កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប.បានឈានដល់ពេលវេលាចុងក្រោយបំផុតសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោតផ្លូវការបន្ទាប់ពីបានចំណាយពេល២០ថ្ងៃសម្រាប់បំពេញកិច្ចការងារនេះ ហើយបានឃើញថា មានប្រជាជនជាង១៧០.០០០នាក់បន្ថែមទៀត បានទៅចុះឈ្មោះ និងចំនួនឈ្មោះជិត១០០.០០០នាក់ត្រូវបានកាត់ចេញពីបញ្ជី។
បញ្ជីឈ្មោះអ្នកបោះឆ្នោតនេះរងការរិះគន់ខ្លាំងៗពីសំណាក់ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត ដែលបានលើកឡើងថា ការចុះបញ្ជីនេះភាគច្រើនចុះដោយដៃ គឺជាមូលហេតុដែលនាំឲ្យឈ្មោះប្រជាជនជាច្រើនបាត់ដោយសារបញ្ហាខុសឆ្គងពីបញ្ជីនៅថ្ងៃបោះឆ្នោតក្នុងខែកក្កដា។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា “មានឈ្មោះអ្នកបោះឆ្នោតចំនួន១៧៤.១០៥នាក់ត្រូវបានចុះបន្ថែម និងឈ្មោះ៩៨.៤៦៨នាក់ត្រូវបានលប់ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងឃុំចំនួន១.៦១៦ក្នុងចំណោមឃុំចំនួន១.៦៣៣នៅទូទាំងប្រទេស”។
បើទោះជាឈ្មោះជិត១០០.០០០នាក់ត្រូវបានលប់ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតក៏ដោយ ក៏ចំនួនឈ្មោះអ្នកបោះឆ្នោតនៅតែខុសគ្នាឆ្ងាយពីចំនួនឈ្មោះអ្នកបោះឆ្នោត២៧០.០០០នាក់ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសារភាពថា ជាឈ្មោះស្ទួននៅក្នុងបញ្ជីនេះ។ គ.ជ.ប.ដើមឡើយក៏បានប៉ាន់ប្រមាណកាលពីដើមខែតុលាថា ប្រជាជនប្រហែល៣៣៧.០០០នាក់បន្ថែមទៀតនឹងចុះឈ្មោះបោះឆ្នោត។
លោក ទេព នីថា បានឲ្យដឹងថា “គ.ជ.ប.បានប៉ាន់ប្រមាណថា នឹងមាន ‘ឈ្មោះខ្មោច’ ២០០.០០០នាក់ ត្រូវបានលប់ចេញនៅឆ្នាំនេះ ក៏ប៉ុន្តែ សម្រាប់រយៈពេល២០ថ្ងៃនៃការចុះឈ្មោះ គ.ជ.ប.បានលប់ឈ្មោះចំនួន៩៨.៤៦៨នាក់ ពីព្រោះការលប់ឈ្មោះប្រជាជនដែលស្លាប់ទៅ ងាយស្រួលជាងការលប់ឈ្មោះអ្នកដែលផ្លាស់ទីលំនៅ ឬក៏ឈ្មោះស្ទួន”។ លោកបានពន្យល់អំពីការធ្លាក់ចុះនៃឈ្មោះដែលត្រូវលប់ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត។
លោកបានមានប្រសាសន៍ថា “គ.ជ.ប. នឹងលប់ [ ឈ្មោះស្ទួន] នៅពេលដែលខ្លួនមានឯកសារគ្រប់គ្រាន់” នៅជុំបន្ទាប់នៃការចុះឈ្មោះបោះឆ្នោត ក្នុងពេលណាមួយក្នុងឆ្នាំនេះ។ លោកបន្ថែមថា មូលហេតុដែល មានការចុះឈ្មោះបានតិច គឺដោយសារទឹកជំនន់មាននៅច្រើនតំបន់។លោកថ្លែងថា ដើម្បីធ្វើដូច្នេះ អ្នកដែលសង្ស័យថា ខ្លួនមានឈ្មោះស្ទួនត្រូវតែរាយការណ៍អំពីបញ្ហានេះទៅការិយាល័យឃុំ-សង្កាត់របស់ខ្លួន មុនពេលគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំសង្កាត់អាចលប់ឈ្មោះគេចេញ។
គណបក្សសង្គ្រោះជាតិបានអះអាងថា ឈ្មោះស្ទួន និងការលប់ឈ្មោះខុសនៅក្នុងបញ្ជីឈ្មោះ មានន័យថា មនុស្សយ៉ាងតិច១លាននាក់បាត់សិទ្ធិអំឡុងពេលបោះឆ្នោត។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានចុះឈ្មោះ កាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីឈ្មោះរបស់លោកត្រូវបានលុបចេញពីបញ្ជីឈ្មោះកាលពីដើមឆ្នាំនេះ ដោយសារតែលោកជាប់ទោសព្រហ្មទណ្ឌតាមការចោទប្រកាន់ ដែលមជ្ឈដ្ឋានជាច្រើន ជឿថា ជារឿងនយោបាយ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី