នៅក្នុងសន្និសីទទាក់ទងនឹងវិស័យកសិកម្ម មួយកាលពីសប្តាហ៍មុន មានការលើកឡើងថា ប្រជាជនខ្មែរប្រមាណ៩,៥លាននាក់ ដែលពាក់ព័ន្ធផ្ទាល់ក្នុងវិស័យកសិកម្ម ត្រូវតែប្រើបច្ចេកទេសថ្មី ដើម្បីទប់ទល់នឹងបញ្ហាអាកាស ធាតុដ៏ស្រចស្រាវ បណ្តាលពីការប្រែប្រួលអាកាសធាតុ ហើយរដ្ឋាភិបាលត្រូវតែសហការជាមួយប្រជាកសិករ ដើម្បីធានាថាបច្ចេកទេសទាំងនោះមានប្រសិទ្ធភាព។
លោក វីអា ហារីដាស (V.R. Haridas) អ្នកជំនាញផ្នែកវិទ្យាសាស្ត្របរិស្ថានប្រចាំអង្គការការីតាសឥណ្ឌា (Caritas India)ដែល អញ្ជើ្ញមកទីនេះពីប្រទេសឥណ្ឌា ដើម្បីថ្លែងនៅក្នុងវេទិកាកសិករថ្នាក់ជាតិ (National Farmers’ Forum) នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ បានជំរុញឲ្យរដ្ឋាភិបាលសហការជាមួយប្រជាកសិករ ក្នុងវិស័យកសិកម្មដែលផ្តល់យ៉ាងហោចណាស់មួយភាគបីនៃផលិតផលក្នុងស្រុកសរុប (ជីឌីភី) របស់ប្រទេសកម្ពុជា ក្នុងគោលបំណងធានាសន្តិសុខស្បៀងអាហាររបស់ប្រទេសកម្ពុជា។
លោក ហារីដាស បានមានប្រសាសន៍ថា “អនាគតរបស់ប្រជាកសិករនៅទូទាំងតំបន់អាស៊ីអាចប្រឈមនឹងហានិភ័យដោយសារតែលក្ខខណ្ឌទឹកភ្លៀងកាន់តែកើនឡើងដែលមិនអាចព្យាករបាន ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ”។ លោកបានមានប្រសាសន៍បន្តថា “កសិករទាំងនេះពឹងផ្អែកតែខ្លួនឯងប៉ុណ្ណោះក្នុងការបង្កបង្កើនផល តាមវិធីបុរាណរបស់ខ្លួន ក៏ប៉ុន្តែ ពេលនេះតម្រូវឲ្យធ្វើបច្ចុប្បន្នភាពលើរបៀបធ្វើកសិកម្មនៅលើដីរបស់ខ្លួនដើម្បីទទួលបានផលប្រយោជន៍ប្រសើរបំផុតដោយខ្លួនឯង និងស្តុកស្បៀងអាហាររបស់ប្រទេសជាតិ”។
លោក ហារីដាស បានឲ្យដឹងទៀតថា ខណៈដែលទឹកជំនន់មិនអាចចៀសវាងបាន ដែលជាហេតុការណ៍កើតឡើងប្រចាំឆ្នាំវាជាអ្វីដែលប្រជាកសិករអាចត្រៀមខ្លួនបានប្រសើរជាងមុន។ លោកបានបន្តថា “មានសក្តានុពលក្នុងការជីកត្រពាំងទឹក និងប្រឡាយធារាសាស្ត្រទ្រង់ទ្រាយតូចរាប់ពាន់ ក្នុងតម្លៃថោក ដែលនឹងជួយកាត់បន្ថយទឹកជំនន់ ហើយក៏រក្សាទឹកបានយូរផងដែរ សម្រាប់ពេលដែលគ្មានទឹក។ គេ ធ្វើបាននៅក្នុងប្រទេសឥណ្ឌា ហើយក៏អាច ធ្វើបាននៅទីនេះផងដែរ”។
លោក ជា ម៉េង អនុប្រធានរដ្ឋបាលនៅនាយកដ្ឋានថវិកាក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងកាលពីថ្ងៃសុក្រថា មូលនិធិសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាចនឹងកើនឡើងចំនួនពី២០,២លានដុល្លារនៃថវិកាជាង៣.០០០លានដុល្លារ របស់ប្រទេស សម្រាប់ឆ្នាំ២០១៣ដល់២៣,៥លានដុល្លារក្នុងឆ្នាំ ២០១៤។ បើទោះជាចំនួន នៃមូលនិធិរដ្ឋាភិបាលដែលផ្តោតសំខាន់ទៅលើវិស័យកសិកម្ម មានតិចតួចក៏ដោយ ក៏មានឆន្ទៈខិតខំប្រឹងប្រែងធ្វើការកាន់តែច្រើនថែមទៀតដែរ។
លោក ជា ម៉េង បានឲ្យដឹងថា “ថវិកានេះ ត្រូវបានដំឡើង ពីព្រោះយើងចង់យកចិត្តទុក ដាក់បន្ថែមទៀតចំពោះក្រសួងកសិកម្ម ហើយ យើងដឹងហើយថា ក្រសួងធនធានទឹកចង់កសាង [ប្រឡាយ] ធារាសាស្ត្រជាច្រើន”។ លោក សាយ សំអាល់ រដ្ឋមន្ត្រីថ្មីនៃក្រសួង បរិស្ថានក៏បានលើកឡើងដែរថា លោកគាំទ្រឲ្យមានការចំណាយថវិកាជាតិបន្ថែមទៀតទៅលើប្រព័ន្ធធារាសាស្ត្រ។
លោក សំអាល់ បានមានប្រសាសន៍ថា “ប្រសិនបើយើងគ្រាន់តែអនុវត្តនយោបាយមួយ គួរតែសាងសង់ធារាសាស្ត្រខ្នាតតូច ជាពិសេសនៅក្នុងខេត្តកំពង់ស្ពឺ។ ប្រសិនបើយើងអាចស្ថាបនាផ្លូវថ្នល់ នោះយើងអាចសង់ទំនប់បាន”។
របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីឆ្នាំ២០១១បានបង្ហាញការព្យាករថា កម្ពុជាដែលស្ថិតក្នុងចំណោមប្រទេសទាំងប្រាំមួយនៅក្នុងអាងទន្លេមេគង្គ នឹង“ ទទួលផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងក្លាបំផុត” ដោយមានរដូវក្តៅ ឬរដូវប្រាំង ដែលស៊ីពេល កាន់តែយូរ និងរាំងស្ងួតកាន់តែខ្លាំង ហើយរដូវភ្លៀងបែរជាមានពេលខ្លី ខណៈដែលភ្លៀងធ្លាក់កាន់តែច្រើន។
ប្រជាកសិករនៅក្នុងខេត្តកំពង់ស្ពឺ ដែលជាខេត្តមានដំណាំស្រូវរងភាពរាំងស្ងួត និងទឹកជំនន់យ៉ាងទៀងទាត់ បានលើកឡើងថា ប្រព័ន្ធធារាសាស្ត្រខ្នាតតូចមួយនឹងផ្តល់ជំនួយដ៏ធំសម្បើម។
លោក ឡុង ឌឿន កសិករមួយរូបនៅខេត្ត កំពង់ស្ពឺ និងជាតំណាងឲ្យអង្គការអភិវឌ្ឍន៍ជនបទ ពន្លឺនៃក្តីសង្ឃឹម បានមានប្រសាសន៍ថា “យើងខាតបង់ដំណាំស្រូវរាប់ពាន់ហិកតារៀងរាល់ឆ្នាំ ដោយសារតែភាពរាំងស្ងួត និងទឹកជំនន់ ហើយភាគច្រើនអាចចៀសវាងបាន។យើងបានដាក់សំណើឲ្យមានប្រព័ន្ធ ធារាសាស្ត្រខ្នាតតូចមួយ [ទៅអាជ្ញាធរខេត្ត] ច្រើនលើកហើយ ក៏ប៉ុន្តែ ជានិច្ចកាលពួកគេតែងតែប្រាប់យើងឲ្យរង់ចាំ ពីព្រោះពួកគេគ្មានប្រាក់”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី