28.4 C
Phnom Penh

ពលរដ្ឋតវ៉ា​បញ្ឈប់​គ្រឿង​​ចក្រ​ឈូស​ឆាយ​របស់​​ក្រុមហ៊ុន​លោក​ ទ្រី​ ភាព​ នៅ​​ក្នុង​ខេត្ត​ព្រះវិហារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋនឹង​អាជ្ញាធរ​​មូលដ្ឋាន​​បាន​លើក​ឡើង​ថា ​កាល​ពី​ម្សិលមិញ​​ប្រជាពលរដ្ឋ​​ជាង​១០០​នាក់​ បាន​នាំ​គ្នា​តវ៉ា​​ និង​បញ្ឈប់​គ្រឿង​ចក្រ​ឈូសឆាយ​​របស់​​លោក​ ទ្រី ភាព​ អ្នក​ជំនួញ​​ក្នុង​ស្រុក​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​​មិន​ឲ្យ​ឈូស​ឆាយ​ដី​ចម្ការ​របស់​ពួក​គាត់​​ ដែល​ស្ថិត​នៅ​​ក្បែរ​ចម្ការ​កៅស៊ូ​របស់​លោក​ ទ្រី​ ភាព​ ក្នុង​​ស្រុក​​រវៀង​ ខេត្ត​ព្រះ​វិហារ​។

លោក​ អឿន ស៊ីថា បាន​​និយាយ​ថា គាត់​​ស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រហែល​១០០​នាក់​មក​ពី​​ជាង​​​១០០​គ្រួសារ​ ដែល​បាន​​​បញ្ឈប់​គ្រឿង​ចក្រ​ឈូស​ឆាយ​របស់​​លោក​​ ទ្រី ភាព បន្ទាប់​ពី​​គ្រឿង​ចក្រ​ឈូស​ឆាយ​នេះ​បាន​ចាប់​ផ្ដើម​ឈូសឆាយ​​​ដី​ចម្ការ​របស់​ពួក​គាត់​។ ប្រជា​ពលរដ្ឋ​ជាង​១០០​គ្រួសារ​នេះ​​​រស់​នៅ​លើ​ដី​មួយ​កន្លែង​​មាន​​បណ្ដោយ​មួយ​គីឡូម៉ែត្រ​ និង​ទទឹង​​ប្រហែល​​១៥០​ម៉ែត្រ​​​នៅ​ទល់​មុខ​ដី​ចម្ការ​របស់​លោក​ ទ្រី ភាព។

​ លោក​​បាន​និយាយ​ថា “អាជ្ញាធរ​បាន​​បញ្ជូន​នគរបាល​ និង​​កង​​រាជអាវុធ​ហត្ថ​ជាង​២០​នាក់​​ទៅ​កាន់​តំបន់​នោះ​ ដើម្បី​ការពារ​សន្ដិសុខ​ឲ្យ​គ្រឿង​ចក្រ​ឈូសឆាយ​ និង​​អ្នក​​បើក​បរ​ឈូស​ឆាយ​​ដី​”។ លោក​បាន​និយាយ​បន្ថែមទៀត​​​ថា “ប៉ុន្តែ​យើង​បាន​​បញ្ឈប់សកម្មភាព​​ឈូស​ឆាយ​បន្ទាប់​ពី​គ្រឿង​ចក្រ​បាន​ឈូសឆាយ​​​ដី​បាន​ជាង​៥០​ម៉ែត្រ​”។

លោក​ ស៊ីថា បាន​និយាយ​ថា ប្រជា​ពល​រដ្ឋ​​ជាង​១០០​គ្រួសារ​នេះ​​បាន​​មក​រស់​នៅ​ក្នុង​​តំបន់​នេះ​​តាំង​ពី​ឆ្នាំ​២០១០​មក​ម៉្លេះ​ ដោយ​មាន​​ការ​យល់​ព្រម​ពី​មន្ត្រី​​ឃុំ​។ ហើយ​ឥឡូវ​នេះ​រដ្ឋ​បាន​​ឲ្យ​​ដី​នៅ​ក្បែរ​នោះ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​នេះ​​ជា​​ការ​ដោះ​ដូរ​។ លោក​ ស៊ីថា បាន​និយាយ​បន្ថែម​ទៀត​ថា “ប៉ុន្តែ​យើង​មិន​យល់​ព្រម​​នឹង​ការ​​ផ្ដល់​នេះ​ទេ​ ពីព្រោះ​វា​ជា​​តំបន់​ព្រៃ​ ហើយ​យើង​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ឡើង​នៅ​ទីនោះ​”។

លោក​ ឯ សារ៉ូ អភិបាល​ស្រុក​​រវៀង​ បាន​​ផ្ញើ​លិខិត​មួយ​ច្បាប់​​ចុះ​ថ្ងៃ​ទី​១០ ខែ​តុលា ដល់​ប្រជាពលរដ្ឋ​ជា​ង​១០០​គ្រួសារ​នេះ​​ ឲ្យ​ចាក​ចេញ​​នៅ​ត្រឹម​​ថ្ងៃ​នេះ​។ លោក​ រ៉ូម៉ានី មន្ត្រី​ឃុំ​ដែល​គេ​សង្ស័យ​ថា ជា​អ្នក​​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​នេះ​មក​រស់​នៅ​​លើ​​ដី​ជម្លោះ​នេះ​​មិន​អាច​ទាក់ទង​បាន​​ឡើយ​។ តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ ឈិត អឿង នាយ​ប៉ុស្ដិ៍​ឃុំ​​បាន​បញ្ជាក់​ថា គ្រឿង​​ចក្រ​ឈូស​ឆាយ​ និង​​អ្នក​បើក​បរ​​សុទ្ធ​តែ​​មក​ពី​​​ចម្ការ​របស់​លោក​ ទ្រី ភាព​ ដែល​នៅ​ក្បែរ​នោះ​ហើយ​ការ​ឈូស​ឆាយ​​ដី​ត្រូវ​បាន​ផ្អាក ដើម្បី​ទុក​ពេល​​ឲ្យ​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​​ជាង​១០០​គ្រួសារ​នេះ​ដោះស្រាយ​​ជម្លោះ​។ លោក​​ ឈិត អឿង បាន​មានប្រសាសន៍​ថា “ យើង​បញ្ឈប់​​ការ​ឈូស​ឆាយ​​ គឺ​​ដើម្បី​រង់​ចាំ​ការ​ដោះស្រាយ​ពី​មន្ត្រី​ថ្នាក់​ខេត្ត​”។ លោក​​បានលើក​ឡើង​បន្ថែម​ថា “ អ្នក​ដែល​​​បើក​បរ​គ្រឿង​ចក្រ​ឈូស​ឆាយ​ គឺ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​​ ទ្រី​ ភាព​”។

លោក​ សា រ៉ូ អភិបាល​​ស្រុក​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​បណ្ដេញ​ចេញ​បាន​លើក​ឡើង​ថា ​តំបន់​​ជម្លោះ​នេះ​គឺ​ជា​ដី​​សាធា​រណៈ​របស់​​រដ្ឋ​ អាជ្ញាធរ​​​ត្រូវ​ការ​​ជំនួយ​​ពី​​ក្រុម​ហ៊ុន​​ ទ្រី​ ភាព​ ដើម្បី​ប្រែក្លាយ​​តំបន់​នេះ​​ទៅ​ជា​តំបន់​ដី​សម្បទាន​សង្គម​​សម្រាប់​គ្រួសារ​ជន​ជាតិ​ភាគ​តិច​​គួយ​។ លោក​​បាន​​មាន​ប្រសាសន៍​ថា “អភិបាល​ខេត្ត​ គឺ​​ត្រូវ​ការ​ជំនួយ​ពី​​ក្រុមហ៊ុន​ ទ្រី ភាព​ ដើម្បី​ឈូសឆាយ​ដី​នេះ​ ពីព្រោះ​យើង​​មាន​​គម្រោង​​ផ្ដល់​​​ដី​សម្បទាន​សង្គម​​សម្រាប់​អ្នក​ចំណូល​ថ្មី​ ដែល​គ្មាន​​ដី​សម្រាប់​រស់​នៅ​”។

តែ​ទោះ​ជា​យ៉ាង​ណា លោក​ សាយ ដេត អធិការ​ស្រុក​​រវៀង​​​បាន​អះអាង​ថា គេ​ឈូស​ឆាយ​ដី​នេះ​ ដើម្បី​ពង្រីក​ផ្លូវ​ ហើយ​បន្ថែ​ម​​សួន​ច្បារ​។​ លោក​បាន​លើក​​ឡើង​ថា “នេះ​គឺ​ជា​ដី​របស់​រដ្ឋ​ ហើយ​យើង​បាន​​ណែនាំ​ប្រជាពល​រដ្ឋ​ទាំង​នេះ​ជា​ច្រើន​លើក​មក​ហើយ​ ប៉ុន្តែ​ពួក​គាត់​​នៅ​តែ​មក​​កាប់​រាន​​ដី​នេះ​ដើម្បី​សាង​សង់​​ផ្ទះ​ឈើ​​ដោយ​ខុស​ច្បាប់​”។

ប៉ុន្តែ​ទាំង​លោក​ ស៊ី​ថា និង​លោក​ ឡោ​ចាន់ អ្នកសម្រប​សម្រួល​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​ព្រះ​វិហារ​​ ដែល​​ស្ថិត​នៅ​​​ក្នុង​ការ​តវ៉ា​កាល​ពី​ម្សិលមិញ​​ដែរ​​នោះ​​ សុទ្ធ​តែ​បាន​សង្ស័យ​ថា ដី​នេះ​ត្រូវ​បាន​គេ​ឈូស​ឆាយ​ ដើម្បី​​ពង្រីក​ចម្ការ​របស់​លោក​  ទ្រី ភាព​ ដោយ​សំអាង​ថា អ្នកបើក​បរ​ និង​គ្រឿង​ចក្រ​ឈូសឆាយ​ជា​កម្មសិទ្ធិ​របស់​​ក្រុម​ហ៊ុន​លោក​។ លោក​ ឡោ ចាន់​ បាន​មានប្រសាសន៍​ថា “ខ្ញុំ​ទទួល​បាន​ដំណឹង​ថា អាជ្ញាធរ​​កំពុង​​ឈូស​ឆាយ​ដី​នេះ​ ប៉ុន្តែ​ក្រុមហ៊ុន​ គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​​ករណី​នេះ​”។

លោក​ សី ឡា​ អ្នក​គ្រប់​គ្រង​នៅ​ចម្ការ​របស់​លោក​ ទ្រី​ ភាព​ បាន​បដិសេធចំពោះ​ការ​​អះអាង​ទាំង​នេះ​ ហើយ​បាន​លើក​ឡើង​​ថា ក្រុមហ៊ុន​​របស់​លោក​​ ទ្រី ភាព កំពុង​តែ​ជួយ​​ខេត្ត​ព្រះ​វិហារ​  ដើម្បី​បង្កើត​ឲ្យ​មាន​​ដី​សម្បទាន​​សេដ្ឋកិច្ច​សង្គម​​ដោយ​​មិន​គិត​ផល​ប្រយោជន៍​នោះ​ទេ​។ លោក​បាន​លើ​ក​ឡើង​ថា “ក្រុមហ៊ុន​ជួយ​អភិវឌ្ឍ​​ខេត្ត​ ហេតុ​ដូច្នេះ​​យើង​ត្រូវ​តែ​ជួយ​ប្រសិន​បើ​ខេត្ត​ត្រូវ​ការ​​យើង​”។

លោក​ ទ្រី ភាព​ កាន់​កាប់​​ដី​សម្បទាន​ចម្ការ​​កៅស៊ូ និង​​ដី​សម្បទាន​សម្រាប់​​រុក​រក​រ៉ែ​ ដែល​មាន​ទំហំ​​រាប់​ម៉ឺន​​ហិក​តា​ នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី និង​រតន​គិរី​ ហើយ​ដី​មួយ​ចំនួន​​ក្នុង​ចំណោម​​​ដី​សម្បទាន​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​យក​ដី​ និង​កាប់​​​ឈើ​ខុស​ច្បាប់​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស