កាលពីម្សិលមិញ ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងជាច្រើនម៉ឺននាក់ បានដើរហែក្បួនកាត់ផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ ដោយមានបដាអំពាវនាវឲ្យភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ពិនិត្យលើកិច្ចព្រមព្រៀង ដែលគួរតែបានជួយឲ្យមានលទ្ធិប្រជាធិតេយ្យសេរីពហុបក្សនៅក្នុងប្រទេសកម្ពុជានេះឡើងវិញ។
តាំងពីការបោះឆ្នោតដ៏ប្រទាញប្រទង់បានកន្លងផុតកាលពីខែកក្កដា គណបក្សសង្គ្រោះជាតិបានស្វែងរកការគាំទ្រពីមជ្ឈដ្ឋានខាងក្រៅ និងអំពាវនាវឲ្យមានការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ (UN) ព្រមទាំងប្រទេសជាហត្ថលេខី ដោយអះអាងថា ប្រត្តិបត្តិការណ៍របស់ភាគីទាំងនោះមិនទាន់ចប់នៅឡើយទេ ហើយប្រទេសកម្ពុជាស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ដែលធ្លាប់ត្រូវបានរំពឹងថាមាន។
ទោះបីជាយ៉ាងនេះក្តី លោក ចន ស៊ីអូ ស៊ែរី (John Ciorciari) អ្នកជំនាញផ្នែកប្រទេសកម្ពុជា នៅឯមហាវិទ្យាល័យនយោបាយសាធារណៈ ជើរ៉ាដ ហ្វ័ដ (Gerald R.Ford ) នៃសាកលវិទ្យាល័យ មីឈីហ្គែន (University of Michigan) បានលើកឡើងថា យុទ្ធសាស្ត្រនេះមិនទំនងជាអាចជំរុញឲ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពនោះទេ។
ស្ថានភាពរបស់ប្រទេសកម្ពុជានៅក្នុងទិដ្ឋភាពនយោបាយភូមិសាស្ត្របានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ តាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាកាលពី២២ឆ្នាំមុន។ លោក ស៊ីអូស៊ែរី បានមានប្រសាសន៍ថា “ចំណុចពាក់ព័ន្ធសំខាន់នៅក្នុងកិច្ចព្រមព្រៀងនេះ គឺថា វារំឭកសមភាគីជាហត្ថលេខីសំខាន់ៗ អំពីទស្សនវិស័យ ដែលពួកគេបានកំណត់សម្រាប់ប្រទេសកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៩០។ ទស្សនវិស័យនោះហាក់ដូចជាមិនសីុគ្នាទៅនឹងតថភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសនេះទេ”។
លោកបន្តទៀតថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាទូទៅ គឺជាផ្លូវមួយសម្រាប់កាត់បន្ថយឥទ្ធិពលរបស់ប្រទេសមហាអំណាចក្នុងតំបន់ចេញពីជម្លោះក្នុងប្រទេសកម្ពុជា នៅពេលសង្គ្រាមត្រជាក់បានរីករាលដាលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងន័យនេះ កិច្ចព្រមព្រៀងនេះពិតជាមានប្រសិទ្ធភាព។ ក៏ប៉ុន្តែ ការដកខ្លួនចេញយ៉ាងលឿនរបស់អន្តរជាតិពីប្រទេសកម្ពុជាក្រោយការបោះឆ្នោតឆ្នាំ១៩៩៣បង្ហាញថា ចំពោះប្រទេសហត្ថលេខីភាគច្រើនកិច្ចព្រមព្រៀងនេះភាគច្រើនជាវិធីចាកចេញពីកម្ពុជា ជាជាងនៅជាប់ពាក់ព័ន្ធស៊ីជម្រៅ”។
យោងតាមមាត្រា២៥នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានចែងថា “ប្រទេសជាហត្ថលេខីក្នុងជំនឿដ៏ល្អ និងសា្មរតីនៃកិច្ចសហប្រតិបត្តិការត្រូវដោះស្រាយជម្លោះទាំងឡាយតាមមធ្យោបាយសន្តិវិធី ដោយគោរព និងអនុវត្តតាមកិច្ចព្រមព្រៀងនេះ”។
ទោះបីជាយ៉ាងណា នៅក្នុងជម្លោះនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីការបោះឆ្នោតបានកន្លងផុតទៅក៏ដោយ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចជាយូរមកហើយនោះ និងគណបក្សសង្គ្រោះជាតិ ធ្វើឲ្យសហគមន៍អន្តរជាតិ មានការស្ងៀមស្ងាត់បំផុត ហើយស្ថានទូតបរទេសនានាបានបង្ហាញការគាំទ្ររដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន លើកលែងតែសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសជាច្រើននៃតំបន់អឺរ៉ុប ។
លោក សុរិយ៉ា ស៊ូបេឌី (Surya Subedi) ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បានលើកឡើងថា សហគមន៍អន្តរជាតិនៅតែមានកាតព្វកិច្ចតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងការធានាថា ការសន្យារបស់សហគមន៍អន្តរជាតិពិតជាត្រូវបានអនុវត្តតាម។ តំណែងផ្ទាល់របស់លោក ស៊ូបេឌី ដែលត្រូវបានកំណត់ឲ្យធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្នុងការអនុវត្តការទទួលខុសត្រូវផ្នែកសិទ្ធិមនុស្សរបស់ខ្លួន ជូនសហគមន៍អន្តរជាតិឲ្យបានដឹងនោះ ស្ថិតក្នុងចំណោមភាគីហត្ថលេខី ដែលរក្សាស្មារតីប្តេជ្ញាចំពោះប្រទេសកម្ពុជា។
លោក ស៊ូបេឌី បានលើកឡើងនៅក្នុង អ៊ីម៉េលថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “នៅតែមានន័យរហូតទាល់តែស្ថាប័នរដ្ឋនានាដែលត្រូវបានបង្កើតឡើងដោយយោងតាមរដ្ឋធម្មនុញ្ញថ្មី អាចដំណើរការបានតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចជាលទ្ធិបែងចែកអំណាច ឯករាជ្យក្នុងប្រព័ន្ធតុលាការ នីតិរដ្ឋ និងសមត្ថភាពរបស់សភាក្នុងការត្រួតពិនិត្យការទទួលខុសត្រូវរបស់អង្គនីតិប្រតិបត្តិ និងគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដែលត្រូវរៀបចំការបោះឆ្នោតដោយសេរី យុត្តិធម៌ និងមានសន្តិភាព”។
តាមរយៈវិធានការឯករាជ្យណាក៏ដោយស្តង់ដារមួយចំនួនតូចក្នុងចំណោមស្តង់ដារទាំងនោះ ត្រូវបានឆ្លើយតបក្នុងរយៈពេល២២ឆ្នាំកន្លងមកនេះ តាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា។
លោក កាលីល ថេយ័រ (Carlyle Thayer) អ្នកជំនាញផ្នែកតំបន់អាស៊ីអាគ្នេយ៍នៅឯសាលាកម្លាំងការពារជាតិអូស្ត្រាលី (Australia Defence Force Academy) បានលើកឡើងថា ស្ថានភាពនយោបាយសាកលលោកនាពេលបច្ចុប្បន្ន ហាក់ដូចជា មិនប្រាកដនិយមសម្រាប់ការអំពាវនាវសុំជំនួយនៅក្នុងប្រទេសកម្ពុជាទេ។ លោកបានបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចឈានដល់ការមូលមតិគ្នាក្នុងការសម្រេចចិត្តថា តើត្រូវអន្តរាគមន៍ក្នុងប្រទេសស៊ីរី ឬយ៉ាងណាទេ។
លោកបានមានប្រសាសន៍ថា “[សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ] អចិន្ត្រៃយ៍ទាំងប្រាំ និងមិនសហការគ្នាក្នុងនាមលោកសម រង្ស៊ី ឬក៏អ្នកផ្សេងៗទៀត [ក្នុងប្រទេសកម្ពុជា] នោះទេ ពីព្រោះម្ខាង ឬក៏ម្ខាងទៀតគឺបដិសេធរៀងៗខ្លួន”។ លោកបានលើកឡើងបន្ថែមទៀតថា កម្រិតនៃការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏បានជំរុញឲ្យប្រទេសនេះធ្លាក់ចំណាត់ថ្នាក់គួរឲ្យកត់សម្គាល់ក្នុងបញ្ជីអាទិភាពអន្តរជាតិសម្រាប់អង្គការសហប្រជាជាតិផងដែរ។
លោកបានមានប្រសាសន៍បន្តថា “រឿង [កម្ពុជា] មិនមែនមិនសំខាន់នោះទេ។ បញ្ហានៃការលួចបន្លំក្នុងការបោះឆ្នោតដែលកំពុងត្រូវបានមជ្ឈដ្ឋានផ្សេងៗនិយាយនោះ វាហាក់ដូចជាមិនសំខាន់ទេបើធៀបនឹងអាវុធគីមីនៅប្រទេសស៊ីរី ឬក៏ក្រុមជ្រុលនិយមដែលមានកម្លាំងកាន់តែរឹងមាំនៅប្រទេសលីប៊ី និងបញ្ហាផ្សេងៗទៀត”។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានសារភាពថា បញ្ហានៅក្នុងប្រទេសកម្ពុជាមិនសំខាន់សមល្មមទេ បើធៀបនឹងប្រទេសផ្សេងៗទៀត ក៏ប៉ុន្តែ ប្រទេសនេះមិនគួរទទួលបានតិចជាងអ្វីដែលត្រូវបានសន្យាកាលពី ២២ឆ្នាំមុន ដោយសហគមន៍អន្តរជាតិ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីជួយប្រទេសកម្ពុជាឲ្យសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យសេរី ដែលការពារសិទ្ធិមនុស្ស។ លោកបានមានប្រសាសន៍ថា “គេប្រាប់ខ្ញុំដូច្នេះនៅគ្រប់ទីកន្លែងដែលខ្ញុំបានទៅ។ គេប្រាប់ខ្ញុំថា មានអាទិភាពផ្សេងៗទៀត ហើយប្រទេសកម្ពុជាមិនស្ថិតក្នុងគោលដៅរបស់ពួកគេទេ”។
លោកបានមានប្រសាសន៍បន្តទៀតថា “ក៏ប៉ុន្តែ ខ្ញុំគិតថា នេះគឺជាគោលការណ៍។ ដោយសារតែយើងនៅក្នុងប្រទេសកម្ពុជាយើងមិនអាចនិយាយបានថា វាល្អគ្រប់គ្រាន់សម្រាប់ប្រទេសកម្ពុជាទេ”។
លោកបានបន្ថែមថា “ស្តង់ដារសាកលគួរតែត្រូវបានអនុវត្តចំពោះគ្រប់ប្រទេសទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ប្រសិនបើអ្នកនិយាយថា យើងមិនមានពេល ‘ នេះវាគ្រប់គ្រាន់ល្មមសម្រាប់ប្រទេសកម្ពុជាហើយ’ អ្នកកំពុងតែចូលរួមក្នុងដំណើរការមួយដែលស្ថិតនៅកាន់តែឆ្ងាយទៅៗពីគោលការណ៍ទាំងនោះ[ ដែលប្រទេសជាហត្ថលេខីក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស] ត្រូវការពារ”។ លោកបានសួរថា “ការបោះឆ្នោតបែបនេះនឹងមិនអាចទទួលយកបានទេនៅប្រទេសបារាំង និងសហរដ្ឋអាមេរិក ចុះហេតុអ្វីនៅក្នុងប្រទេសកម្ពុជាទទួលយក?”។
លោក យ៉ូស៊ីហ៊ីរ៉ូ ហ៊ីហ្គូជី (Yoshihiro Higuchi) អនុប្រធានផ្នែកបេសកកម្មនៃស្ថានទូតជប៉ុនបានលើកឡើងថា តួនាទី របស់ហត្ថ លេខីអន្តរជាតិក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមិនច្បាស់ទេ ហើយថា គណបក្សសង្គ្រោះជាតិនៅមិនទាន់ពន្យល់ឲ្យបានច្បាស់ថា តើប្រទេសផ្សេងៗអាចជួយដោះស្រាយជម្លោះនយោបាយក្នុងពេលបច្ចុប្បន្នដោយរបៀបណានៅឡើយទេ។
លោក ហ៊ីហ្គូជី មានប្រសាសន៍ថា “នៅតែមានការចោទសួរថា តើកិច្ចព្រមព្រៀងនេះមាកលក្ខខណ្ឌផ្ទាល់ ឬក៏អត់ តើប្រទេសជាហត្ថលេខីមានកាតព្វកិច្ចត្រូវជួយ ឬក៏អត់ ហើយ តើប្រទេសជាហត្ថលេខីមានកាតព្វកិច្ចគោរពតាមកិច្ចព្រមព្រៀងនេះក្នុងកម្រិតណា។ ដូច្នេះយើងកំពុងព្យាយាមស្វែងយល់អំពីអ្វីដែលគណបក្សសង្គ្រោះជាតិកំពុងគិត”។
លោកមានប្រសាសន៍បន្តទៀតថា “កិច្ច ព្រមព្រៀងសន្តិភាពនេះបានចែងច្បាស់អំពីក្របខណ្ឌនេះដែលប្រជាជនកម្ពុជាបោះឆ្នោតជ្រើសតាំងរដ្ឋាភិបាលរបស់ខ្លួនឯងផ្ទាល់ តាមរយៈការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងបើកចំហក្នុងឆ្នាំ១៩៩៣។ ដូច្នេះ នេះគឺជាគោលបំណងចម្បង។ ជាការពិតសហគមន៍អន្តរជាតិគួរតែដើរតាមសកម្មភាពខិតខំរបស់ប្រជាជនកម្ពុជា ក៏ប៉ុន្តែ បច្ចុប្បន្នប្រជាជនកម្ពុជាគួរតែនាំមុខ ហើយសហគមន៍ អន្តរជាតិរួមទាំងប្រទេសជប៉ុនផងដែរ នឹងដើរអមការខិតខំរបស់ពួកគេ”៕
ប្រែសម្រួលដោយ កង សុធា