32 C
Phnom Penh

ពេលនគរបាល​កំពុង​ហាត់​សម​បង្ក្រាប​បាតុកម្ម​  តែការ​តវ៉ា​ផ្ទុះឡើង​​​នៅ​ភូមិ​គ្រឹះ​លោក​ ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ពេល​ដែល​នគរបាល​​បង្ក្រាប​បាតុ​កម្ម​រាប់​រយ​នាក់​កំពុង​ជាប់​រវល់​​ហាត់​សម​បង្ក្រាប​បាតុកម្ម​នៅ​ទី​លាន​ប្រជាធិប​តេយ្យ​​ក្នុង​រាជធានីភ្នំពេញ​កាល​ពី​ព្រឹក​​ម្សិល​មិញ​ នៅឯភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ក្លាយ​ជា​ចំណុច​ដៅ​នៃ​​ការ​តវ៉ា​មួយ​ធ្វើ​ឡើង​​ដោយ​កម្ម​ករ​កម្មការិនី​រោង​ចក្រ​​កាត់​ដេរ​ប្រមាណ​២.០០០​នាក់​។

នគរបាល​​បង្ក្រាប​បាតុកម្ម​ដេញវាយកម្មករ​រោងចក្រ​កាត់​ដេរ​​រាប់​ពាន់​នាក់​មក​ពី​រោង​ចក្រ​អេស​អិល​​ ដែល​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​ភូមិ​គ្រឹះ​​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ និងនៅ​ជិតព្រះ​បរ​មរូប​សម្ដេច​​​ឪ ​ឲ្យ​ទៅ​កាន់​សួន​ច្បារ​មុខ​មាត់​បទុម​។ Thomas Cristoletti
នគរបាល​​បង្ក្រាប​បាតុកម្ម​ដេញវាយកម្មករ​រោងចក្រ​កាត់​ដេរ​​រាប់​ពាន់​នាក់​មក​ពី​រោង​ចក្រ​អេស​អិល​​ ដែល​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​ភូមិ​គ្រឹះ​​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ និងនៅ​ជិតព្រះ​បរ​មរូប​សម្ដេច​​​ឪ ​ឲ្យ​ទៅ​កាន់​សួន​ច្បារ​មុខ​មាត់​បទុម​។ Thomas Cristoletti

នគរបាល​​រាជធានី​ភ្នំពេញ​អម​ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៦​គ្រឿង​ ដែល​​​បំពាក់​ដោយ​កាណុង​បាញ់​ទឹក​ ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​ ជា​ទី​ធ្លា​តែ​មួយគត់​​នៅ​ក្នុង​រាជធានី​​ ដែល​ទុក​សម្រាប់​​បាតុកម្ម​​អហិង្សា​នៅ​មុន​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ខណៈ​ពេលដែល​អង្គ​ការ​ Cambodian Grassroots Cross Sector Network មាន​គម្រោង​​ចាប់ផ្ដើម​​ការ​​ជួប​ជុំ​តូច​មួយ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ដើម្បី​អំពាវ​នាវ​ឲ្យរាជ​​រដ្ឋាភិបាល​​ទទួលខុស​ត្រូវ។

នៅ​ម៉ោង​ប្រហែល​៨ព្រឹក​ ខណៈ​ពេល​នគរបាល​​រាប់​រយ​នាក់​ ដែល​ពាក់​ឯក​សណ្ឋាន​ការពារ​ខ្លួន​ប្រដាប់​ដោយ​ខែល​ និ​ង​ដំបង​កំពុង​ហាត់​សមដំណឹង​ស្ដីពី​​អ្នក​តវ៉ា​​មក​កាន់​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​ បាន​ឮ​​ដល់​លោក​ ជួន សុវណ្ណ ស្នង​ការ​​រាជធានី​ភ្នំពេញ​ ដែល​កំពុង​​ពិនិត្យ​មើល​ការ​​ហាត់​សម​បង្ក្រាប​បាតុកម្ម​​នៅ​ទី​លាន​ប្រជាធិបតេយ្យ​។ “ខ្ញុំ​សូម​បញ្ជា​ឲ្យ​អស់​លោក​ចាប់​ខ្លួន​មេ​ដឹក​នាំ​​ទំនើង​​មក​ពី​រោង​ចក្រ​កាត់​ដេរ​ អេសអ៊ិល​ទាំង​នេះ” នេះ​ជា​អ្វី​ដែល​លោក​ ជួន​ សុវណ្ណ​ បាន​ស្រែក​ដាក់​​អនុ​ប្រធាន​​របស់​​លោក​​នៅ​ក្បែរ​នោះ​ ឲ្យ​​បញ្ជូន​រថយន្ត​ដឹក​​នគរបាល​​បង្ក្រាប​បាតុកម្ម​​ ដែល​បាន​​បើក​​តាម​មហាវិថី​​ព្រះ​ នរោត្តម​ ដើម្បី​ប្រឈម​តតាំង​នឹង​អ្នកត​​វ៉ា​នៅ​ជិត​របង​ភូមិ​គ្រឹះ​របស់​លោក​ ហ៊ុន សែន​។

ពេល​កម្មករ​នៅ​រោង​ចក្រ​កាត់​ដេរ​អេស​អ៊ីល​ ដែល​ផលិត​សម្លៀក​បំពាក់​​សម្រាប់​​ក្រុម​ហ៊ុន ហ្គែប (Gap)​ របស់​សហរដ្ឋ​អាមេរិក​ និង​ក្រុមហ៊ុន​អេច អែន​ អឹម​ (H&M) ​របស់​​ស៊ុយ​អែត​បាន​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជិត​៣ខែ​មក​ហើយ​។ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ កម្ម​ករ​ជាង​២.០០០​នាក់​បាន​ព្យាយាម​​ហែក្បួន​​ទៅ​កាន់​​ភូមិគ្រឹះ​របស់​លោក​ ហ៊ុន សែន​ ប៉ុន្តែ​ត្រូវ​បាន​​មន្ត្រី​កង​រាជអាវុធ​ហត្ថរាប់​រយ​នាក់​រារាំង​។

នៅ​ពេល​​នគរបាល​បង្ក្រាប​​បាតុកម្ម​​ទៅ​​ដល់​កន្លែង​តវ៉ា​នៅ​ពេល​​កម្លាំង​នគរ​បាល​ប្រហែល​២០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ ពួក​គេ​បាន​ប្រើប្រាស់​ខែល​ ដើម្បី​រុញ​កម្មករ​កាត់​ដេរ​ទាំង​នោះ​​ឆ្ពោះ​​ទៅ​​សួន​ច្បារ​​នៅ​​ទល់​មុខ​​ភូមិ​គ្រឹះ​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​។ អ្នក​តវ៉ា​មួយ​ចំនួន​​​បាន​​រឹង​ទទឹង​ ជាហេតុ​ធ្វើ​ឲ្យ​​នគរបាល​ប្រើ​ដំបង​ឈើ​ និង​ដំបង​ជ័រ​​វាយ​​ពួក​គេ​​ធ្វើ​ឲ្យ​​អ្នក​តវ៉ា​ទាំង​នោះ​ភ័យ​ស្លន់​ស្លោ​រត់​​ប្រសាច​ពេញ​សួន​ច្បារ​ និ​ង​ឆ្ពោះ​ទៅ​​វិមាន​​ព្រះ​បរម​រូប​​សម្ដេច​ឪ​ នរោត្តម​ សីហនុ។
នគរបាល​​បាន​ដេញ​តាម​​ វាយ​អ្នក​តវ៉ា​​ពី​ក្រោយ​ខ្នង​​ និង​ទាត់ធាក់​អ្នក​​ដែល​​ជំពប់​ជើង​ដួល​។ អ្នក​តវ៉ា​​មួយ​ក្រុម​តូច​បាន​តបត​វិញ​ ដោយ​ការ​ចោល​ដប​​ទឹក​សុទ្ធ​​សល់​ទឹក​ពាក់​​កណ្ដាល​ និង​ស្បែក​ជើង​ផ្ទាត់​​ដាក់​នគរ​បាល​ ដែល​កំពុង​ដេញ​តាម​ពួក​គាត់​។

អ្នក​ស្រី​ សំរឹទ្ធ​ ស្រី​តូច​  អាយុ​៣២​ឆ្នាំ​ ដែល​​ត្រូវ​ដំបង​យ៉ាង​ដំណំ​ត្រង់​កែង​ដៃ និង​ភ្លៅ​​របស់​គាត់​បាន​និយាយ​ថា “នគរ​បាល​​សាហាវណាស់​។ ពួក​គេ​​ចាត់​ទុក​​យើង​​​ដែល​ជា​កម្មករ​​ដូច​ជា​សត្វ​ធាតុ​អ៊ីចឹង​”។​

អ្នក​ស្រី​ ហួរ ស្រី​ដែន​ អាយុ​៣៥​ឆ្នាំ​បាន​និយាយ​ថា “យើង​​គ្រាន់​តែ​​មក​ស្វែង​រក​ដំណោះ​ស្រាយ​ពី​សម្ដេច​​ ហ៊ុន​ សែន​ ប៉ុណ្ណោះ​។​ យើង​​មិន​មែន​​ជា​អ្នក​គាំទ្រ​​បក្ស​ប្រឆាំង​នោះ​ទេ​”។ ស្ដ្រី​រូប​នេះ​រួម​ជាមួយ​នឹង​​កម្មករ​​ធ្វើ​ការ​ជាមួយ​គ្នា​​រាប់​ពាន់នាក់​នៅ​រោង​ចក្រ​ អេស​អ៊ីល​ នៅ​ខណ្ឌ​មានជ័យ​​បាន​ធ្វើ​ការ​​តវ៉ា​​រាប់​​ខែ​មក​ហើយ​ ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ផ្ដល់​ប្រាក់​ថ្លៃ​អាហារ​ប្រចាំ​ថ្ងៃ​ដល់​ពួក​គាត់​​ ឲ្យ​ផ្ដល់​ការងារវិញ​​​ដល់​​មេដឹកនាំ​សហ​ជីព​ដែល​​ត្រូវ​បាន​បណ្ដេញ​ចេញ​ និង​​ទាមទារ​ឲ្យ​ដក​ទី​ប្រឹក្សា​​ម្នាក់​ ដែល​​គ្មាន​​អ្នក​ចូល​ចិត្ត​របស់​ម្ចាស់​រោង​ចក្រ​នេះ​។​

ដោយ​អ្នក​តវ៉ា​ និង​នគរ​បាល​​ប្រឈម​​ត​តាំង​​ដាក់​គ្នា​នៅ​លើ​​សួន​ច្បារ​ជិត​​ព្រះ​បរម​រូប​​សម្ដេច​​ឪ នរោត្តម​ សីហនុ លោក​ ប៉ា សុជាតិ​វង្ស អភិ​បាល​រាជ​ធានី​ភ្នំ​ពេញ​ក៏​​បាន​​ទៅ​ដល់​ទី​នោះ​​នៅ​ម៉ោង​​ប្រហែល​​៩​ព្រឹក​​។ លោក​ ប៉ា សុជាតិ​វង្ស បាន​​ថ្លែង​ទៅ​​កាន់​បណ្ដា​អ្នក​យក​ព័ត៌មានថា “ខ្ញុំ​សូ​ម​ឲ្យ​កម្មករ​ទាំង​អស់​​ចាក​ចេញ​ទៅ​កាន់​វត្ត​បុទុម ហើយ​​បាន​​ស្នើ​សុំ​ឲ្យ​តំណាង​​កម្ម​ករ​​រោងចក្រ​ជួប​​ជាមួយ​ខ្ញុំ​ និង​លោក​ អីត សំហេង​ រដ្ឋ​មន្ត្រី​ ក្រសួង​ការងារ​”។

ទោះ​បី​ជា​កម្ម​ករ​កាត់​ដេរ​ទាំង​នោះ​​មិន​ព្រម​​ចាក​ចេញ​​ទៅ​កាន់​វត្ត​បទុម​ ដែល​នៅ​​ក្បែរ​នោះ​ក្ដី​ ក៏​លោក​ អាត់ ធន់ ​ប្រធាន​​សម្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​​កម្ម​ករ​កាត់​ដេរ​​កម្ពុជា​ ហៅ​កាត់​ថា ស៊ីខៅ​ឌូ ដែល​ជា​អ្នក​រៀប​ចំ​ការ​តវ៉ា​នេះ​ឡើង​​បាន​ទទួល​​យក​សំណើ​របស់​អភិបាល​រាជធានី​ ហើយ​​លោក​​ទាំង​ពី​រ​បាន​ចាក​ចេញ​ពី​សួន​នេះ​​នៅ​ម៉ោង​១០​ព្រឹក​ ដើម្បី​ពិភាក្សា​​ជា​លក្ខ​ណៈ​ឯក​ជន​។ លោក​ អាត់ ធន់ បាន​មានប្រសាសន៍​ក្រោយ​ពី​​ជួប​​ជាមួយ​​អភិបាល​រាជធានី​អស់​រយៈ​ពេល​៣ម៉ោង​ថា “ការ​ជួប​ចរចា​មិន​ទាន់​ចប់​ទេ​។ យើង​នឹង​បន្ត​ [ពិភាក្សា​ចរចា​អំពី​កា​រ​តវ៉ា​​របស់​កម្មករ​​រោង​ចក្រ​​ទាំង​នេះ]​ នៅ​ក្រសួង​ការងារនៅ​ថ្ងៃ​ស្អែក​”។

អ្ន​ក​តវ៉ា​ទាំង​នេះ​បា​ន​ចូល​ទៅ​ភូមិ​គ្រឹះ​​របស់​លោក​ ហ៊ុន​ សែន​ គៀក​ជាង​រាល់​លើក​ ដែល​​ពួក​គាត់​ធ្លាប់​ព្យាយាម​ចូលទៅ​ទី​នោះ​ក្នុង​រយៈ​ពេ​ល​ប៉ុន្មាន​ឆ្នាំមក​នេះ​​ ដោយ​គ្មាន​​គ្រោះ​ថ្នាក់​​អ្វី​កើត​ឡើ​ង​។

លោ​ក ស៊ាង យ៉ូត​ មន្ត្រី​ផ្នែក​ច្បាប់​នៅ​អង្គការ​ ស៊ីខៅ​ឌូ​ បាន​មានប្រសាសន៍​ថា “យើង​​មាន​យុទ្ធសាស្ត្រ​ថ្មី​​មួយ​ ដែល​ទទួ​ល​បាន​ជោគ​ជ័យ​”។ មុន​​​ពេល​ហែ​ក្បួន​ទៅ​កាន់​ភូមិ​គឹ្រះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ លោក យ៉ូត បាន​មាន​ប្រ​សាសន៍​ថា “កម្ម​ករ​បាន​ក្រោក​ឡើងពី​យប់​ដូច​ជា​ម៉ោង​​៤ ឬម៉ោង​៥​ទៀប​ភ្លឺ បន្ទាប់​​មក​ពួក​គាត់​ជិះ​កង់ ម៉ូតូ និងធុកធុក​រៀងៗខ្លួន​មក​ដល់​​​វត្ត​បទុម”។

ខណៈ​ពេល​ដែល​អ្នក​​តវ៉ា​ទាំង​នេះ​កំពុង​ជួប​ជុំ​គ្នា​​​នៅ​វត្ត​បទុម សមាជ​ប្រជាជន​កម្ពុជា​ (Cambodia Grassroots People’s Assembly) ដែល​សំណើ​​សុំ​ធ្វើ​បាតុកម្ម​របស់​ខ្លួន​​នៅ​ទីលាន​ប្រជាធិបតេយ្យ​​ត្រូវ​បាន​​ច្រាន​ចោ​ល​​នោះ​​​ បាន​ចាប់​ផ្ដើម​​បាតុកម្ម​របស់​ខ្លួន​នៅ​លើ​​សួន​​ច្បារ​​ប៉ែក​ខាង​កើត​​នៃ​ស្ពាន​​នាគ​​តាម​បណ្ដាយ​មហាវិថី​ព្រះ​នរោត្តម​ និង​បន្ទាប់​មក​​​ឆ្ពោះ​ទៅ​កាន់​​រូប​សំណាកលោក​ មហា​ត្មះ គន្ធី។ មនុស្ស​ប្រហែ​ល​៤០០​នាក់​មក​ពី​អង្គការ​សហ​គមន៍​ និង​អង្គការ​ពល​កម្ម​នានា​ទូទាំង​ប្រទេស​​បាន​​​ធ្វើ​ដំណើរ​មក​ជួប​ជុំ​គ្នា​ដើម្បី​អំពាវ​នាវ​​ឲ្យ​​គណបក្ស​ប្រជាជន​កម្ពុជា ​​កំពុង​កាន់​អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​​ ធ្វើ​តាម​​ការ​សន្យា​របស់​​ខ្លួន​ដូច​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោស​នា​មុន​ការ​បោះឆ្នោត​​ និង​ដោះស្រាយ​​បញ្ហា​​ដី​ធ្លី​ និង​បញ្ហា​ការងារ​​រុំារ៉ៃ​នៅ​តាម​មណ្ឌល​បោះឆ្នោត​របស់​ខ្លួន​។​

រយៈ​ពេល​កន្លឹះ​ម៉ោង​ក្រោយ​ពី​ការ​ជួប​ជុំ​គ្នា​ នគរបាល​បង្ក្រាប​បាតុកម្មប្រហែល​៤០​នាក់​​បាន​​​ចេញ​ពីទីលានប្រជាធិបតេយ្យ​ ​ទៅ​​ដល់​ទី​នោះ ហើយ​បាន​ចាប់​ផ្ដើម​កញ្ឆក់​ស្លាក​សញ្ញា ទង់​ជាតិ និង​បដា​ពី​ដៃ​​អ្នក​តវ៉ា​ទាំង​នេះ។  ដោយ​​មិន​អើ​ពើ​នឹង​សកម្មភាព​​បែប​ហិង្សា​របស់​នគរបាល​​បង្ក្រាប​បាតុកម្ម​ អ្នក​ដឹក​នាំ​​ការ​ជួប​ជុំ​នេះ​បាន​ជំរុញ​ឲ្យ​​បាតុករ​ ដែល​ជួប​ជុំ​គ្នា​​កុំ​តបត​​ដោយ​ការ​អង្គុយ​ចុះ​ ហើយ​​អំពើ​ហិង្សា​​ណា​មួយ​​បង្ក​​ឡើង​​ដោយ​នគរ​បាល​ និង​​ត្រូវ​អ្នក​កាសែត​ និង​អ្នក​សង្កេត​​ការ​សិទ្ធិ​មនុស្ស​​ដែល​មា​ន​វត្ត​មា​ននៅ​ទីនោះ​មើល​ឃើញ​។

មន្ត្រី​នគរបាល​​មួយ​ចំនួន​បាន​​លើក​​វេទិកា​ធ្វើ​ពី​ឈើ​ ដែល​អ្នក​រៀប​​ចំ​​ការ​តវ៉ា​​ប្រើ​ប្រាស់​ ហើយ​បាន​​លើក​វេទិការ​នោះ​​បោក​ផ្ទុប​ទៅ​នឹង​ចិញ្ចើម​ផ្លូវ​ ហើយ​​បានរុញ​ទៅ​មុខ​​​ពីរ​បី​ម៉ែត្រ​ទៅ​លើ​​អ្នក​តវ៉ា​។ ប៉ុន្តែ​បន្ទាប់​ពី​​​ការ​រុញ​គ្នានិង​ការ​ចរចាគ្នា​ដ៏​តាន​តឹង​រយៈ​ពេល​ពីរបី​នាទី​មក នគរ​បាល​បាន​សម្រេច​ចិត្តមិន​ព្យា​យាម​ប្រើ​កម្លាំង​បាយ​​​បណ្តេញ​អ្នក​តវ៉ា​​ ភាគ​ច្រើន​ជា​ស្ត្រី ដែល​​បាន​ចាប់​ផ្ដើម​ច្រៀង​​នោះ​ទេ។ បន្ទាប់​មក​នគរបាល​ទាំង​នេះ​បាន​ចំណាយ​ពេល​ពីរ​ម៉ោង​​ទៀត​​ជ្រក​ក្រោម​​ម្លប់​​ដើម​ឈើ​នៅ​ជុំ​វិញ​សួន​​នោះ​ ហើយ​អ្នក​តវ៉ា​ ដែល​​បែក​ញើស​​ជោគ​ខ្លួន​​​ចាប់​ផ្ដើម​ជក់​បារី​។

លោក​ លឹម ហុង​ អធិការ​រង​​ខណ្ឌ​ដូន​ពេញ​​​បាន​បដិសេធ​ថា នគរបាល​​មិន​បាន​ប្រើ​កម្លាំង​លើ​​អ្នក​ចូលរួម​​ការ​ជួប​ជុំ​នេះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បាន​ប្រើ​អំពើ​ហិង្សា​​លើ​​អ្នក​ទាំង​នោះ​ទេ​។​ យើង​គ្រាន់​តែ​រុញ​ពួក​គេឲ្យ​​ឡើង​​លើ​សួន​ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​ធ្វើ​ចរាចរណ៍​ប៉ុណ្ណោះ​ ពីព្រោះ​​ពួក​គាត់​​ឈរ​លើ​​ផ្លូវ​”។

តាម​ពិត​​អ្នក​ចូលរួម​ការ​ជួប​ជុំ​គ្នា​នេះ​មិន​បាន​ឈរ​លើ​ផ្លូវ​ទេ​ ហើយ​​នគរ​បាល​​បង្ក្រាប​បាតុកម្ម​​​បាន​ដើរ​​ឡើង​ទៅ​​លើ​​សួន​ ដើម្បី​​ដណ្ដើម​យក​​បដា នឹង​​ឆាក​របស់​អ្នក​តវ៉ា​។​

អ្នក​ស្រី​ លី ពិសី​ ជា​អ្នក​រៀប​ចំ​​ការ​ជួប​ជុំ​​ម្នាក់​​នៅ​​អង្គការ​ Cambodian Grassroots Cross Sector Network បាន​មានប្រសាសន៍​ថា ប្រសិន​បើ​​នគរ​បាល​ប្រើ​អំពើហិង្សា​​ក្នុង​បំណង​​រារាំង​​បណ្ដាញ​អង្គការ​នេះ​មិន​ឲ្យ​រៀប​ចំ​បាតុកម្ម​​បន្ថែម​ទៀត​​នោះ​ មិន​​បាន​ផល​ឡើយ​។ អ្នក​ស្រី​​បាន​​មាន​ប្រសាសន៍​តាម​ទូរ​ស័ព្ទ​ បន្ទាប់​ពី​ការ​ជួប​ជុំ​​គ្នា​នេះ​​បាន​បញ្ចប់​ថា “វា​គ្រាន់​តែ​​ជា​យុទ្ធសាស្ត្រ​មួយ​ ដើម្បី​​បន្លាច​​សហគមន៍​​ទាំង​នេះ​ប៉ុណ្ណោះ​ ប៉ុន្តែ​​ជា​សំណាង​អាក្រក់​ [សម្រាប់​ពួក​គេ​] យើង​យល់​ថា នេះ​​មិនមែន​ជា​​​រឿង​ថ្មី​ [ឥរិយាបថ​របស់​អាជ្ញាធរ] ហើយ​យើង​​នឹង​​ប្រកាន់​​ជំហរ​​ និង​​តម្លៃ​របស់​យើង​”។

អ្នក​ស្រី​ គុន សុធារី សមាជិក​ម្នាក់​នៃ​បណ្ដាញ​​នេះ​បាន​​លើក​ឡើង​​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​​កាល​ពី​រសៀល​ម្សិលមិញ​ថា​ “យើង​មាន​ជម្រើស​​ដ៏​ពិបាក​ គឺ​ត្រូវតស៊ូ​ដោយ​កម្លាំង​បាយដើម្បី​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​របស់​យើង​ ឬ​ក៏​ត្រូវ​ការពារ​​សុវត្ថិភាព​​របស់​​ប្រជា​ពល​រដ្ឋ​​ ហើយ​​នៅ​តែ​​ប្រកាន់​ភ្ជាប់​​តាម​គោល​ជំហ​រ​អហិង្សា​​ដ៏​សកម្ម​របស់​យើង​។​ នេះ​មិន​មែន​ជា​ជម្រើស​​​ដែល​យើង​​គួរ​ធ្វើ​នោះ​ទេ​​នៅ​ក្នុ​ង​ប្រទេស​ប្រជាធិបតេយ្យ​”។

ដោយ​គណបក្ស​ប្រឆាំង​គ្រោង​​នឹង​ធ្វើ​បាតុកម្មរយៈ​ពេល​​បី​ថ្ងៃ​​នៅ​​ទីលាន​ប្រជា​ធិបតេយ្យ​​នៅ​ថ្ងៃ​ស្អែក​​នោះ​ លោក​ស្រី​ មូរ សុខហួរ​ តំណាង​រាស្ត្រ​​ជាន់​ខ្ពស់​​ជាប់​ឆ្នោត​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្កោល​ទោស​ពី​ការ​​កាន់​កាប់​​របស់​​នគរបាល​​លើ​ទីធ្លា​សាធារណៈ​ក្នុង​រាជធានីភ្នំពេញ​សម្រាប់​​​ការ​​តវ៉ា​ ប៉ុន្តែ​​បាន​មានប្រសាសន៍​ថា ការ​ធ្វើ​បែប​នេះ​មិន​អាច​​រារាំង​​គណបក្ស​លោក​ស្រី​​មិន​ឲ្យ​បន្ត​ធ្វើ​មហា​បាតុកម្ម​​ជា​ថ្មី​ម្ដង​ទៀត​បាន​ឡើយ​។​

លោក​ស្រី​​បាន​​ចោទ​សួរ​ថា “តើ​គោល​បំណង​​នៃ​ទីលាន​ប្រជាធិបតេយ្យ​នេះ​​គឺ​ដើម្បី​អ្វី​? ប្រសិន​បើ​ការ​បង្ហាញ​​កង​កម្លាំង​​ក្នុង​បំណង​​គំរាម​កំហែង​ និង​បំភិត​បំភ័យ​ពួក​យើង​​មិន​ឲ្យ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៣ ទេ​នោះ​ គឺ​​មិន​ត្រឹម​ត្រូវ​ឡើយ​ និង​​ខុស​ច្បាប់​ទាំង​ស្រុង​​។​ ហើយ​វា​​ផ្ទុយ​ពី​អ្វី​ ដែល​​ប្រជាពលរដ្ឋ​​បាន​នាំគ្នា​និយាយ​​ នោះ​គឺ​ការ​​ផ្លាស់​ប្ដូរ​”។​

ឧត្តម​សេនីយ៍​ឯក​ គៀត​ ច័ន្ទថារិទ្ធ​ អ្នក​នាំពាក្យ​នគរបាល​ជាតិ​​បាន​មានប្រសាសន៍​ថា នគរបាល​បង្ក្រាប​បាតុកម្ម​ ដែល​ពី​មុន​​បាន​ប្រើប្រាស់​​ពហុកីឡាដ្ឋាន​អូឡាំពិក​​សម្រាប់​​ធ្វើ​ការ​ហាត់​​សម​គ្រប់​គ្រង​​ក្រុម​មនុស្ស​នោះ​ បាន​ប្ដូរទៅ​ធ្វើ​ការ​ហាត់​​សម​​នៅ​ទីលាន​ប្រជា​ធិបតេយ្យវិញ​ ដោយ​សារ​តែ​​មាន​បញ្ហា​​ផ្នែក​ភ័ស្ដុភា​នៅ​នាទី​ចុង​ក្រោយ​​។

លោក​​បាន​ទទួ​ល​ស្គាល់​ថា នគរបាល​មិន​នឹក​ស្មាន​​ដល់​ថា មាន​ការ​តវ៉ា​​នៅ​​ខាង​មុខ​ភូមិគ្រឹះ​របស់​លោក​ ហ៊ុន សែន​ នោះ​ទេ​។ លោក​បាន​មានប្រសាសន៍​ថា “យើង​មិន​បាន​ដឹង​ [ថា កម្មករ​ធ្វើ​​កូដកម្ម​​មក​​កាន់​ផ្ទះ​សម្ដេច​] ទេ​”។ លោក​បាន​មានប្រ​សា​សន៍​ទៀត​ថា យើង​នឹង​ត្រូវ​ការ​កម្លាំង​​នគរ​បាល​​បង្ក្រាប​បាតុកម្ម​បន្ថែម​ទៀត​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ និង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​​។​ លោក​បាន​មានប្រសាសន៍​ថា “ចំនួន​​នគរ​បាល​បង្ក្រាប​បាតុកម្ម​​មិន​គ្រប់​គ្រាន់​សម្រាប់​ទប់​ទល់​​ស្ថាន​ភាព​​បច្ចុប្បន្ន​នេះ​ទេ​ ដូច្នេះ​យើង​ត្រូវ​ការ​នគរបាល​បន្ថែម​ទៀត​ ពីព្រោះ​ពេល​នេះ​មាន​បាតុកម្ម​ច្រើ​ន​”។

(រាយការណ៍​បន្ថែម​ដោយ​ Ben Woods និង Colin Meyn)
ប្រែសម្រួលដោយ តែម សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស