27 C
Phnom Penh

សាលាក្រុង​នឹង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លីដល់​ប្រជាពល​រដ្ឋរស់​នៅ​ក្នុងតំបន់បឹង​កក់ចំនួន​៣១​គ្រួសារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមួយរូប​នៅ​សាលារាជធានី​ភ្នំពេញ​បានឲ្យដឹង​​កាល​ពីម្សិលមិញថា សាលា​រាជ​ធា​នី​ភ្នំពេញ​នឹង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ដល់​ប្រជា​ព​ល​រដ្ឋ​ជាង​៣៣គ្រួសារ ដែល​រស់​នៅ​ក្នុង​តំបន់​បឹង​កក់ ក្នុង​រាជធានី​ភ្នំពេ​ញ​។ ប្រហែល​​មួយ​ភាគ​បី​​នៃ​ចំនួន​គ្រួសារ​ដែល​មិន​ទាន់​​ទទួល ​បាន​សិទ្ធិ​គ្រប់​គ្រង​​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​តំបន់​ដែល​គេ​មើល​ឃើញមាន​ការ​បណ្តេញ​​ប្រជា​ជន​ប្រមាណ​៣០០គ្រួសារចេញ​ដោយបង្ខំ​។

លោក ឡុង​ ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ បានមានប្រសាសន៍តាម​ទូរស័ព្ទ​ បន្ទាប់​ពី​ជួបប្រជុំ​ជាមួយ​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​ និង​តំណាង​​​សហ​ ​គមន៍​​ បឹង​កក់​មួយចំនួន កាលពី​ព្រឹក​ម្សិ​ល​មិញ​។ លោក​ ឡុង​ ឌីម៉ង់ បាន​មាន​ប្រសាសន៍ថា “យើង​ត្រៀម​ដោះស្រាយ​បញ្ហា​កន្លែង​រស់​នៅ​របស់​ពួក​គាត់​។ ពួក​គាត់​នឹង​ទទួល​បាន​​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដី​របស់​ខ្លួន​នៅ​ទីនោះ​” ។​ លោក​ ​បន្ថែម​ថា ប័ណ្ណ​កម្មសិទ្ធិ​ដីនឹង​ត្រូវ​ផ្តល់​ឲ្យ​គ្រួសារ​ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​៦​ ភូមិ​២២ និង​ភូមិ​២៤​នៅតំបន់បឹង​កក់​នា​ពេល​ឆាប់​ៗ​នេះ​។

កាលពីឆ្នាំ ២០០៧​ តំបន់​បឹង​កក់​ដែល​មាន​ផ្ទៃ​ដី​១២,៤៤ហិកតា​ត្រូវ​បាន​ជួល​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ​អ៊ីន​ (Shukaku Inc.) ដែល​ជា​ក្រុម​ហ៊ុន​អចលនទ្រព្យ​មួយ​របស់​លោក ឡៅ​ ម៉េង​ឃិន សមាជិក​ព្រឹទ្ធ​សភាមកពីគណបក្ស​ប្រជាជន​កម្ពុជា​។

អ្នក​ស្រី ហេង​ មុំ អ្នក​ភូមិ​បឹង​កក់​ដែល​បាន​​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ ដែល​មាន​ការ​ចូលរួម​ពី​តំណាង​សហគមន៍​បុរី​កីឡា​ និង​សហ​គមន៍​ថ្មគោល​ផង​ដែរ​នោះ បាន​ស្វាគមន៍​សេចក្តី​សម្រេច​របស់​សាលារាជធានី​ភ្នំពេញ។ អ្ន​កស្រី ហេង​ មុំ បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​  រីករាយ​ណាស់ពេលឮ​ដំណឹង​នេះ​​” ។​ អ្នក​ស្រី​​បាន​បន្ថែម​ថា ប្រជាជន​បឹង​កក់​សរុប​៦៣​គ្រួសារ​​កំពុង​តែ​ស្វែង​រក​​ប័ណ្ណ​កម្មសិទ្ធិ​សម្រាប់​​ លំនៅ​ដ្ឋាន​ដែល​មាន​ស្រាប់​របស់​ខ្លួន​។

កាលពី​ខែ​សីហា អ្នក​ស្រី​ ហេង​​ មុំ​ បាន​ឲ្យដឹង​ផង​ដែរ​ថា មុន​ពេល​​បោះឆ្នោត​​ជ្រើស​រើស​តំណាង​រាស្ត្រ​កាលពីខែ​កក្កដា​ អ្នកស្រី​ និង​ប្រជា​​ពល​រដ្ឋ​បឹង​កក់​ចំនួន១៥​គ្រួសារ​ទៀត​បាន​យល់​ព្រម​ជាមួយ​មន្ត្រី​សាលា​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​​បោះឆ្នោតគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​គ្រប់​គ្រង​អំណាច​ជា​ថ្នូរនឹង​ការ​ធានា​លើប័ណ្ណកម្មសិទ្ធិ​ដី​។

កាល​ពីព្រឹក​ម្សិល​មិញ​ផង​ដែរ​ ​ប្រជា​ជន​​បឹងកក់​មួយ​ក្រុម​ផ្សេង​ទៀត​មាន​គ្នា​ប្រហែ​ល​៥០​នាក់​ ដឹក​នាំដោយ​អ្នក​ស្រី​ ទេព វន្នី​ ជា​សកម្ម​ជនប្រឆាំ​ង​នឹង​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​បាន​ដើរ​​ក្បួន​​ទៅ​តុលាការកំពូល​ ដើម្បី​អំពាវ​នាវ​ដល់​ស្ថាប័ន​ជាន់​ខ្ពស់​នេះ​ឲ្យ​ប្រញាប់​ ប្រញាល់​ដោះស្រាយ​រឿង​ក្តី​អ្នកស្រី យ៉ោម​ បុប្ផា ជាសកម្មជន​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ពី​បទ​ញុះ​ញង់ ​​ដែលនេះជា​​កា​រ​ចោទ​ប្រកាន់​មួយ​ ដែល​អ្នក​គាំទ្រ​អ្នក​ស្រី​លើក​ឡើង​ថា ជារឿង​នយោបាយ​។
នគរ​បាល​ប្រឆាំ​ងកុបកម្ម​មួយ​ក្រុម​តូច​ដែល​ត្រួត​ពិនិត្យ​មហា​បាតុកម្ម​ពី​ចម្ងាយ ខណៈ​ដែល​នគរ​បាល​​ចរាចរណ៍​បាន​ត្រួត​ពិនិត្យ​​រថ​យន្ត​ និង​ម៉ូតូ​នៅជុំវិញ​​ក្រុម​អ្នក​តវ៉ា ដែល​មាន​ចំនួន​ហៀរចូលក្នុង​ផ្លូវ​ នៅ​មុខ​តុលាការកំពូល។

នៅ​ម៉ោង​ប្រហែល​ ៩​ព្រឹក​ អ្នក​ស្រី​ វន្នី និង​តំណាង​អ្នក​ភូមិ​បឹងកក់​បីនាក់​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​​មន្ត្រី​តុលាការ​។ អ្នក​ស្រី ទេព វន្នី បាន​លើកឡើង​នៅ​ក្នុង​តុលាការ​ថា “មន្ត្រី​តុលាការ​កំពូល​បាន​ប្រាប់​ខ្ញុំ​ថា យើង​នឹង​ដឹង​អំពី​ពេល​វេលា​សវនាការ​ជំនុំ​ជម្រះ​​ដើម្បីដោះស្រាយ​​រឿង​ក្តី​អ្នកស្រី យ៉ោម បុប្ផា នៅ​ចុង​ខែ​នេះ”។

បន្ទាប់​មក ក្រុម​អ្នក​តវ៉ា​មក​ពី​បឹង​កក់​ទាំង​នេះ បាន​នាំគ្នា​ទៅ​ក្រសួង​យុត្តិធម៌​ដែល​មាន​​របាំ​ងរាំង​ផ្លូវ​នៅ​ទល់​មុ​ខ​ព្រះ​បរមរាជវាំង​។ នគរបាល​ប្រឆាំ​ងកុបកម្ម​បាន​ចូល​ទៅជិត​ ក៏​ប៉ុន្តែ មិន​បាន​ធ្វើ​អ្វី ដើម្បី​បញ្ឈប់​ក្រុម​អ្នក​តវ៉ា​ មិន​ឲ្យធ្វើ​ដំណើរ​ទៅ​មុខ​ទេ។ មុន​ម៉ោង​១១ព្រឹក​ អ្នក​ស្រី​ ទេព វន្នី ក៏​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចូល​ជួប​មន្ត្រី​ក្រសួង​យុត្តិធម៌ផង​ដែរ​។បន្ទាប់​ពី​បាន​ចូល​ទៅ​ក្នុង​ក្រសួង​នេះ​ហើយ អ្នក​ស្រីបាន​មាន​ប្រសាសន៍ ​​ថា “ ក្រសួង​​យុត្តិធម៌​បាន​លើកឡើង​ថា ពួក​​គេ​​ នឹង​ទាក់​ទង​ទៅ​តុលាការ​កំពូល​ដើម្បី​ជំរុញ​ឲ្យ​មាន​សវនាការ​នេះ”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស