28 C
Phnom Penh

កម្មករ​តវ៉ា​នៅរោង​ចក្រ​ អេស​អិល ទទួល​បាន​លទ្ធផល​តិច​តួច​ពីការ​ចរចា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំនួប​រយៈពេល​ពីរ​ថ្ងៃ​រវាង​​ក្រុម​មេដឹកនាំ​សហជីព មន្ត្រី​ជាន់​ខ្ពស់​របស់រដ្ឋាភិបាល​ និង​តំណាង​មក​ពីរោង​ចក្រកាត់​ដេរ​អេសអិល​ (SL Garment Factory) កាល​ពីម្សិលមិញ  មិនបាន​ឈាន​ដល់​មានដំណោះ​ស្រាយ​ណាមួយ សម្រាប់​កម្មករ​រោង​ចក្រ​​ដែល​​កំពុង​តែធ្វើ​កូដកម្មចាប់​តាំង​ពី​ដើមខែសីហា​មក​ទេ ហើយ​កាល​ពីថ្ងៃច័ន្ទ កម្មករ​ទាំង​នោះបាន​​ធ្វើ​បាតុកម្ម​នៅមុខ​ភូមិ​គ្រឹះ​​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន នៅក្នុង​រាជធានី​ភ្នំពេញ។

នគរបាល​​បង្ក្រាប​បាតុកម្ម​ដេញវាយកម្មករ​រោងចក្រ​កាត់​ដេរ​​រាប់​ពាន់​នាក់​មក​ពី​រោង​ចក្រ​អេស​អិល​​ ដែល​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​ភូមិ​គ្រឹះ​​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ និងនៅ​ជិតព្រះ​បរ​មរូប​សម្ដេច​​​ឪ ​ឲ្យ​ទៅ​កាន់​សួន​ច្បារ​មុខ​មាត់​បទុម​។ Thomas Cristoletti
ក្រុមកម្មករ​រោងចក្រ​កាត់​ដេរ​​រាប់​រយ​នាក់​មក​ពី​រោង​ចក្រ​អេស​អិល​បានរត់គេចពីការដេញវាយពីសំណាក់នគរបាលបង្រ្កាបបាតុកម្ម​​ ដែល​បានធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​ភូមិ​គ្រឹះ​​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ និងនៅ​ជិតព្រះ​បរ​មរូប​សម្ដេច​​​ឪ ​កាលពីថ្ងៃចន្ទ័​។ Thomas Cristoletti

លោក អាត់ ធន់ ប្រធាន​សម្ពន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ បាន​​ឲ្យដឹងថា  ខណៈកិច្ច​ប្រជុំ​ដែល​​បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃច័ន្ទ ដើម្បីចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​​ដ៏តាន​តឹង​​​រវាង​កម្មករ​រោង​ចក្រ​កាត់​ដេរ​ចំនួន​២.០០០នាក់​ និង​​នគរ​បាល​​ប្រឆាំង​កុបកម្មចំនួន​​២០០នាក់​នៅ​ក្បែរ​ភូមិ​គ្រឹះ​របស់​លោក ហ៊ុន សែន​នោះ មិន​មែន​ទទួល​បរាជ័យ​ទាំង​ស្រុង​នោះទេ​ ​ហើយតំណាង​រោង​ចក្រ​​នេះ​មិន​ព្រម​ពិចារណា​អំពីការ​សង​ប្រាក់​រយៈ​ពេល​ពីរបីខែ​ ដែល​កម្ម​ករបាន​និង​កំពុង​​ធ្វើ​កូដកម្ម​ទេ​។

លោក អាត់ ធន់​ បាន​លើកឡើង​កាល​ពី​ម្សិល​មិញ បន្ទាប់​ពីកិច្ច​ប្រជុំ ដែល​មាន​ការ​ចូល​រួម​ផង​ដែរ​ពីសំណាក់​លោក ប៉ា សុជាតិ​វង្ស អភិ​បាល​​រាជធានី​ភ្នំពេញ​ និង​លោក   អ៊ិត​ សំហេង​ រដ្ឋមន្ត្រី​ក្រសួ​ងការងារ​​បណ្តុះ​បណ្តាល​​ និង​វិជ្ជាជីវៈ មេដឹកនាំ​សហ​ជីព​ប្រហែល​១០​នាក់​ និង​ម្ចាស់​រោង​ចក្រ​ឈ្មោះ វង់ ហុង​មីង (Wong Hong Ming) ថា “ប្រសិន​បើ​ក្រុម​ហ៊ុន​យល់ព្រមសង​ [កម្មករ] អំឡុង​ពេ​ល​ធ្វើ​កូដកម្ម បញ្ហា​ទាំង​អស់​នៅត្រូវ​បាន​ដោះស្រាយ​”។

លោក​ អាត់ ធន់​ បាន​ថ្លែង​ថា លោក វង់​ ហុង​មីង បាន​យល់​ព្រម​ឆ្លើយតប​ទៅ​នឹង​ការ​ទាម​ទារ​របស់​កម្មករ​ ពោល​គឺ​យល់​ព្រម​ដក​នាយ​កង​រាជ​អាវុធ​ហត្ថ​ស្លៀក​ពាក់​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​យាម​​រោង​ចក្រ​នេះ និង​​រៀបចំ​ឡើង​វិញ​នូវ​គម្រោង​ពេលវេលា​ធ្វើ​ការ ដែល​បូករួម​ទាំង​ពេល​​ឈប់​សម្រាក​រយៈពេល​កន្លះម៉ោង សម្រាប់​ទទួល​ទាហារ​ផង​ដែរ​។

លោក អ៊ិត សំហេង បាន​យល់ព្រម​​ចរ​ចា​ជាមួយ​លោក មាស សុថា ជាសមាជិកភាគ​ហ៊ុន​ក្នុងរោង​ចក្រ​នេះ ដែល​កម្មករ​បាន​ស្តី​បន្ទោស​ ដោយ​សារ​តែ​មានវត្ត​មាន​របស់​កង​ប្រដាប់​អាវុធ​​នៅ​រោង​ចក្រ​នេះ។ ក៏ប៉ុន្តែ លោក​ វង់ ហុង​មីង ដែល​ជា​ម្ចាស់រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ សម្រាប់​ផ្គត់​ផ្គង់ឲ្យ​ក្រុម​ហ៊ុន Gap និង​ H&M  ​បាន​ច្រាន​ចោល​គំនិត​ទារសំណង​នេះ​ភ្លាមៗ។

លោក អ៊ុំ មាន​ រដ្ឋលេខាធិការ​នៅ​ក្រសួង​ការងារ​ ​បណ្តុះ​បណ្តាល​ ​និង​វិជ្ជា​ជីវៈ ដែល​មាន​វត្តមាន​នៅ​ទីនោះ​ផង​ដែរ​បាន​មាន​ប្រសាសន៍ថា “ជំនួប​នេះ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ ប៉ុន្តែ យើង​មិន​បានព្រម​ព្រៀង​គ្នា​គ្រប់ចំណុច​ទេ ហើយ​យើង​ត្រូវ​តែ​បន្ត​ជួប​ចរចា​[ជាមួយ​មេដឹកនាំ​សហ​ជីព]”។

លោក អាត់ ធន់ បាន​ថ្លែង​ថា បន្ទាប់​ពីថ្ងៃ​ឈប់​សម្រាកនៅ​ថ្ងៃ​នេះ គឺថ្ងៃប្រារព្ធ​ខួប លើក​​ទី​២២​​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​​ឆ្នាំ​១៩៩១​ លោក​នឹង​ជួប​កម្មករ​រោង​ចក្រ​អេស​អិល​ ដើម្បី​រៀបចំផែនការ​តវ៉ា​នៅ​ពេល​អនាគត។

ឈ្មោះ អ៊ុយ​ នឿន អាយុ​៣២​ឆ្នាំ ជាកម្ម​ករ​​នៅរោង​ចក្រ​អេស​អិល​ ដែល​បាន​ចូល​រួម​បាតុកម្ម​កាល​ពីថ្ងៃច័ន្ទ បាន​លើកឡើងថា ​ប្រសិន​បើ​គ្មាន​សំណង​សម្រាប់​រយៈពេល​ដែល​លោក​បាន​ធ្វើកូដ​កម្ម​ទេ​នោះ​ លោក​នឹង​​​មិន​អាច​ដោះ​ស្រាយតម្រូវ​​ការ​ចាំបាច់​ជា​មូល​​​ដ្ឋាន​ផ្សេង​ៗ​បាន​​ទេ​។ លោក អ៊ុយ នឿន បាន​ឲ្យ​ដឹង​ថា “ ខ្ញុំ​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​ជួយ​យើង​ ព្រោះ​ឥឡូវ​នេះ​ខ្ញុំគ្មាន​ប្រាក់​បង់​ថ្លៃ​ជួល​ផ្ទះ ទឹកភ្លើង​ទេ”។

លោក កែន លូ អគ្គលេខាធិការ​សមា​គម​រោង​​ចក្រកាត់​ដេរនៅកម្ពុជា ​បានលើក​ឡើង​ថា គំនិត​ដែល​លើកឡើង​ថា ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​​សម្រាប់​ការងារ​ ដែល​អ្នក​មិន​បាន​​ធ្វើ គឺជាគំនិត ​“មិន​សមហេតុ​​ផល​ឡើយ​”។​ លោក​ កែន​ លូ បានមានប្រសាសន៍ថា “កម្មករ​យល់ច្រឡំ​អំពីប្រាក់​​ឈ្នួល ​ បើ​ទោះ​ជា​ពួក​គេ​ធ្វើ​កូដកម្មក៏ដោយ​។ វាពិត​ជា​មិន​ត្រឹម​ត្រូវ​ទេទោះបីជា​មាន​មូលហេតុ​នៅ​ពី​ក្រោយ​​ការធ្វើកូដកម្មនេះក៏ដោយ”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

នគរបាល​​បង្ក្រាប​បាតុកម្ម​ដេញវាយ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស