33 C
Phnom Penh

​​​​​​ថៃ​​​និង​​​​​​ជប៉ុន ​​​ផ្ដល់​​​ជំនួយមនុស្ស​​​ធម៌​​​ដល់​​​ជន​​​រងគ្រោះ​​​ដោយ​​​សារ​​​ទឹក​​​ជំនន់​​​​​នៅ​​​​​​​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​កាលពី​​​ម្សិល​​​មិញ​​​ថា រដ្ឋាភិបាល​​​ជប៉ុន​​​ និង​​​រដ្ឋាភិបាល​​​ថៃ​​​ក៏ដូច​​​ជា​​​សហគមន៍​​​ថៃ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​សម្រេច​​​ផ្ដល់​​​ជំនួយ​​​ជា​​​សម្ភារ​​​ និង​​​លុយ​​​សុទ្ធ​​​​​​ដែល​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​សរុប​​​ប្រហែល​​​៥២០.០០០​​​​​​​​​ដុល្លារ ទៅ​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​​​​ដោយ​​​សារ​​​ទឹក​​​ជំនន់​​​នៅ​​​ក្នុង​​​ប្រទេ​​​សកម្ពុជា​​​។

លោក  ញឹម វណ្ណដា អនុ​​​ប្រធាន​​​ទី១​​​នៃ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្តរាយ​​​បាន​​​​​​​​​​​​​​​លើកឡើង​​​ថា រដ្ឋាភិបាល​​​ជប៉ុន​​​នឹង​​​ផ្ដល់​​​ជំនួយ​​​ប្រហែល​​​៤០០.០០០​​​ដុល្លារ ​​​ក្នុង​​​ពិធី​​​ផ្លូវការ​​​មួយ​​​ដែល​​​នឹង​​​ប្រារព្ធ​​​ឡើង​​​នៅ​​​ព្រឹក​​​នេះ​​​នៅ​​​ឯ​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ។ ស្ថាន​​​ទូត​​​ជប៉ុន​​​បាន​​​លើក​​​ឡើង​​​ថា ជំនួយ​​​ជា​​​សម្ភារ​​​រួម​​​មាន​​​ម៉ាស៊ីនភ្លើង និង​​​ឧបករណ៍​​​បន្សុទ្ធ​​​​ទឹក​​​ ដែល​​​មាន​​​តម្លៃ​​​ប្រហែល​​​៣២០​​​.០០០​​​​​​​​​​​​ដុល្លារ នឹង​​​ត្រូវ​​​ផ្ដល់​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា ដើម្បី​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​ដែល​​​កំពុង​​​រង​​​ផល​​​ប៉ះ​​​ពាល់​​​ដោយ​​​ទឹក​​​ជំនន់​​​។

ស្ថាន​​​ទូត​​​ជប៉ុន​​​បាន​​​លើក​​​ឡើង​​​​​​ក្នុង​​​សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា “ដោយ​​​ឃើញ​​​ថា មាន​​​ការ​​​ខូច​​​ខាតខ្លាំង​​​​​​ដោយ​​​សារ​​​ទឹក​​​ជំនន់​​​ និង​​​ដោយ​​​សារ​​​តែ​​​មាន​​​ទំនាក់​ទំនង​​​មិត្ត​​​ភាព​​​​​​ល្អ​​​រវាង​​​​​​ជប៉ុន និង​​​​​​កម្ពុជា​​​ រដ្ឋាភិ​​​បាល​​​ជប៉ុន​​​បាន​​​សម្រេច​​​ផ្ដល់​​​ជំនួយមនុស្ស​​​ធម៌​​​បន្ទាន់​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​​​​រង​​​ផល​​​ប៉ះ​​​ពាល់​​​ដោយ​​​សារ​​​ទឹក​​​ជំនន់​​​”។

កាសែត​​​ ឌឹ ណេសិន ​​​(The Nation)ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ទីក្រុង​​​បាង​​​កក​​​ បាន​​​រាយការណ៍​​​ថា រដ្ឋាភិបាល​​​ថៃ​​​មាន​​​បំណង​​​ផ្ដល់​​​ជំនួយ​​​ជា​​​ទូក​​​សង្គ្រោះ​​​​​​ ប៉ុន្តែ​​​ត្រូវ​​​បាន​​​ស្នើ​​​ឲ្យ​​​ផ្ដល់​​​ជំនួយ​​​ជា​​​ប្រាក់​​​​​​សុទ្ធ​​​ចំនួន​​​២០០.០០០ដុល្លារជំនួស​​​វិញ​​​ទៅ​​​ឲ្យ​​​កាក​​​បាទ​​​ក្រហម​​​កម្ពុជា​​​។

​​​លោកស្រី​​​ កានីយ៉ា ហ្គោឡុក​​​លី (Kanya Gollogly) អនុ​​​ប្រធាន​​​​​​ក្រុម​​​ប្រឹក្សា​​​ពាណិជ្ជកម្ម​​​កម្ពុជា​​​-ថៃ​​​ ​​​បាន​​​លើក​​​ឡើង​​​កាលពី​​​ម្សិលមិញ​​​ថា ក្រុម​​​ប្រឹក្សា​​​​​​ពាណិជ្ជកម្ម​​​កម្ពុជា​​​-ថៃ​​​ ស្ថាន​​​ទូត​​​ថៃ និង​​​សមាជិក​​​​​​នៃ​​​សហគមន៍​​​ថៃ​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​ក៏​​​បាន​​​ផ្ដល់​​​ជំនួយ​​​ជា​​​សម្ភារ​​​បើគិ​​​ត​​​ជា​​​ទឹក​​​ប្រាក់​​​មាន​​​ចំនួន​​​២០.០០០​​​ដុល្លារ ទៅ​ឲ្យ​កាក​​​បាទ​​​ក្រហម​​​កម្ពុជា​​​ផង​​​ដែរ​​​។

លោកស្រី​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​រៀប​​​ចំ​​​ការ​​​ប្រជុំ​​​មួយ​​​ ហើយ​​​យើង​​​បាន​​​​​​និយាយ​​​​​​ពី​​​បញ្ហា​​​ទឹក​​​ជំនន់​​​ ហើយ​​​​​​សម្រេច​​​ថា នឹង​​​សហ​​​ការ​​​គ្នា​​​​​​​​រៃ​​​អង្គាស​ប្រាក់​​​ដើម្បី​​​ទិញ​​​សម្ភារ​​​ និង​​​ជំនួយ​​​​​​”។ លោកស្រី​​​​​​បន្ថែម​​​ថា ជំនួយ​​​ភាគ​​​​​​ច្រើន​​​បាន​​​មក​​​ពី​​​​​​សមាជិក​​​ចំនួន​​​៦៣​​​រូ​​​ប​​​មក​​​ពី​​​ក្រុម​​​ប្រឹក្សា​​​ពាណិជ្ជ​​​កម្ម​​​កម្ពុជា​​​-ថៃ។ ពួកគេ​​​ភាគ​​​ច្រើន​​​បាន​​​ផ្ដល់​​​ជំនួយ​​​ជា​​​ផលិត​​​ផល​​​ដែល​​​ខ្លួន​​​បាន​​​ផលិត​​​​​​មាន​​​ដូច​​​ជា អង្ករ​​​និង​​​អាហារ​​​កំប៉ុង​​​​​​ជាដើម។

លោកស្រី​​​​​​ថ្លែង​​​ថា “ យើង​​​បាន​​​រៀប​​​ចំ​​​កញ្ចប់​​​​​​​​​ជំនួយ​​​ចំនួន​​​៧៥០កញ្ចប់​​​ ដែល​​​រូម​​​មាន​​​ទឹក​​​សុទ្ធ​​​អង្ករ និង​​​ស្បៀង​​​អាហារ​​​។ យើង​​​នឹង​​​ប្រគល់​​​ជំនួយ​​​ទាំង​​​នេះ​​​ទៅ​​​ឲ្យ​​​កាក​​​បាទ​​​ក្រហម​​​កម្ពុជា នៅ​​​ព្រឹក​​​នេះ​​​”។ លោកស្រី​​​​​​បន្ថែម​​​​​​ថា  ស្បៀង​​​អាហារ​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​ចែក​​​ចាយ​​​ដោយ​​​កាក​​​​​​បាទ​​​ក្រហម​​​នៅ​​​ខេត្ត​​​កំពង់​​​ចាម ក្នុង​​​ថ្ងៃ​​​អាទិត្យ​​​។

លោក​​​ ញឹម វណ្ណដា បាន​​​មាន​​​ប្រសាសន៍​​​ថា ទឹក​​​ជំនន់​​​បាន​​​ចាប់​​​ផ្ដើម​​​ស្រក​​​ទៅ​​​វិញ​​​ហើយ នៅ​​​ក្នុង​​​ខេត្ត​​​​​​ជាច្រើន​​​ ហើយ​​​គ្មាន​​​​​​របាយ​​​ការណ៍​​​​​​​​​ថ្មីពីអ្នក​​​ស្លាប់​​​ដោយ​​​សារ​​​ទឹក​​​ជំនន់​​​ទេ ក្នុង​​​ប៉ុន្មាន​​​ថ្ងៃ​​​កន្លង​​​មក​​​នេះ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​តួលេខ​​​នៃ​​​អ្នក​​​ស្លាប់​​​នៅ​​​ត្រឹម​​​១៦៨នាក់​​​៕

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយ​​​ឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស