35 C
Phnom Penh

អ្នក​​​​​​តវ៉ា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ភាគច្រើន​​​មិន​​​ត្រូវ​​​បាន​​​រារាំង​​​ដោយប៉ុស្តិ៍ត្រួត​​​ពិនិត្យ​​​នគរបាល​​​ឡើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះ​បី​ជា​មានប៉ុស្តិ៍​​ត្រួត​ពិនិត្យជា​ថ្មី​​ឡើង​វិញ​​នៅ​​ជុំ​វិញ​រាជធានី​ភ្នំពេញ​​ កាល​ពី​ព្រឹក​ម្សិលមិញ​​ មុន​ពេលមហា​​​បាតុកម្មរបស់​គណបក្ស​សង្គ្រោះ​ជាតិ​​ត្រូវ​បាន​ធ្វើ​ឡើង​​ ដើម្បី​​ប្រឆាំង​​នឹង​​លទ្ធផល​នៃ​ការ​បោះឆ្នោត​​ជាតិ​ កាល​ពី​ខែ​កក្កដា ដ៏​ចម្រូង​ចម្រាស​ក៏​ដោយ​ ក៏​​បាតុករ​ភាគ​ច្រើន​​ដែល​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​នានា​នៅ​តែ​អាច​ចូល​មក​រាជធានី​ភ្នំពេញ​បាន។

ដោយ​ការ​​រឹត​បន្ដឹង​​សន្ដិសុខ​​ហាក់​បី​ដូច​ជា​ធូរ​ស្រាល​ បើ​ប្រៀបធៀប​ទៅ​​នឹង​មហា​បាតុ​កម្ម​ផ្សេង​ទៀត​ចាប់​​តាំង​ពី​ការ​បោះ​ឆ្នោត​ជាតិ​​នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា​មក​ នគរបាល​​ឈរ​ជើង​នៅ​ប៉ុស្តិ៍ត្រួត​ពិនិត្យ​តាម​​​បណ្ដោយ​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ចូល​មក​រាជធានី​ភ្នំពេញ​ មិន​សូវ​ជា​​ខ្វាយ​ខ្វល់​អ្វី​​​ឡើ​យ​នៅ​ពេល​រថយន្ត​​​ដឹក​​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចូល​រាជធានី​ភ្នំពេញ​​។

ប៉ុន្តែ​​មិន​មែន​រថយន្ត​​ដែល​ធ្វើ​ដំណើរ​ចូល​មក​រាជធានី​ភ្នំពេញ​ទាំង​អស់​​សុទ្ធ​តែ​មាន​សំណាង​​នោះទេ​។ លោក​ អ៊ុន សុខា បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​តាកែវ​មក​ ដោយ​ជិះ​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​​​រថយន្ត​គ្មាន​​ដំបូល​មួយ​គ្រឿង​​​ជាមួយ​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួ​ន​ផ្សេង​ទៀត​ ខណៈ​នោះ​​នគរ​បាល​ប្រចាំ​ការ​​នៅ​តាម​​បណ្ដោយ​ផ្លូវ​​ជាតិ​លេខ​២ បាន​បញ្ឈប់​ដំណើរពួក​គេ​​នៅ​ម៉ោង​​៧​ព្រឹក​។ លោក អ៊ុន​ សុខា ក្រោយ​មក​បាន​និយាយ​តាម​​​​​ទូរស័ព្ទ​ថា “នគរបាល​បាន​លើក​ឡើង​ថា ពួក​គេ​​​​ត្រួត​ពិនិត្យ​រក​​ប័ណ្ណ​​បើក​បរ​​ និង​​​រក្សា​សន្ដិសុខ​ ហើយ​បន្ទាប់​មក​ពួក​គេ​បាន​​ចេញ​បទ​បញ្ជា​ឲ្យ​​អ្នក​បើក​បរ​រថយន្ត​​បើក​ត្រឡប់​ក្រោយ​វិញ​”។

ដូច​អ្នក​ធ្វើ​ដំណើរ​​មក​ចូល​រួម​​ក្នុង​បាតុកម្ម​​​ជា​ច្រើនផ្សេង​​​​ទៀត​​​​​ដែរ​ គាត់​​​បាន​ចុះ​ពី​លើ​រថយន្ត​គ្មាន​ដំបូល​នេះ​។ លោក​​ អ៊ុន សុខា បាន​និយាយ​ថា “អ្នក​តវ៉ា​​​​​​​ខ្លះ​​បាន​ហៅ​ម៉ូតូ​ឌុប​ជិះ​ ហើយ​អ្នក​ខ្លះ​ទៀត​​បាន​​ជិះ​ជាមួយ​អ្នក​តវ៉ា​ផ្សេង​ទៀត​ ដែល​កំពុង​ធ្វើ​ដំណើរ​​មក​រាជធានី​ភ្នំពេញ​”។

លោក​ លាង​ ផល្លីន អ្នក​លក់​ដូរ​នៅ​តាម​​ផ្លូវ​ដដែល​នេះ​បាន​និយាយ​ថា គាត់​​បាន​ឃើញ​នគរបាល​បង្ខំ​ឲ្យ​រថយន្ត​​ដែលដឹក​កម្មករ​កម្ម​ការិនី​កាត់​ដេរ​ ទៅ​​រោង​ចក្រ​​​​ក្បែរ​ៗ​នោះ​ត្រឡប់​ក្រោយ​វិញ​។ គាត់​បាន​និយាយ​កាល​ពី​ព្រឹក​នោះ​ថា “វា​គួរ​ឲ្យ​អាណិត​​ណាស់​ ដែល​កម្មករ​កម្មការិនី​​ត្រូវ​បាន​រារាំង​​មិនឲ្យ​ទៅ​ធ្វើ​ការ​។ ពួក​គេ​មិន​មែនទៅ​​​ធ្វើ​ការ​តវ៉ា​ទេ​។ ពួក​គេ​បាន​ឆ្លង​កាត់​ផ្លូវ​នេះ​ជា​រៀង​រាល់​ថ្ងៃ​”។

លោក ស្រី​ រន្ធរ នគរបាល​ចរាចរ​​​​ម្នាក់​ ​​​​ប្រចាំ​ការ​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​ ដែល​មាន​របាំង​ដែក​ចំនួន​ពីរ និង​​កៅអី​ជ័រ​ចំនួន​​ប្រាំ​មួយ​នៅ​លើ​ចិញ្ចើម​ផ្លូវពោរ​​​ពេញ​​​ដោយ​​​ដី​​​ហុយ​​​​ បាន​បដិសេធ​ថា មិន​បាន​ឲ្យ​រថយន្ត​ណា​មួយ​វិល​ត្រឡប់​ទៅ​វិញ​ទេ​។ គាត់​បាន​និយាយ​ថា​ “គ្មាន​រថយន្ត​មួយ​​​គ្រឿង​​​​​​​​​​ណា​​ត្រូវ​បាន​ប្រាប់​ឲ្យ​បក​ក្រោយ​វិញ​​​ឡើយ​។​ យើង​គ្រាន់​តែ​បញ្ឈប់​រថ​យន្ត​ដើម្បី​ត្រួត​​ពិនិត្យរក​ប័ណ្ណ​បើក​បរ​តែមួយ​ភ្លែត​ប៉ុណ្ណោះ​ ហើយ​ក្រោយ​មក​​​​​យើង​បាន​ឲ្យ​ពួក​​​​គេ​​​ធ្វើដំណើរ​បន្ត​វិ​ញហើយ​”។

នៅ​ពេល​ជិត​ថ្ងៃ នៅ​កន្លែង​ត្រួត​ពិនិត្យ​​មួយ​ផ្សេង​ទៀត​  ហួសពី​ផ្លូវ​ដដែល​នេះ​បន្តិច​ មាន​​​មន្ត្រី​នគរ​បាល​​​ខណ្ឌ​ចំនួន​​​៤​នាក់ បាន​​តាម​ដាន​​​​ការ​ធ្វើ​ចរាចរណ៍​ជាប់​ជានិច្ច​ពី​តុ​​នៅ​ក្នុង​ហាង​កា​ហ្វេ​មួយ​។ ពួក​គេ​កម្រ​ងាក​ចេញ​ទៅ​​​ណា​ណាស់​ នៅ​ពេល​រថយន្ត​ដឹក​អ្នក​តវ៉ា​ឆ្លង​​​កាត់។​ អង្គការ​សិទិ្ធ​មនុស្ស​ លីកាដូ បាន​លើក​ឡើង​​​​ថា អ្នក​ឃ្លាំ​មើល​របស់​ខ្លួន​ក៏​បាន​ឃើញ​មាន​កន្លែង​ត្រួត​ពិនិត្យ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​១ លេខ៣ លេខ​៤ លេខ​៥ និង​ផ្លូវ​ជាតិ​លេខ​២១ផង​ដែរ។

អង្គការ​លីកាដូ បាន​លើក​ឡើង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​​​ ដែល​និយាយ​​ពី​ព្រឹត្តិ​​​ការណ៍ថ្មីៗ​កើតឡើង​ក្នុង​​ថ្ងៃនោះ​​ថា “របាយ​ការណ៍បាន​បង្ហាញ​ថា “ អ្នក​គាំទ្រ​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ​ដំណើរ​ចូល​មក​រាជធានី​”។ យោង​តាម​អ្នក​ឃ្លាំ​មើល​នៅ​អង្គការ​សិទ្ធិ​​​មនុស្ស​លីកាដូ​បាន​ឲ្យ​ដឹង​ថា នគរបាល​បាន​ប៉ុន​ប៉ង​​ត្រួត​ពិនិត្យ​រថយន្ត​​ប្រមាណ​​៧០​គ្រឿង​​​​នៅ​តាម​បណ្ដោយផ្លូវ​ជាតិ​លេខ​៤​ក្នុង​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​ ដោយ​សង្ស័យ​ថា មាន​ថ្នាំ​ញៀន ប៉ុន្តែ បាន​ឲ្យ​រថយន្ត​ទាំង​នេះ​ធ្វើ​​​ដំណើរ​បន្ត​វិញ បន្ទាប់​ពី​អ្នក​តវ៉ា​ បាន​គំរាម​បិទ​ផ្លូវ​ដើម្បី​តវ៉ា។ នគរបាល​ក៏​បាន​បញ្ឈប់​រថយន្ត​ចំនួន​៣០​គ្រឿង​ផ្សេង​ទៀត ដែល​មាន​បំណង​ចូល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​តវ៉ា​នៅ​តាម​ផ្លូវ​ជាតិ​លេខ​២១​ក្នុង​ស្រុក​ស្អាង​ខេត្ត​កណ្ដាលផងដែរ​​ ប៉ុន្តែ​ ក៏​បាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​បន្ត​វិញដែរ បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា​រួច​ជាមួយ​អ្នក​ធ្វើ​ដំណើរ​។

ឧត្តម​សេនីយ៍​ត្រី ខេង ទីតូ អ្នកនាំពាក្យ​កង​​​​​​​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​ជា​អង្គ​​​ភាព​​​​មួយ​ក្នុង​ចំណោម​អង្គភាព​សកម្ម​បំផុត​​​​ក្នុង​ការ​រក្សា​សន្តិសុខ​ក្រោយពេល​​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ និង​ជុំ​វិញ​រាជធានី​ ​​​មាន​​​​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ ​ពី​រឿង​ដែល​រថ​យ​ន្ត​ត្រូវ​បាន​ឲ្យវិលបក​ក្រោយវិញ​​​នេះ​ទេ។
ប៉ុន្តែ​ លោក​បាន​ថ្លែង​ថា ប៉ុស្តិ៍​ត្រួត​​​ពិនិត្យ​នឹង​ត្រូវ​រក្សា​ទុក​ដដែល​រហូត​ដល់​ថ្ងៃ​សុក្រ​ នៅ​ពេល​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​បញ្ចប់​។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “យើង​នឹង​បន្ត​ត្រួត​ពិនិត្យ​រថយន្ត​បន្ត​ទៀត​ដើម្បី​ស្វែង​រក​ឧបករណ៍​ណា​មួយ​ដែល​អាច​ប្រើ​ធ្វើ​ជា​អាវុធ​បាន​”។

ទោះ​បី​ជា​រថយន្ត​ភាគ​ច្រើន​ដែល​ដឹក​អ្នក​តវ៉ា​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចូល​មក​រាជ​​​ធានី​ភ្នំពេញ ទំនង​ជា​បាន​ឆ្លង​កាត់​កន្លែង​ត្រួត​​​ពិនិត្យ​ជា​​ច្រើនកន្លែង​​ក៏​ដោយ​ក៏​លោក​​​ស្រី ណាលី ពីឡូក​​​នាយិកា​អង្គការ​សិទិ្ធមនុស្ស​លីកាដូ​បាន​លើក​ឡើង​ថា ចំនួន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​តែ​មាន​ចំនួន​ច្រើន​ហួស​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​ប៉ុស្តិ៍ត្រួតពិនិត្យ​នៅ​តាម​ផ្លូវធំៗ និង​ផ្លូវ​សំខាន់​ៗ​ផ្សេង​ទៀត​មិន​ចាំបាច់​នោះ​ទេ ប៉ុន្តែ “យើង​មាន​អារម្មណ៍​ធូរ​ស្រាល​នៅ​ពេល​នគរបាល​អនុញ្ញាត​ឲ្យ​រថយន្ត​រាប់​រយ ​ដែល​ដឹក​​​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​មក​រាជធានី​ភ្នំពេញ​នោះ​ពីព្រោះ​ប្រជាពលរដ្ឋ​គួរ​តែ​មាន​សិទ្ធិ​ទៅ​ណា​មក​ណា ឬក៏​ចូល​រួម​ក្នុង​ព្រឹត្តិ​​​ការណ៍​ណា​មួយ​ដោយ​សន្តិវិធី​បាន​ក្នុង​ប្រទេស​របស់​ខ្លួន​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស