ការព្រមានអំពីការត្រៀមទប់ទល់ពីសំណាក់កម្លាំងកងរាជអាវុធហត្ថ និងនគរបាលប្រឆាំងកុបកម្មទៅនឹងការដើរហែក្បួនរយៈពេលបីថ្ងៃរបស់គណបក្សសង្គ្រោះជាតិនៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ បាននាំឲ្យមានការទស្សទាយថា នឹងមានការប៉ះទង្គិចគ្នាដែលដាក់សម្ពាធទៅលើនិន្នាការផ្តាច់ការនិយមរបស់រដ្ឋាភិបាលគណបក្សប្រជាជន។
ចំណងជើងមួយនៅក្នុងទស្សនាវដ្តី ថែម (TIME Magazine) កាលពីថ្ងៃអង្គារ បានបង្ហាញថា រាជធានីភ្នំពេញត្រូវបានរៀបចំសម្រាប់ “ការបង្ហូរឈាមគ្នា” ដែលនេះជាការបង្ហាញមួយដែលស៊ីគ្នាទៅនឹងខ្លឹមសារចំអកនៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុងសង្គម។ សកម្មភាពហាត់សមគ្រប់គ្រងកុបកម្មដែលត្រូវបានធ្វើឡើងនៅទូទាំងរាជធានី ក្នុងនោះក៏មានការហាត់សមនៅទីលានប្រជា ធិបតេយ្យ មួយថ្ងៃមុនពេលគណបក្សសង្គ្រោះ ជាតិចាប់ផ្តើមធ្វើមហាបាតុកម្ម កាលពីថ្ងៃពុធ បានជំរុញឲ្យនគរបាលបង្ហាញកម្លាំងរបស់ខ្លួនដែលពួកគេបានហ្វឹកហាត់បំពាក់បំប៉ន ដោយមានដំបង និងខែលសម្រាប់ការពារ។
បន្ទាប់មក នៅល្ងាចថ្ងៃអង្គារ រដ្ឋាភិបាលបានផ្លាស់ប្តូរយុទ្ធសាស្ត្រភ្លាមៗ និងបានប្រកាសថា គណបក្សសង្គ្រោះជាតិមិនត្រឹមតែត្រូវបានអនុញ្ញាតឲ្យដើរហែក្បួនដោយមិនមានការរំខាន នៅទូទាំងរាជធានីប៉ុណ្ណោះទេ ក៏ប៉ុន្តែ ថែមទាំងត្រូវបានការពារដោយកម្លាំងនគរបាលទៀតផង។
ទិដ្ឋភាពសន្តិភាពបានលេចចេញឡើងកាលពីថ្ងៃពុធ នៅពេលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង១ម៉ឺននាក់ ដើរតាមមេដឹកនាំគណបក្សប្រឆាំងនេះ ពីទីលានប្រជាធិបតេយ្យដែលមានអ្នកគាំទ្រជាច្រើនចូលរួម សំដៅទៅកាន់អង្គការសហប្រជាជាតិ ដើម្បីដាក់ញត្តិនៅទីនោះក្នុងគោលបំណងអំពាវនាវឲ្យមានអន្តរាគមន៍ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា។
លោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យ និងជាអ្នកស្រាវជ្រាវ បានមានប្រសាសន៍ ថា “ រដ្ឋាភិបាលបានស្តាប់យោបល់របស់ទីប្រឹក្សា ដើម្បីទទួលបាននូវគំនិត និងផ្តល់ឱកាសដល់ប្រជាជនសម្រាប់បង្ហាញខ្លួនឯង”។ លោកបានមានប្រសាសន៍បន្តទៀតថា “នៅក្នុងបាតុកម្មកាលពីពេលមុន គណបក្សប្រជាជនបានសង្ស័យថា គណបក្សប្រឆាំងប្រហែលជាព្យាយាមផ្តួលរំលំរដ្ឋាភិបាល [តាម រយៈបាតុកម្ម]។ ឥឡូវ ពួកគេដឹងច្បាស់ថា រឿងនេះមិនទំនងជាកើតឡើងទេ ហើយក៏បន្ទន់ឥរិយាបទក្នុងការឆ្លើយតប”។
អំឡុងមហាបាតុកម្មដំបូងរបស់គណបក្សសង្គ្រោះជាតិកាលពីខែមុន រដ្ឋាភិបាលបានដាក់ទីក្រុងភ្នំពេញនៅក្នុងស្ថានភាពសន្តិសុខស្ទើរតែគ្រប់ទីកន្លែងដោយបានបិទផ្លូវ និងប្រើប្រាស់របាំងលួសបន្លាជាច្រើន ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ។ នៅពេលអ្នកមើល និងអ្នកតវ៉ាបានធ្វើដំណើរទៅផ្ទះចេញពីបាតុកម្មដោយសន្តិវិធីរយៈពេលពេញមួយថ្ងៃដំបូង នៅក្នុងរាជធានីភ្នំពេញ បុរសអាយុ២៩ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ និងជាច្រើននាក់ទៀតទទួលរងរបួស ដោយសារអាជ្ញាធរ អំឡុងហេតុការណ៍ចោលដុំថ្ម នៅក្បែរស្ពានព្រះមុនីវង្ស ហើយហេតុការណ៍នេះកើតឡើងដោយសារប្រជាជនសាមញ្ញមានអារម្មណ៍ខឹងសម្បាចំពោះបញ្ហាស្ទះចរាចរណ៍បង្កឡើងដោយការបិទផ្លូវពីសំណាក់ក្រុមនគរបាល។
លោក សុខ សំអឿន ប្រធានគណៈកម្មាធិការសកម្មភាពសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការកាត់បន្ថយការទប់ស្កាត់ពីសំណាក់អាជ្ញាធរ អាចបង្រួមកម្រិតជំរុញទឹកចិត្តក្នុងចំណោមអ្នកគាំទ្រគណបក្សប្រឆាំង ក្នុងការបន្តធ្វើបាតុកម្ម ដែលនេះជាប្រយោជន៍ដែលអាចកើតឡើងសម្រាប់គណបក្សប្រជាជនកម្ពុជា។
លោកបានមានប្រសាសន៍ថា “ រដ្ឋាភិបាលប្រហែលជាបានរៀនសូត្រពីបទពិសោធកន្លងមក។ ប្រសិនបើបាតុករតវ៉ា បន្តសកម្មភាពរបស់ខ្លួនរយៈពេលយូរដោយមិនមានលទ្ធផលនោះប្រជាជនអាចនឹងហត់នឿយ ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាលព្យាយាមបង្ក្រាប អ្នកគាំទ្រកាន់តែច្រើននឹងចូលរួមធ្វើបាតុកម្ម”។
លោក ព្រាប កុល នាយកអង្គការតម្លាភាពអន្តរជាតិកម្ពុជា បានលើកឡើងថា ការបន្ទន់ជំហររបស់គណបក្សប្រជាជនកម្ពុជា ក្នុងស្ថានភាពមានការខ្វែងគំនិតគ្នា ដែលបង្ហាញនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ គឺជារឿងល្អ ក៏ប៉ុន្តែ ក៏ទំនងជាចំណាត់ការមួយ ដោយសារតែមានការព្រួយបារម្ភអំពីមុខមាត់របស់រដ្ឋាភិបាលនៅឆាកអន្តរជាតិ។
លោកបានមានប្រសាសន៍ថា “វាជារឿងល្អ ដែលរដ្ឋាភិបាលបន្ទន់ឥរិយាបថ ហើយឆន្ទៈល្អគឺជាយុទ្ធសាស្ត្រ ប្រសិនបើគេយល់ឃើញថា មុខមាត់របស់រដ្ឋាភិបាលអាចនឹងធ្លាក់ចុះកាន់តែច្រើន ប្រសិនបើគេបង្ក្រាបបាតុករតវ៉ា ឬក៏ដាក់គំនាបលើគណបក្សប្រឆាំងដោយប្រើហិង្សា”។ លោក ព្រាប កុល បានពន្យល់ថា គណបក្សប្រជាជនកម្ពុជាបានដឹងថា ប្រសិនបើខ្លួនបន្ទន់ឥរិយាបថអំឡុងពេលធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នោះនឹងមានព័ត៌មានតិចតួចដែលត្រូវរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ ហើយអាជីវកម្មអាចដំណើរការជាធម្មតា។
លោក ផៃ សីុផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា មេដឹកនាំគណបក្សសង្គ្រោះជាតិប្រហែលជាសោកស្តាយដែលក្រសួងមហាផ្ទៃបានចេញសេចក្តីសម្រេចឲ្យពួកគេដើរហែក្បួន។ លោកបានមានប្រសាសន៍ថា “គណបក្សប្រឆាំងចង់ឃើញការប៉ះទង្គិចគ្នា។ ពួកគេកំពុងតែចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយផ្តោតអារម្មណ៍ [ទៅលើពួកគេ] និងសរសេរអំពីសិទ្ធិមនុស្ស។ ពួកគេស៊ំាទៅនឹងការប្រើប្រាស់បាតុករតវ៉ាជាខែល និងដើម្បីរកផលប្រយោជន៍ ហើយឥឡូវយើងយល់អំពីរឿងនេះហើយ”។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា គណបក្សប្រឆាំងរីករាយដែលសម្ពាធដែលគណបក្សនេះដាក់ទៅលើរដ្ឋាភិបាលបានទប់ស្កាត់ការបង្ក្រាបការដើរហែក្បួនរបស់ខ្លួន។ លោកបានថ្លែងថា “យើងមិនមានបំណង ចង់ឲ្យមានការប៉ះទង្គិចគ្នា ឬក៏អំពើហិង្សាណាមួយទេ។ មូលហេតុដែលយើងកំពុងធ្វើបាតុកម្មនេះ គឺដើម្បីស្វែងរកយុត្តិធម៌ទាក់ទងទៅនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោត”។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិ បានលើកឡើងថា វាជារឿង “ អវិជ្ជមាន” ដោយចាត់ទុកលទ្ធផលសហការរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ជាការហ្វឹកហាត់សកម្មភាពរបស់គណបក្សប្រឆាំង ដោយលោកលើកឡើងថា អ្នកគាំទ្រកាន់តែច្រើននឹងចូលរួមនាពេលអនាគត នៅពេលដែលពួកគេដឹងថា ពួកគេអាចចូលរួមបានដោយមិនមានគ្រោះថ្នាក់។ លោកបានថ្លែងថា “ ការពិតគឺថា យើងអាចដើរហែក្បួនដោយសន្តិវិធី ហើយវាជារឿងដ៏ល្អមួយ។ វាផ្តល់នូវទំនុកចិត្ត និងការធានាដល់អ្នកគាំទ្ររបស់យើង ទោះជាប្រព័ន្ធ ផ្សព្វផ្សាយផ្តោតអារម្មណ៍តិចជាងមុនក៏ដោយ”។
លោក មឿន តុលា ប្រធានកិច្ចការពលកម្មនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានលើកឡើងថា ចំណាត់ការរបស់គណបក្សប្រជាជនកម្ពុជា ទំនងជាមិនមានបំណងគិតទុកជាមុនអំពីសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ឬក៏ជៀសវាងការមានមុខមាត់មិនល្អក្នុងស្ថានភាពនយោបាយមិនទៀងទាត់ទេ។ ក៏ប៉ុន្តែ លោក មឿន តុលា បានបន្តទៀតថា ចំណាត់ការរបស់គណបក្សប្រជាជនកម្ពុជាទំនងជាការដឹងបែបធម្មតាថា កម្លាំងសន្តិសុខរបស់ខ្លួនប្រហែលជាមិនដឹងអំពីចេតនាណាមួយទេ ហើយនឹងដាក់សម្ពាធទៅលើសកម្មភាពដើរហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាច្រើនម៉ឺននាក់។
លោក មឿន តុលា បានមានប្រសាសន៍ថា “ពួកគេយល់ឃើញថា ចំនួនប្រជាជនដែលចូលរួមធ្វើបាតុកម្មមានច្រើនជាងចំនួនសមាជិកកងរាជអាវុធហត្ថ និងនគរបាលប្រឆាំងកុបកម្ម ដែលអាចធ្វើប្រតិបត្តិការបង្ក្រាបបាន”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ប្រសិនបើមានបាតុកម្មមួយ ដែលមានអ្នកចូលរួមត្រឹមតែ១០០នាក់ ឬក៏២០០នាក់ពួកគេអាចនឹងបង្ក្រាបម្តងទៀត”៕
ប្រែសម្រួលដោយ កង សុធា