27 C
Phnom Penh

ជនល្មើស​និយាយ​ថា ខ្លួន​​លួច​​ទារក​ដើម្បី​ជំនួស​ទារក​ដែលបាន​​បាត់​បង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​អាយុ​៣៧​ឆ្នាំ​ម្នាក់​ដែល​សារភាព​ថា ខ្លួន​ពិត​ជា​បាន​លួច​ទារក​ដែល​ទើប​តែ​ប្រសូត​​ម្នាក់​ ពី​មន្ទីរ​ពេទ្យ​បង្អែក​ខណ្ឌ​មានជ័យ​កាល ​ពី​ថ្ងៃច័ន្ទ​នោះ​ បានអះអាង​ថា  ខ្លួន​បាន​ធ្វើ​ដូច្នោះ​ដោយ​សារ​តែ​ខ្លួន​បាន​បាត់​បង់​ទារក​បង្កើត​របស់ខ្លួន​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ខ្លួន​បាន  ​ប្រ​ព្រឹត្ត​ដូច្នេះ ហើយ​ខ្លាច​មិន​ហ៊ាន​ទៅ​ផ្ទះ​ជួប​​ប្តីរបស់​ខ្លួន​ដោយ​គ្មាន​ទារក​ទេ​នោះ​។

ជនសង្ស័យ​ឈ្មោះ សុខ​ ចាន់ធី បាន​និយាយ​​កាល​ពីម្សិល​មិញ​នៅឯ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មាន​ជ័យ​​ ជា​កន្លែង​ដែលជន​សង្ស័យ​នេះ​​ត្រូវ​បាន​ឃាត់​ខ្លួន​ថា ខ្លួន​បាន​​បាត់​​បង់​ទារក​របស់​ខ្លួន​ ខណៈ​ដែ​ល​កំពុង​តែ​សម្រាល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ហើយ​បន្ទាប់​មក ខ្លួនបាន​ចំណាយ​ពេល​ដើរ​ពេញ​ទី​ក្រុងបួនថ្ងៃ​ ដើម្បី​ស្វែង​រក​ និងលួច​ទារក​​អ្នក​ផ្សេង​មក​ជំនួស​ទារក​របស់ខ្លួន​។

ជនសង្ស័យរូប​នេះ​បា​ន​និយាយ​ថា “ខ្ញុំ​មិន​អាច​ទៅ​ផ្ទះ​ជួប​ប្តី​របស់​ខ្ញុំ​ដោ​យ​គ្មាន​កូនបានទេ​ ពីព្រោះគាត់​នឹង​ចាក​ចោល​ខ្ញុំ​។ អ៊ី​ចឹង​ហើយ បានជា​ខ្ញុំ​បាន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ផ្សេង​ៗ​ ដើម្បីស្វែង​រក និង [លួច] ​កូនអ្នក​ផ្សេង​​ទៀត​។ ខ្ញុំមើល​ទារក​ជា​ច្រើន​ ហើយ​បាន​ស្ទាបមុខ​មាត់​របស់​ទារក​ជា​ច្រើន​ ហើយបាន​សុំ​ម្តាយកូន​ទាំង​នោះ ​បី​កូន​ក៏​ប៉ុន្តែគ្មាន​នរណា​ឲ្យ​ខ្ញុំ​បីទេ”។

ជនសង្ស័យបាន​រៀបរាប់បន្តថា បន្ទាប់​ពី​ដើរ​តាម​ផ្ទះ​សាច់ញាតិ​ និង​ផ្ទះ​របស់​មិត្ត​ភក្តិ​រយៈ​ពេល​បួន​ថ្ងៃបី​យប់​​​មក​​ និង​ខ្លាច​មិន​ហ៊ាន​ទៅផ្ទះ​ ឬ​ឆ្លើយ​ទូរស័ព្ទ​ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ ជនសង្ស័យឈ្មោះ ចាន់ធី បាន​ដើរ​កាត់​អ្នក​ស្រី កូវ​ ស្រីល័ក្ខ អាយុ​១៨​ឆ្នាំ ដែល​ទើប តែ​សម្រាល​បាន​កូន​ប្រុស​បានប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែកមាន​ជ័យ​។

ជនសង្ស័យឈ្មោះ ចាន់​ធី បាន​និយាយថា “លើក​ដំបូង ​ខ្ញុំបាន​ឃើញ​កូនរបស់​អ្នកស្រី ស្រីល័ក្ខ ហើយ​ទារក​នេះ​អត់​មាន​សម្លៀក​បំពាក់​ទេ ប៉ុន្តែ ខ្ញុំបាន​ជ្រើស​រើស​យក​វា ពី​ព្រោះ​ខ្ញុំ​ស្រឡាញ់កូននោះខ្លាំង​ណាស់”។ ជនសង្ស័យឈ្មោះ ចាន់​ធី បាន​ឲ្យដឹង​ទៀត​​​ថា បងប្រុស​អាយុ​១៩​ឆ្នាំ​របស់​ម្តាយ​របស់ទារក បាន​ជួយ​ថែរក្សា​ទារក​នោះ ហើយ​ជនសង្ស័យរូប​នេះបាន​អះអាង​ថា  ខ្លួនបាន​ឲ្យបងប្រុស​ម្តាយ​របស់​ទារ​ក​នូវ​ប្រាក់ចំនួន២០.០០០រៀល​ (ប្រហែលប្រាំ​ដុល្លារ​)​ ទៅទិញសម្លៀក​បំពាក់​សម្រាប់​ទារក​នោះ ដើម្បីឲ្យខ្លួន​​អាច​បញ្ចុះ​បញ្ចូល​ម្តាយ​របស់ទារក​​ឲ្យ​អនុញ្ញាតឲ្យខ្លួន​​យក​ទារក​នេះ​ទៅ​ងូត​ទឹក​។

ជនសង្ស័យឈ្មោះ​ ចាន់ធី បាន​​រៀបរាប់​បន្ត​ថា “ហើយបន្ទាប់​មក ​ខ្ញុំក៏​បាន​យក​កូន​នោះ​​ចេញ​ពីមន្ទី​រពេទ្យ ហើយ​ឲ្យ​​ម៉ូតូឌុប​ជូន​ខ្ញុំ​ទៅ​ហាង​២.៥០០​រៀល។ នៅហាងនោះ​ខ្ញុំ​បាន​ទិញ​ខោអាវសម្លៀក​បំពាក់​ថ្មី និង​[ដប]​មួយ​សម្រាប់​កូនខ្ញុំ​”។ ពាក្យ​ កូនខ្ញុំ សំដៅដល់​ទារក​ដែល​ជនសង្ស័យត្រូវ​បានចោទប្រកាន់​ថា បាន​ចាប់ពង្រត់។

នៅ​ពេល​មក​ដល់​ផ្ទះ​របស់​ខ្លួននៅ​​សង្កាត់​ទឹក​ថ្លា​ ខណ្ឌសែន​សុខ​ ជនសង្ស័យ​ឈ្មោះ ចាន់ធី បាន​និយាយ​ថា ខ្លួន​ត្រូវ​បាន​​ប្តី​របស់​ខ្លួន ស្តី​បន្ទោស​ពីការ​បាត់​ខ្លួន​រយៈ​ពេល​បួន​ថ្ងៃ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​អង្គារ បាន​ផ្សាយព័ត៌មាន ដែល​មាន​ការចោទ​ថា មាន​ស្ត្រីម្នាក់​ស្លៀក​សម្លៀក​បំពាក់​ពណ៌ត្រួយ​ចេក​បាន​ចាប់​ពង្រត់​ទារក​របស់​អ្នកស្រី​ ស្រី​ល័ក្ខ ។​មិនដល់​២៤​ម៉ោង​ផង​ បន្ទាប់​ពីការ​ចាប់​ពង្រត់ ​មិត្តភក្តិស្រី​ម្នាក់​របស់​ជីតាអ្នកស្រី ស្រីល័ក្ខ និង​ជា​អ្នក​ជិត​ខាង​របស់​ជនសង្ស័យ​ឈ្មោះ ចាន់ធី បាន​អះអាង​ថា ​គាប់​ជូន ​អ្នក​ស្រី​ បាន​​ឃើញ​ជន​សង្ស័យដោះ​សម្លៀក​បំ​ពាក់​ពណ៌​ត្រួយ​ចេក​ហាល​នៅផ្ទះ​របស់ខ្លួន​។ អាជ្ញាធរ​ទទួល​បាន​ដំណឹង​​ ហើយ​​គ្រួសារ​ក៏​បាន​ជួប​ជុំ​ជាមួយទារក​វិញ​ ហើយ​​ជន​សង្ស័យ​ឈ្មោះ ចាន់​ធី ត្រូវ​បាន​ចាប់ខ្លួន​។

អ្នកស្រី​ ស្រី​ល័ក្ខ បាន​និយាយ​នៅ​លើ​គ្រែ​​ក្នុង​​មន្ទីរ​ពេទ្យ​​ កាល​ពីម្សិលមិញថា អ្នក​ស្រី “មិន​ស្អប់​​” ស្ត្រី​រូបនេះ ដែលតាម​ការ​ចោទ​ប្រកាន់​​ លួច​កូន​របស់​អ្នក​ស្រី​ទេ​។ អ្នកស្រី ស្រី​ល័ក្ខ បាន​និយាយបន្តទៀត​​ថា “ប្រសិន​​បើ​គាត់​លក់​កូន​ខ្ញុំ​ ខ្ញុំ​នឹងខឹ​ង​គាត់​ណាស់​ ក៏ប៉ុន្តែ គាត់​គ្រាន់​តែ​ចិញ្ចឹម​កូន​របស់​ខ្ញុំ ហើយ​​ថែ​​រក្សា​វា​។យើង​​បាន​គិត​ថា យើង​លែងបាន​ឃើញ​វា​ទៀត​ហើយ ​អ៊ីចឹងហើយ បានជា​ពេល​វា​ត្រឡប់​​មក​វិញ​ យើង​ដាក់​ឈ្មោះ​វាថា សំណាង​”។

លោក គង់ សាម៉ន នាយនគរបាល​ព្រហ្ម​ទណ្ឌខណ្ឌមាន​ជ័យ​បាន​មាន​ប្រសាសន៍ថា ជនសង្ស័យឈ្មោះ ចាន់​ធី នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំ​ពញ ដើម្បី​ធ្វើការ​ចោទ​​ប្រកាន់​ក្នុងថ្ងៃ​នេះ​៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស