ក្រសួងព័ត៌មានបានដោះដូរដីទំហំ១១ហិកតានៅក្នុងខណ្ឌមានជ័យដែលជាអតីតទីតាំងវិទ្យុជាតិ AM 918 ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយ ជាថ្នូរនឹងការសាងសង់ស្ថានីយ និងអង់តែនវិទ្យុថ្មីនៅលើដីទំហំ២០ហិកតាស្ថិតនៅចម្ងាយប្រហែល២៥គីឡូម៉ែត្រពីរាជធានី។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍កាលពីម្សិលមិញថា មិនមានការដេញថ្លៃជាសាធារណៈសម្រាប់ការដោះដូរដីរដ្ឋនេះទេ ប៉ុន្តែ ផ្ទុយទៅវិញខ្លួនលោកផ្ទាល់បានហៅក្រុមហ៊ុនអភិវឌ្ឍន៍ទាំងអស់ឲ្យមកមើលដីនេះ ហើយបានសម្រេចប្រគល់ដីនេះទៅឲ្យក្រុមហ៊ុន ឃុន ស៊ា អភិវឌ្ឍន៍ ហើយក្រុមហ៊ុននេះជាអ្នកទទួលសាងសង់ស្ថានីយវិទ្យុថ្មីនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នៅពេលសួរថា ហេតុអ្វីបានជាក្រសួងរបស់លោកមិនផ្សព្វផ្សាយជាសាធារណៈ សម្រាប់ការដេញថ្លៃយកដីរដ្ឋនេះ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា “នេះជាករណីលើកលែង ពីព្រោះគ្មាននរណាម្នាក់ចង់បានដីនេះទេ”។ អតីតទីតាំងវិទ្យុជាតិទំហំ១១ហិកតានៅក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅចម្ងាយប្រហែលពីរបីគីឡូម៉ែត្រពីស្ពានស្ទឹងមានជ័យនៅតាមផ្លូវលេខ២១៧នេះ ឥឡូវនេះគឺជាការដ្ឋានសាងសង់វីឡា និងខុនដូរទំនើបៗរបស់បុរី ប៉េង ហួត ជាក្រុមហ៊ុនសំណង់ និងអភិវឌ្ឍន៍អចលនទ្រព្យដែលលោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ជាដៃគូរបស់ក្រុមហ៊ុន ឃុនស៊ា គ្រុប ចាប់តាំងពីមានការព្រមព្រៀងដោះដូរដីរដ្ឋនេះ កាលពីឆ្នាំ២០១០។
ទន្ទឹមនឹងនេះដែរ ស្ថានីយវិទ្យុ AM ៩១៨ រលកធាតុអាកាសខ្លី របស់រដ្ឋាភិបាលត្រូវបានបិទទ្វារចាប់តាំងពីស្ថានីយនៅក្នុងរាជធានីភ្នំពេញត្រូវបានរុះរើ កាលពីខែកញ្ញា ឆ្នាំ២០១២មក។ បុគ្គលិកនៅបុរី ប៉េង ហួត បានបញ្ជាក់ថា ក្រុមហ៊ុនទទួលបន្ទុកសាងសង់ស្ថានីយវិទ្យុនេះ ប៉ុន្តែ មិនបានដឹងព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងជាមួយក្រុម ឃុនស៊ា គ្រុប ទេ។ការហៅទូរស័ព្ទទៅលេខទូរស័ព្ទរបស់ក្រុមហ៊ុន ឃុនស៊ា គ្រុប មិនមានអ្នកទទួលទេកាលពីម្សិលមិញ។
បុរី ប៉េង ហួត គឺជាកម្មសិទ្ធិរបស់លោក ហៀក ប៊ុនប៉េង និងលោក ថាយ ជា ហួត ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា។ នៅលើគេហទំព័ររបស់ក្រុមហ៊ុននេះ ក្រុមហ៊ុននេះបានអួតថា បានសាងសង់បុរីចំនួន១០នៅក្នុងរាជធានីភ្នំពេញ តាំងពីឆ្នាំ២០០៥មក។
ក្រុមហ៊ុន ឃុន ស៊ា គ្រុប របស់ពាណិជ្ជករក្នុងស្រុកឈ្មោះ ឃុន ស៊ា បានឲ្យតម្លៃខ្ពស់ជាងក្រុមហ៊ុនផ្សេងទៀត ដែលប្រកួតប្រជែងចង់បានដីរបស់ក្រសួងនេះ ហើយបានសន្យាចេញថ្លៃចំណាយទាំងអស់សម្រាប់ការសាងសង់ស្ថានីយវិទ្យុថ្មីនេះ ព្រមទាំងចេញសំណងសម្រាប់បុគ្គលិកចំនួន៤០នាក់របស់វិទ្យុនេះ ហើយលោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ការចំណាយទាំងអស់នេះមានចំនួនប្រហែលជាង៩លានដុល្លារ គឺខ្ពស់ជាងក្រុមហ៊ុនផ្សេងទៀតដែលហ៊ានឲ្យតែ៨លានដុល្លារប៉ុណ្ណោះ សម្រាប់ដីនេះ។
លោកបានមានប្រសាសន៍ថា “នៅពេលនោះគ្មាននរណាម្នាក់ហ៊ានឲ្យថ្លៃខ្ពស់ជាងលោក ឃុន ស៊ា ទេ។ គ្មាននរណាម្នាក់ចង់បានដីនេះទេនៅពេលនោះ” ។ លោកបានបញ្ជាក់ថា គ្មាននរណាម្នាក់បានទទួលលុយនៅក្នុងកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីខែធ្នូ ឆ្នាំ២០១០នេះទេ។
យោងតាមច្បាប់ចម្លងនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ឃុន ស៊ា គ្រុប និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងតាមសំណើរបស់ក្រសួងព័ត៌មាននេះបង្ហាញថា ក្រុមហ៊ុនរបស់លោក ឃុន ស៊ា ទទួលខុសត្រូវចំពោះការសាងសង់ស្ថានីយវិទ្យុ AM កម្លាំង៦០០គីឡូវ៉ាត់ អង់តែនវិទ្យុកម្ពស់១៨០ម៉ែត្រ អគារសម្រាប់បុគ្គលិកធ្វើការកម្ពស់ពីរជាន់មួយខ្នង ម៉ាស៊ីនភ្លើង១.០០០គីឡូវ៉ាត់មួយគ្រឿង និងខ្សែកាបដែលតភ្ជាប់ទីតាំងនេះទៅស្ថានីយវិទ្យុជាតិ FM ១០៥.៧៥ នៅជិតវត្តភ្នំ។
នៅពេលការសាងសង់នៅទីតាំងថ្មីនេះចប់សព្វគ្រប់ហើយ បុគ្គលិកវិទ្យុជាតិនឹងទទួលបានសំណងជាម៉ូតូ១២៥សេសេ មួយគ្រឿង ហើយលោក ខៀវ កាញារីទ្ធ បានសន្យាជំរុញឲ្យក្រុមហ៊ុន ឃុន ស៊ា គ្រុប ផ្តល់សំណងជាប្រាក់ដល់បុគ្គលិកថែមទៀត ដើម្បីចំណាយទៅលើការធ្វើដំណើរប្រចាំថ្ងៃឆ្ងាយទៅកាន់ស្ថានីយវិទ្យុថ្មីនៅក្នុងខេត្តកណ្តាល។
លោក ខៀវ កាញារីទ្ធ មិនបានប៉ាន់ស្មានថា តើវិទ្យុថ្មី AM ៩១៨ នេះនឹងចាប់ផ្តើមដំណើរការនៅពេលណាទេ ប៉ុន្តែ លោកបានមានប្រសាសន៍ថា ស្ថានីយវិទ្យុជាតិនៅតែមានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយព័ត៌មានទៅដល់តំបន់ជនបទទូទាំងប្រទេស ដែលមិនអាចស្តាប់វិទ្យុ FM និងមើលទូរទស្សន៍ឃើញ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការដោះដូរដីនេះ ក៏ចាំបាច់ផងដែរ ពីព្រោះបើគ្មានទុនពីក្រុមហ៊ុន ឃុន ស៊ា គ្រុបទេ រដ្ឋាភិបាលមិនអាចកែលម្អស្ថានីយវិទ្យុរលកធាតុអាកាសខ្លីរបស់ខ្លួន ដែលមានអាយុកាល២០ឆ្នាំ និងផ្សាយតែក្នុងកម្លាំង៨០គីឡូវ៉ាត់នេះ នៅក្រោមសមត្ថភាពផ្សាយរបស់ខ្លួន ដែលមានកម្លាំង២០០គីឡូវ៉ាត់នេះបានទេ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ពេលមានឧបករណ៍ថ្មី ដែលក្រុមហ៊ុន ឃុន ស៊ា គ្រុប ទិញឲ្យនោះ វិទ្យុជាតិនឹងផ្សាយក្នុងកម្លាំង៦០០គីឡូវ៉ាត់ទៅទូទាំងប្រទេស ព្រមទាំងផ្សាយឲ្យដល់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅភាគខាងត្បូងប្រទេសវៀតណាម និងភាគខាងកើតប្រទេសថៃផងដែរ។
ក្រសួងព័ត៌មាននៅកាន់កាប់ដីប្រហែលបីហិកតានៅទីតាំងក្នុងខណ្ឌមានជ័យនេះ ហើយវិទ្យុជាតិកម្ពុជា FM ៩៦ នៅតែបន្តផ្សាយពីទីនោះដដែល។ លោកបានមានប្រសាសន៍ថា ទីតាំងវិទ្យុជាតិ FM ១០៥.៧៥ នៅវត្តភ្នំមិនអាចដោះដូរបានទេ ពីព្រោះវាសំខាន់សម្រាប់បុគ្គលិកដែលកន្លែងធ្វើការរបស់ខ្លួននៅជិតក្រុង។
ការដោះដូរដីមិនមានតម្លាភាពគឺជារឿងធម្មតានៅក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយជារឿយៗវាល្អណាស់សម្រាប់ក្រុមហ៊ុនឯកជនដែលទទួលបានដីមានតម្លៃ ជាថ្នូរនឹងការសាងសង់អគារថ្មីនៅលើដីមិនសូវមានតម្លៃនៅតាមតំបន់ដាច់ស្រយាល។ ការដោះដូរដីដែលគួរឲ្យភ្ញាក់ផ្អើលបំផុត
នោះ គឺការដោះដូរសាលាខេត្តសៀមរាបទាំងមូល កាលពីឆ្នាំ២០១០ ដែលនៅពេលនោះបុគ្គលិកត្រូវផ្លាស់កន្លែងធ្វើការពីអគារការិយាល័យនៅក្នុងក្រុងសៀមរាបទៅកាន់ទីតាំងដាច់ស្រយាលទំហំ៤២ហិកតា នៅក្នុងសង្កាត់អំពិល ស្ថិតនៅចម្ងាយប្រហែល១៦គីឡូម៉ែត្រពីក្រុងនេះ។
ក្រុមហ៊ុន J&R អាហរ័ណនីហរ័ណ និងសំណង់ ដែលគេមិនសូវស្គាល់បានទទួលកិច្ចសន្យាសាងសង់អគារការិយាល័យថ្មីចំនួន៦០សម្រាប់សាលាខេត្តសៀមរាបនៅក្នុងសង្កាត់អំពិល ហើយក្រុមហ៊ុន J&R បានគ្រប់គ្រងដីរបស់សាលាខេត្តដែលស្ថិតនៅកណ្តាលក្រុង រួមទាំងសាលាក្រុង និងមន្ទីរចំនួន២៦ នៅលើដីមានតម្លៃចំកណ្តាលក្រុង។
លោក ហ៊ុន សែន ធ្លាប់បានថ្កោលទោសជាសាធារណៈចំនួនពីរលើកចំពោះការដោះដូរដីរដ្ឋ ហើយកាលពីខែកុម្ភៈ ឆ្នាំ២០១២ បានព្រមានក្រសួងនានា រួមទាំងក្រសួងព័ត៌មានមិនឲ្យលក់ដីរដ្ឋ។
កាលពីខែមករា ឆ្នាំ២០១០ ក្រសួងពាណិជ្ជកម្ម ដែលនៅពលេនោះស្ថិតនៅលើទីតាំងដ៏ល្អមួយនៅតាមមហាវិថីព្រះនរោត្តម ត្រូវបានដោះដូរជាមួយអគារចំនួនពីរនៅជិតមហាវិថីសហព័ន្ធរុស្ស៊ី នៅពាក់កណ្តាលផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអគារនោះត្រូវបានសាងសង់ដោយក្រុមហ៊ុន អ៊ែតវូត អាហរ័ណនីហរ័ណ។
សមាជិកសភាគណបក្សប្រឆាំងបានរិះគន់រដ្ឋាភិបាលជាច្រើនដង ចំពោះការដោះដូរដីរដ្ឋ ដោយអះអាងថា ពួកគេមិនបានធ្វើតាមច្បាប់ឲ្យមានតម្លាភាពនៅក្នុងការផ្តល់កិច្ចសន្យារបស់រដ្ឋាភិបាលទេ ហើយគ្មានការដេញថ្លៃប្រកួតប្រជែង និងធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណូលរបស់រដ្ឋរាប់លានដុល្លារ៕
ប្រែសម្រួលដោយ មូល គឹម ហឿន