កាលពីម្សិលមិញ លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានដឹកនាំអ្នកគាំទ្រជាង១.០០០នាក់ ហែក្បួនដើម្បីដាក់ញត្តិជូនស្ថានទូតបារំាង ស្ថានទូតអង់គ្លេស និងស្ថានទូតសហរដ្ឋអាមេរិក មុនពេលបោះតង់ស្នាក់នៅក្នុងថ្ងៃទី២ នៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ ដែលមានចំនួនអ្នកគំាទ្រចូលរួមតិចជាងឆ្ងាយបើប្រៀបធៀបទៅកាលពីថ្ងៃពុធ នៅពេលល្ងាចមានមនុស្សច្រើនបំផុតត្រឹមប្រហែល៧.០០០នាក់ប៉ុណ្ណោះ។

នៅវេលាម៉ោងប្រហែល៩ព្រឹក លោក កឹម សុខា បានថ្លែងសុន្ទរកថាយ៉ាងខ្លីទៅកាន់ក្រុមអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ ដែលភាគច្រើនក្នុងចំណោមអ្នកគាំទ្រទាំងនោះមកពីបណ្តាខេត្ត ដែលបានបោះតង់ស្នាក់នៅទីលានប្រជាធិបតេយ្យនៅពេលយប់ រួចបានចាប់ផ្ដើមហែក្បួនឆ្ពោះទៅកាន់ស្ថានទូតបារាំង ដោយនៅទីនោះបានជួបជាមួយអ្នកគាំទ្រមួយក្រុមទៀតដែលកំពុងរង់ចាំលោក សម រង្ស៊ី នៅខាងមុខស្ថានទូតនេះ។ មេដឹកនាំគណបក្សសង្គ្រោះជាតិបួនរូបបានចូលទៅខាងក្នុងស្ថានទូត ដើម្បីជួបពិភាក្សាគ្នាមួយស្របក់ជាមួយឯកអគ្គរដ្ឋទូតបារាំង សឺហ្សេ ម៉ូស្ទូរ៉ា (Serge Mostura) និងដើម្បីដាក់ញត្តិ ដែលមានស្នាមមេដៃប្រជាពលរដ្ឋជាង២លាន ដើម្បីអំពាវនាវឲ្យបណ្ដាប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ធ្វើតាមការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាឲ្យមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
លោក នីកូឡាស បូឌុង (Nicolas Baudouin) លេខាទី១ប្រចាំស្ថានទូតបារំាងបានមានប្រសាសន៍ថា “ថ្ងៃនេះឯកអគ្គរដ្ឋទូតរបស់យើងបានជួបពិភាក្សាគ្នាមួយស្របក់ជាមួយគណៈប្រតិភូនៃគណបក្សសង្គ្រោះជាតិ ជុំវិញការបន្តចរចារវាងគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា”។
លោក សម រង្ស៊ី បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសកាលពីសប្ដាហ៍មុន ដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាលបារំាងជាផ្នែកនៃដំណើរទស្សនកិច្ចជាអន្តរជាតិរបស់លោក ដើម្បីជំរុញឲ្យប្រទេសនានាកាត់ផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តែទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីបារំាង លោក ហ្សង់ ម៉ាក អាយរ៉ូល (Jean-Marc Ayrault) បានផ្ញើលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែតុលា ដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោត។
ញត្តិរបស់គណបក្សសង្គ្រោះជាតិអំពាវនាវឲ្យរដ្ឋាភិបាលនៃបណ្ដាប្រទេស ដែលបានចុះកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១នេះ “ធានាឲ្យមានការអនុវត្ត” តាមកិច្ចព្រមព្រៀងសន្ដិភាពនេះ ប៉ុន្តែមិនបញ្ជាក់ថា តើកិច្ចព្រមព្រៀងនេះគួរតែសម្រេចបានសមិទ្ធផលបែបណាខ្លះនោះឡើយ។ កាលពីលើកមុន លោក សម រង្ស៊ី ធ្លាប់បានស្នើសុំឲ្យអន្តរជាតិគំរាមកាត់ផ្ដាច់ជំនួយ ឬដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា។
ញត្តិនេះមានខ្លឹមសារដូច្នេះថា “យើងសូមស្វែងរកជំនួយរបស់អ្នកនៅក្នុងការដោះស្រាយស្ថានភាពនយោបាយជាប់គាំងនាពេលបច្ចុប្បន្ន តាមរយៈការធានាឲ្យមានការអនុវត្តតាមកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដែលជាមូលដ្ឋានស្នូលសម្រាប់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការអភិវឌ្ឍសម្រាប់ប្រទេសរបស់យើង”។
កន្លែងឈប់សំចតទី២នៅក្នុងការហែក្បួនរបស់គណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ គឺស្ថានទូតអង់គ្លេស ដោយនៅទីនោះក្រុមតំណាងបក្សត្រូវនាំចូលទៅខាងក្នុងស្ថានទូត ខណៈពេលក្រុមអ្នកគាំទ្ររបស់ពួកគេរង់ចាំនៅខាងក្រៅ។
លោក ប្រ៊ីយ៉ូនី ម៉ាត់ស៊ូ (Bryony Mathew) អនុប្រធានបេសកកម្មនៅស្ថានទូតអង់គ្លេសគ្រាន់តែបានមានប្រសាសន៍ថា “យើងបានទទួលយកញត្តិ ហើយបានសន្ទនាគ្នាមួយភ្លែត” ប៉ុណ្ណោះ។ លោកបានបដិសេធមិនលើកឡើងថា តើអ្នកណាជាអ្នកជួបជាមួយគណៈប្រតិភូគណបក្សសង្គ្រោះជាតិ ដែលមានសមាសភាពដូចជាលោក សម រង្ស៊ី លោក កឹម សុខា លោក យ៉ែម បុញ្ញរិទ្ធ តំណាងរាស្ត្រជាប់ឆ្នោត កែម មនោវិទ្យា ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ និងកូនស្រីរបស់លោក កឹម សុខា។
បន្ទាប់ពីមានការបិទកំណាត់មហាវិថីមុនីវង្ស ដោយសារការហែក្បួនរបស់ពួកគេនោះ គណបក្សសង្គ្រោះជាតិបានឈប់សំចតចុងក្រោយគេបង្អស់នៅស្ថានទូតសហរដ្ឋអាមេរិក ដោយនៅទីនោះមេដឹកនាំគណបក្សសង្គ្រោះជាតិបានជួបគ្នាលើចិញ្ចើមផ្លូវក្រៅស្ថានទូត ហើយបានប្រគល់ញត្តិឲ្យមន្ត្រីសន្ដិសុខម្នាក់បម្រើការងារនៅទីនោះ ដែលបានចេញមកចាប់ដៃស្វាគមន៍ ហើយបានដើរចូលក្នុងបរិវេណស្ថានទូតវិញយ៉ាងប្រញាប់។
លោក សៀន ម៉ាគិនតូស អ្នកនាំពាក្យស្ថានទូតអាមេរិកបានលើកឡើងនៅក្នុងអ៊ីម៉េលមួយថា “មន្ត្រីសន្តិសុខម្នាក់របស់ស្ថានទូតសហរដ្ឋអាមេរិកបានទទួលយកញត្តិនោះ។ ដូចយើងតែងតែបានលើកឡើងអីចឹង គឺសហរដ្ឋអាមេរិកជំរុញឲ្យគណបក្សទាំងពីរស្វែងរកដំណោះស្រាយនៅក្នុងវិវាទបោះឆ្នោតតាមរយៈការចរចា ដែលជំរុញឲ្យមានកំណែទម្រង់”។
រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអង់គ្លេសមិនទាន់អបអរសាទរជាផ្លូវការចំពោះជ័យជម្នះនៃការបោះឆ្នោតរបស់លោក ហ៊ុន សែន នៅឡើយទេ។
បន្ទាប់ពីដាក់ញត្តិជូនស្ថានទូតនានារួច លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកហែក្បួនតាមឧគ្ឃោសនស័ព្ទ។ លោកបានមានប្រសាសន៍នៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកថា “ជំហររបស់សហរដ្ឋអាមេរិក គឺមានសារៈសំខាន់បំផុតនៅពេលនេះ ពីព្រោះពួកគេបានស្នើសុំឲ្យមានការស៊ើបអង្កេតឯករាជ្យដើម្បីលាតត្រដាងការពិត និងដើម្បីដោះស្រាយភាពមិនប្រក្រតី”។
អំឡុងពេលហែក្បួនទាំងមូល គេឃើញមានវត្តមាននគរបាលតិចតួចប៉ុណ្ណោះ គឺតិចជាងកាលពីថ្ងៃពុធទៅទៀត ហើយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានដើរហែក្បួនដោយគ្មានការរារាំងរំខានពីសំណាក់សមត្ថកិច្ចឡើយ។ ពេលត្រឡប់ទៅទីលានប្រជាធិបតេយ្យវិញ លោក សម រង្ស៊ី និងលោក កឹម សុខា បានថ្លែងយ៉ាងខ្លីទៅកាន់អ្នកគាំទ្រ ហើយបានលើកឡើងថា ពួកលោកនឹងត្រឡប់មកវិញនៅពេលរសៀល ដើម្បីស្ដាប់អ្នកគាំទ្របង្ហាញពីក្ដីសង្ឃឹមរបស់ខ្លួនចំពោះគណបក្សសង្គ្រោះជាតិ និងការប្ដឹងតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
នៅពេលពេញមួយរសៀល អ្នកគាំទ្រប្រហែលពីរបីពាន់នាក់បានស្នាក់នៅទីលានប្រជាធិបតេយ្យ ដោយពួកគេភាគច្រើនចូលជ្រកក្រោមតង់ដ៏ធំ ខណៈពេលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមកពីទូទាំងប្រទេសឡើងលើឆាក។ សកម្មភាពផ្សេងៗទៀតរួមមានដូចជាការច្រៀងរាំរបស់តារាចម្រៀង និងសម្តែងសៀករហ័សកម្មលេបផ្លែឡាម ហើយខ្ជាក់មកវិញសម្រាប់អ្នកគំាទ្រទស្សនាកម្សាន្តជាដើម។
កាលពីរសៀលម្សិលមិញ ចំនួនអ្នកគាំទ្រច្រើនបំផុត គឺតិចជាងពាក់កណ្ដាលនៃចំនួនបាតុករចូលរួមកាលពីថ្ងៃពុធ ដែលមានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង២០.០០០នាក់បានចេញមកធ្វើការតវ៉ា ហើយទាក់ទិននឹងការធ្លាក់ចុះនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ដោយសារតែថ្ងៃពុធ គឺជាថ្ងៃបុណ្យឈប់សម្រាក ហើយអ្នកគាំទ្រមកពីជនបទបានវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ និងដោយសារតង់ផ្ទុកមនុស្សលើសសមត្ថភាពនៅពេលយប់។
នៅម៉ោង៥លើសបន្ដិច លោក កឹម សុខា និងលោក សម រង្ស៊ី បានមានប្រសាសន៍តាមឧគ្ឃោសនស័ព្ទជាថ្មីម្ដងទៀត។ លោក សម រង្ស៊ី បានថ្លែងទៅ កាន់អ្នកគំាទ្រថា “ខ្ញុំដឹងពីបញ្ហានោះទាំងអស់ ប៉ុន្តែនៅពេលខ្ញុំស្ដាប់លើកនេះ ខ្ញុំក្ដុកក្ដួល” ដោយលោកបានបន្តរិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ខ្លាំងៗ។
លោកបានមានប្រសាសន៍ថា “ស្ដាប់បងប្អូនមកពីភ្នំពេញនិយាយអំពីបឹងកក់។ ស្ដាប់បងប្អូនមកពីរតនគិរី មណ្ឌលគិរី ដែលមានការលួចប្លន់ដីចម្ការ និងផ្ទះសំបែងពួកគេបានកាប់ព្រៃឈើ បំផ្លាញធនធានធម្មជាតិ អ្វីៗគ្រប់យ៉ាង ដែលជួយទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់យើង”។
លោកបានមានប្រសាសន៍ទៀតថា “ពេលនេះពួកគេចង់សម្លាប់ឆន្ទៈរបស់ប្រជាពលរដ្ឋ។ ពួកគេចង់សម្លាប់ប្រទេសរបស់យើង។ ពួកគេចង់ធ្វើឲ្យដីទទេស្អាត ហើយប្រគល់វាឲ្យទៅជនបរទេសឈ្លានពាន”។ បាតុកម្មបានបន្តឈានចូលដល់ថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៅថ្ងៃនេះ ដោយគណបក្សប្រឆាំងគ្រោងនឹងហែក្បួនទៅកាន់ស្ថានទូតរុស្ស៊ី ស្ថានទូតអូស្ត្រាលី និងស្ថានទូតជប៉ុន ដើម្បី ប្រគល់ញត្តិ៕
ប្រែសម្រួលដោយ តែម សុខុម