លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងកាលពីម្សិលមិញថា គណបក្សប្រឆាំងនេះនឹងមិនអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ដែលបានហាមឃាត់ការដង្ហែក្បួននៅក្នុងរាជធានី ដែលជាការគ្រោងទុករបស់គណបក្សប្រឆាំង នឹងមានក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់ធ្វើការហែរក្បួនឆ្ពោះទៅកាន់ការិយាល័យរបស់អង្គការសហប្រជាជាតិ និងស្ថានទូតយ៉ាងតិចចំនួនប្រាំពីរ អំឡុងបាតុកម្មរយៈពេលបីថ្ងៃ ដែលនឹងចាប់ផ្ដើមនៅថ្ងៃពុធនេះ។

កាលពីសប្ដាហ៍មុនគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយច្បាប់ទៅសាលារាជធានីភ្នំពេញ ដោយជូនដំណឹងអំពីការបាតុកម្មរបស់ខ្លួននៅទីលានប្រជា ធិបតេយ្យ ដែលនឹងគ្រោងធ្វើចំថ្ងៃរំឭកខួបចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នឹងរួមមានការដង្ហែក្បួនដែលមានការចូលរួមពីអ្នកគាំទ្រប្រហែលពីរម៉ឺននាក់ ដើម្បីដាក់ញត្តិអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងប្រទេសចំនួន១៨ផ្សេងទៀតលើកិច្ចព្រមព្រៀងសន្តិភាពនេះ ធ្វើអន្តរាគមន៍ដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃសុក្រ សាលារាជធានីបានបដិសេធមិនផ្ដល់ការអនុញ្ញាតឲ្យមានការដង្ហែក្បួននោះទេ ហើយលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកហេតុផលថា ការដង្ហែក្បួនតាមដងផ្លូវដោយមានមនុស្សចូលរួមច្រើនបែបនេះនឹងអាច “ធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ សន្តិសុខសាធារណៈ ហើយអាចនឹងឈានដល់ការប្រើអំពើហិង្សា”។
ដោយសារតែភាគីទាំងពីរមានជំហរផ្ទុយគ្នាបែបនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានផ្ញើលិខិតមួយច្បាប់ជូនលោក កឹម សុខា កាលពីថ្ងៃសៅរ៍ ដោយបានអញ្ជើញរូបលោកឲ្យទៅចូលរួមកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ នៅវេលាម៉ោង៩ព្រឹក ថ្ងៃនេះ។
លោក កឹម សុខា បានឲ្យដឹងកាលពីម្សិលមិញថា លោកនឹងបញ្ជូនអ្នកតំណាងឲ្យទៅចូលរួមកិច្ចប្រជុំនេះជំនួសរូបលោក ប៉ុន្តែថា ផែនការរបស់គណបក្សប្រឆាំងក្នុងការដង្ហែក្បួន គឺពុំមែនជារឿងដែលត្រូវពិភាក្សាទេ។ លោកបានមានប្រសាសន៍ថា “យើងកំពុងទាមទារអ្វីដែលយើងបានស្នើសុំ ហើយយើងមិនផ្លាស់ប្ដូរផែនការរបស់យើងទេ។
យើងនឹងធ្វើបាតុកម្ម ហើយការដង្ហែក្បួនរយៈពេលបីថ្ងៃ នេះគឺជារឿងដែលត្រូវធ្វើជាដាច់ខាត” ដោយលោកបានបំភ្លឺថា គណបក្សប្រឆាំងពុំដែលស្នើសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញឡើយ គឺគ្រាន់តែបានជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធអំពីគម្រោងរបស់ខ្លួនតាមច្បាប់ប៉ុណ្ណោះ។ លោកមានប្រសាសន៍បន្តថា “រដ្ឋាភិបាលគ្មានសិទ្ធិប្រាប់យើងមិនឲ្យហែរក្បួនឡើយ។ ពួកគេមានសិទ្ធិការពារយើង ហើយនេះជាភារកិច្ចរបស់ពួកគេ…យើងបានជូនដំណឹងពួកគេហើយ ហើយប្រសិនបើពួកគេមិនបំពេញភារកិច្ចរបស់ខ្លួនទេនោះ វាជាការទទួលខុសត្រូវរបស់ពួកគេផ្ទាល់”។
នៅពេលបានទទួលដំណឹងថា លោក កឹម សុខា នឹងមិនចូលរួមកិច្ចប្រជុំនៅសាលារាជធានីនៅថ្ងៃនេះ លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា កិច្ចប្រជុំនឹងរំសាយចោលលុះត្រាតែមានវត្តមានរបស់មេដឹកនាំគណបក្សប្រឆាំងនេះ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើលោក កឹម សុខា មិនមកចូលរួមកិច្ចប្រជុំនេះទេនោះ នឹងគ្មានការពិភាក្សាអ្វីទាំងអស់”។
គួរបញ្ជាក់ថា ច្បាប់ស្ដីពីការជួបជុំគ្នាដោយសន្តិវិធីចែងថា អ្នករៀបចំធ្វើបាតុកម្មណាមួយត្រូវជូនដំណឹងទៅអាជ្ញាធរពីគម្រោងរបស់ខ្លួន ហើយអាជ្ញាធរមានសិទ្ធិច្រានចោលគម្រោងធ្វើបាតុកម្មនោះ ប្រសិនបើវាចំថ្ងៃបុណ្យឈប់សម្រាក ឬមាន “ព័ត៌មានច្បាស់” ថា សន្តិសុខ សុវត្ថិភាព ឬសណ្ដាប់ធ្នាប់សាធារណៈអាចរងការប៉ះពាល់។
ការធ្វើបាតុកម្មទ្រង់ទ្រាយតូចក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះឃើញមានបញ្ហាចរាចរណ៍ និងការផ្ទុះឡើងនូវអំពើហិង្សា ដែលបង្កឡើងដោយកងរាជអាវុធហត្ថ និងនគរបាលប្រឆាំងកុបកម្ម ដែលបានអនុវត្តតាមបញ្ជាឲ្យហាមឃាត់ការប្រមូលផ្ដុំគ្នា ឬការដង្ហែក្បួនដោយព្រះសង្ឃ និងនិស្សិត ដែលបានចូលរួមក្នុងពិធីបង្សុកូលឧទ្ទិសកុសលដល់វិញាណក្ខន្ធបុរសម្នាក់ដែលត្រូវបានបាញ់ស្លាប់នៅស្ពានព្រះមុនីវង្សនៅថ្ងៃទី១ នៃការធ្វើមហាបាតុកម្មរបស់បក្សប្រឆាំង។
អំឡុងការដង្ហែក្បួនមួយកាលពីថ្ងៃទី១០ ខែតុលា ព្រះសង្ឃមួយក្រុមបានមានះនិមន្តកាត់ជួរក្រុមកងរាជអាវុធហត្ថ និងនគរបាលប្រឆាំងកុបកម្មដែលត្រូវបានដាក់ពង្រាយនៅជុំវិញវត្តភ្នំ ដើម្បីអនុញ្ញាតឲ្យសកម្មជនប្រឆាំងការចាប់យកដីធ្លីដាក់ញត្តិជូនសាលារាជធានីនៅមិនឆ្ងាយប៉ុន្មានពីទីនោះ។ កាលពីថ្ងៃសុក្រ កម្លាំងសន្តិសុខខណ្ឌដូនពេញ បានប្រើកណ្ដាប់ដៃដាល់ និងប្រើពាក្យអសុរោះដាក់អ្នកកាន់ទុក្ខមួយក្រុមដែលបានប្រមូលផ្ដុំគ្នានៅជុំវិញវត្តភ្នំ ដើម្បីធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់វិញាណក្ខន្ធបុរស់ម្នាក់ដែលត្រូវនគរបាលបាញ់ស្លាប់នៅស្ពានព្រះមុនីវង្ស កាលពីខែមុននោះ។
គួររំឭកថា ហេតុការណ៍បាញ់បុរសរូបនេះស្លាប់នេះ បានកើតឡើងបន្ទាប់ពីអ្នកដំណើរ រួមទាំងអ្នកគាំទ្រគណបក្សប្រឆាំងដែលធ្វើដំណើរទៅផ្ទះវិញវិញ បានផ្ទុះកំហឹងចំពោះអាជ្ញាធរ ដែលបានបិទផ្លូវនៅជុំវិញស្ពានព្រះមុនីវង្ស បណ្ដាលឲ្យមានការកកស្ទះទៅមុខមិនរួច ថយក្រោយមិនបានអស់រាប់ម៉ោង។
លោក ឡុង រី សមាជិកសភាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅមណ្ឌលបន្ទាយមានជ័យ និងជាប្រធានផ្នែកសន្តិសុខរបស់គណបក្សប្រឆាំង បានឲ្យដឹងថា កិច្ចប្រជុំរវាងលោក ប៉ា សុជាតិវង្ស និងគណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ គឺមិនអាចរក “ដំណោះស្រាយ” ចំពោះការខ្វែងគំនិតគ្នាជាមួយនឹងអាជ្ញាធរជុំវិញការដង្ហែក្បួនតាមការគ្រោងទុកនេះទេ។
លោក ឡុង រី ក៏បានលើកឡើងផងដែរថា ពេលនេះអ្នករៀបចំបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ទទួលបានការបណ្ដុះបណ្ដាលល្អណាស់អំពីវិធីបញ្ចៀសអំពើហិង្សា ហើយថា គណបក្សប្រឆាំងមិនព្រួយបារម្ភចំពោះការលើកឡើងរបស់លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថកាលពីសប្ដាហ៍មុន ដែលថា កងរាជអាវុធហត្ថនឹង “ បង្ក្រាប” ប្រសិនបើអ្នកដើរក្បួនព្យាយាមមានះឆ្លងកាត់ជួរក្រុមកងរាជអាវុធហត្ថនោះ។ លោក ឡុង រី មានប្រសាសន៍ថា “ប្រសិនបើមានការប្រើអំពើហិង្សា យើងនឹងមិនតដៃទេ។ យើងនឹងអង្គុយចុះហើយទុកឲ្យពួកគេវាយយើង ប៉ុន្តែយើងនឹងនៅតែព្យាយាមឲ្យអស់លទ្ធភាពក្នុងការដាក់ញត្តិជូនអង្គការសហប្រជាជាតិ និងស្ថានទូតនានា។
ចាប់តាំងពីថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកញ្ញាមក គណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីខែកក្កដា ហើយបានបន្តធ្វើពហិការមិនចូលរួមកិច្ចប្រជុំសភាទេ ដោយលើកហេតុផលថា លទ្ធផលនៃការបោះឆ្នោតពុំមានយុត្តិធម៌។
ទោះជាមានអាសនៈសភាច្រើនជាងគណបក្សប្រឆាំងតែ១៣អាសនៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកសម័យប្រជុំសភាលើកដំបូងដោយឯកបក្ស បើទោះបីជាមានការលើកឡើងខ្លាំងៗថា ការបើកសម័យប្រជុំដោយឯកបក្សនេះមិនស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជាក៏ដោយ៕
ប្រែសម្រួលដោយ ស៊ា សុយឈាង