35 C
Phnom Penh

អ្នក​កាសែត​ និង​​បុគ្គលិក​កាកបាទ​ក្រហម​បានស្លាប់​​ដោយសារបុក​ជា​មួយ​រថយន្ត​ក្រុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​ខេត្ត​បាត់​ដំបង​បាន​​ឲ្យ​ដឹង​ថា រថយន្ត​ទួរីស​​​​​មួយ​គ្រឿង​​​ដឹក​អ្នក​​កាសែត​ និង​​បុគ្គលិក​កាកបាទ​ក្រហម​កម្ពុជា​​ពី​​រាជធានី​ភ្នំពេញ​ទៅ​កាន់​តំបន់​​​រងគ្រោះ​​ដោយ​សារ​ទឹក​​ជំនន់​នៅ​ខេត្ត​បាត់​ដំបង​​បាន​បុ​ក​រថយន្ត​ក្រុង​មួយ​គ្រឿង​​កាល​ពី​រសៀល​ម្សិលមិញ​ ដោយ​​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​ពីរ​នាក់​ស្លាប់​ និង​​យ៉ាង​​​តិ​ច​ណាស់​ពី​រ​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​។

អ្នក​កាសែត​បីនាក់​ និង​បុគ្គលិក​កាកបាទ​​​ក្រហម​​ចំនួន​បួន​នាក់​បាន​ជិះ​រថយន្ត​ទួរីស​មួយ​គ្រឿង​​ទៅ​កាន់​​ឃុំ​តា​គ្រាម​ ស្រុក​​បាណន់​ ជា​កន្លែង​ ដែល​​លោក​ស្រី ប៊ុន រ៉ានី ប្រធាន​កាក​បាត​​ក្រហម​កម្ពុជា​​ និង​ជា​ភរិយា​​របស់​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ គ្រោង​​​នឹង​​ផ្ដល់​​ជំនួយ​​ឲ្យ​​ជន​រងគ្រោះ​​ដោយ​សារ​ទឹក​ជំនន់​នៅ​ថ្ងៃ​នេះ​។

លោក​ សាត គឹមសាន នាយ​​​ការិ​យា​ល័យ​នគរបាល​ចរាចរ​​​ខេត្ត​បាត់​ដំបង​​បាន​មាន​ប្រសា​សន៍​ថា “បុរស​​ចំនួន​​ពីរ​នាក់​ ដែល​​អង្គុយ​ផ្នែក​ខាង​មុខ​បាន​ស្លាប់​ ហើយ​ប្រាំ​នាក់​ផ្សេង​ទៀត​​​បាន​រង​របួស​​នៅ​ពេល​រថយន្ត​​របស់​ពួក​គេ​​បុក​​រថយន្ត​ក្រុង​​របស់​​ក្រុមហ៊ុន​កាពីតូល ពី​ក្រោយ​”។

លោក​ សៀក ភា អធិការ​​រង​នគរបាល​​​ស្រុក​​មោងប្ញស្សី ជា​ទី​ដែល​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​កើត​ឡើង​បាន​លើក​ឡើង​ថា វា​ទំនង​ជា​កំហុស​​​​របស់​អ្នក​បើក​បរ​រថយន្ត​​ទួរីស​​ ព្រោះ​ចង់​​ជែង​​​រថយន្ត​​ក្រុង​របស់​ក្រុម​ហ៊ុន​កាពីតូ​ល ប៉ុន្តែ​​បន្ទាប់​មក​​បាន​ព្យាយាម​​​កាច់​ចង្កូត​​ត្រឡប់​មក​វិញ​នៅ​ពេល​​ឃើញ​​រថយន្ត​​ធុន​ធំ​មួយ​គ្រឿង​​មក​ពី​មុខ​។ លោក​ សៀក ភា បានមាន​ប្រសា​សន៍​ថា “នេះ​ជា​មូលហេតុ​ដែល​រថយន្ត​​ទួរីស​បុក​រថយន្ត​ក្រុង​”។

លោក​ សុខ វិចិត្រ​ អ្នក​បើក​បរ​រថយន្ត​ទួរីស​ និង​​ជា​បុគ្គលិក​កាកបាទ​ក្រហម​កម្ពុជា​​ និង​ លោក​ ទី អ៊ុយសុង​ អ្នក​កាសែត​​កោះ​សន្ដិ​​​ភាព​​បាន​ស្លាប់​​​នៅ​នឹង​កន្លែង​ រីឯ​លោក​ ស្រូយ នីកា អ្នក​កាសែត​រស្មី​កម្ពុជា​ និង​លោក​ ប៊ុន រ៉ា អ្នក​ថត​​រូប​នៅ​ស្ថានីយ​ទូរទស្សន៍​ ហង្សមាស​ បាន​រង​របួស​ធ្ងន់​ ហើយ​កំពុង​​សម្រាក​ព្យាបាល​​នៅ​​​ក្នុង​មន្ទីរពេទ្យ​​ នេះ​បើ​​យោង​តាម​​លោក​ មាស រិទ្ធី ដែល​ជា​សហការី​របស់លោក​ ប៊ុន រ៉ា។

យោង​តាម​​នគរបាល​ខេត្ត​ពោធិ៍​សាត់​​​​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​េហតុការណ៍​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​មួយ​​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​ ស្ត្រី​ម្នាក់​បាន​ស្លាប់​ និង​​បី​នាក់​ផ្សេង​ទៀត​បាន​រង​របួស​​ធ្ងន់​នៅ​ពេល​រថយន្ត​ក្រុង​​​ដឹក​អ្នក​ដំណើរ​​របស់​​ក្រុមហ៊ុន​រិទ្ធ​មុនី បាន​ក្រឡាប់​ដោយ​សារ​​បែក​​កង់​​​នៅ​ក្នុង​​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍​សាត់​។

លោក​​ ថេត សុវណ្ណធី​ នាយ​រង​​ប៉ុស្ដិ៍​​ឃុំ​​អន្សា​ចំបក់​ កន្លែង​ដែ​ល​រថយន្ត​ក្រុង​ក្រឡាប់បាន​លើក​ឡើង​ថា “ស្ត្រី​អាយុ​២៤​ឆ្នាំ​ម្នាក់​​ ឈ្មោះ​ ស្រី លីស ត្រូវ​​រថយន្ត​ក្រុង​សង្កត់​លើ​ ហើយ​ស្លាប់ភ្លាមៗ”។ នៅ​ពេល​ត្រូវ​បាន​សួរ​​​​​ថា តើ​គ្រួសារ​ជន​រង​គ្រោះ​​​​នឹង​​ទទួល​បាន​ប្រាក់​សំណង​​​​ឬ​ក៏​អត់​ លោក​ សំ វិចិត្រ ជំនួយ​ការ​​ប្រធាន​ក្រុម​ហ៊ុន​​ដឹកជញ្ជូន​រិទ្ធ​មុនី បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​របស់​លោក​​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ពី​ព្រោះ​​យើង​​បាន​​ទិញ​ធានា​រ៉ាប់​រងពី​​ [ក្រុម​ហ៊ុន​​ធានា​រ៉ាប់​រងជាតិ​កម្ពុជា] ​កាំមីនកូ ក្រុម​ហ៊ុន​នេះ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​នៅ​ពេល​​ហេតុការណ៍​បែប​នេះ​កើត​ឡើង​”។

កាល​ពី​ឆ្នាំ​មុន​​មាន​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់​ៗ​ជាច្រើន​​ដោយ​សារ​រថយន្ត​ក្រុង​ រួម​មាន​​គ្រោះ​ថ្នាក់​បី​​លើក​​​គ្រាន់​​​តែក្នុង​​​​មួយ​ខែ​ ដែល​បង្ក​ឡើង​​ដោយ​រថយន្ត​ក្រុង​​រិទ្ធ​មុនី និង​​រថយន្ត​របស់​ក្រុមហ៊ុន​ដៃ​គូ​ខ្លួន​ គឺ​​ក្រុម​ហ៊ុន​​​ប៉ារ៉ា​ម៉ោន​ អង្គរ​អ៊ិច​ប្រេស​ (Paramount Angkor Express) ដោយ​មូលហេតុ​នេះ​បាន​ធ្វើ​ឲ្យ​​ក្រសួង​​សាធារណការ​​និង​​ដឹក​ជញ្ជូ​ន​ចេញ​​សេចក្ដី​ប្រកាស​ថា ​រថយន្ត​​ក្រុង​របស់​ក្រុម​ហ៊ុន​​ណា​ ដែល​បើក​​លើស​​ល្បឿន​​ បំពាន​​​ច្បាប់​ចរាចរណ៍ ឬក៏​បង្ក​របួស​ស្នាម​ដល់​​អ្នក​ដំណើរ​អាច​​នឹង​​ប្រឈម​​​​​ការ​បាត់​បង់​អាជ្ញា​​ប័ណ្ណ ប្រសិន​បើ​​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​​​ចំនួន​​​បី​លើក​នោះ​​។

ប៉ុន្តែ​ក្រុមហ៊ុន​ដឹកជញ្ជូន​ប៉ារ៉ាម៉ោន​ អង្គរ​អ៊ិច​​ប្រេស និង​ក្រុមហ៊ុន​រិទ្ធ​មុនី បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​លើស​ពី​បី​លើក​រួច​ទៅ​ហើយ​ តែ​អាជ្ញាប័ណ្ណ​របស់​ពួក​​គេ​គ្មាន​​នរណា​ដក​ឡើយ​៕​

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស