គណបក្សសង្គ្រោះជាតិបានផ្ញើលិខិតមួយច្បាប់ទៅអាជ្ញាធររាជធានីភ្នំពេញ ដើម្បីជូនដំណឹងឲ្យបានជ្រាបថា មហាបាតុកម្មមួយ ដែលគ្រោងធ្វើនៅថ្ងៃពុធនៅទីលានប្រជាធិបតេយ្យឲ្យស្របនឹងថ្ងៃខួបនៃការចុះកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសឆ្នាំ១៩៩១ នឹងធ្វើរយៈពេលបីថ្ងៃ ហើយរួមទាំងការហែក្បួនទៅកាន់ស្ថានទូតបរទេសយ៉ាងហោចណាស់ចំនួនប្រាំពីរផងដែរ។
លិខិតចុះកាលបរិច្ឆេទថ្ងៃពុធនេះបញ្ជាក់ថា បាតុកម្ម ដែលនឹងធ្វើឡើងនៅថ្ងៃពុធ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៦ល្ងាចថ្ងៃសុក្រ នេះ នឹងធ្វើឡើងដើម្បីជំរុញជាថ្មីម្តងទៀតឲ្យមានការស៊ើបអង្កេតឯករាជ្យលើការបោះឆ្នោតជាតិកាលពីថ្ងៃ២៨ ខែកក្កដា និងដើម្បីដាក់ញត្តិអំពាវនាវឲ្យប្រទេសចំនួន១៨ ដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសឆ្នាំ១៩៩១ជួយអន្តរាគមន៍នៅក្នុងប្រទេសកម្ពុជា។
លិខិតនេះមានខ្លឹមសារដូច្នេះថា “គណបក្សសង្គ្រោះជាតិនឹងធ្វើមហាបាតុកម្មអហិង្សាមួយ ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនប្រជាពលរដ្ឋទាក់ទិននឹងភាពមិនប្រក្រតីនៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ និងដើម្បីទាមទារឲ្យរដ្ឋាភិបាលអនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១”។
លិខិតនេះបានបន្តទៀតថា “[បាតុកម្មនេះក៏រួមមានទាំង] ការបញ្ចេញមតិដោយសេរីរបស់បាតុករ ការសម្ដែងសិល្បៈ ចម្រៀង និងការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ និងការអង្គុយដោយស្ងាត់ស្ងៀម និងការហែក្បួន ដើម្បីដាក់ញត្តិទៅអង្គការសហប្រជាជាតិតាមរយៈឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថានទូតនានាក្នុងប្រទេសកម្ពុជា ដូចជាស្ថានទូតបារាំង ជប៉ុន សហរដ្ឋអាមេរិក ចិន ឥណ្ឌូណេស៊ី អង់គ្លេស និងអូស្ត្រាលី ជាដើម”។
លិខិតនេះលើកឡើងពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងការជាប់គាំងប្រព័ន្ធនយោបាយពហុបក្ស ជាឧទាហរណ៍បង្ហាញពីការអនុវត្តមិនពេញលេញតាមកិច្ចព្រមព្រៀងក្រុងប៉ារីស។
កាលពីថ្ងៃទី២៨ ខែកញ្ញា គណបក្សសង្គ្រោះជាតិបានប្រកាសថា បាតុកម្ម ដើម្បីដាក់ញត្តិទៅបណ្តាប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស នឹងធ្វើឡើងចន្លោះពីម៉ោង៣រសៀល ដល់ម៉ោង៦ល្ងាចនៅថ្ងៃពុធ ប៉ុន្តែលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនបានដឹងពីសេចក្ដីថ្លែងការណ៍មុននេះទេ ហើយបានមានប្រសាសន៍ថា បាតុកម្មត្រូវបានគ្រោងទុកធ្វើរយៈពេលបីថ្ងៃរហូតមក។
លោកបានមានប្រសាសន៍ថា “វានឹងមានរយៈពេលយ៉ាងហោចណាស់បីថ្ងៃ។ វាអាចច្រើនជាងនេះ វាអាស្រ័យលើស្ថានភាព និងអាស្រ័យលើឆន្ទៈរបស់បាតុករ”។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា ញត្តិមួយនឹងត្រូវដាក់ទៅការិយាល័យអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ហើយលិខិតដាច់ដោយឡែក ដែលមានការបញ្ជាក់អំពីញត្តិនេះ នឹងត្រូវដាក់ជូនទៅស្ថានទូតមួយចំនួន ដែលរដ្ឋាភិបាលនៃស្ថានអង្គទូតទាំងនោះជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។
លោកបានមានប្រសាសន៍ថា “នៅថ្ងៃទី២៣ ខែតុលា យើងនឹងហែក្បួនទៅកាន់ការិយាល័យអង្គការសហប្រជាជាតិ ហើយនៅថ្ងៃទី២៤ និងថ្ងៃទី២៥ យើងនឹងហែក្បួនទៅកាន់ស្ថានទូតទាំងនោះ”។ លោកបានមានប្រសាសន៍ទៀតថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏នឹងធ្វើមាតុភូមិនិវត្តពីដំណើរទស្សនកិច្ចជាអន្តរជាតិវិញផងដែរ ដើម្បីឲ្យទាន់ពេលធ្វើបាតុកម្មគឺទំនងជានៅថ្ងៃអង្គារ។
លោក សម រង្ស៊ី បានធ្វើដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃទី៧ ខែតុលាមកម៉្លេះដើម្បីអំពាវនាវឲ្យបណ្ដាប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស កាត់ផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតទាល់តែរដ្ឋាភិបាលនេះយល់ព្រមឲ្យមានការស៊ើបអង្កេតឯករាជ្យលើការបោះឆ្នោត ឬចរចាដោះស្រាយជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ចប់ការធ្វើពហិការរបស់គណបក្សប្រឆាំងមិនចូលសភា។
យោងតាមទីភ្នាក់ងារព័ត៌មាន Associated Press បានឲ្យដឹងថា កាលពីថ្ងៃពុធ លោក សម រង្ស៊ី បានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបញ្ចុះបញ្ចូលសមាជិកសភាសហរដ្ឋអាមេរិក និងមន្ត្រីមកពីធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិជឿថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ខ្វះភាពស្របច្បាប់នៅក្នុងការចុះហត្ថលេខាលើឥណទាន និងកិច្ចសន្យានានាតាងនាមឲ្យប្រទេសកម្ពុជា។
លោក សម រង្ស៊ី ត្រូវបានដកស្រង់ប្រសាសន៍ដូច្នេះថា “សហគមន៍អន្តរជាតិជាពិសេសបណ្ដាប្រទេសម្ចាស់ជំនួយមិនគួរសហការជាប្រក្រតីជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នឡើយ”។ ការព្យាយាមរបស់គណបក្សសង្គ្រោះជាតិ ដើម្បីប្រមូលស្នាមមេដៃឲ្យបាន៣លានសម្រាប់ញត្តិរបស់ខ្លួនដាក់ជូនអង្គការសហប្រជាជាតិ និងបណ្ដាប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវបានរារាំង ដោយកាលពីថ្ងៃទី១០ ខែតុលា សាលារាជធានីភ្នំពេញបានចេញបញ្ជាឲ្យអាជ្ញាធររារាំងអ្នកដើរប្រមូលឈ្មោះសម្រាប់ញត្តិនៅតាមទីសាធារណៈ ដោយសកម្មជនម្នាក់ត្រូវបានឃាត់ខ្លួនរយៈពេលខ្លី។
បាតុកម្មនៅសប្តាហ៍ក្រោយនេះ គឺជាលើកទី១ហើយចាប់តាំងពីមហាបាតុកម្មរយៈពេលបីថ្ងៃកាលពីខែមុនមក ដែលពេលនោះផ្លូវនានាក្នុងរាជធានីភ្នំពេញត្រូវបានបិទស្ទើរតែទាំងស្រុង ដើម្បីការពារសន្ដិសុខ ហើយបុរសម្នាក់ត្រូវបានកងកម្លាំងសន្តិសុខបាញ់ស្លាប់នៅជិតស្ពានព្រះមុនីវង្ស បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងបាតុករចោលដុំថ្ម ដែលមានកំហឹងដោយសារបិទផ្លូវ។
នៅពេលនោះមហាវិថីសំខាន់ៗ ក៏ដូចជាផ្លូវតូចៗដែរ ត្រូវបានបិទនៅទូទាំងរាជធានីភ្នំពេញដោយប្រើរបាំងលួសបន្លា និងយាមកាមដោយមន្ត្រីកងរាជអាវុធហត្ថ ដែលត្រូវបានកោះហៅពីតាមបណ្ដាខេត្តឲ្យចូលមករាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបាតុកម្ម ខណៈដែលបាតុកម្មតូចៗមួយចំនួនត្រូវបានអាជ្ញាធរព្យាយាមបង្ក្រាបដោយហិង្សា។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា អាជ្ញាធររាជធានី នឹងជួបជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិនៅម៉ោង៨ព្រឹកថ្ងៃនេះ ដើម្បីពិភាក្សាគ្នាអំពីបាតុកម្ម និងការហែក្បួនតាមការគ្រោងទុករបស់គណបក្សប្រឆាំង ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតឡើយរហូតក្រោយជំនួបនេះ។
ឧត្តមសេនីយ៍ឯក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា កងរាជអាវុធហត្ថនឹងអនុវត្តតាមបទបញ្ជារបស់សាលារាជធានីដើម្បីរារាំងអ្នកគាំទ្រគណបក្សប្រឆាំងមិនឲ្យហែក្បួន ឬក៏ការពារសន្ដិសុខជូនពួកគេ ខណៈពេលពួកគេហែក្បួន។ លោកបានថ្លែងថា “ប្រសិនបើអាជ្ញាធរមិនអនុញ្ញាតឲ្យពួកគាត់ហែក្បួនតាមផ្លូវ ហើយពួកគាត់នៅតែចង់ដើរក្បួនទៀតនោះ យើងនឹងរារាំងពួកគេ ហើយការរារាំងនឹងអាស្រ័យលើស្ថានភាព យើងនឹងមិនប៉ះពាល់ពួកគាត់ឡើយ យើងគ្រាន់តែហាមឃាត់ពួកគាត់មិនឲ្យដើរប៉ុណ្ណោះ ប៉ុន្តែប្រសិនបើពួកគាត់ប្រើអំពើហិង្សា យើងនឹងបង្ក្រាប”។
លោកបានមានប្រសាសន៍ទៀតថា “ យើងជាអាជ្ញាធរ ហើយយើងមិនចង់ឲ្យមានអ្វីប៉ះពាល់ដល់បាតុករឡើយ ពីព្រោះពួកគាត់ក៏ជាខ្មែរដូចអាជ្ញាធរដែរ”។
ប្រសិនបើគណបក្សសង្គ្រោះជាតិអនុវត្តតាមផែនការរបស់ខ្លួន ហែក្បួនទៅកាន់ការិយាល័យអង្គការសហប្រជាជាតិ និងស្ថានទូតចំនួនប្រាំពីរដូចមានរាយនាមនៅក្នុងលិខិតរបស់ខ្លួនផ្ញើជូនទៅសាលារាជធានី និងទាក់ទាញអ្នកចូលរួមជិត២០.០០០នាក់ ដូចដែលបានចូលរួមនៅក្នុងមហាបាតុកម្មរយៈពេលបីថ្ងៃរបស់ខ្លួនកាលពីខែមុននោះ កងកម្លាំងសន្ដិសុខប្រហែលជាត្រូវបង្ខំចិត្តទប់ទល់នឹងការហែក្បួនក្នុងទ្រង់ទ្រាយមួយ ដែលមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ។
ទីតាំងដែលគណបក្សសង្គ្រោះជាតិចង់ទៅមាននៅទូទាំងរាជធានី ដោយការិយាល័យឧត្តមស្នងការសហប្រជាជាតិស្ថិតនៅប៉ែកខាងត្បូងវិមានឯករាជ្យ ស្ថានទូតអាមេរិក ជិតវត្តភ្នំ ស្ថានទូតអង់គ្លេសជិតស្ពានជ្រោយចង្វា ស្ថានទូតអូស្ត្រាលីជិតណាហ្គាវើល និងស្ថានទូតជប៉ុន ជិតផ្លូវបំបែកនៃមហាវិថីព្រះនរោត្តម និងមហាវិថីម៉ៅសេទុង។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ទោះបីជាមានហេតុការណ៍កើតឡើងក្នុងពេលថ្មីៗនេះក្ដី ក៏គណបក្សប្រឆាំងនឹងមិនរួញរាឡើយ ប្រសិនបើអាជ្ញាធរសម្រេចហាមឃាត់បាតុកម្មនិងការហែក្បួន។ លោកបានសួរថា “ហេតុអ្វី? ហេតុអ្វីបានជាពួកគេបញ្ជូននគរបាល និងរបាំងផ្លូវ? តើយើងធ្វើអ្វីខុស? ពួកគេមិនគួរចាត់ទុកប្រជាពលរដ្ឋកម្ពុជាជាសត្រូវរបស់ខ្លួនឡើយ។ យើងមិនចាត់ទុកពួកគេជាសត្រូវទេ”៕
ប្រែសម្រួលដោយ តែម សុខុម