កាលពីម្សិលមិញ ព្រះរាជអាជ្ញាបានស្នើឲ្យចៅក្រមនៅសាលាក្តីខ្មែរក្រហមដាក់ពន្ធនាគារអតីតមេដឹកនាំរបបនេះគឺ នួន ជា និង ខៀវ សំផន អស់មួយជីវិត ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលរួមបញ្ចូលទាំងការជម្លៀសប្រជាជនទាំងបង្ខំចេញពីក្រុងភ្នំពេញ ការបញ្ជូនមនុស្សទាំងបង្ខំទៅកន្លែងធ្វើការ និងការសម្លាប់ទាហានរបបសាធារណរដ្ឋខ្មែរ និងមន្ត្រីនានានៅតំបន់មួយក្នុងខេត្តពោធិ៍សាត់។
ពេលបញ្ចប់សវនាការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ការពិភាក្សាដេញដោលដ៏លម្អិតរយៈពេលបីថ្ងៃ សហព្រះរាជអាជ្ញារងលោកវីលលៀម ស្មីត បានលើកឡើងថា នួន ជា អាយុ៨៧ឆ្នាំ និង ខៀវ សំផន អាយុ៨២ឆ្នាំ បានជាប់ពាក់ព័ន្ធនៅក្នុងអ្វីដែលលោកហៅថា ជាសហឧក្រិដ្ឋកម្មរួម មានគោលបំណងទៅលើមន្ត្រមកពីរបបសាធារណរដ្ឋខ្មែររបស់ លន់ នល់ និងការរើសអើង ព្រមទាំងការយកប្រជាពលរដ្ឋក្នុងក្រុងធ្វើជាទាសករ។
លោក និល ណុន ប្រធានអង្គបុរេជំនុំជម្រះនៅពេលនោះបានបង្គាប់ឲ្យគេនាំ នួន ជា ដែលបានចំណាយពេលជាច្រើនស្តាប់សវនាការនៅក្នុងបន្ទប់ឃុំឃាំងរបស់គាត់ចូលមកក្នុងបន្ទប់សវនាការ រួមជាមួយនឹង ខៀវ សំផន ដើម្បីស្តាប់នូវទោសដែលលោកស្រី ជា លាង សហព្រះរាជអាជ្ញាជាតិបានស្នើឡើង។
លោកស្រីបានប្រាប់ចៅក្រមបន្ទាប់ពី នួន ជា ដែលមានទឹកមុខមិនសប្បាយរីករាយ និងពាក់វ៉ែនតាខ្មៅរបស់គាត់ចូលមកអង្គុយក្នុងកៅអីរបស់គាត់ថា “ ឥទ្ធិពលនៃរបបនេះនៅតែមានរហូតមកដល់ថ្ងៃនេះ”។
លោកស្រី ជា លាង បានមានប្រសាសន៍ថា “ផ្អែកតាមច្បាប់ស្តីពីអង្គជំនំុជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីផ្តន្ទាទោសលើបទឧក្រិដ្ឋដែលបានប្រព្រឹត្តអំឡុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ព្រះរាជអាជ្ញាសូមស្នើឲ្យអង្គបុរេជំនំុជម្រះ និងចៅក្រមផ្តន្ទាទោស នួន ជា និង ខៀវ សំផន អស់មួយជីវិត ជាទោសដែលពួកគេសមនឹងទទួល ហើយនេះក៏គឺជាស្តង់ដារអន្តរជាតិចំពោះបទឧក្រិដ្ឋទាំងនេះផងដែរ។
ចាប់តាំងពីសវនាការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ការពិភាក្សាដេញដោលបានចាប់ផ្តើមកាលពីសប្តាហ៍មុនមក ព្រះរាជអាជ្ញាបានលើកឡើងខ្លាំងៗថា មានភ័ស្តុតាងគ្រប់គ្រាន់ដែលបង្ហាញថា នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពចំពោះបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់មកលើពួកគាត់ នៅក្នុងដំណាក់កាលនៃរឿងក្តីប្រឆាំងពួកគាត់។
លោក ស្មីត បានប្រាប់តុលាការកាលពីម្សិលមិញថា មេដឹកនាំបក្សកុម្មុយនីស្តកម្ពុជាញៀនលើការបោសសម្អាតនិងការកម្ទេចសត្រូវ ដែលបានធ្វើឲ្យមនុស្សជាច្រើននាក់ស្លាប់។ លោកបានមានប្រសាសន៍ថា ទោះបីជាក្រុមមេធាវីនេះព្យាយាមបញ្ចុះបញ្ចូលតុលាការថា ការសម្លាប់មនុស្សត្រូវបានអនុវត្តដោយមន្ត្រីឯករាជ្យថ្នាក់ក្រោមក៏ដោយ ក៏កំណត់ហេតុនៃកិច្ចប្រជំុ ឯកសារផ្សេងៗទៀត និងបទសម្ភាសផ្ទាល់ជាមួយមន្ត្រីទាំងនោះបង្ហាញថា នេះមិនមែនជាការពិតទេ។
លោក ស្មីត បានសួរថា “ តើ នួន ជា ជានរណា តើគាត់បានធ្វើអ្វីខ្លះ និងតើគាត់តំណាងឲ្យអ្វីពេលនេះ?”។ លោកបានបន្ថែមថា សំណួរដែលលោក សុន អារុណ មេធាវីជាតិរបស់ នួន ជា សួរទៅសាក្សីអំពីចរិតរបស់គាត់ គឺគ្មានន័យទាល់តែសោះចំពោះក្រុមមេធាវីរបស់គាត់។ លោកបានបន្តថា “យើងមានមន្ត្រីច្រើនថ្នាក់ ហើយពិបាកជួបមុខឃាតករណាស់។ អ្នកដែលទទួលខុសត្រូវចំពោះការស្លាប់មនុស្សដ៏ច្រើនបែបនេះកម្របង្ហាញភាពខ្មៅងងឹតរបស់ខ្លួនជាសាធារណៈណាស់។ ប្រវត្តិសាស្ត្រពិតជាបានបង្រៀនយើងថា មេដឹកនាំនយោបាយធ្វើពុតជាស្រឡាញ់ប្រទេសរបស់ខ្លួនខ្លាំងណាស់ ប៉ុន្តែ បែរជាប្រព្រឹត្តបទឧក្រិដ្ឋដ៏គួរឲ្យភ័យខ្លាចទៅវិញ”។
លោក ស្មីត បានលើកឡើងថា នួន ជា គឺជាមនុស្សជ្រុលនិយមម្នាក់នៅពេលនោះ និងនៅតែជាមនុស្សជ្រុលនិយមនាពេលនេះ នេះបើផ្អែកតាមសម្តីដែលគាត់បាននិយាយនៅក្នុងតុលាការ។ លោកបានមានប្រសាសន៍ថា “គាត់គឺជាមនុស្សជូរចត់ម្នាក់ ដែលធ្វើជាចារកម្ម ធ្វើជា ស៊ីអាយអេ និងកាហ្សេបេ ដែលមាននៅគ្រប់ទីកន្លែង។ យោបល់របស់ នួន ជា អំពីសិទ្ធិមនុស្ស គឺសិទ្ធិកាន់អាវុធប្រឆាំងនឹងសត្រូវ”។ “នេះគឺជាមនុស្សដែលចូលចិត្តសម្លាប់សាច់ញាតិ និងបងប្អូនបដិវត្តន៍របស់ខ្លួនដែលគាត់បានតស៊ូជាមួយអស់រយៈពេលជាច្រើនឆ្នាំ ប្រសិនបើគាត់សង្ស័យថា ពួកគេមិនស្មោះ ត្រង់ចំពោះបក្ស។ មនុស្សណាដែលស្ថិតនៅក្រោមអំណាចរបស់ ប៉ុល ពត គឺជាអ្នកប្រកាន់តឹងជ្រុល”។
លោកបានបន្ថែមថា “មានការគំរាមកំហែងមួយចំនួនចំពោះមនុស្សជាតិ ដែលធ្ងន់ធ្ងរជាងការគំរាមកំហែងពីមនុស្សដែលងប់ងល់នឹងមនោគមវិជ្ជា ជំនឿ ឬសាសនា ព្រោះពួកគេសុខចិត្តធ្វើអ្វីៗទាំងអស់ទោះតាមមធ្យោបាយណាក៏ដោយ មិនថា មានការបំផ្លិចបំផ្លាញ ឬខុសច្បាប់ប៉ុណ្ណានោះទេ ដើម្បីសម្រេចគោលដៅរបស់ខ្លួន”។
លោកបានបន្តពន្យល់ប្រាប់ថា នួន ជា គឺជាមនុស្សដ៏សំខាន់ម្នាក់របស់បក្សកម្ពុជាប្រជាធិបតេយ្យ ចាប់ពីបដិវត្តន៍ឆ្វេងនិយម “រហូតដល់ឧក្រិដ្ឋជនសង្គ្រាមដែលត្រូវទទួលខុសត្រូវចំពោះការស្លាប់ប្រជាពលរដ្ឋខ្មែររាប់សែននាក់”។ លោកបានមានប្រសាសន៍ថា ហើយថ្វីបើគាត់ធ្លាប់បាននិយាយដោយចំហអំពីអតីតកាលរបស់គាត់នៅក្នុងបទសម្ភាសថតវីដេអូក៏ដោយ ក៏ នួន ជា គ្មានបំណងនិយាយដោយចំហប្រាប់តុលាការដែរ។
លោក ស្មីត បានមានប្រសាសន៍ថា ការទាញហេតុផលផ្ទាល់មាត់របស់មេធាវីគាត់ដែលគ្រោងធ្វើនៅសប្តាហ៍នេះ និងដែលបង្ហាញពីសមត្ថភាពមានកម្រិតថា នួន ជា ខុសពីមេមនោគមវិជ្ជានោះ គឺប្រហែលជាការគួរឲ្យក្រៀមក្រំបំផុត និងការភូតកុហកដែលមិនគួរឲ្យជឿទាល់តែសោះ។ លោកបានលើកឡើងថា នួន ជា ដែលបានរៀនសូត្របញ្ចប់សាកលវិទ្យាល័យ និងចេះនិយាយភាសាបីបានល្អ គឺអាចនិយាយការពារខ្លួនបានជោគជ័យនៅក្នុងកិច្ចប្រជំុការទូត និងអំពីការបង្កើតគោលនយោបាយប្រកាន់តឹងរបស់បក្សនេះ។
លោក ស្មីត ក៏បានរិះគន់មេធាវីរបស់ ខៀវ សំផន ដែលបានចាត់ទុកខ្លួនគាត់ថា ជាមនុស្សម្នាក់ដែលបានធ្លាក់ចូលទៅក្នុងបក្សកម្ពុជាប្រជាធិបតេយ្យដោយចៃដន្យ។ លោក ស្មីត បាននិយាយចំអកយ៉ាងច្បាស់ថា “គាត់មានឋានៈខ្ពស់បំផុត ប៉ុន្តែ គាត់មិនបានដឹងទាល់តែសោះអំពីផែនការដែលសហការីរបស់គាត់បានអនុវត្ត។ គាត់គឺជាមនុស្សតែម្នាក់គត់នៅក្នុងប្រទេសកម្ពុជា ដែលមិនដឹងអ្វីសោះ មិនឃើញអ្វីសោះ និងមិនឮអ្វីទាល់តែសោះ”។
ផ្ទុយទៅវិញលោក ស្មីត បានមានប្រសាសន៍ថា “ភ័ស្តុតាងបង្ហាញពីមនុស្សម្នាក់ដែលតាមពិតគឺជាសមាជិកស្ទាត់ជំនាញ និងពោរពេញដោយកលល្បិចនៅក្នុងជួរថ្នាក់ដឹកនាំជាន់ខ្ពស់ដែលស្រេកឃ្លានចង់បានអំណាច និងដែលរួមជាមួយ ប៉ុល ពិត និង នួន ជា ដែរនោះ យល់ស្របចំពោះការប្រើអំពើហិង្សា ដើម្បីអំណាចរបស់ខ្លួន និងដែលបានធ្វើឲ្យមានការសម្លាប់មនុស្សស្លូតត្រង់ និងជឿថា វាជាការត្រឹមត្រូវក្នុងការកម្ទេចជនណាដែលរារាំងផ្លូវរបស់បក្សកម្ពុជាប្រជាធិបតេយ្យ”។
លោកបានមានប្រសាសន៍ថា គ្មានប្រយោជន៍ ទេក្នុងការលើកឡើងក្រៅពីនេះដែលអាចធ្វើឲ្យព្រះរាជអាជ្ញាជឿថា ខៀវ សំផន មិនជាប់ពាក់ព័ន្ធអ្វីក្រៅពីគាត់ជាមនុស្សដ៏សំខាន់ម្នាក់នៅក្នុងរបបនេះដែលបានឃើញគេជម្លៀសប្រជាជនចេញពីទីក្រុង និងឃើញការស្លាប់របស់មនុស្សយ៉ាងច្រើននោះទេ។ ធាតុពិតរបស់ ខៀវ សំផន នៅក្នុងបក្សកម្ពុជាប្រជាធិបតេយ្យមិនមែនជាការចង់ឡើងកាន់អំណាចទេ ប៉ុន្តែ គ្រាន់តែចង់ជួបជុំគ្នាឡើងវិញដោយសប្បាយរីករាយជាមួយកម្មាភិបាលរបស់ខ្លួន ដែលចេះតែពីសើចនិងនិយាយសប្បាយខណៈដែលជនរួមជាតិរបស់ខ្លួនខំប្រឹងធ្វើការ និងអត់បាយស្លាប់។
លោក ស្មីត បានមានប្រសាសន៍ថា “ខៀវ សំផន ជាមនុស្សពិបាកបោក។ គាត់ជាប់ពាក់ព័ន្ធច្រើននឹងបទឧក្រិដ្ឋទាំងនេះ និងមានទស្សនវិស័យដូចគ្នាជាមួយទស្សនវិស័យរបស់ ប៉ុល ពត និង នួន ជា”។ លោកបានមានប្រសាសន៍ថា ក្នុងចំណោមកំណត់ហេតុកិច្ចប្រជំុដែលនៅសេសសល់មួយចំនួនតូចសម្រាប់កិច្ចប្រជំុរបស់ខ្មែរក្រហមចំនួន១៩លើកនោះ ខៀវ សំផន មានវត្តមានចូលរួមចំនួន១៦ភាគរយក្នុងចំណោមកិច្ចប្រជុំ៨៤ភាគរយ។
លោក ស្មីត បានមានប្រសាសន៍ថា មានភ័ស្តុតាងក្រៅពីការសង្ស័យដ៏សមហេតុផលថា សហចុងចោទរូបនេះមានការជាប់ពាក់ព័ន្ធជិតស្និទ្ធជាមួយសហឧក្រិដ្ឋកម្មរួម ដែលមានតែរបបខ្មែរក្រហម និងទង្វើរបស់បុគ្គលខ្លួនប៉ុណ្ណោះបានរួមចំណែកដល់ឧក្រិដ្ឋកម្មដែលមានទំនាក់ទំនងខាងក្នុងច្រើន។
លោកស្រី ហីុតឌ័រ រីយ៉ែន អ្នកឃ្លាំមើលសាលាក្តីនៅអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌សង្គមសាធារណៈបានមានប្រសាសន៍ថា ការដែលព្រះរាជអាជ្ញាស្វះស្វែងឲ្យមានការដាក់ពន្ធនាគារអស់មួយជីវិតនេះ គ្មានអ្វីប្លែកទាល់តែសោះនៅក្រោមកាលៈទេសៈនេះ។
លោកស្រី រីយ៉ែន បានមានប្រសាសន៍ថា “ដោយសារថា អង្គជំនុំជម្រះតុលាការកំពូលបានបង្កើនទោសជាប់ពន្ធនាគាររបស់ ឌុច នៅពេលដែលការផ្តន្ទាទោសដំបូងមិនដល់មួយជីវិតនោះ មានការលើកឡើងជាច្រើនឲ្យមានការផ្តន្ទាទោសកាន់តែយូរចំពោះមេដឹកនាំជាន់ខ្ពស់”។ “វាជានិមិត្តរូបក្នុងការនិយាយថា ការផ្តន្ទាទោសមួយជីវិតជាការសមស្រប នៅ ពេលដែលយើងមានមនុស្សដែលមិនសង្ឃឹមរស់បានយូរនោះ។ វាជាស្តង់ដា រនិងការអនុវត្តមួយប្រភេទដែលត្រូវបានបង្កើតឡើងនៅក្នុងច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ”។
ហេតុផលមួយទៀតដែលគេស្នើឲ្យមានការផ្តន្ទាទោសមួយជីវិតនេះ គឺដោយសារជនជាប់ចោទរូបនេះមិនបានបង្ហាញវិប្បដិសារី ឬសហការជាមួយព្រះរាជអាជ្ញាឡើយ។ មេធាវីរបស់ នួន ជា គ្រោងនឹងចូលរួមសវនាការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ការពិភាក្សាដេញដោលនៅថ្ងៃនេះទៀត៕
ប្រែសម្រួលដោយ មូល គឹមហឿន