កាលពីយប់មិញលោកស្រី មូរ សុខហួរ តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិបានចេញពីកិច្ចប្រជុំជាមួយតំណាងសាលារាជធានីភ្នំពេញ ដោយបានអះអាងថា លោកស្រីទទួលបានការធានាពីស្នងការនគរបាលរាជធានីថា នឹងគ្មានការបិទផ្លូវនៅក្នុង ឬជុំវិញរាជធានីភ្នំពេញឡើយ អំឡុងការធ្វើបាតុកម្មចំនួនបីថ្ងៃរបស់គណបក្សប្រឆាំងដែលចាប់ផ្ដើមនៅថ្ងៃនេះ។
លោស្រីបានមានប្រសាសន៍កាលពីយប់មិញថា “យើងទទួលបានលទ្ធផលវិជ្ជមានពីកិច្ចប្រជុំរបស់យើងជាមួយសាលារាជធានីនៅក្នុងថ្ងៃនេះ” ។ លោកស្រីបន្ថែមថា “លោក ជួន សុវណ្ណ [ ស្នងការនគរបាលរាជធានីភ្នំពេញ ] បានធានាចំពោះយើងថា នឹងគ្មានការបិទផ្លូវដើម្បីរារាំងការធ្វើបាតុកម្មឡើយ ទាំងនៅក្នុង និងជុំវិញរាជធានី”។
លោកស្រីបានបន្តថា “ប្រសិនបើមានការបិទផ្លូវមែននោះ វានឹងជាការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ពីព្រោះយើងទទួលបានការសន្យាពីលោកស្នងការរាជធានីរួចហើយ។ អំឡុងការធ្វើបាតុកម្មចំនួនបីថ្ងៃលើកមុនរបស់គណបក្សសង្គ្រោះជាតិ កាលពីពាក់កណ្ដាលខែកញ្ញា របាំងនិងរបាំងលួសបន្លាប្រើសម្រាប់បិទផ្លូវ បានធ្វើឲ្យខណ្ឌចំនួនបួនក្នុងរាជធានីភ្នំពេញស្ទើរតែមិនអាចធ្វើចរាចរទៅមកបាន។
នៅពេលល្ងាចក្នុងថ្ងៃទី១ នៃការធ្វើបាតុកម្ម ការបិទផ្លូវនៅជុំវិញស្ពានព្រះមុនីវង្ស បានធ្វើឲ្យអ្នកធ្វើដំណើរ និងអ្នកតវ៉ាមានកំហឹងយ៉ាងខ្លាំង។ អ្នកតវ៉ាប្រដាប់ដោយដុំថ្មបានប៉ះទង្គិចគ្នាជាមួយនគរបាល និងកងរាជអាវុធហត្ថ ដែលបានបើកការបាញ់ប្រហារជាការឆ្លើយតប ដោយធ្វើឲ្យបុរសម្នាក់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួស។
លោកស្រី មូរ សុខហួរ បានលើកឡើងកាលពីយប់មិញថា ការសន្យាមិនបិទផ្លូវរបស់អាជ្ញាធរបានផ្ដល់ក្ដីសង្ឃឹមថា ការធ្វើបាតុកម្មលើកនេះនឹងប្រព្រឹត្តទៅដោយគ្មានហេតុការណ៍អាក្រក់កើតឡើងម្ដងទៀតឡើយ។ លោកស្រីបានមានប្រសាសន៍ថា “គ្មានការបិទផ្លូវគឺមានន័យថា ប្រជាពលរដ្ឋទាំងបាតុករនិងពលរដ្ឋធម្មតាអាចធ្វើដំណើរបានយ៉ាងស្រួល និងដោយសេរីក្នុងរាជធានីភ្នំពេញ។ យើង [គណបក្សសង្គ្រោះជាតិ ] ជឿជាក់ថា ពួកគេនឹងមិនបិទផ្លូវឡើយ”។
ទោះបីជាមានការធានាបែបនេះក៏ដោយ ក៏អង្គការសិទ្ធិមនុស្សលីកាដូ បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីរសៀលម្សិលមិញថា នគរបាលជាតិ និងកងរាជអាវុធហត្ថបានបង្កើតចំណុចត្រួតពិនិត្យសន្តិសុខនៅតាមផ្លូវជាតិចូលមករាជធានីភ្នំពេញទាំងប្រាំមួយរួចហើយ។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលើកឡើងថា ចំណុចត្រួតពិនិត្យគឺវាមានសារៈសំខាន់ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋអំឡុងពេលធ្វើបាតុកម្ម។ លោកបានមានប្រសាសន៍ថា កងកម្លាំងរបស់យើងបានបង្កើតចំណុចត្រួតពិនិត្យជុំវិញរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យរកអាវុធខុសច្បាប់ដែលអាចនឹងប្រើដើម្បីបង្កអំពើហិង្សានៅក្នុងចំណោមអ្នកតវ៉ាជាច្រើននាក់”។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ ថ្លែងថា “យើងមិនហាមឃាត់អ្នកតវ៉ាដែលមានបំណងចូលមករាជធានីភ្នំពេញនោះទេ ពីព្រោះប្រជាពលរដ្ឋមានសិទ្ធិធ្វើបាតុកម្ម ប៉ុន្តែពួកគាត់ត្រូវតែគោរពច្បាប់” ។ លោកបានបន្ថែមថា តែទោះជាយ៉ាងណា ការបិទផ្លូវនៅក្នុងរាជធានីអាចនឹងមាន ប្រសិនបើស្ថានភាពបង្ខំឲ្យធ្វើដូច្នោះនោះ។ លោកបន្ថែមថា “ យើងនឹងបិទផ្លូវសំខាន់ៗមួយចំនួន ដូចជាភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នរដ្ឋសំខាន់ៗ ប្រសិនបើចាំបាច់”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង