មន្ត្រីមូលដ្ឋានបានឲ្យដឹងថា សាកសពរបស់លោក យុង សំ អាកាសយានិកកម្ពុជាដែលបំរើការឲ្យក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលយន្តហោះរបស់ខ្លួនបានធ្លាក់កាលពីថ្ងៃពុធ បណ្តាលឲ្យអ្នកដំណើរ៤៩នាក់នៅលើយន្តហោះនោះបានបាត់បង់ជីវិត ហើយសាកសពអាកាសយានិកត្រូវបានដឹកតាមយន្តហោះមករាជធានីភ្នំពេញហើយ កាលពីល្ងាចថ្ងៃសៅរ៍ ហើយបានបូជានៅឯគេហដ្ឋានរបស់គាត់ក្នុងខេត្តកណ្តាលកាលពីម្សិលមិញ។
មន្ត្រីអាកាសចរណ៍ឡាវម្នាក់បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នេះក៏នឹងផ្តល់សំណងដល់គ្រួសាររបស់អាកាសយានិកក្នុងវ័យ៥៨ឆ្នាំរូបនេះផងដែរ។
គួររំឭកថា អ្នកដំណើរ៤៤នាក់និងយានិកប្រាំនាក់បានបាត់បង់ជីវិតពេលយន្តហោះQV301របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គនៅប្រទេសឡាវភាគខាងត្បូងក្នុងដំណើរពីទីក្រុងវៀងចន្ទន៍ឆ្ពោះទៅទីក្រុងប៉ាកសេ នៅវេលាម៉ោងប្រហែល៤ល្ងាចថ្ងៃពុធ ។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ម្នាក់បានអះអាងថា អាកាសធាតុមិនល្អគឺជាមូលហេតុដែលបង្កឲ្យមានការធ្លាក់យន្តហោះនៅចម្ងាយត្រឹមតែប្រាំបីគីឡូម៉ែត្រពីអាកាសយានដ្ឋាននៅទីក្រុងប៉ាកសេនេះ។
លោក យ៉ាវ ឡេង មេឃុំកំពង់សំណាញ់នៅក្រុងតាខ្មៅ បានឲ្យដឹងថា សពរបស់លោក យុង សំ ត្រូវបានដឹកពីប្រទេសឡាវមករាជធានីភ្នំពេញ នៅរសៀលថ្ងៃសៅរ៍ គឺនៅថ្ងៃតែមួយដែលយន្តហោះនោះត្រូវបានស្រង់ចេញពីទន្លេមេគង្គក្នុងប្រទេសឡាវ ហើយត្រូវបានដឹកបន្តទៅផ្ទះរបស់គ្រួសារលោក។ លោកមានប្រសាសន៍ថា “ ក្រុមគ្រួសារសពបានរៀបចំពិធីបុណ្យសពនៅរសៀលថ្ងៃសៅរ៍” ដោយបានបន្ថែមថា លោក យុង សំ ដែលបានលាចាកលោកដោយបន្សល់ទុកកូនបីនាក់ គឺស្រីពីរនាក់ និងប្រុសម្នាក់ឲ្យនៅកំព្រានោះ បានធ្វើជាអ្នកបើកយន្តហោះរយៈពេល៣០ឆ្នាំមកហើយ ហើយទើបនឹង បម្រើការងារនៅក្រុមហ៊ុនអាកាសចរណ៍ឡាវមិនទាន់បានមួយឆ្នាំផង។
លោក ហង្ស សារឿន មេភូមិកំពង់សំណាញ់ បានឲ្យដឹងថា សពលោក យុង សំ គ្រោងបូជានៅម៉ោង៧ល្ងាចម្សិលមិញនេះ។
លោកស្រី ង៉នប៉ាឆាន ស៊ូផាវ៉ាឌី (Ngon-phachanh Souphavady)តំណាងក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលធ្វើការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា មន្ត្រីអាកាសចរណ៍នេះគ្រោងចូលរួមក្នុងពិធីបូជាសពនៅល្ងាចថ្ងៃម្សិលមិញ ហើយថា ក្រុមហ៊ុននេះនឹងផ្តល់សំណងដល់គ្រួសារសព។ លោកស្រីមានប្រសាសន៍ថា “ ខ្ញុំមិនច្បាស់ថា ពេលណាទេ” ដោយលោកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
លោក សាយ សុខាន អនុរដ្ឋលេខាធិការនៅលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា យោងតាមអនុសញ្ញាអាកាសចរណ៍អន្តរជាតិ ក្រុមហ៊ុនធានារ៉ាប់រងឲ្យក្រុមហ៊ុនអាកាសចរណ៍ណាមួយត្រូវផ្តល់សំណងដល់ក្រុមគ្រួសារអ្នកដែលបានរងរបួស ឬស្លាប់ក្នុងការធ្លាក់យន្តហោះ។ លោកបានមានប្រសាសន៍ថា “ ក្រុមហ៊ុនធានារ៉ាប់រងឲ្យក្រុមហ៊ុនអាកាសចរណ៍នោះនឹងផ្តល់សំណង [ដល់គ្រួសាររបស់លោក យុង សំ ]”។
គួររំឭកថា ក្រុមគ្រួសាររបស់ពលរដ្ឋកម្ពុជាប្រាំនាក់ដែលបានស្លាប់នៅឆ្នាំ២០០៧ពេលយន្តហោះ U4 241 របស់ក្រុមហ៊ុនអាកាសចរណ៍ PMT Air ធ្លាក់លើភ្នំមួយក្នុងខេត្តកំពតតាមផ្លូវឆ្ពោះទៅក្រុងព្រះសីហនុ ពីខេត្តសៀមរាប នៅមិនទាន់បានទទួលសំណងអ្វីទេរយៈពេលជាងប្រាំមួយឆ្នាំក្រោយការបាត់បង់សាច់ញាតិរបស់ខ្លួន។
ក្រុមហ៊ុនអាកាសចរណ៍ PMT ដែលបានចាប់ផ្តើមប្រតិបត្តិការនៅក្រៅរាជធានីភ្នំពេញក្នុងឆ្នាំ២០០៣នោះ បានផ្អាកការហោះហើរក្នុងឆ្នាំ២០០៨។ មន្ត្រីក្រុមហ៊ុនអាកាសចរណ៍នេះ បានបដិសេធមិនបញ្ចេញឈ្មោះក្រុមហ៊ុនធានារ៉ាប់រងឲ្យខ្លួនទេ ហើយពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះក៏មិនទាន់បានទទួលការឆ្លើយតបដែរ។
លោក ឡុង ចេង ប្រធានខុទ្ទកាល័យរបស់លោក ម៉ៅ ហាសវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុន PMT កំពុងស្ថិតក្នុងដៃតុលាការនៅប្រទេសកូរ៉េដោយលោកបានបដិសេធមិនបរិយាយទេ។ លោកបានមានប្រសាសន៍ថា “ ពេលរឿងក្តីនេះបញ្ចប់រួចរាល់ “ រដ្ឋាភិបាលកម្ពុជា នឹងផ្តល់សំណងដល់គ្រួសារ [ជនរងគ្រោះ] កម្ពុជា៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង