កាលពីម្សិលមិញ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍ភ័យខ្លាច ក៏ប៉ុន្តែមានការគាំទ្រផែនការរបស់គណបក្សសង្គ្រោះជាតិ ដែលនឹងធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃជាលើកទី២ នៅទីលានប្រជាធិបតេយ្យ និងរៀបចំសកម្មភាពដើរក្បួនទៅកាន់ស្ថានទូតបរទេសនៅទូទាំងរាជធានី ហើយផែនការធ្វើបាតុកម្ម និងដង្ហែក្បួននេះនឹងចាប់ផ្តើមពីថ្ងៃពុធនេះ។
ប្រជាជនប្រហែល២០.០០០នាក់បានចេញទៅជួបជុំគ្នាជារៀងរាល់ថ្ងៃក្នុងកម្មវិធីតវ៉ារបស់គណបក្សប្រឆាំងកាលពីខែមុន ហើយគណបក្សនេះបានលើកឡើងថា ខ្លួននឹងនាំអ្នកគាំទ្ររបស់ខ្លួនដើរកាត់វិថីនានាក្នុងរាជធានីភ្នំពេញ ដើម្បីយកញាត្តិទៅប្រគល់ឲ្យអង្គការសហប្រជាជាតិ (UN) និងយ៉ាងហោចខស្ថានទូតចំនួនប្រាំពីរ ដើម្បីអំពាវនាវឲ្យមានអន្តរាគមន៍ក្នុងការបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយ ដោយសារតែលទ្ធផលដ៏ប្រទាញប្រទង់នៃការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ។
នៅពេលក្រុមនគរបាលប្រឆាំងកុបកម្ម កាលពីម្សិលមិញ បានហ្វឹកហាត់សកម្មភាពគ្រប់គ្រងក្រុមមនុស្ស ក្នុងខណ្ឌប្ញស្សីកែវ ដើម្បីត្រៀមខ្លួនអនុវត្ត បម្រាម របស់សាលារាជធានីភ្នំពេញ ដែលហាមមិនឲ្យមានការដើរក្បួនតាមផែនការរបស់គណបក្សសង្គ្រោះជាតិ ប្រជាជននៅទូទាំងរាជធានីភ្នំពេញ បានលើកឡើងថា ទោះបីជាពួកគាត់ខ្លាចការវាយបកខ្លាំងក្លាពីសំណាក់អាជ្ញាធរក៏ដោយ ក៏មហាបាតុកម្មលើកទី ២របស់គណបក្សប្រឆាំងគឺជារឿងចាំបាច់ដែលត្រូវធ្វើ។
លោក រាម ខន អាយុ៤៣ឆ្នាំ ដែលកំពុងតែពិសាកាហ្វេនៅក្នុងហាងកាហ្វេមួយក្នុងខណ្ឌចំការមន បាននិយាយថា “ខ្ញុំគិតថា សេចក្តីសម្រេចរបស់គណបក្សប្រឆាំងពិតជាត្រឹមត្រូវ ក៏ប៉ុន្តែ ខ្ញុំគិតថា អាចនឹងមានបញ្ហាម្តងទៀត”។ លោកបានលើកឡើងបែបនេះដើម្បីសំដៅទៅលើហេតុការណ៍ប៉ះទង្គិចគ្នាដែលបានកើតឡើងរវាងអាជ្ញាធរ និងបាតុករតវា៉ាអំឡុងការតវ៉ាជុំទី១របស់គណបក្សប្រឆាំងដែលត្រូវបានធ្វើឡើងកាលពីខែមុន។
លោក រាម ខន បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំបានឃើញអាជ្ញាធរហាត់សមនៅក្បែរវត្តភ្នំកាលពីម្សិលមិញ ហើយខ្ញុំបានឃើញរថយន្តពន្លត់អគ្គិភ័យជាច្រើនចូលមកក្នុងទីក្រុងកាលពីព្រឹកមិញ ហើយខ្ញុំដឹងថា រថយន្តទាំងនោះជារបស់ក្រុមនគរបាល”។លោក បានបន្តថា “ប្រជាជនយើងនឹងមិនខ្លាចទេ ក៏ប៉ុន្តែ ពួកគេ [រដ្ឋាភិបាលគណបក្សប្រជាជន] មានកម្លាំងសន្តិសុខយ៉ាងច្រើនសម្រាប់ការពារខ្លួន ហើយខ្ញុំក៏ដឹងដែរថា ពួកគេនឹងប្រើប្រាស់កម្លាំងទាំងនោះដើម្បីការពារផលប្រយោជន៍ និងអំណាចរបស់ពួកគេ”។
លោក ម៉ៃ ចូច អាយុ៣៤ឆ្នាំ ជាអ្នកបើកបររ៉ូម៉កបានលើកឡើងផងដែរថា លោកក៏ភ័យខ្លាចផងដែរថា នគរបាល ឬក៏កងរាជអាវុធហត្ថអាចបាញ់បាតុករតវ៉ា ប្រសិនបើស្ថានភាពតានតឹងកើតឡើង ហើយស្ថានភាពឈានដល់កម្រិតផុតសមត្ថភាពគ្រប់គ្រង។លោកបានមានប្រសាសន៍ថា “វាអាចដូចកាលពីឆ្នាំ១៩៩៨ ម្តងទៀត ពីព្រោះគណបក្ស ប្រឆាំងកំពុងស្នើសុំរឿងដដែលៗ ហើយប្រសិនបើបាតុករតវ៉ាធ្វើអ្វីម្យ៉ាងដាក់ក្រុមនគរបាល ពួកគេនឹងធ្វើសកម្មភាពតបវិញភ្លាមៗ”។
ក្នុងស្ថានភាពក្រោយការបោះឆ្នោតជាតិឆ្នាំ១៩៩៨ ប្រទេសកម្ពុជាមានការបង្ក្រាបពីសំណាក់រដ្ឋាភិបាលទៅលើសកម្មភាពបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលមានការបដិសេធ។បេសកជនសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឲ្យដឹងកាលពីពេលនោះថា សាកសពរបស់បាតុករជាង១៨នាក់ត្រូវបានប្រទេះឃើញកំពុងអណ្តែតទឹកទន្លេ និងនៅក្នុងប្រឡាយ ក្នុងសប្តាហ៍ក្រោយពីមានការបង្ក្រាបយ៉ាងខ្លាំងក្លានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៨។
ទោះបីជាយ៉ាងណា លោក ម៉ៃ ចូច បានលើកឡើងទៀតថា ទោះបីជាលោកព្យាករ ឃើញថា ហេតុការណ៍អាចប្រហាក់ប្រហែលគ្នានឹងឆ្នាំ១៩៩៨ក៏ដោយ ក៏លោកនៅតែគាំទ្រ សេចក្តីសម្រេចរបស់គណបក្សប្រឆាំងថា នឹងបន្តធ្វើបាតុកម្មដែរ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថា វាជារឿងល្អដែលគួរតែបន្តការតវ៉ា។ ប្រទេសនីមួយៗ ត្រូវតែមានគណបក្សប្រឆាំង។ នៅពេលគេលើករបាំងការពារ ហើយធ្វើសកម្មភាពទាំងអស់នេះ ពួកគេគ្រាន់តែព្យាយាមទប់ស្កាត់ការប្រឆាំងនឹងរដ្ឋាភិបាលប៉ុណ្ណោះ”។
ក៏ប៉ុន្តែ លោក រាម ខន ដែលកំពុងពិសាអាហារនៅក្នុងហាងកាហ្វេមួយនៅខណ្ឌចំការមននោះបានលើកឡើងថា ហេតុការណ៍ ឆ្នាំ១៩៩៨ប្រហែលជាមិនអាចកើតឡើងទេ។លោកបានមានប្រសាសន៍ថា “ នៅពេលនោះមានអ្នកអង្កេតការណ៍អន្តរជាតិតិចតួចប៉ុណ្ណោះ។ ឥឡូវនេះ ពួកគេអាចនឹងមិនហា៊ានធ្វើអ្វីដែលពួកគេបានធ្វើកាលពីពេលនោះទេ។ ឥឡូវនេះផងដែរ មានប្រជាជនច្រើនជាងកាលពីពេលនោះ។ ពួកគេ ប្រហែលជាមិនហ៊ានធ្វើអ្វី ដែលពួកគេបានធ្វើកាលពីពេលនោះទេ”។
អ្នកលក់កាហ្វេកញ្ចប់មួយរូបនៅផ្សារអូរប្ញស្សី ដែលបានបដិសេធមិនប្រាប់ឈ្មោះរបស់ខ្លួន បានលើកឡើងថា អ្នកស្រីមិនសូវច្បាស់ថា វត្តមានរបស់អន្តរជាតិអាចធានាសុវត្ថិភាពសម្រាប់អ្នកដែលសម្រេចចិត្តចូលរួមក្នុងការធ្វើបាតុកម្មរបស់គណបក្សប្រឆាំង។ អ្នកស្រីបានសួរថា “ប្រសិនបើអាជ្ញាធរបាញ់ពួកគេ តើអ្នកកាសែត និងអង្គការផ្សេងៗនឹងធ្វើអ្វី? តើអង្គការនឹងចាប់ពួកគេទេប្រសិន បើពួកគេបាញ់គណបក្សសង្គ្រោះជាតិនោះ? ប្រសិនបើមានការបង្ក្រាបថាតើអាមេរិក និងប្រទេសជប៉ុន នឹងជួយគណបក្សប្រឆាំងទេ? បើមិនទេនោះ គណបក្សសង្គ្រោះជាតិអាចនឹងស្លាប់នៅទីនេះ”។
ស្ត្រីរូបនេះបានលើកឡើងបន្តទៀតថា អ្នកស្រីបានចូលរួមធ្វើបាតុកម្មលើកដំបូងកាលពីខែមុន ដោយអារម្មណ៍ភ័យខ្លាចមានការតបតពីសំណាក់អាជ្ញាធរ ដែលស្គាល់អ្នកស្រី ក៏ប៉ុន្តែ លើកនេះអ្នកស្រីមិនចង់ចូលរួមធ្វើបាតុកម្ម និងដើរក្បួនទាំងនេះទេ។ អ្នកស្រីបានមានប្រសាសន៍បន្តថា “ក្មួយប្រុសរបស់ខ្ញុំដែលជាទាហានមួយរូបបានប្រាប់ខ្ញុំថា៖ ‘ មីងសូមកុំទៅ លើកនេះគេនឹងអនុញ្ញាតពួកគេធ្វើការតវ៉ា នៅពេលពួកគេទៅយកញាត្តិចេញទៅ។ ប្រសិនបើពួកគេធ្វើអ្វីផ្តេសផ្តាស គេនឹងវាយប្រហារ។ នេះជាអ្វីដែលមេៗរបស់គេប្រាប់គេ។ រឿងនេះធ្វើឲ្យខ្ញុំស្ទាក់ស្ទើរ [ក្នុងការចូលរួម] ’ ”។
លោក ឡុន នី អាយុ៦០ឆ្នាំ បានលើកឡើងផងដែរថា លោកឯកភាពថា អំពើហិង្សា ទំនងជានឹងកើតឡើង។ លោកបានបន្តថា លោកបានរស់នៅក្នុងរាជធានីភ្នំពេញអស់រយៈពេលបីទសវត្សរ៍មកហើយ ហើយលោកមិនដែលឃើញរដ្ឋាភិបាលបណ្តោយឲ្យសកម្មភាពតវ៉ា ដែលត្រូវបានធ្វើឡើងនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញដោយងាយៗទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដែលឃើញបាតុកម្មទ្រង់ទ្រាយបែបនេះទេ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា គេនឹងប្រើកាំភ្លើងទៅលើក្រុមបាតុករតវ៉ានៅពេលនេះ។ រដ្ឋាភិបាលនឹងមិនចុះញ៉មទេ ហើយពួកគេមានការគាំទ្រពីចិន បន្ទាប់ពីហេតុការណ៍តវ៉ាកន្លងផុត”។
អំឡុងមហាបាតុកម្មលើកមុនរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៧ កាលពីខែកញ្ញា ផ្លូវតូចៗ និងផ្លូវធំៗនៅក្នុងទីក្រុងត្រូវបានបិទដោយប្រើរបាំងលួសបន្លា និងមានការការពារ ពីសំណាក់កងរាជអាវុធហត្ថ។ អាជ្ញាធរក៏បានទប់ស្កាត់រថយន្តដែលដឹកមនុស្សក្នុងចំនួនច្រើនមិនឲ្យចូលក្នុងទីក្រុងផងដែរ។
ប្រជាជនក៏បានបង្ហាញអារម្មណ៍ខឹងសម្បារចំពោះទង្វើរបស់ក្រុមនគរបាលដែលបានប្រើកម្លាំងក្នុងការឆ្លើយតបទៅនឹងសកម្មភាពតវ៉ាដោយសន្តិវិធី ហើយបុរសអាយុ២៩ឆ្នាំម្នាក់ត្រូវបានបាញ់សម្លាប់ អំឡុងការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងបាតុករតវ៉ាដែលចោលដុំថ្ម នៅពេលមានអារម្មណ៍ខឹងខ្លាំងដោយសារតែមានការបិទផ្លូវនៅជុំវិញស្ពានព្រះមុនីវង្ស។
លោក សុខ ផាន់ណា អាយុ៣៦ឆ្នាំជាជាងជួសជុលទូរស័ព្ទដៃ បានលើកឡើងថា ខណៈដែលលោកព្រួយបារម្ភអំពីអំពើហិង្សដែលបានកើតឡើង លោកក៏គិតផងដែរថា អាជ្ញាធរ ប្រហែលជាបានរៀនសូត្រពីបទពិសោធអំឡុងបាតុកម្មកាលពីលើកមុន។ លោកមានប្រសាសន៍ថា “ខ្ញុំគិតថា ពួកគេប្រហែលជាមិនបិទផ្លូវទេនៅលើកនេះ ពីព្រោះពួកគេមានបញ្ហានៅជុំវិញស្ពានព្រះមុនី វង្ស និងសូម្បីតែនៅទីនេះនៅពេលប្រជាជនមិនអាចទៅផ្ទះរបស់ខ្លួនបាន។ ពួកគេប្រហែលជាខ្លាចមិនហ៊ានបិទផ្លូវទេលើកនេះ”។
មន្ត្រីនគរបាលមួយរូប ដែលសុំនិយាយដោយមិនបញ្ចេញឈ្មោះពីព្រោះលោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សាព្វផ្សាយនោះ បានលើកឡើងផងដែរថា លោកមិនច្បាស់ថា ភាពចលាចលអាចនឹងកើតឡើងទេ។ លោកបានមានប្រសាសន៍ថា “អំពើហិង្សាប្រហែលជាមិនកើតឡើងទេ ពីព្រោះមានតែភាគីម្ខាងប៉ុណ្ណោះមានការគំរាមកំហែងនៅពីក្រោយខ្លួន”។
លោកបានបន្តថា “ខ្ញុំពិតជាធុញទ្រាន់នឹងបញ្ហានេះណាស់។ នគរបាលតែងតែត្រៀមខ្លួនជានិច្ច ជាពិសេសឥឡូវនេះ ប្រសិនបើមានរឿងកើតឡើងនៅពេលប្រជាជនជាច្រើនចេញទៅដើរក្បួន”។ អង្គុយនៅក្បែរមន្ត្រីនគរបាលរូបនោះ គឺអាជីវករលក់ឧបករណ៍តន្ត្រីមួយរូបឈ្មោះ បៀង រ៉ែម អាយុ២៨ឆ្នាំបានលើកឡើងថា ខណៈដែលអំពើហិង្សាទំនងជានឹងកើតឡើង គណបក្សសង្គ្រោះជាតិនឹងត្រូវបន្តរំឭករដ្ឋាភិបាលអំពីកំហឹងរបស់ប្រជាជនចំពោះការបោះឆ្នោត។ លោកមានប្រសាសន៍ ថា “ យើងបារម្ភអំពីចំណាត់ការតបរបស់អាជ្ញាធរ ក៏ប៉ុន្តែ យើងគ្មានជម្រើសទេ ពីព្រោះ យើងស្ថិតក្នុងដៃរបស់គេ”។លោកបន្ថែមថា លោកព្រួយបារម្ភថា មេដឹកនាំគណបក្សប្រឆាំងប្រហែលជាកំពុងប្រើប្រាស់បាតុកម្មដើម្បី ជួយពង្រឹងជំហររបស់ខ្លួន ក្នុងការចរចាជាមួយគណបក្សប្រជាជនកម្ពុជា។
លោក បៀង រ៉ែម បន្តថា “នេះជារឿងនយោបាយ។ ខ្ញុំបានឃើញឯកឧត្តមមួយរូបនិយាយលើកញ្ចក់ទូរទស្សន៍ថា នៅពេល…ព្រះមហាក្សត្រ នរោត្តម សីហមុនី បើករដ្ឋសភា លោក សម រង្ស៊ី [មេដឹកនាំគណបក្សប្រឆាំង] បាននិយាយរួចហើយថា ពួកគេនឹងទទួលយកអាសនៈទាំង៥៥នោះ”។ លោកបានបន្តថា “ មេធំៗវាយប្រហារគ្នា ជាសាធារណៈនៅក្នុងសង្គមនេះប៉ុន្តែ ក្រោយមក ពួកគេក៏ជល់កែវគ្នា ខណៈដែលប្រជាជនធម្មតាមិនដឹងថា អ្វីកំពុងកើតឡើងទេ។ នេះគឺជាស្ថានភាព ក៏ប៉ុន្តែ យើងគ្មានជម្រើសណា [ក្រៅពីទទួលយកស្ថានភាពនេះទេ] ។ នេះគឺជាសង្គមដែលយើងរស់នៅ”៕
ប្រែសម្រួលដោយ កង សុធា