33 C
Phnom Penh

សាលា​​​រាជធានី​​​​​​ភ្នំពេញ​​​ ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​​​​ម្ចាស់​​​​​​អចលនទ្រព្យ​​​ចំនួន​​​ពីរ​​​បន្ថយ​​​កម្ពស់​​​អគារ​​​របស់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​សាលា​​​រាជធានី​​​ភ្នំពេញ​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​ថា ថ្ងៃ​​​នេះ​​​សាលា​​​រាជធានី​​​​​​នឹង​​​​​​ចេញ​​​សេចក្តី​​​ប្រកាសបញ្ជា​​​ឲ្យ​​​ម្ចាស់​​​​​​​​​អចលន​​​ទ្រព្យ​​​ចំនួន​​​ពីរ ​​​​​​​​​​កម្ទេច​​​ផ្នែក​​​នៃ​​​អគារ​​​របស់​​​ខ្លួន​​​​​​​​​ក្បែរ​​​ព្រះ​​​បរម​​​រាជវាំង​​​ដើម្បី​​​បន្ថយ​​​កម្ពស់របស់​​​​​​អគារ​​​ឲ្យ​​​ស្រប​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដើម​​​។

លោក ឡុង ឌីម៉ង់ អ្នក​​​នាំពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ បាន​​​ឲ្យ​​​ដឹង​​​ថា អគារ​​​ទាំង​​​ពីរនេះ​​​ មួយ​​​ជា​​​របស់​​​ក្រុម​​​ហ៊ុន​​​វឌ្ឍនៈអចលនទ្រព្យ​​​​​​​​​តាម​​​បណ្តោយ​​​តីរវិថី​​​ស៊ីសុវត្ថិ​​​នៅ​​​ជួរ​​​មាត់​​​ទន្លេ​​​ និង​​​មួយ​​​ទៀត​​​ជា​​​អគារ​​​ផ្ទះ​​​ល្វែង​​​ឯក​​​ជន​​​​​​​​​នៅ​​​លើ​​​ផ្លូវ​​​លេខ​​​១៩ ក្រោយ​​​សាកល​​​វិទ្យា​​​ល័យ​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈនោះ​​​​​​ ត្រូវ​​​បាន​​​សាង​​​សង់​​​ឡើង​​​ដោយ​​​រំលោភ​​​លើ​​​ការ​​​កំណត់​​​របស់​​​អាជ្ញាធរ​​​ដែល​​​កំណត់​​​កម្ពស់​​​អគារ​​​ក្នុង​​​បរិ​​​វេណ​​​ក្បែរ​​ព្រះ​​​បរម​​​រាជវាំងត្រឹម​​​២៤,៥ម៉ែត្រ​​​​​​។

លោក ឡុង ឌីម៉ង់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​​​អភិបាល​​​រាជធានី​​​ នឹង​​​​​​ចេញ​​​សេចក្តី​​​ប្រកាស​​​ បញ្ជា​​​ឲ្យម្ចាស់​​​អគារ​​​ទាំង​​​ពីរនេះ​​​​​​កម្ទេច ​​​[ជាន់​​​ដែល​​​សង់​​​លើសការ​​​កំណត់​​​] ដោយ​​​ខ្លួន​​​ឯង​​​។​​​យើង​​​នឹង​​​ទុក​​​ពេល​​​មួយ​​​ខែ​​​ឲ្យ​​​ពួកគេ​​​កម្ទេច​​​ជាន់​​​ដែល​​​លើស​​​នេះ​​​ ប៉ុន្តែ​​​ប្រសិនបើ​​​មិន​​​អនុវត្ត​​​តាម​​​បទ​​​បញ្ជា​​​ទេនោះ យើង​​​នឹង​​​កម្ទេច​​​ជាន់​​​ដែល​​​លើស​​​នេះ​​​ដោយ​​​ខ្លួន​​​ឯង”។

លោក សុិន គឹម​​​ហេង​​​ ម្ចាស់​​​អគារ​​​ផ្ទះ​​​ល្វែង​​​នៅ​​​លើ​​​ផ្លូវ​​​លេខ​​​១៩​​​ដែល​​​ត្រូវ​​​បាន​​​សាង​​​សង់​​​ជិត​​​រួច​​​រាល់​​​ទៅ​​​ហើយ​​​នោះ​​​ បាន​​​សម្តែង​​​​​​ការ​​​ខក​​​ចិត្ត​​​កាលពី​​​ម្សិលមិញចំពោះ​​​ដំណឹង​​​ដែល​​​ថា ​​​រូប​​​លោក​​​នឹង​​​ត្រូវ​​​​​​រដ្ឋាភិបាល​​​បង្ខំ​​​ឲ្យ​​​វាយ​​​កម្ទេច​​​ផ្នែក​​​នៃ​​​អគារ​​​របស់​​​ខ្លួនចោល​​​​​​ ដែល​​​ជា​​​ដំណឹង​​​លោក​​​បាន​​​​​​ឮតែតាម​​​រយៈប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​​​​នោះ​​​។

លោក​​​​​​​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​មាន​​​អារម្មណ៍​​​ដូចជា​​​​​​ស្លាប់​​​ទាំង​​​រស់​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​​ទទួលបាន​​​​​​ដំណឹង​​​ថា អគារ​​​របស់​​​ខ្ញុំ​​​ប្រឈមទៅ​​​​​​នឹង​​​ការ​​​កម្ទេច​​​ចោល​​​ព្រោះ​​​ខ្ញុំ​​​បាន​​​ខ្ចី​​​បុល​​​គេ​​​ជាង​​​៣លាន​​​ដុល្លារ​​​ ដើម្បី​​​ចំណាយ​​​លើការ​​​សាង​​​សង់​​​ ហើយ​​​ខ្ញុំ​​​ចាំ​​​បាច់​​​ត្រូវ​​​រក​​​ប្រាក់​​​ឲ្យ​​​បាន​​​ពី​​​ការ​​​លក់ផ្ទះ​​​ល្វែង​​​ទាំង​​​នេះ​​​ ដើម្បី​​​សង​​​បំណុល​​​គេ​​​វិញ។

ម្ចាស់​​​អចលន​​​ទ្រព្យរូប​​​នេះ​​​​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា កា​​​រ​​​ខាត​​​បង់​​​ដោយ​​​សារ​​​ការ​​​វាយ​​​ជាន់​​​លើ​​​ដែល​​​សាង​​​សង់​​​ជិត​​​រួច​​​រាល់​​​ទៅ​​​ហើយ​​​​​​នេះ​​​ គឺ​​​​​​ធំធេង​​​ណាស់​​​​​​។

លោក​​​​​​​​​មាន​​​ប្រសាសន៍​​​ថា  “ កម្ទេច​​​ម្តង​​​បី​​​ឬ​​​បួន​​​ជាន់​​​​​​​​​អ៊ីចឹង​​​គឺ​​​ជា​​​រឿង​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​ព្រោះ​​​មួយ​​​ជាន់​​ៗសង់​​​​​ឡើង​​​ពី​​​បេតុង​​​៣០០​​​តោន​​​ឯណោះ​​​ ដូច្នេះ​​​កុំ​​​ថា ឡើយ​​​មួយ​​​ខែ​​​ ទោះ​​​បី​​​ជា​​​ពួកគេ​​​ទុក​​​ពេល​​​ឲ្យ​​​ខ្ញុំ​​​មួយ​​​ឆ្នាំ​​​ ក៏​​​ខ្ញុំ​​​ធ្វើ​​​មិន​​​កើត​​​ដែរ​​​”។

លោក គឹ​​​ម​​​ ហេង​​​ បាន​​​សារភាព​​​ថា លោក​​​ពិត​​​ជា​​​បាន​​​សង់​​​លើ​​ស​​​ការ​​​កំណត់​​​១០ម៉ែត្រ​​​​​​ពីការកំ​​​ណត់​​​ត្រឹម​​​២៤,៥ម៉ែត្រ​​​មែន​ ក៏​​​ប៉ុន្តែ​​​លោក​​​បាន​​​បញ្ជាក់​​​ថា ​​លោក​​​សង់​​​លើស​​​ការ​​​កំណត់​​​ដូច្នេះ​​​ បន្ទាប់​​​ពី​​​លោក​​នាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ បាន​​​ប្រកាស​​​កាលពី​​​ឆ្នាំ​​​មុននេះ​​​​​​​​ថា រដ្ឋា​​​ភិបាល​​​លែង​​​កំណត់​​​កម្ពស់​​​អគារ​​​​​​​​​នៅ​​​ជុំ​​​វិញ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ដោយ​​​​​​លោក​​​​​លើក​​​ទឹក​​​ចិត្ត​​​ឈ្មួញ​​​អភិវឌ្ឍ​​​អចលន​​​ទ្រព្យ​​​ឲ្យ​​​សាង​​​សង់អគារ​​​ខ្ពស់​​​ៗ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ សម្តេច​​​ហ៊ុន សែន បាន​​​លើក​​​ទឹក​​​ចិត្ត​​​វិនិយោគិន​​​ឲ្យ​​​សាង​​​សង់​​​អគារ​​​ខ្ពស់​​​ៗ បំផុត​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​នឹង​​​ចេញ​​​លិខិត​​​កោត​​​​​​សរសើរ ​​​[ចំពោះការ​​​សាង​​​សង់​​​អគារ​​​ខ្ពស់​​​ៗ​​​បែប​​​នេះ​​​​​​]  ក៏ប៉ុន្តែ ខ្ញុំ​​​សាងសង់​​​តែ​​​១២ជាន់​​​ប៉ុណ្ណោះ​​​ ដូច្នេះ​​​ខ្ញុំ​​​គិត​​​មិន​​​យល់​​​ពី​​​មូលហេតុ​​​ដែល​​​ពួកគេ​​​ចង់​​​កម្ទេច​​​អគារ​​​របស់​​​ខ្ញុំ​​​ទេ​​​”។
លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ ខ្ញុំ​​​នឹង​​​ប្រឆាំង​​​ការ​​​វាយ​​​កម្ទេច​​​នេះ​​​តាម​​​រយៈ​​​តុលា​​​ការ​​​ដើម្បី​​​រក​​​យុត្តិធម៌​​​​​​ ទោះ​​​បី​​​ជា​​​ក្បាល​​​របស់​​​ខ្ញុំ​​​ត្រូវ​​​ធ្លាក់​​​ពី​​លើ​​​ស្មា​​​ក៏​​​ដោយ​​​”។

​​​រីឯ​​​​​​លោកស្រី​​​ ឈុន ឡេង ​​​​​​ម្ចាស់​​​ក្រុម​​​ហ៊ុន​​​វឌ្ឍនៈ​​​អចលន​​​ទ្រព្យ​​​វិញ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​អគារ​​​លើ​​​តីរវីថី​​​ស៊ីសុវត្ថិ ដែល​​​ការ​​​សាង​​​សង់​​​ត្រូវ​​​សាលា​​​ក្រុង​​​បញ្ជា​​​ឲ្យ​​​ផ្អាក​​​កាលពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​តុលាទេ។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ខ្ញុំ​​​មិន​​​អាច​​​ធ្វើ​​​​​​​​​អត្ថាធិប្បាយ​​​នៅ​​​ពេល​​​នេះ​​​បាន​​​ទេ​​​ ព្រោះ​​​ខ្ញុំ​​​មិន​​​ទាន់​​​បាន​​​ទទួល​​​សេចក្តី​​​ប្រកាស​​​​​​ពី​​​សាលា​​​រាជធានី​​​ភ្នំពេ​​ញ​​​ឡើយ​​​”៕

ប្រែ​​​សម្រួល​​​ដោយ ស៊ា ស៊ុយ​​​ឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស