ក្រុមមន្ត្រីមូលដ្ឋាន និងបុគ្គលិកផ្នែកសិទ្ធិ មនុស្ស បានឲ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើរឹបអូសបានឈើប្រណីត១.០០០កំណាត់នៅលើដីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមមួយ ដែលត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀតថា បានកាប់ឈើខុសច្បាប់នៅក្នុងស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។
លោក រ៉ូម៉ាស់ ស្វាត តំណាងជនជាតិដើមភាគតិចចារ៉ាយប្រមាណ៣០០គ្រួសារ ដែលរស់នៅក្នុងភូមិលំ ឃុំប៉ាកញ៉ៃ បានឲ្យដឹងថា កន្លែងគរទុកដ៏ធំមួយត្រូវបានរកឃើញក្នុងដីសម្បទានកៅស៊ូទំហំ៦.០០០ហិកតា ជារបស់ក្រុមហ៊ុន ខំផេនី ៧២ (Company 72) របស់វៀតណាម អំឡុងពេលធ្វើសកម្មភាពល្បាតក្នុងព្រៃជាប្រចាំ កាលពីថ្ងៃពុធ។
លោក រ៉ូម៉ាស់ ស្វាត អ្នកដឹកនាំសកម្មភាពល្បាតដែលបានប្រទះឃើញសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នេះឲ្យដឹងថា “ ខ្ញុំមិនដឹងថា នរណាជាម្ចាស់ឈើនោះទេ ក៏ប៉ុន្តែ ឈើនេះត្រូវដឹកទៅប្រទេសវៀតណាមតាមប៉ុស្តិ៍ត្រួតពិនិត្យ[ក្រៅផ្លូវការ] “។ លោកបន្តថា “ យើងបានហៅទូរស័ព្ទទៅអង្គការអាដហុក ដើម្បីប្រាប់ពួកគេអំពីឈើនេះ ហើយពួកគេបានមកថតយករូបភាពនៅទីកន្លែងនោះ ក្រោយមកបានហៅទូរស័ព្ទទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត”។
លោក ឆាយ ធី អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្ស អាដហុក ប្រចាំនៅខេត្តរតនគិរី បានឲ្យដឹងថា ឈើធ្នង់ប្រណីតចំនួន១.០០០កំណាត់ ជាប្រភេទឈើមៃ៉សាក់ដែលត្រូវបានការពារ ហើយមួយកំណាត់ៗប្រវែង ១,២ម៉ែត្រ មុខកាត់៤០សង់ទីម៉ែត្រ។
លោក ដក ស អភិបាលខេត្តរតនគិរី បានថ្លែងកាលពីម្សិលមិញថា ក្រុមហ៊ុន ៧២ បានបដិសេធថា ខ្លួនមិនបានធ្វើអ្វីនាំឲ្យមានការចាប់ឈើប្រណីតកាលពីពេលថ្មីៗបំផុត នៅលើដីរបស់ខ្លួនទេ។លោកបន្តថា “ យើងបានហៅទូរស័ព្ទប្រាប់ក្រុមហ៊ុននេះ និងបានសួរអំពីឈើនេះព្រោះយើងសង្ស័យថា ឈើនេះជារបស់ពួកគេ ប៉ុន្តែ ពួកគេបដិសេធ”។
លោក ផន ភឿន អនុប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានឲ្យដឹងផងដែរថា មន្ត្រីរបស់លោកបានចុះទៅដល់ដីរបស់ក្រុមហ៊ុននេះកាលពីថ្ងៃសុក្រ និងបានចំណាយពេលពីរថ្ងៃ សម្រាប់ដឹកឈើទៅកាន់ការិយាល័យខណ្ឌរដ្ឋបាលព្រៃឈើខេត្តនៅក្នុងស្រុកបរកែវ ដែលនៅក្បែរស្រុកអូរយ៉ាដាវ។
លោកថ្លែងថា “យើងកំពុងតែព្យាយាមស្វែងរកម្ចាស់ឈើ ដើម្បីឲ្យយើងអាចពិន័យពួកគេ ដោយសារតែពួកគេបានកាប់ឈើខុសច្បាប់ និងបញ្ជូនពួកគេទៅសាលាដំបូងខេត្តដើម្បីជំនុំជម្រះទោសតាមច្បាប់”។
ក្រុមមន្ត្រីមូលដ្ឋាន និងបុគ្គលអង្គការ អាដហុក បានចោទប្រកាន់ក្រុមហ៊ុនខំផេនី ៧២ថា បានកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំមួយនៅខេត្តរតនគិរី តាំងពីខែកក្កដា ឆ្នាំ២០១២មក ប៉ុន្តែមានវប្បធម៌និទណ្ឌភាព។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំមុន សាលាដំបូងខេត្តរតនគិរី បានចោទប្រកាន់ជនជាតិវៀតណាមប្រាំពីរនាក់ពីបទឆ្លងដែននិងកាប់ឈើខុសច្បាប់នៅលើដីរបស់ក្រុមហ៊ុនខំផេនី ៧២។ ក្រុមហ៊ុននេះបានលើកឡើងថា បុរសដែលកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំការជំនុំជំរះនៅឡើយនោះ មិនមែនជាបុគ្គលិករបស់ខ្លួនទេ។
លោក ប៉ែន បុណ្ណារ៍ អ្នកសើុបអង្កេតជាន់ខ្ពស់របស់អង្គការអាដហុកឲ្យដឹងថា ក្រុមហ៊ុនដូចជាក្រុមហ៊ុន ខំផេនី ៧២ អាចកាប់ឈើប្រណីត ដោយមិនជាប់ទោស ពីព្រោះពួកគេកំពុងសមគំនិតជាមួយមន្ត្រីកងយោធពលខេមរភូមិន្ទ និងមន្ត្រីមូលដ្ឋានដើម្បីចែកប្រាក់ចំណេញបានពីការជួញដូរឈើខុសច្បាប់។
លោកថ្លែងថា “ ក្រុមហ៊ុន [ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច] មន្ត្រីកងទ័ព និងមន្ត្រីផ្សេងៗទៀតកំពុងសហការគ្នាកាប់ឈើខុសច្បាប់នៅក្នុងខេត្តនេះ។មិនត្រឹមតែ [ឈើ]១.០០០កំណាត់ប៉ុណ្ណោះទេ…ប៉ុន្តែថែមទាំងឈើរាប់លានកំណាត់ទៀតផង ត្រូវបាននាំចេញទៅប្រទេសវៀតណាម ដោយគ្មានការបញ្ឈប់”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី