នែកនយោបាយធ្វើឲ្យមាន ការលំបាកដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ហើយយើងខ្លាចអ្វីៗកើតឡើង។ យើងខ្លាចរដ្ឋាភិបាល យើងខ្លាចអ្វីដែលគណបក្សសង្គ្រោះ ជាតិនឹងធ្វើនៅពេលខាងមុខ”។
លោកបានមានប្រសាសន៍បន្តថា “ នៅពេលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រតំណាងរាស្ត្រទាំងនេះ ពួកគេគិតថា បញ្ហារបស់ពួកគេនឹងត្រូវបានដោះស្រាយ។ ក៏ប៉ុន្តែ ចាប់តាំងពីថ្ងៃបោះឆ្នោតមក មិនទាន់មានការដោះស្រាយបញ្ហាណាឡើយ”។ គណបក្សនយោបាយទាំងពីរបានទទួលការរិះគន់ស្មើៗគ្នានៅក្នុងសន្និសីទនេះ។
លោក ស៊ីម សុផាន់ណា មេដឹកនាំបណ្តាញ នេសាទក្នុងមូលដ្ឋានមួយនៅខេត្តកំពង់ឆ្នាំងបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិនគួរបើករដ្ឋសភាដោយគ្មានសមាជិកគណបក្សប្រឆាំងនោះទេ ពីព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ លោក សុផាន់ណា បានមានប្រសាសន៍ថា “នេះគឺជាការខុសឆ្គង។ អ្នកដែលសរសេរច្បាប់ក៏មិនបានបញ្ជាក់ច្បាស់អំពីរឿងនេះដែរ… ដូច្នេះប្រជាពលរដ្ឋធម្មតាដូចខ្ញុំក៏មិនយល់ដែរ”។
លោក ភាព ប្រធានសមាគមកសិករ បានលើកឡើងបន្ថែមទៀតថា ម្យ៉ាងវិញទៀត គណបក្សសង្គ្រោះជាតិមានបញ្ជីរាយសេចក្តីទាមទារកាន់តែច្រើនដែលទំនងជាគ្រាន់តែបម្រើគណបក្សខ្លួនប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “ពួកគេចង់បានប្រព័ន្ធផ្សព្វផ្សាយនៅខាងខ្លួន និងស្ថានីយ ទូរទស្សន៍មួយសម្រាប់ខ្លួនឯង។ ដំបូង ពួកគេចង់បានលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជន ក៏ប៉ុន្តែ ពេលនេះពួកគេមានតម្រូវការផ្សេងៗ ទាំងអស់នេះ”។
លោក ប្រ៊ុក វណ្ណី ទីប្រឹក្សាផ្នែកយែនឌ័រ នៃក្រុមតស៊ូមតិ Cambodian Women’s Caucus បានលើកឡើងថា “ហេតុអ្វីបានជាមនុស្សទាំងនេះស្រឡាញ់អំណាចខ្លាំងម៉្លេះ។ ពួកគេគ្រាន់តែចង់បានអំណាចសម្រាប់តែម្ខាងប៉ុណ្ណោះបែបនេះ?”។ ពិធីជួបជុំមិនចូលបក្សសម្ពន្ធរបស់សមាជប្រជាជនកម្ពុជា នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ មុនបាតុកម្មរយៈពេលបីថ្ងៃរបស់គណបក្សសង្គ្រោះជាតិ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី