អ្នកគំាទ្រគណបក្សសង្គ្រោះជាតិជាង១០.០០០នាក់បានដើរក្បួនចេញពីទីលានប្រជាធិបតេយ្យឆ្ពោះទៅការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីដាក់ញត្តិជំរុញឲ្យបណ្ដាប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជួយអន្តរាគមន៍នៅក្នុងស្ថានភាពជាប់គាំងផ្នែកនយោបាយនាពេលបច្ចុប្បន្ន។

ការហែក្បួននេះបានបង្ហាញពីចំនួនអ្នកគាំទ្រយ៉ាងច្រើនកុះករនៅក្នុងថ្ងៃដំបូងនៃមហាបាតុកម្មរយៈពេលបីថ្ងៃរបស់គណបក្សសង្គ្រោះជាតិ ដែលបានចាប់ផ្ដើមនៅទីលានប្រជាធិបតេយ្យនៅវេលាម៉ោង៨ព្រឹក និងដែលត្រូវបានកំណត់ពេលធ្វើឲ្យស្របនឹងថ្ងៃខួបទី២២ នៃការចុះកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបានសន្យាធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅប្រទេសកម្ពុជា។
បន្ទាប់ពីការថ្លែងសុន្ទរកថា និងការប្រគំតន្ត្រីនៅពេលព្រឹក ដើម្បីចាប់ផ្ដើមយុទ្ធនាការក៏ដូចជាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សនេះបានធ្វើដំណើរទៅដល់ទីលានប្រជាធិបតេយ្យនៅចន្លោះម៉ោង២ និង៣០នាទីទៅម៉ោង៣រសៀល ដើម្បីស្វាគមន៍អ្នកគាំទ្រ ដែលកំពុងតែស្រែកហ៊ោកញ្ជ្រៀវ។
មនុស្សជាង២០.០០០នាក់បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ និងផ្លូវជុំវិញនោះ ដើម្បីស្ដាប់មេដឹកនាំទាំងពីរថ្លែងសុន្ទរកថា អំពីញត្តិរបស់ពួកគាត់ និងកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស មុនពេលចំនួនអ្នកចូលរួមពាក់កណ្ដាលបានដើរតាមលោកទាំងពីរហែក្បួនឆ្ពោះទៅផ្លូវលេខ៥១ ដើម្បីដាក់ញត្តិជូនការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
កងសន្ដិសុខរបស់គណបក្សសង្គ្រោះជាតិដែលស្លៀកពាក់ឯកសណ្ឋានពណ៌ទឹកប៊ិច និងពណ៌ខ្មៅបានអមការពារលោក សម រង្ស៊ី លោក កឹម សុខ និងលោកស្រី មូរ សុខហួរ ខណៈពេលពួកលោកដឹកនាំបាតុករហែក្បួនតាមបណ្ដោយផ្លូវលេខ៥១នៅវេលាម៉ោងប្រហែល៣ និង៣០នាទីរសៀល ដោយធ្វើឲ្យអ្នកហែក្បួនបន្តដំណើរទៅមុខយ៉ាងលឿន ខណៈពេលមនុស្សជាច្រើនព្យាយាមឈប់ ដើម្បីថតរូបមេដឹកនាំទាំងនេះ។
កាលពីម្សិញនេះ ភាគច្រើនលោក សម រង្ស៊ី និងលោក កឹម សុខា បានព្យាយាមគេចពីអ្នកគាំទ្រដែលមានចិត្តរំភើបយ៉ាងខ្លាំង និងបានលើកដៃជាសញ្ញាស្វាគមន៍អ្នកឈរមើល ដែលបានតម្រង់ជួរគ្នាតាមផ្លូវលេខ៥១ ដោយទះដៃ និងស្រែកថា “ដូរ ដូរ”។ នៅពេលមេដឹកនាំទាំងពីរទៅដល់ចំណុចរូបសំណាកលោក ជា វិជ្ជា មេដឹកនាំសហជីព ដែលត្រូវបានឃាតករបាញ់សម្លាប់ នៅលើកំណាត់មហាវិថីព្រះសីហនុនោះ ពួកលោកទាំងពីរបានលុតជង្គង់បួងសួង។
ពេលទៅដល់ចំណុចប្រសព្វនៃផ្លូវលេខ៥១ និងផ្លូវលេខ៣០២នៅវេលាម៉ោង៤និង៣០នាទីរសៀល លោក សម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំអ្នកហែក្បួនមួយក្រុមតូចតាមការព្រមព្រៀងគ្នាមួយជាមួយសាលារាជធានីកាលពីថ្ងៃអង្គារ ដើរឆ្ពោះទៅកាន់ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ។
មេដឹកនាំទាំងនេះបានដើរចូលក្នុងអគារការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ខណៈដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបួននាក់ទៀតនាំគ្នាលើកប្រអប់ដាក់ក្រដាសញត្តិដែលមានស្នាមមេដៃចេញពីរថយន្តមួយគ្រឿង ហើយបានប្រគល់ញត្តិទាំងនោះជូនបុគ្គលិកអង្គការសហប្រជាជាតិ ដែលកំពុងរង់ចាំនៅច្រកទ្វារចូល។
ញត្តិរបស់គណបក្សសង្គ្រោះជាតិអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងប្រទេសចំនួន១៨ ដែលបានចុះកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ធានាការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក្រោយពីចេញលទ្ធផលដ៏ចម្រូងចម្រាស នៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា និងការឆ្លើយតបយ៉ាងចាស់ដៃលើមហាបាតុកម្មរយៈពេលបីថ្ងៃលើកដំបូងកាលពីខែមុន។ គណបក្សប្រឆាំងលើកឡើងថា ខ្លួនប្រមូលបានស្នាមមេដៃពីប្រជាពលរដ្ឋបានចំនួន២.០៣២.៦៥២ ក្នុងរយៈពេលពីរសប្ដាហ៍កន្លងមកនេះ។
លោក សម រង្ស៊ី និងលោក កឹម សុខា បានចេញពីការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅរយៈពេលប្រាំនាទីក្រោយពីចូលទៅខាងក្នុង ហើយបានធ្វើសន្និសីទកាសែតភ្លាមៗដោយឥតព្រាងទុកទៅកាន់ក្រុមអ្នកយកព័ត៌មាន ដែលកំពុងរង់ចាំនៅខាងមុខច្រកទ្វារចូល។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងរីករាយយ៉ាងខ្លាំង ដែលបានប្រគល់ស្នាមមេដៃជាង២លានជូនការិយាល័យអង្គការសហប្រជាជាតិ ហើយយើងសូមសម្ដែងការដឹកគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងរបស់អង្គកាសហប្រជាជាតិ ដែលបានទទួលយកស្នាមមេដៃទាំងនោះ”។ លោកបានមានប្រសាសន៍ទៀតថា “យើងបានស្នើសុំឲ្យអង្គការសហប្រជាជាតិជួយស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីធ្វើឲ្យប្រាកដថា ឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាត្រូវបានទទួលស្គាល់ និងដើម្បី ធានាការពារកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១”។
បន្ទាប់មកលោក សម រង្ស៊ី និងលោក កឹម សុខា បានវិលត្រឡប់ទៅចំណុចប្រសព្វនៃផ្លូវលេខ៥១នៅវេលាម៉ោងប្រហែល៤ និង៤៥នាទីរសៀល ដើម្បីទទួលការស្វាគមន៍អបអរពីក្រុមបាតុករដែលកំពុងរង់ចាំក្រោមការយាមកាមពីមន្ត្រីយោធា និងនគរបាលបង្ក្រាបបាតុកម្មមួយក្រុមតូច។
នៅតាមផ្លូវឆ្ពោះទៅទីលានប្រជាធិបតេយ្យវិញ លោក សម រង្ស៊ី និងលោក កឹម សុខា បានដើរវាងឆ្ពោះទៅរបាំងរាំងផ្លូវ ដែលត្រូវបានដាក់នៅលើកំណាត់មហាវិថីព្រះសីហនុក្នុងបំណងរារាំងអ្នកហែក្បួនមិនឲ្យធ្វើដំណើរតាមផ្លូវលេខ៥១ ហើយបានឆ្ពោះទៅវិមានឯករាជ្យ និងភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លើកដៃឡើងលើ ហើយទះព្រមៗគ្នាជាកាយវិការ ដែលបានក្លាយជានិមិត្តរូបនៃសាមគ្គីភាពរបស់គណបក្សប្រឆាំងចាប់តាំងពីការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីខែកក្កដា ឆ្នាំ២០១២នោះ លោក សម រង្ស៊ី និងលោក កឹម សុខា បានបញ្ចេញស្នាមញញឹមខណៈពេលនគរបាលស្លៀកពាក់ឯកសណ្ឋានការពារខ្លួនរាប់សិបនាក់នៅពីក្រោយ។
បន្ទាប់ពីត្រឡប់ទៅដល់ទីលានប្រជាធិបតេយ្យវិញនៅម៉ោង៥និង៣០នាទីជាង លោក សម រង្ស៊ី និងលោក កឹម សុខា បានស្វាគមន៍អ្នកតវ៉ាជាថ្មីម្ដងទៀត មុនពេលបិទកម្មវិធីហែក្បួនសម្រាប់ថ្ងៃម្សិលមិញនេះ ។
មុនពេលសន្យាចំពោះក្រុមអ្នកតវ៉ាថា ប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិនឹងគ្មានអំពើពុកលួយ និងការចាប់យកដីធ្លី លោក សម រង្ស៊ី បានមានប្រសាសន៍ថា “អង្គការសហប្រជាជាតិបានទទួលយកស្នាមមេដៃជាង២លានពីពួកយើង ហើយយើងនឹងទទួលជ័យជម្នះ នៅពេលយើងប្រមូលបានជាង៣លាន”។
នៅមុនពេលហែក្បួន លោក កឹម សុខា បានផ្ដល់កម្លាំងចិត្តដល់អ្នកគាំទ្រជាង២ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យតាមរយៈការភ្ជាប់ខួបលើកទី២២ នៃការចុះកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទៅនឹងស្ថានភាពនយោបាយនៅក្នុងប្រទេសនាពេលបច្ចុប្បន្ន។
លោក កឹម សុខា បានសួរទៅអ្នកគំាទ្រថា តើកម្ពុជាបានក្លាយជាប្រទេសមួយ ដែលមានលទ្ធិប្រជាធិបតេយ្យ ឯករាជ្យ និងគ្មានការឈ្លានពានពីសំណាក់បរទេសហើយឬនៅចាប់តាំងពីឆ្នាំ ១៩៩១មក ដោយពួកគេបានឆ្លើយយ៉ាងមុតមាំថា “នៅទេ!” ។ បន្ទាប់មកលោក កឹម សុខា បានសួរក្រុមអ្នកគាំទ្រដោយប្រើប្រាស់ចម្លើយរបស់ខ្លួន ដើម្បីពន្យល់ពីភាពចាំបាច់នៃការដាក់ញត្តិជូនទៅអង្គការសហប្រជាជាតិថា “ពេលប្រទេសណាមួយដឹកនាំដោយគណបក្សតែមួយ តើប្រទេសជាតិនឹងទៅជាយ៉ាងណា?។ ប្រសិនបើយើងមិនចង់ឲ្យបក្សតែមួយដឹកនាំទេនោះ យើងត្រូវតែធ្វើបាតុកម្ម ដើម្បីមានមេដឹកនាំច្រើនបក្ស”។
លោក សម រង្ស៊ី ក៏បានមានប្រសាសន៍ដែរអំពីការកែប្រែសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ដែលកាលពីមុនធ្លាប់បានលើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងមិនត្រូវអនុញ្ញាតឲ្យហែក្បួនតាមដងផ្លូវ។ លោកបានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាមិនចង់ឲ្យយើងធ្វើបាតុកម្មធំដូចនេះទេ ពីព្រោះវាបង្ហាញពីឆន្ទៈរបស់ប្រជាពលរដ្ឋ” មុនពេលលោកឆ្លៀតឱកាសនិយាយចម្អកឲ្យរដ្ឋាភិបាល។ លោកបានលើកឡើងទៀតថា “សម្រាប់គណបក្សប្រជាជនកម្ពុជា ពួកគេមិនអាចធ្វើបាតុកម្មធំបែបនេះបានឡើយ ពួកគេធ្វើមិនដូចយើងទេ”។
ថ្វីបើបាតុកម្ម និងការហែក្បួនបានប្រព្រឹត្តទៅយ៉ាងរលូន និងដោយសន្ដិវិធីក៏ដោយ ក៏លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញបានរិះគន់ការដោះស្រាយរបស់គណបក្សសង្គ្រោះជាតិនៅក្នុងថ្ងៃនោះ ហើយបានអំពាវនាវឲ្យក្រុមមេដឹកនាំបក្សគោរពតាមកិច្ចព្រមព្រៀង ដែលពួកលោកបានធ្វើជាមួយអាជ្ញាធរកាលពីថ្ងៃអង្គារ។
លោក ជួន សុវណ្ណ បានមានប្រសាសន៍ដោយមិនបញ្ជាក់ពីកន្លែង ដែលអ្នកហែក្បួនបានហែខុសផ្លូវថា “អ្វីដែលយើងបានសង្កេតឃើញ និងដែលបានធ្វើឲ្យយើងខកចិត្ត នោះគឺអនុប្រធាន និងប្រធានគណបក្សនេះមិនអាចគ្រប់គ្រងបាតុករបាន ហើយបានបណ្តោយឲ្យពួកគេដើរពាសវាលពាសកាលអំឡុងពេលហែក្បួន”។)
លោកបានមានប្រសាសន៍ទៀតថា “នៅក្នុងកិច្ចប្រជុំនោះ យើងក៏បានស្នើសុំឲ្យពួកគេ និងសាលារាជធានី អនុញ្ញាតឲ្យមានអ្នកហែក្បួនពី១.០០០នាក់ទៅ៥.០០០នាក់ ប៉ុន្តែពេលនេះមានមនុស្សប្រហែល១០.០០០នាក់ ដែលបានហែក្បួន និងជាការល្មើសរបស់ពួកគេ ហើយវាបង្ហាញថា ពួកគេមិនបានគោរពកិច្ចព្រមព្រៀងនោះឡើយ”។
គណបក្សសង្គ្រោះជាតិបានជូនដំណឹងទៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលាថា ខ្លួននឹងហែក្បួនតាមផ្លូវនានាក្នុងរាជធានីភ្នំពេញអំឡុងមហាបាតុកម្មរយៈពេលបីថ្ងៃជាប់ៗគ្នា ជាសេចក្ដីសម្រេចមួយ ដែលអាជ្ញាធរបានអះអាងថា ខុសច្បាប់ រហូតដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអន្តរាគមន៍នៅនាទីចុងក្រោយកាលពីយប់ថ្ងៃច័ន្ទ។ កាលពីថ្ងៃអង្គារក្រសួងមហាផ្ទៃបាននិយាយថា ខ្លួននឹងអនុញ្ញាតឲ្យមនុស្ស១.០០០នាក់ ដើរក្បួនតាមផ្លូវអំឡុងបាតុកម្មរយៈពេលបីថ្ងៃនេះ។
លោក សម រង្ស៊ី បានមានប្រសាសន៍តាមទូរស័ព្ទ បន្ទាប់ពីបិទបាតុកម្មកាលពីម្សិលមិញថា លោកបាននិយាយជាមួយលោក ស ខេង ទាំងមុន និងក្រោយពីពេលហែក្បួនទៅកាន់ការិយាល័យអង្គការសហប្រជាជាតិ ហើយថា ទំនាក់ទំនងជាមួយអាជ្ញាធរនៅល្អនៅឡើយ។ លោកបានមានប្រសាសន៍ថា “យើងទាំងពីរពេញចិត្ត ពីព្រោះគ្មានអំពើហិង្សា។ លោក ស ខេង បានប្រាប់ខ្ញុំថា គាត់បានណែនាំឲ្យនគរបាលធ្វើការហាត់សម ដែលខ្ញុំអាចបញ្ជាក់បាន។ ហើយយើងបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់យើង និងការព្រមព្រៀងរបស់យើងជាមួយអាជ្ញាធរ”។
លោក សម រង្ស៊ី បានមានប្រសាសន៍ទៀតថា មិនថាការហែក្បួននេះប្រព្រឹត្តទៅដោយរលូនឬយ៉ាងណាទេ ក្ដីបារម្ភរបស់ស្នងការរូបនេះចំពោះចំនួនអ្នកហែក្បួនតាមផ្លូវគឺមិនត្រូវរឿងឡើយ។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា “គាត់ប្រាកដជាយល់ ខ្ញុំមិនអាចដាក់កំហិតចំនួន១.០០០នាក់បានទេ។ អ្វីដែលសំខាន់គឺថា ការហែក្បួនដោយសន្ដិវិធី។ មិនថា ចំនួន១.០០០នាក់ ឬ៥.០០០នាក់នោះទេ វាមិនជាបញ្ហាឡើយ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា កិច្ចប្រជុំមួយជាមួយតំណាងគណបក្សសង្គ្រោះជាតិកាលពីយប់មិញនៅសាលារាជធានី គណបក្សសង្គ្រោះជាតិបានយល់ព្រមកាត់បន្ថយចំនួនអ្នកហែក្បួនតាមផ្លូវនានាអំឡុងការហែក្បួនទៅកាន់ស្ថានទូតនានានៅថ្ងៃនេះ និងថ្ងៃសុក្រ។
មហាបាតុកម្មរយៈពេលបីថ្ងៃរបស់គណបក្សសង្គ្រោះជាតិ បានឈានចូលដល់ថ្ងៃទី២ ហើយនៅថ្ងៃនេះ។ លោក សម រង្ស៊ី និងលោក កឹម សុខា នឹងដឹកនាំបាតុករចេញពីទីលានប្រជាធិបតេយ្យចាប់ពីម៉ោង៨ព្រឹកឆ្ពោះទៅភាគខាងជើង ដើម្បីប្រគល់លិខិតជូនដំណឹងស្ដីពីញត្តិដាក់ជូនការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទៅស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតអង់គ្លេស និងស្ថានទូតបារាំង។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា មនុស្សប្រហែល២.០០០នាក់បានបោះតង់នៅទីលានប្រជាធិបតេយ្យកាលពីយប់មិញ ទោះបីជាសាលារាជធានីលើកឡើងថា ការបោះតង់នៅទីលាននេះត្រូវបានហាមឃាត់ក៏ដោយ៕
(ធ្វើសេចក្ដីរាយការណ៍ដោយ ឃី សុវុឌ្ឍី Alex Willemyns ម៉ិច ដារ៉ា អូន ភាព Colin Meyn និង Ben Woods)
ប្រែសម្រួលដោយ តែម សុខុម