រដ្ឋាភិបាលបានចេញបទបញ្ជាឲ្យការិយាល័យមេធាវី Ang & Associates ជាក្រុមហ៊ុនគ្រប់គ្រងដោយលោក គិត ម៉េង អ្នកជំនួញក្នុងស្រុកដ៏ល្បីឈ្មោះ ឲ្យផ្អាកការកាប់ព្រៃឈើនៅក្នុងតំបន់មួយក្នុងខេត្តស្ទឹងត្រែង ដែលគេគ្រោងនឹងសាងសង់ទំនប់វារីអគ្គិសនី។
លោកស្រី យាង ស្រីសារី អភិបាលស្រុកសេសាន បានលើកឡើងកាលពីម្សិលមិញថា មន្ត្រីមួយក្រុមមកពីក្រសួងកសិកម្ម ដែលដឹកនាំដោយលោករដ្ឋលេខាធិការ ទី សុគន្ធ បានបើកកិច្ចប្រជុំមួយជាមួយអាជ្ញាធរខេត្តដើម្បីប្រកាសថា ការកាប់ព្រៃឈើត្រូវផ្អាកមួយរយៈសិន រហូតដល់ព្រំប្រទល់នៃអាងទំនប់វារីអគ្គិសនីដែលគេគ្រោងនឹងសាងសង់ឡើង ត្រូវបានវាស់វែងរួចរាល់។
លោកស្រីបានមានប្រសាសន៍ថា “ការផ្អាកនេះត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះទៅ”។ លោកស្រីបានបន្ថែមថា ការសម្រេចនេះត្រូវបានធ្វើឡើងដោយសារមានសេចក្ដីរាយការណ៍ពីការកាប់ឈើខុសច្បាប់នៅខាងក្រៅតំបន់ព្រៃសម្បទានរបស់ក្រុមហ៊ុន។ លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា “មានសេចក្ដីការណ៍ពីសហគមន៍ និងអាជ្ញាធរមូលដ្ឋានអំពីការកាប់ឈើខុសច្បាប់នេះ ប៉ុន្តែយើងមិនមានរបាយការណ៍ច្បាស់លាស់ណាមួយថា តើការកាប់ឈើនៅក្នុង និងខាងក្រៅតំបន់ទំនប់វារីអគ្គិសនីនេះមានទំហំប៉ុណ្ណានោះទេ”។
ចាប់តាំងពីខែមេសាមក មានបណ្ដឹងជាច្រើនពាក់ព័ន្ធការកាប់ឈើនៅខាងក្រៅព្រំប្រទល់តំបន់សម្បទានទំហំ៣៦.០០០ហិកតា សម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។ តំបន់សម្បទាននេះ គឺជាតំបន់បណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់លោក គិត ម៉េង និងក្រុមហ៊ុនថាមពលអន្តរជាតិ HydroLancang របស់ចិន។
យោងតាមឯកសារចុះកាលបរិច្ឆេទខែមករា ឆ្នាំ២០១៣ ដែលទទួលបានដោយកាសែតខេមបូឌា ដេលី បានឲ្យដឹងថា ការកាប់រានព្រៃនៅតំបន់សម្បទានសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីនេះ គឺត្រូវបានចុះកិច្ចសន្យារវាងក្រុមហ៊ុន Ang & Associates របស់លោក គិត ម៉េង និងលោក សុខ វណ្ណា ដែលជាបងប្អូនប្រុសជាមួយលោក សុខ គង់ ស្ថាបនិកក្រុមហ៊ុនសូគីម៉ិច គ្រុប ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។
យោងតាមឯកសាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះកាលបរិច្ឆេទថ្ងៃទី១៦ ខែតុលា ហើយដែលទទួលបានកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី លោក អ៊ុក រ៉ាប៊ុន អតីតរដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើកាលពីថ្ងៃទី១១ ខែតុលា ឲ្យក្រុមហ៊ុន Ang & Associates ផ្អាកប្រមូលអនុផលព្រៃឈើនៅក្នុងតំបន់សម្រាប់សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២។
ឯកសារនេះមានខ្លឹមសារថា សំណើនេះត្រូវបានយល់ព្រមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែតុលា។ ឯកសារនេះដែលចុះហត្ថលេខាដោយលោក ប៊ុន អ៊ុយ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី មានខ្លឹមសារថា “ [ការផ្អាកនេះត្រូវបានអនុម័ត] ដើម្បីចាត់វិធានការឲ្យមានប្រសិទ្ធភាពនៅក្នុងការលុបបំបាត់ការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តស្ទឹងត្រែង និងដើម្បីអនុវត្តនីតិវិធីឲ្យបានត្រឹមត្រូវនៅពេលមានការប្រមូលអនុផលព្រៃឈើ”។ ឯកសារនេះមានខ្លឹមសារបន្តថា “ រដ្ឋាភិបាលបានយល់ព្រមឲ្យផ្អាកការប្រមូលអនុផលព្រៃនៅក្នុងតំបន់សម្រាប់សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ មួយរយៈ រហូតដល់ព្រំប្រទល់នៃតំបន់នេះត្រូវបានវាស់វែងច្បាស់លាស់”។
លោក អង្គ ចាន់ លេខាផ្ទាល់របស់លោក សុខ វណ្ណា ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Ang & Associates របស់លោក គិត ម៉េង ដើម្បីចែកផលចំណេញពីការកាប់ឈើនៅក្នុងតំបន់នេះជាមួយគ្នា បានលើកឡើងថា លោក វណ្ណា បានឈប់កាប់ឈើនៅក្នុងតំបន់សម្បទានសម្រាប់សាងសង់ទំនប់វារីអគ្គិសនីនេះហើយ។ លោក អង្គ ចាន់ បានមានប្រសាសន៍ថា “ លោក សុខ វណ្ណា បានឈប់កាប់ឈើជាយូរមកហើយ។ ខ្ញុំមិនបានឃើញគាត់ពាក់ព័ន្ធនឹងរឿងនេះប្រហែលមួយខែមកហើយ”។ លោកបានបង្វែរសំណួរបន្ថែមទៅឲ្យលោក គិត ម៉េង ដែលមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយនោះ។
លោក សេក មេគង្គ មេឃុំស្រែគរ កន្លែងដែលទំនប់វារីអគ្គិសនីនឹងត្រូវសាងសង់ បានសាទរចំពោះការផ្អាកនេះ ហើយលោកបានលើកឡើងថា ទោះបីជាយឺតបន្តិចក៏ដោយ ប៉ុន្តែវាប្រសើរជាងការដែលមិនបានធ្វើ។ លោក មេគង្គ មានប្រសាសន៍បន្ថែមទៀតថា ការសម្រេចឲ្យមានការផ្អាកការកាប់ឈើនេះវាយឺតបន្តិចហើយ ពីព្រោះឈើប្រណីត និងឈើធំៗជាច្រើនបានបាត់បង់រួចទៅហើយ ហើយមានតែឈើមួយចំនួនតូចប៉ុណ្ណោះដែលនៅសល់ ប៉ុន្តែ វានៅមិនទាន់យឺតពេលពេកទេ សម្រាប់ព្រៃឈើរបស់យើងរស់រានតទៅមុខនោះ”។
លោក មាច មៀន អ្នកសម្របសម្រួលនៅអង្គការបណ្ដាញការពារទន្លេបី បានលើកឡើងថា រដ្ឋាភិបាលគួរតែស៊ើបអង្កេតឲ្យបានហ្មត់ចត់ពីអ្វីដែលបានកើតឡើងនៅក្នុងស្រុកសេសាន ។ លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលគួរតែតាមដានរឿងនេះ ហើយចាត់វិធានការប្រសិនក្រុមហ៊ុនមិនធ្វើតាមច្បាប់ [ឲ្យបានត្រឹមត្រូវនោះ] ។ ហើយរដ្ឋាភិបាលគួរតែដកហូត [តំបន់សម្បទាន] នេះមកវិញ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង