កិច្ចប្រជុំរវាងតំណាងគណបក្សសង្គ្រោះជាតិ និងមន្ត្រីសាលារាជធានីភ្នំពេញ កាលពីម្សិលមិញនៅតែគ្មានការព្រមព្រៀងគ្នាជុំវិញផែនការរបស់គណបក្សប្រឆាំង ដែលចង់ហែក្បួនទូទាំងរាជធានី អំឡុងបាតុកម្មចំនួនបីថ្ងៃរបស់ខ្លួន ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ។
កាលពីសប្ដាហ៍មុន មន្ត្រីសាលារាជធានីបានសម្រេចថា គណបក្សសង្គ្រោះជាតិ នឹងត្រូវអនុញ្ញាតឲ្យមានអ្នកចូលរួមត្រឹម១០.០០០នាក់ប៉ុណ្ណោះ នៅទីលានប្រជាធិបតេយ្យសម្រាប់បាតុកម្មរបស់ខ្លួន ហើយកងសន្តិសុខនឹងរារាំងមិនឲ្យអ្នកហែក្បួនចាកចេញពីទីលានប្រជាធិបតេយ្យឡើយ។
ប៉ុន្តែមេដឹកនាំគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ខ្លួននឹងមិនអនុវត្តតាមការទាមទាររបស់សាលារាជធានីនោះឡើយ ហើយគ្រោងនឹងហែក្បួនទៅកាន់ការិយាល័យរបស់អង្គការសហប្រជាជាតិ និងស្ថានទូតបរទេសនានាយ៉ាងតិចចំនួនប្រាំពីរ នៅក្នុងរាជធានី ដើម្បីដាក់ញត្តិ ដោយអំពាវនាវឲ្យមានអន្តរាគមន៍ពីបរទេសដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយសព្វថ្ងៃនៅកម្ពុជា។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា ភាគីទាំងពីរនៅតែមិនផ្លាស់ប្ដូរជំហររបស់ខ្លួនអំឡុងកិច្ចប្រជុំកាលពីម្សិលមិញ ពាក់ព័ន្ធនឹងផែនការហែក្បួននេះ ប៉ុន្តែលោកបានបន្ថែមថា សាលារាជធានីបានសម្រេចអនុញ្ញាតឲ្យគណបក្សប្រឆាំងបញ្ជូនតំណាងរបស់ខ្លួនចំនួន២០រូបពីទីលានប្រជាធិបតេយ្យ ដើម្បីដាក់ញត្តិរបស់ខ្លួនជូនអង្គការសហប្រជាជាតិ និងស្ថានទូតនានា។ លោកមានប្រសាសន៍ថា “ពួកគេអាចជ្រើសរើសតំណាងរបស់ខ្លួនចំនួន២០រូបដើម្បីដាក់ញត្តិជូនស្ថាប័នណាមួយតាមចិត្តចង់”។
លោក ឡុង ឌីម៉ង់ បានបន្ថែមថា សាលារាជធានីនឹងទុកឲ្យក្រសួងមហាផ្ទៃសម្រេចរឿងហែក្បួននិងរឿងចំនួនអ្នកចូលរួមក្នុងការធ្វើបាតុកម្មនេះ។
លោកបានថ្លែងថា “យើងព្យាយាមសម្រុះសម្រួលគ្នា។ [ប៉ុន្តែ] មានអ្នកចូលរួមច្រើនពេកដូច្នេះវាហួសពីសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ ក្នុងការសម្រេចថា តើគួរអនុញ្ញាតឲ្យមានការហែក្បួនឬក៏អត់”។
មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រហែល២០.០០០នាក់បានចូលរួមនៅក្នុងមហាបាតុកម្មលើកចុងក្រោយរបស់គណបក្សដែលបានធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ហើយគណបក្សប្រឆាំងបានបញ្ជាក់ប្រាប់សាលារាជធានីថា ចំនួនអ្នកចូលរួមស្រដៀងគ្នានេះនឹងមកចូលរួមនៅក្នុងការហែក្បួននៅក្នុងសប្ដាហ៍នេះ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីយប់មិញ ដោយលើកឡើងថា គណបក្សសង្គ្រោះជាតិ អាចធ្វើបាតុកម្មចំនួនបីថ្ងៃបាន ប៉ុន្តែមិនអាចមកបោះតង់នៅទីលានប្រជាធិបតេយ្យអំឡុងពេលយប់បានឡើយ។ លោក ស ខេង ក៏បានមានប្រសាសន៍ដែរថា គណបក្សសង្គ្រោះជាតិ គួរតែទាក់ទងស្ថានទូតនានា “ដោយផ្ទាល់ទុកជាមុន” ដើម្បីស្នើសុំការអនុញ្ញាតដាក់ញត្តិរបស់ខ្លួន ហើយបន្ទាប់មកសាលារាជធានីគួរតែសហការ ក្នុងការអនុញ្ញាតឲ្យបាតុករធ្វើការហែក្បួនរបស់ខ្លួនដោយសុវត្ថិភាពចេញពីទីលានប្រជាធិបតេយ្យ។
លោក ស ខេង បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍នេះថា “ពេលស្ថានទូតនានាយល់ព្រមទទួលញត្តិហើយ សាលារាជធានីភ្នំពេញ ត្រូវសហការក្នុងការកំណត់ចំនួនអ្នកទទួលយកញត្តិ ចំនួនអ្នកដាក់ញត្តិ រយៈពេល និងការដើរក្បួនទៅកាន់គោលដៅនីមួយៗ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ និងដើម្បីសុវត្ថិភាពសម្រាប់ស្ថានទូត”។ លោកបានបន្ថែមថា “គណបក្សសង្គ្រោះជាតិ ត្រូវមានការទទួលខុសត្រូវនៅក្នុងការនាំអ្នកដាក់ញត្តិត្រឡប់ទៅកាន់ទីលានប្រជាធិបតេយ្យឲ្យមានសណ្ដាប់ធ្នាប់វិញ។ សូមលោកអភិបាលរាជធានីភ្នំពេញ ជួយអនុវត្តតាមខ្លឹមសារនៅក្នុងលិខិតនេះឲ្យមានប្រសិទ្ធិភាព”។
នៅពេលត្រូវបានសួរឲ្យបញ្ជាក់ថា តើមនុស្សប៉ុន្មាននាក់នឹងត្រូវអនុញ្ញាតឲ្យយកញត្តិដាក់ជូនអង្គការសហប្រជាជាតិ និងស្ថានទូតនានា ឬថាតើសេចក្ដីថ្លែងការណ៍របស់លោក ស ខេង មានន័យស្មើនឹងការស្នើឲ្យសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យមានការហែក្បួននេះ ឬយ៉ាងណានោះឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា បញ្ហាទាំងពីរនេះគឺស្ថិតក្នុងការសម្រេចរបស់អភិបាលរាជធានី។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា “អស់លោកអាចសួរទៅកាន់សាលារាជធានីបាន។ គេនឹងអញ្ជើញគណបក្សសង្គ្រោះជាតិ ឲ្យមកពិភាក្សាគ្នាអំពីបញ្ហានេះនៅថ្ងៃស្អែក”។
លោក យឹម សុវណ្ណ អ្នកពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា គណបក្សប្រឆាំងសង្ឃឹមថា អាជ្ញាធរនឹងយល់ព្រមឲ្យតំណាងជាង២០នាក់ចាកចេញពីទីលានប្រជាធិបតេយ្យ ដើម្បីដាក់ញត្តិនៅថ្ងៃស្អែក ប៉ុន្តែលោកបានបន្ថែមថា គណបក្សសង្គ្រោះជាតិ នឹងយកសំណើរបស់សាលារាជធានីភ្នំពេញទៅប្រាប់ដល់បាតុករ ដែលនឹងមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។ លោកបានមានប្រសាសន៍ថា “ខ្ញុំនឹងសួរបាតុករថា តើពួកគាត់ព្រមទទួលយកសំណើនេះដែរឬទេ។ នៅកន្លែងធ្វើបាតុកម្ម ខ្ញុំនឹងសួរពួកគាត់ទាំងអស់គ្នា” ។លោកបានបន្ថែមថា “ប្រសិនបើពួកគាត់យល់ព្រម យើងក៏ព្រម។ បើពួកគាត់យល់ព្រមយើងនឹងបញ្ជូនឲ្យពួកគាត់។ ហើយប្រសិនបើពួកគាត់មិនយល់ព្រមទេនោះយើងក៏មិនយល់ព្រមដូចគ្នា”។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ លើកឡើងកាលពីថ្ងៃអាទិត្យថា គណបក្សប្រឆាំងនឹងនៅតែធ្វើការហែក្បួនរបស់ខ្លួន ដោយមិនខ្វល់ពីអ្វីដែលអាជ្ញាធរបានលើកឡើងមុនព្រឹត្តិការណ៍នេះនោះទេ ដោយលោកបានលើកឡើងថា រដ្ឋធម្មនុញ្ញបានចែងថា ប្រជាពលរដ្ឋមានសិទ្ធិធ្វើការជួបជុំគ្នាដោយសន្តិវិធីដោយពុំចាំបាច់មានការអនុញ្ញាតនោះទេ។
ប៉ុន្តែទោះបីជាយ៉ាងណា សាលារាជធានីបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញឆ្លើយតបនឹងការលើកឡើងរបស់លោក កឹម សុខា ដោយលើកឡើងថា អាជ្ញាធរអាចច្រានចោលសំណើបែបនេះដោយស្រប់ច្បាប់ ប្រសិនបើគេគិតថា សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈអាចរងការគំរាមកំហែង ហើយអាចប្រើវិធានការណ៍ណាមួយនៅក្នុងសមត្ថកិច្ចរបស់ខ្លួនដើម្បីរក្សាស្ថិរភាព ។ សាលារាជធានីបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា រដ្ឋាភិបាលមានសិទ្ធិប្រើអំណាចណាមួយដើម្បីរារាំងសកម្មភាពនានាដែលត្រូវបានហាមប្រាមដោយច្បាប់។
យោងតាមលោកស្រី មួរ សុខហួរ តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ គ្រោងនឹងចាប់ផ្ដើមនៅម៉ោងប្រាំបីព្រឹកស្អែក ដោយការហែក្បួនលើកទី១គ្រោងនឹងហែទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលស្ថិតនៅខាងត្បូងវិមានឯករាជ្យនៅម៉ោង៣រសៀល។
លោកស្រីលើកឡើងថា “បាតុករនឹងទៅដល់ការិយាល័យអង្គការសហប្រជាជាតិនៅម៉ោងប្រហែល៤រសៀល ហើយពួកគាត់នឹងមិនរាថយឡើយប្រសិនបើមានការរារាំងណាមួយពីកងសន្តិសុខរបស់រដ្ឋាភិបាលនោះ។ លោកស្រីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដាក់ញត្តិថា ប្រសិនបើវាត្រូវធ្វើឡើងចំនួនបីថ្ងៃ គឺត្រូវធ្វើទាំងបីថ្ងៃ”។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលើកឡើងម្ដងទៀតថា កងរាជអាវុធហត្ថបានត្រៀមរួចហើយ ដើម្បីរារាំងការហែក្បួនណាមួយពីទីលានប្រជាធិបតេយ្យដោយគ្មានការអនុញ្ញាត។ លោកបាមមានប្រសាសន៍ថា “នៅពេលពួកគេធ្វើបាតុកម្មយើងនឹងអនុវត្តតាមបទបញ្ជា។ រឿងសំខាន់បំផុតនោះគឺថា បាតុករត្រូវតែគោរពច្បាប់ដែលអនុញ្ញាតឲ្យពួកគេ [ធ្វើបាតុកម្ម]” ៕
(រាយការណ៍បន្ថែមដោយ គីម ចាន់)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង