33 C
Phnom Penh

សារព័ត៌មានថៃ​រាយការណ៍ថា ថៃ​បំពាក់មេក្រូ​ជាច្រើន​តាម​បណ្តោយ​បន្ទាត់​ព្រំដែន​​វិវាទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​យោ​ងតាម​​សារព័ត៌មាន​ថៃ​​ បាន​ឲ្យ​ដឹង​ថា យោធា​ថៃ​បាន​ដំឡើង​មេក្រូ​នៅ​ក្បែរ​ប្រាសាទ​​ ព្រះវិហារ​ ដើម្បី​ទាក់​ទង​ជាមួយទាហាន​កម្ពុជា​​​នៅ​ទល់​មុខ​ចំណែក​ដី​តាម​ព្រំដែន​ ដែល​មាន​ជម្លោះ​ ដែល​តុលាការ​យុត្តិធម៌​អន្តរ​​​ជាតិ​គ្រោង​​នឹង​សម្រេច​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។ ក្រសួង​ការ​ពារជាតិ​នៃ​ប្រទេសទាំង​ពី​រ​ក៏​គ្រោង​នឹង​ជួបគ្នា​ដើម្បី​ពិភាក្សាអំពីការ​វិនិ​ច្ឆ័យ​​នៅ​ថ្ងៃ​ច័ន្ទ​នេះផងដែរ។

សារ​ព័ត៌មាន​ ឌឹ ណេសិន (The Nation) បាន​​រាយការណ៍​ កាលពីម្សិលមិញថា លោក​​ឧត្តម​សេនីយ៍ ប្រាយុទ្ធ ចាន់​-អូចា (Prayuth Chan-ocha) មេបញ្ជាការ​កង​ទ័ព​ថៃ បាន​បញ្ជា​អ្នក​ក្រោមបង្គាប់ ឲ្យ​បំពាក់មេក្រូ​ចំនួន​១០​កន្លែង​នៅ​តាមបណ្តោយ​ព្រំដែន​​មាន​វិវាទ​ ដើម្បី​សម្រាល​ភាព​តាន​តឹងលើ​ភាគី​កម្ពុជាក្នុង ករណីដែលមាន​ការ​បាញ់​ប្រហារ​ដោយ​ចៃដន្យ​ណាមួយ​ទៅលើ​ភាគី​ថៃ​ មុន​សេចក្តី​សម្រេច​នេះ​ត្រូវ​បានប្រកាស។

លោក ថាណា មីតត្រាផាណុន (Thanasak Mittraphanon)វរ​សេនីយ​៍​ឯក​នៃកង​ទ័ព​ថៃ​ ត្រូវ​បាន​ដកស្រង់​សម្តី​ថា “ក្នុង​ករណី​មាន​ការ​ផ្ទុះ​អាវុធ​ដោយ​ចៃដន្យ​ណាមួយ​ឬការ​រំជើប​រំជួល​ប្រហាក់​ប្រហែល​គ្នា​មួយ​លើ​ភាគីថៃ​ សារនឹង​ត្រូវ​បញ្ជូន​ទៅទាហាន​កម្ពុជា​ ដើម្បី​ពន្យល់ប្រាប់​ពួក​គេ​ មុន​ពេល​ភាគី​ទាំង​ពី​រ​យល់​ខុស​”។

ថៃ និង​កម្ពុជា បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ ប៉ុន្តែធ្វើ​ឲ្យមាន​មនុស្ស​ស្លាប់​នៅតំបន់​ដែល​មាន​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារកាល​ពី​ខែកុម្ភៈ​ ឆ្នាំ​២០១១​។ រយៈ​ពេលពីរខែក្រោយ​មក​ ប្រទេស​កម្ពុជា​បាន​ប្តឹង​ទៅ​​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ ដោយបា​ន​ស្នើ​ឲ្យ​តុលាការ​នេះ​ដោះ​ស្រាយ​​វិវាទកម្មសិទ្ធិ​លើដី​ទំហំ​៤,៦គីឡូ​ម៉ែត្រ​​ក្រឡា​។

​ទោះ​ជា​យ៉ាង​ណា  មេបញ្ជាការ​យោធា​កម្ពុជា​​ ដែល​ឈរ​ជើង​នៅ​តាម​បណ្តោយ​ព្រំដែន​ខេត្ត​ព្រះ​វិហារ​ជាមួយ​ប្រទេស​ថៃ​បាន​ឲ្យដឹង​កាល​ពី​ម្សិលមិញថា ពួកគាត់​មិន​ដឹង​អំពី​ការបំពាក់មេក្រូ​ ដូចដែលសារ​ព័ត៌​មាន​​ថៃ​​បាន​រាយ​ការណ៍​ទេ​។ អ្នកនាំពាក្យ​​ក្រសួង​ការ​ពារជាតិ​របស់​កម្ពុជា និង​អ្នកនាំពាក្យ​​កង​ទ័ព​ថៃ​ មិន​អាច​ទាក់​ទង​ធ្វើ​អត្ថាធិប្បាយបា​ន​ទេ។

ក្នុ​ងដំណើរ​វិវឌ្ឍន៍ពាក់ព័ន្ធថ្មីមួ​យ​ ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​នៃប្រទេស​កម្ពុជា បាន​ប្រកាស​កាល​ពីម្សិល​មិញថា លោករដ្ឋមន្ត្រី​​ ហោ ណាំហុង​ នឹង​ជួប​សមភាគីថៃលោក ស៊ូរ៉ាពង្ស  តូវី​ចាក​ចៃ​គល់​ (Surapong Tovichakchaikul) នៅ​​ថ្ងៃ​ច័ន្ទ នៅក្រុង​ប៉ោយ​​ប៉ែត​។ យោង​តាមសេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​​ការ​បរទេស ​និង​សហប្រតិបត្តិការ​អន្តរ​ជាតិ ឲ្យដឹង​ថា ភាគី​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​អំពី​ការបើក​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​ថ្មី​ និង​ “ការ​ថែរក្សាសន្តិភាព សន្តិសុខ​ និង​ស្ថិ​រ​ភាព​នៅតាម​ព្រំដែននៃ​ប្រទេស​ទាំង​ពី​រ”។

លោក កុយ​ គួង​ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​អំពី​សេចក្តី​ថ្លែង​ការណ៍​នេះទេ​។
លោក វ៉ា គឹម​ហុង សហ​ប្រធាន​​គណៈ​កម្មា​ធិ​ការ​​ព្រំដែន​កម្ពុជា-ថៃ បាន​លើក​​ឡើង​ថា លោក​នឹង​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ហើយ​ថា ករណី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ស្ថិត​លើ​របៀបវារៈបណ្តោះ​អាសន្ន។

លោក​បាន​ថ្លែងថា “យើង​នឹង​សិក្សា​… លទ្ធ​ភាព​ក្នុងការអនុវត្ត​សេចក្តីសម្រេច​ចិត្ត​របស់​តុលាការយុត្តិធម៌​អន្តរជាតិ​ ពីព្រោះ​យើង​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ថា សេចក្តី​សម្រេច​របស់​តុលាការយុត្តិធម៌អន្តរជាតិ​ជា​អ្វី​នោះ​ទេ​”។ រដ្ឋាភិបាល​ទាំង​ពីរ​បាន​ប្តេជ្ញា​អនុវត្ត​តាម​​សេចក្តីសម្រេច​របស់តុលា​ការនេះ​៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស