26 C
Phnom Penh

អង្គកា​រសហ​ប្រជាជាតិ​ប្រកាស​បញ្ចេញ​​​បណ្តុំទិន្នន័យថ្មី​បង្ហាញពីគ្រោះ​មហន្ត​រាយ​នៅប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីសប្តាហ៍​​​មុន គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ និង​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ (UNDP) បាន​បញ្ចេញ​​​បណ្តុំ​ទិន្ន​ន័យ​ដ៏​ស៊ីជម្រៅ​លើក​ដំបូង​នៅ​កម្ពុជា ​សម្រាប់​តាម​ដាន​វឌ្ឍនភាព​នៃ​គ្រោះ​ធម្មជាតិ​ ខណៈ​ដែល​ប្រទេស​នេះ​ចាប់​ផ្តើម​ធូរស្រាលវិញ​ពី​គ្រោះ​ទឹក​ជំនន់​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់ស្លាប់​។

នៅ​ក្នុង​សេចក្តី​ប្រកាសមួយ​​បង្ហោះ​តាម​​អិុនធើ​ណិត​កាល​ពីថ្ងៃ​សុក្រ​ អង្គការ​ UNDP ​បាន​លើក​ឡើង​ថា បណ្តុំទិន្នន័យ​បង្ហាញពី​​​ការ​​​ខាតបង់​ដោយ​សារ​គ្រោះ​មហន្តរាយ​ ឬ​ហៅ​កាត់​ថា CamDi ត្រូវ​បានដាក់ឲ្យប្រើប្រាស់​កាល​ពី​ថ្ងៃ​ពុធ  បន្ទាប់​ពី​អង្គការ​សហ​ប្រជា​​​ជាតិ​​​​បាន​បង្កើត​ទិន្នន័យ​ប្រមូលផ្តុំ ទាក់ទងនឹង​​​ការ​ខាតបង់​ និង​ការ​ខូច​ខាត​បានរយៈ​​​ពេល​​​ជាង​​​​​​​​​មួយឆ្នាំ​​​បន្តិច​​​។ កាល​​​ពីពេល​​​ថ្មីៗ​​​នេះ ទិន្ន​ន័យទាំងនេះ​​​ ត្រូវបាន​​​ប្រើ​​​ប្រាស់​​​នៅ​​​បណ្តា​​​ក្រសួង​​​មួយចំនួន។

លោក​ ណាប៉ូឡេអុន ណាវ៉ារ៉ូ (Napoleon Navorro) នាយករងអង្គការ​ UNDP ប្រចាំ​នៅ​ប្រទេសកម្ពុជា ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​នេះថា “ សារៈសំខាន់​ៃន​ប្រព័ន្ធ​បណ្តុំ​ទិន្នន័យ​ ដែល​​​បង្ហាញ​​​ពីគ្រោះ​មហន្ត​រាយ​នេះ មិន​អាច​បំផ្លើសបាន​ឡើយ​។ វា​មាន​ប្រយោជន៍​ណាស់​សម្រាប់​រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​នានានៅក្នុង​កិច្ច​ប្រឹង​ប្រែង​រួម​បច្ចុប្បន្ន​នេះ ដើម្បីជួយ​ជីវិត​ ព្រម​ទាំង​ដោះស្រាយ​ហេតុ​ការណ៍​មហន្តរាយ​ផ្សេង​ទៀត”។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ទីភ្នាក់ងារ​ផ្តល់​​​ជំនួយ​នានា​បាន​រិះគន់ខ្លាំ​ងៗ​ចំពោះ​សមត្ថ​ភាព​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្តរាយ​ក្នុងការ​បំពេញ​ការ​ងារ​របស់​​ ខ្លួន ដើម្បី​ឆ្លើយ​តប​ទៅនឹង​គ្រោ​ះមហ​ន្តរាយ​ និង​​កិច្ច​ខិត​ខំប្រឹង​ប្រែង​ជួយ​សង្គ្រោះ​។​ កាល​ពីដើម​ខែនេះ ​របាយការណ៍​មួយ​រៀប​ចំឡើង​ដោយ​​ធនាគារ​អភិវឌ្ឍន៍​អាសីុ​បាន​បង្ហាញ​​​ថា និយោជិត​ភាគ​ច្រើន​បំផុត​របស់​គណៈកម្មាធិ​ការ​នេះ​មិន​បាន​ដឹង​អំពី​ភារកិច្ច​របស់​ខ្លួន​ឡើយ​។ កាល​ពីសប្តាហ៍​មុន​​ មន្ត្រី​មួយរូបបាន​ទទួល​ស្គាល់​ផែនការចាស់​រយៈពេលបីឆ្នាំក្នុង​ការ​បង្កើត​ប្រព័ន្ធទិន្នន័យ​ដើម្បី​រក្សា​ការ​តាម​ដាន​ពី​មូល​និធិជំនួយ​គ្រាអាសន្ន​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិ​បាល​ នៅមិន​ទាន់​រៀបចំ​ស្រេច​បាច់​នៅឡើយ​ទេ​។

កាល​ពីម្សិលមិញ​ លោក ញឹម វណ្ណដា អនុ​ប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​លើក​ឡើង​ថា លោក​មិន​បាន​ដឹង​អំពីបណ្តុំទិន្នន័យ​គ្រោះ​មហន្ត​រាយ​ណាមួយ​ដែល​ UNDP បាន​ជួយ​គណៈ​កម្មាធិការ​នេះ​ ក្នុងការបង្កើតវា​ទេ​។

ទោះ​ជាយ៉ាង​នេះក្តី  លោក​ ញឹម​ វណ្ណដា បាន​ថ្លែង​ថា ធនាគារ​ពិភព​លោក​ និង​មជ្ឈ​មណ្ឌល​ត្រៀម​ខ្លួនឆ្លើយតប​​​ទៅនឹងគ្រោះ​មហន្ត​រាយ​អាសីុ​ (Asian Disaster Preparedness Center) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុងបាង​កក​ កំពុង​តែ​ជួយ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​​គ្រោះ​មហន្តរាយ​ ក្នុងការបង្កើត​នូវ​អ្វី​ដែល​យើង​ហៅ​ថា “ ផែន​ទី​ហា​និភ័យ​ទឹក​ជំនន់​” ដើម្បីតាម​ដាន​ការ​ខូច​ខាត​ដោយ​សារ​ទឹក​ជំនន់​។ ក៏ប៉ុន្តែ លោក​បាន​ថ្លែង​ថា ប្រព័ន្ធ​នេះ​មិន​​ទាន់​​រៀប​ចំ​រួច​នៅ​ឡើយ​ទេ​។

លោក​បាន​បន្តថា “ យើង​​ទើ​បតែ​ចាប់​ផ្តើម​​បង្កើត​ប្រព័ន្ធនេះ យើង​មិន​ទាន​់​ឃើញ​វា​នៅ​ឡើយ​ទេ​។ គ្រោង​​​នេះត្រូវ​បាន​ផ្តល់​មូល​​និធិ​ដោយ​ធនាគារ​ពិភព​លោក​ ហើយ​​​មជ្ឈ​មណ្ឌល​ត្រៀម​ខ្លួនឆ្លើយតប​​​ទៅនឹង​​​គ្រោះ​​​​មហន្ត​រាយ​អាស៊ី បាន​ជួយ​បង្កើត​វា។ វាមិន​ពាក់​ព័ន្ធ​ជាមួយ​ UNDP ទេ​”។

លោក​បាន​ថ្លែង​ថា នៅ​ពេល​ប្រព័ន្ធ​នេះ​រៀប​ចំរួច​នាពេល​ណាមួយ​នា​ឆ្នាំក្រោយ​​ វា​​​នឹង​ជា​ជំនួយ​ដ៏​ធំមួយក្នុងការ​តាម​ដាន​ទឹក​ជំនន់​នៅពេល​អនាគត​ ខណៈដែល​ពួក​គេ​អភិវឌ្ឍ និង​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋាភិបាល​ថា តើ ​គួ​រតែ​សាង​សង់​អគារ​ថ្មី​ខ្ពស់​ណា ដើម្បី​រក្សា​សុវ​ត្ថិភាព​។

មក​ទល់​ទឹក​ជំនន់​ចុង​ក្រោយ​នេះ លោក ញឹម​ វណ្ណដា បាន​ថ្លែង​ថា វា​បាន​ឆក់យកជីវិត​​​មនុស្ស​១៦៨​នាក់​​ បង្ខំ​ឲ្យ​ប្រជាពល​រដ្ឋ​ពី​៥០.០០០គ្រួសារ​ ទៅ ៦០.០០០គ្រួសារ​ភៀស​ខ្លួន​ចេញ​ពី​ទីលំនៅដ្ឋាន​របស់​ខ្លួន​ និង​បានបង្ក​​​ផល​​​​ប៉ះពាល់​យ៉ាងច្រើន​​​​ដល់​ប្រជាជន​ខ្មែរ​ប្រមាណ​១,៨​លាន​នាក់​។

លោក ញឹម​ វណ្ណដា ​បាន​ឲ្យ​ដឹង​ទៀត​ថា “ ខេត្ត​ចំនួន​២០​​បាន​ទទួលរង​គ្រោះ​ទឹក​ជំនន់​ ក៏ប៉ុន្តែ ពេល​នេះ​ទឹក​ទន្លេ​មេគង្គ​ និង​ទន្លេ​​​សាប​កំពុង​តែ​ស្រក​ចុះវិញ​ហើយ​។ ពេល​នេះ​ស្ថាន​​​ភាព​​​មិន​​ធ្ងន់​ធ្ងរ​ពេក​ទេ​។ បញ្ហា​ធំគឺ​ ការជួស​ជុល​ផ្លូវ​ថ្នល់​ និង​ហេដ្ឋា​​រចនា​​​សម្ព័ន្ធ
​ផ្សេង​ទៀត​”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស