ក្រសួងមហាផ្ទៃបានប្រកាសកាលពីម្សិលមិញនៅក្នុងកិច្ចប្រជុំនៅនាទីចុងក្រោយមួយថា ខ្លួនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដឹកនាំមនុស្ស១.០០០នាក់ហែក្បួនតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅការិយាល័យអង្គការសហប្រជាជាតិ និងស្ថានទូតបរទេសចំនួនប្រាំបី អំឡុងមហាបាតុកម្មរយៈពេលបីថ្ងៃរបស់ខ្លួន ដែលត្រូវចាប់ផ្ដើមនៅថ្ងៃនេះ។

កិច្ចប្រជុំនៅសាលារាជធានីភ្នំពេញនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសអំពាវនាវឲ្យសាលារាជធានីព្រមព្រៀងតាមគណបក្សសង្គ្រោះជាតិ ដើម្បីផ្ដល់ច្រកសុវត្ថិភាពសម្រាប់ការហែក្បួនរបស់សមាជិកគណបក្សប្រឆាំងមួយនេះនៅទូទាំងរាជធានីភ្នំពេញ ក្នុងការដាក់ញត្តិរបស់ខ្លួនដើម្បីអំពាវនាវឲ្យស្ថានទូតបរទេសនានាជួយអន្តរាគមន៍ក្នុងស្ថានភាពជាប់គាំងផ្នែកនយោបាយនាពេលបច្ចុប្បន្ន។
សាលារាជធានីភ្នំពេញធ្លាប់បានលើកឡើងថា នឹងមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិហែក្បួនឡើយអំឡុងបាតុកម្មរបស់ខ្លួន ខណៈដែលមេដឹកនាំគណបក្សប្រឆាំងបានលើកឡើងម្ដងហើយម្ដងទៀតថា ក្រឹត្យបែបនេះមិនស្របច្បាប់ទេ ហើយខ្លួននឹងមិនគោរពតាមឡើយ។
សេចក្ដីជូនដំណឹងមួយចេញអំឡុងកិច្ចប្រជុំកាលពីម្សិលមិញនឹងដែលចុះហត្ថលេខាដោយលោក បា៉ សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងភាគច្រើនតាមសេចក្ដីប្រកាសរបស់លោក ស ខេង កាលពីថ្ងៃច័ន្ទ ប៉ុន្តែបានបញ្ជាក់ថា អនុញ្ញាតឲ្យមនុស្សតែ១.០០០នាក់ប៉ុណ្ណោះ ដែលអាចហែក្បួនបានទូទាំងរាជធានី។
សេចក្ដីជូនដំណឹងនោះមានខ្លឹមសារថា “អ្នកដែលយកញត្តិទៅប្រគល់ជូនស្ថានទូតនានាមិនត្រូវលើសពីចំនួន១.០០០នាក់ឡើយ ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបញ្ចៀសការកកស្ទះចរាចរណ៍ និងដើម្បីគ្រប់គ្រងបាតុករផងដែរ”។
សេចក្ដីជូនដំណឹងនេះបានបន្ថែមថា អនុញ្ញាតឲ្យតំណាងតែ១០រូបប៉ុណ្ណោះ ប្រគល់ញត្តិទៅឲ្យស្ថានទូតនានា។ មហាបាតុកម្មរយៈពេលបីថ្ងៃរបស់គណបក្សសង្គ្រោះជាតិត្រូវបានកំណត់ពេលធ្វើឡើងឲ្យស្របគ្នានឹងខួបទី២២ នៃការចុះកិច្ចព្រមព្រៀងទីក្រុងបា៉រីស ឆ្នាំ១៩៩១ គឺនៅថ្ងៃនេះឯង។
គណបក្សប្រឆាំងបានចំណាយពេលពីរសប្ដាហ៍កន្លងមកនេះ ដើម្បីប្រមូលស្នាមមេដៃ និងហត្ថលេខាសម្រាប់ញត្តិមួយដើម្បីអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលនៃប្រទេសចំនួន១៨ ដែលជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ជួយអន្តរាគមន៍ដើម្បីការពារឲ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឲ្យមានជីវិតរស់រាន ក្រោយពីលទ្ធផលដ៏ចម្រូងចម្រាសនៃការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា។
ពេលចេញពីកិច្ចប្រជុំរយៈពេល៣ម៉ោងនៅសាលារាជធានីនៅម៉ោងជិត៥ល្ងាចកាលពីម្សិលមិញ លោក គួយ ប៊ុនរឿន តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលជាអ្នកមានតួនាទីឈានមុខគេនៅក្នុងការចរចាជាមួយរដ្ឋាភិបាលបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពីការបោះឆ្នោតដ៏ចម្រូងចម្រាសមកនោះ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ និងសាលារាជធានីភ្នំពេញបានព្រមព្រៀងគ្នាលើចំណុចពេលវេលា និងផ្លូវសម្រាប់ការហែក្បួន ដែលត្រូវចាប់ផ្ដើមនៅថ្ងៃនេះ។
លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា “នៅថ្ងៃទី២៣ យើងនឹងចាប់ផ្ដើមហែក្បួនទៅកាន់ការិយាល័យអង្គការសហប្រជាជាតិនៅម៉ោង៣រសៀល។ នៅថ្ងៃទី២៤ វេលាម៉ោង៨ព្រឹក យើងនឹងហែក្បួនពីទីលានប្រជាធិបតេយ្យឆ្ពោះទៅកាន់ស្ថានទូតបារាំង ស្ថានទូតអង់គ្លេស និងស្ថានទូតសហរដ្ឋអាមេរិក។ នៅថ្ងៃទី២៥ យើងនឹងហែក្បួននៅម៉ោង៨ព្រឹក ឆ្ពោះទៅកាន់ស្ថានទូតអូស្ត្រាលី ស្ថានទូតរុស្ស៊ី ស្ថានទូតជប៉ុន ស្ថានទូតឥណ្ឌូណេស៊ី ហើយចុងក្រោយបង្អស់ យើងនឹងហែទៅស្ថានទូតចិន”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ក្រសួងមហាផ្ទៃបានស្នើសុំឲ្យយើងរក្សាចំនួនមនុស្សក្រោម១.០០០នាក់ ប៉ុន្តែយើងស្នើសុំ៥.០០០នាក់។ យើងនឹងចាប់ផ្ដើមពីចំនួន១.០០០នាក់ ហើយប្រហែលជាអ្នកផ្សេងទៀតនឹងចូលរួមដែរ”។
លោកស្រី មូរ សុខហួរ ប្រធានអ្នករៀបចំមហាបាតុកម្មនេះមានការជឿជាក់ខ្លាំងលើការព្យាកររបស់គណបក្សប្រឆាំង។ លោកស្រីបានមានប្រសាសន៍ថា “យើងបានស្នើសុំ៥.០០០នាក់ ហើយយើងគ្រោងទុកសម្រាប់៥.០០០នាក់។ ប្រសិនបើពួកគេចង់រាប់ចំនួន១.០០០នាក់ ស្រេចតែពួកគេទៅ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា សេចក្ដីសម្រេចអនុញ្ញាតជាពិសេសឲ្យមនុស្ស១.០០០នាក់ហែក្បួនអំឡុងបាតុកម្មរបស់គណបក្សប្រឆាំងនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកបានមានប្រសាសន៍ថា “សេចក្ដីសម្រេចនេះចេញពីក្រសួងមហាផ្ទៃ យើងគ្មានសិទ្ធិធ្វើសេចក្ដីសម្រេចនេះទេ”។
លោកបានពន្យល់ថា សាលារាជធានីបានអនុវត្តតាមបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យព្រមព្រៀងតាមផែនការរបស់គណបក្សសង្គ្រោះជាតិ។
លោកបានមានប្រសាសន៍ថា “ផ្លូវដែលពួកគាត់នឹងត្រូវប្រើ [ថ្ងៃនេះ] គឺផ្លូវលេខ៥១។ ពួកគាត់នឹងហែក្បួនរហូតដល់ផ្លូវលេខ៣០២ ដោយបាតុករនឹងត្រូវរង់ចាំនៅទីនោះ ហើយតំណាងប្រាំរូបនឹងចូលទៅការិយាល័យអង្គការសហប្រជាជាតិ ហើយបន្ទាប់មកពួកគាត់នឹងត្រឡប់ទៅទីលានប្រជាធិបតេយ្យវិញ”។
លោក ឡុង ឌីម៉ង់ បានពន្យល់ទៀតថា ខណៈដែលមនុស្ស១.០០០នាក់ទទួលបានការអនុញ្ញាតឲ្យហែក្បួននៅទូទាំងរាជធានីភ្នំពេញនោះ ការហែក្បួនត្រូវតែឈប់នៅចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រពីស្ថានទូតនីមួយៗ ចំណែកឯតំណាងរបស់ពួកគេនឹងទទួលបានការអនុញ្ញាតឲ្យដើរចូលទៅស្ថានទូតនីមួយៗ។ លោកមានប្រសាសន៍ថា “យើងបានទទួលសំណើពីស្ថានទូតទាំងនោះ ដែលលើកឡើងថា ពួកគាត់មិនចង់ឲ្យបាតុករដើរកាត់ស្ថានទូតរបស់ពួកគាត់ឡើយ”។
អ្នកនាំពាក្យសាលារាជធានីរូបនេះ ក៏បានគូសបញ្ជាក់ដែរពីផ្លូវដូចបានព្រមព្រៀងគ្នា សម្រាប់ការហែក្បួននៅព្រឹកថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ។
នៅថ្ងៃព្រហស្បតិ៍ បាតុករនឹងហែក្បួនចេញពីទីលានប្រជាធិបតេយ្យតាមបណ្ដោយផ្លូវលេខ៦១ឆ្ពោះទៅភាគខាងជើង ដើម្បីដាក់ញត្តិជូនស្ថានទូតសហរដ្ឋអាមេរិក ដែលនៅក្បែរនោះ។ បន្ទាប់មកពួកគេនឹងបន្តដំណើរតាមបណ្ដោយផ្លូវនេះឆ្ពោះទៅចំណុចប្រសព្វជាមួយនឹងផ្លូវលេខ៤៧ ដែលភ្ជាប់ចំណុចរមណីយដ្ឋានវត្តភ្នំ។
យោងតាមកិច្ចព្រមព្រៀងនេះ អ្នកហែក្បួននឹងត្រូវរង់ចាំ ខណៈពេលតំណាងរបស់ខ្លួនដើរទៅតែឯង ដើម្បីដាក់ញត្តិជូនស្ថានទូតបារាំង និងស្ថានទូតអង់គ្លេសដែលនៅក្បែរនោះ ហើយបន្ទាប់មកនឹងត្រូវត្រឡប់ក្រោយឆ្ពោះទៅទីលានប្រជាធិបតេយ្យវិញនៅម៉ោង១០និង៣០នាទីព្រឹក។
នៅថ្ងៃសុក្រ បាតុករនឹងហែក្បួនម្ដងទៀតតាមផ្លូវលេខ៥១ រហូតដល់ផ្លូវលេខ៣០២ ចំណុចដែលពួកគេត្រូវបត់ទៅប៉ែកខាងកើតឆ្ពោះទៅមាត់ទន្លេ។ អ្នកហែក្បួននឹងត្រូវរង់ចាំនៅជិតចំណុចប្រសព្វនៃផ្លូវលេខ២៩៤ និងមហាវិថីសុធារស ខណៈពេលមេដឹកនាំបាតុកម្មដាក់ញត្តិទៅស្ថានទូតអូស្ត្រាលី និងស្ថានទូតរុស្ស៊ី។
បន្ទាប់មកការហែក្បួននឹងបន្តតាមបណ្ដាយមហាវិថីព្រះនរោត្តម ឆ្ពោះទៅភាគខាងត្បូង និងបន្តទៅមហាវិថីម៉ៅសេទុង កន្លែងដែលត្រូវដាក់ញត្តិជូនស្ថានទូតជប៉ុន និងស្ថានទូតចិន។ នៅម៉ោងប្រហែល១១ព្រឹកថ្ងៃសុក្រ អ្នកហែក្បួននឹងឆ្ពោះទៅមហាវិថីព្រះមុនីវង្ស ហើយនឹងបន្តឆ្ពោះទៅផ្លូវលេខ១១០ ដើម្បីត្រឡប់ទៅទីលានប្រជាធិបតេយ្យវិញ។
សាលារាជធានីក៏បានចេញសេចក្ដីជូនដំណឹងមួយស្នើសុំឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចៀសវាងផ្លូវនានា ដែលបាតុករប្រើប្រាស់អំឡុងពេលហែក្បួនតាមការព្រមព្រៀងគ្នានេះ។
លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញដែរ បានមានប្រសាសន៍ថា ប្រសិនបើមនុស្សជាង១.០០០នាក់ ហែក្បួនតាមផ្លូវនៅរយៈពេលបីថ្ងៃក្រោយ វានឹងបង្ហាញថា គណបក្សសង្គ្រោះជាតិចរចាឲ្យតែរួចពីមាត់។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ប្រសិនបើពួកគាត់បន្តលើសពីចំនួន [មនុស្ស] ដែលសាលារាជធានីបានកំណត់ វានឹងបង្ហាញពីចរិតរបស់គណបក្សសង្គ្រោះជាតិក្នុងការអនុវត្តច្បាប់”។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា សាលារាជធានីត្រៀមផ្ដល់សន្ដិសុខរួចជាស្រេច ដើម្បីការពារបាតុករខណៈពេលពួកគេហែក្បួន ប៉ុន្តែថា កងរាជអាវុធហត្ថនឹងប្រចាំការ ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងធ្វើឡើងកាលពីម្សិលមិញនេះ ប្រសិនបើចាំបាច់។ លោកបានមានប្រសាសន៍ថា “យើងនឹងប្រើប្រាស់នគរបាល ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ ប៉ុន្តែប្រសិនបើនគរបាលគ្រប់គ្រងលែងបាន យើងនឹងបញ្ជូនកងរាជអាវុធហត្ថដើម្បីធ្វើការបង្ក្រាបលើបាតុកររហូតដល់យើងទទួលជ័យជម្នះ”។
លោកស្រី ម៉ារី ដូមីនិក ផារិន (Marie-Dominique Parent) មន្ត្រីទទួលបន្ទុក និងជាអនុតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ការិយាល័យអង្គការសហប្រជាជាតិនឹងទទួលយកញត្តិរបស់គណបក្សសង្គ្រោះជាតិ នៅពេលគណបក្សសង្គ្រោះជាតិប្រគល់ញត្តិនោះ ហើយខ្លួននឹងផ្ញើវាទៅការិយាល័យរបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក។
តំណាងស្ថានទូតបារំាង ស្ថានទូតជប៉ុន និងស្ថានទូតឥណ្ឌូណេសីុ បានលើកឡើងកាលពីម្សិលមិញថា ពួកគេក៏នឹងទទួលយកញត្តិរបស់គណបក្សសង្គ្រោះជាតិដែរតាមផ្លូវការទូត រីឯតំណាងស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតអង់គ្លេស និងស្ថានទូតអូស្ត្រាលី បានបដិសេធមិនលើកឡើងថា តើពួកគេនឹងទទួលយកញត្តិនោះឬក៏អត់ឡើយ។ ចំណែកឯស្ថានទូតរុស្ស៊ីវិញមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ។
លោក ឈឹង ហុងប៉ ប្រធានផ្នែកនយោបាយនៅស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ស្ថានទូតរបស់លោក នឹងពិចារណាទទួលយកញត្តិនោះ ក្រោយតែពីខ្លួនទទួលបានសំណើផ្លូវការពីគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។
លោក គួយ ប៊ុនរឿន ដែលជាតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិបានផ្ញើលិខិតទៅស្ថានទូតចិនរួចហើយកាលពីល្ងាចម្សិលមិញ។
គណបក្សសង្គ្រោះជាតិបានលើកឡើងថា ខ្លួនប្រមូលបានស្នាមមេដៃជាង២លានសម្រាប់ញត្តិរបស់ខ្លួនអំពាវនាវសុំអន្តរាគមន៍នៅក្នុងប្រទេសកម្ពុជា ពីសំណាក់បណ្ដាប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងគោរពលទ្ធិប្រជាធិបតេយ្យ៕
(រាយការណ៍បន្ថែមដោយ គីម ចាន់ និង អូន ភាព)
ប្រែសម្រួលដោយ តែម សុខុម