ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ មកពីស្រុកបារាយណ៍ខេត្តកំពង់ធំ បានក្លាយទៅជាមនុស្សទី២១ក្នុងឆ្នាំនេះ ដែលបានឆ្លងមេរោគ H5N1 គេហៅម្យ៉ាងទៀតថា ជាជំងឺគ្រុនផ្ដាសាយបក្សី។
លោក សូនី គ្រីសនែន (Sonny Krishnan) មន្ត្រីទំនាក់ទំនងនៅអង្គការសុខភាពពិភពលោក (WHO)បានមានប្រសាសន៍កាលពីម្សិលមិញថា “ វិទ្យាស្ថានប៉ាស្ទ័រ បានធ្វើរោគវិនិច្ឆ័យ ហើយបញ្ជាក់ថា នាងឆ្លងជំងឺគ្រុនផ្ដាសាយបក្សីកាលពីថ្ងៃព្រហស្បតិ៍”។ លោកបន្ថែមថា ក្មេងស្រីរូបនេះស្ថិតក្នុងស្ថានភាពនឹងន ហើយកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យជ័យវរ័្មនទី៧ ក្នុងខេត្តសៀមរាប។
លោក គ្រីសនែន បានលើកឡើងថា ក្មេងស្រីរូបនេះបានឆ្លងមេរោគដែលកើតឡើង និងឆ្លងរាលដាលតាមរយៈមាន់ទានៅក្នុងភូមិអូររាំង ឃុំពង្រ។
លោកបន្ថែមថា “ក្មេងស្រីរូបនេះបានប៉ះពាល់មាន់ទាដែលងាប់ដោយផ្ទាល់នៅក្នុងភូមិរបស់នាង ហើយប្រជាពលរដ្ឋបានយកមាន់ទាងាប់ទាំងនេះមកចម្អិនធ្វើជាម្ហូបអាហារ” ។
យោងតាមអង្គការសុខភាពពិពភលោកបានឲ្យដឹងថា ក្មេងស្រីរូបនេះគឺជាមនុស្សទី៤២ហើយ ដែលបានឆ្លងជំងឺគ្រុនផ្ដាសាយបក្សី ចាប់តាំងពីមេរោគនេះត្រូវបានបញ្ជាក់ជាលើកដំបូងនៅកម្ពុជា កាលពីឆ្នាំ២០០៥។ ដោយមានករណីឆ្លងចំនួន២១នាក់នៅក្នុងឆ្នាំនេះ ហើយមានអ្នកឆ្លងចំនួន១០នាក់បានរួចជីវិត វាបានធ្វើឲ្យប្រទេសកម្ពុជាមានតួលេខនៃការឆ្លងខ្ពស់បំផុតក្នុងឆ្នាំនេះ ប៉ុន្តែក៏មានអ្នករួចជីវិតពីជំងឺនេះច្រើនបំផុតផងដែរ។
លោក គ្រីសនែន មានប្រសាសន៍ថា “គេសង្ស័យថា នាងប្រហែលជាឆ្លងជំងឺគ្រុនផ្ដាសាយបក្សី មុនពេលនាងត្រូវបានធ្វើរោគវិនិ ច្ឆ័យ ហេតុដូច្នេះហើយពួកគេ [ បុគ្គលិកមន្ទីរពេទ្យ ] បានផ្ដល់ថ្នាំតាមីភ្លូ (Tamiflu) ជាថ្នាំតែមួយគត់សម្រាប់ការពារមេរោគជំងឺគ្រុនផ្ដាសាយបក្សីមកឲ្យនាង”។ លោកបន្តថា “ ឥឡូវនេះ យើងបានឃើញមានអ្នករួចជីវិតពីជំងឺគ្រុនផ្ដាសាយបក្សីកាន់តែច្រើនឡើង ព្រោះនៅពេលគេសង្ស័យថា អ្នកជំងឺឆ្លងជំងឺគ្រុនផ្ដាសាយបក្សីបុគ្គលិកមន្ទីរពេទ្យបានផ្ដល់ថ្នាំតាមីភ្លូឲ្យអ្នកជំងឺភ្លាមៗ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីម្សិលមិញ បានណែនាំឲ្យប្រជាពលរដ្ឋនៅឲ្យឆ្ងាយពីមាន់ទាដែលងាប់ ឬក៏ឈឺ ហើយលោកបានលើកឡើងថា ឪពុកម្ដាយ និងអ្នកមើលថែទាំត្រូវតែយកចិត្តទុកដាក់ក្នុងការមើលថែទាំកូនចៅរបស់ខ្លួនដែលសង្ស័យថា ឆ្លងមេរោគ H5N1។ លោកបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ក្មេងៗតែងតែចូលចិត្តចិញ្ចឹម ឬឲ្យចំណីមាន់ទា ចូលចិត្តលាងទ្រុង និងប្រមូលស៊ុត ហេតុដូច្នេះខ្ញុំសូមណែនាំឲ្យឪពុកម្ដាយ និងអ្នកមើលថែទាំ មើលខុសត្រូវកូនចៅរបស់ខ្លួនកុំឲ្យនៅជិតមាន់ទាដែលងាប់ ឬឈឺ ហើយកុំឲ្យកូនចៅលេងជាមួយមាន់ទា”។ លោកបន្តថា “ឪពុកម្ដាយ និងអ្នកមើលថែទាំត្រូវតែធានាឲ្យបានថា កូនចៅរបស់ខ្លួនពិតជាបានលាងដៃជាមួយសាប៊ូ និងទឹកឲ្យបានស្អាតពិតប្រាកដមែន មុនពេលទទួលទានអាហារ និងក្រោយពេលប៉ះពាល់មាន់ទា”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង