26 C
Phnom Penh

​​​​​ប្រ​​ព័ន្ធ​ផ្សព្វ​​ផ្សា​​យ​​​ព័​​​ត៌​មា​ន​​​គាំ​ទ្រ​​​គ​ណ​​​ប​ក្ស​​​ប្រ​​ជា​​ជន​ចាប់ផ្តើមចាប់អារម្មណ៍គ​ណ​​បក្ស​ស​ង្គ្រោះ​​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​ក្នុ​ង​​ស្ថាន​​កា​​​រ​ណ៍​ក្រោ​យ​កា​រ​​បោះឆ្នោត​​​​ជ្រើស​រើស​តំណាង​រាស្រ្ត​កាលពី​ខែ​កក្កដា សារ​ព័ត៌មាន​ជា​ភាសា​ខ្មែរ​តែង​តែ​មិន​អើពើ​ចំពោះការ​ជួប​ជុំ​គ្នា​និង​បាតុកម្ម​​នៅតាម​ផ្លូវ​របស់គណបក្ស​ប្រឆាំងនោះទេ។

ក៏ប៉ុន្តែ អំឡុង​ការ​តវ៉ា​រយៈពេល​បី​ថ្ងៃ​កាលពី​សប្តាហ៍​មុន គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​មុខនៃ​សារ​ព័ត៌​មាន​ជាតិ​សរសេរ​ជា​ភាសា​ខ្មែរ​ល្បីៗ​ទាំង​អស់​។ ប្រព័ន្ធ​ផ្សាយ​តាម​ទូរទស្សន៍​ក៏​បាន​​ចាប់​ផ្តើមចំណាប់​អារម្មណ៍​​ការ​ប្រឆាំង​ផ្នែក​នយោ​បាយ​ដែល​គេ​មិន​អើ​ពើ​ជាយូ​រ​មក​ហើយ​នៅ​ក្នុង​ប្រទេស​នេះដែរ។

ទូរទស្សន៍​ជាតិកម្ពុជា​ ដែល​ជា​ទូរទស្សន៍​របស់​រដ្ឋ​បានផ្សាយ​យ៉ាង​ទៀង​ទាត់​អំពីសកម្ម​ភាពមហា​បាតុកម្ម​ ហើយ​បណ្តាញព័ត៌មាន​កម្ពុជា ស៊ីអិន​ស៊ី​(CNC) ដែល​ជា​របស់អ្នក​ជំនួញ​ក្នុង​ស្រុក​មួយរូបគឺ លោក គិត​ ម៉េង បាន​អញ្ជើញ​ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណ​ បក្ស​​​​សង្គ្រោះ​​​ជាតិ​​​​ចូល​រួម​សម្ភាស​ន៍​ផ្សាយ​​​ផ្តាច់​មុខ​មួយ​ កាល​ពី​ថ្ងៃសុក្រ ទាក់ទង​នឹង​​​គោល​បំណង​របស់​គណបក្ស​ប្រឆាំង​ ក្នុង​ការ​ចាប់​ផ្តើម​កិច្ចចរចា​ឡើង​វិញជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បញ្ចប់​ភាពជាប់​គាំង​ផ្នែក​ន​យោ​បាយ​នាពេលបច្ចុប្បន្ន​។

អ្នក​និពន្ធ​នៅ​កាសែត​ក្នុង​ស្រុក​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ការ​ប្រែ​ប្រួល​នៃ​ការ​ផ្សព្វ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយអំពី​ស្ថានភាព​នយោ​បាយ​យ៉ាង​ខ្លាំងពី​ការ​ផ្តោត​តែ​​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ គ្រប់​គ្រង​អំណាច​ជាយូរ​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន គឺ​ជា​ផ្នែក​មួយនៃ​កិច្ច​ខិត​ខំ​ប្រឹង​​​​​ប្រែង ក្នុងការ​​​បង្កើន​ចំនួន​ប្រិយ​មិត្ត​អ្នកអាន​ និង​អ្នកទស្សនា​​របស់​ខ្លួន​ ក្រោយ​ពេល​បោះ​ឆ្នោត​​កាលពីខែ​កក្កដា ដោយ​គណបក្ស​ប្រឆាំង​​ទទួល​បាន​សន្លឹក​ឆ្នោត​ជិត​ពាក់​កណ្តាល​នៃ​សន្លឹក​ឆ្នោត​ជាង​ប្រាំមួយ​​​លានសន្លឹក​។

លោក សោម​​​ ឆាយា អគ្គនាយក​រង​របស់​ទូរ​ទស្សន៍​ស៊ីធីអិន (CTN) ដែល​ស្ថានីយអា​ណា​ព្យា​បាល​ទូរទស្សន៍​ ស៊ីអិន​ស៊ី (CNC) បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​​ សកម្ម​ភាព​របស់​គណបក្ស​ប្រឆាំង​ពី​ព្រោះ​យើង​ចង់​ទាក់​ទាញ​អ្នក​គាំទ្រ​គណ​​​បក្ស​ប្រឆាំង​​ឲ្យ​ឃើញ​ឯករាជភាព​របស់​​​បណ្តាញ​ទូរ​ទស្សន៍របស់​យើង​”។ លោកបាន​មានប្រសាសន៍​បន្ថែម​ទៀត ថា “​យើង​គ្រាន់​តែ​ចង់​ឲ្យ​​អ្នក​គាំទ្រគណបក្ស​ប្រឆាំង​វិល​មក​ទស្សនា​បណ្តាញ​ទូរទស្សន៍​របស់​យើងប៉ុណ្ណោះ”។

លោក ប៉ុល សារឿន អ្នក​និពន្ធ​សារព័ត៌​មានកោះ​សន្តិភាព​បាន​លើក​ឡើង​ផង​ដែរថា ការ​ផ្លាស់​ប្តូរ​នៃការ​ចេញ​ផ្សាយតែ​​អត្ថបទ​ទាក់​ទង​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា​ គឺ​ពាក់​ព័ន្ធ​នឹង​​ចរិត​ធម្ម​ជាតិ​នៃហិរញ្ញវត្ថុ ហើយការ​ផ្លាស់ប្តូរ​នេះ​​ធ្វើ​ឡើង​ក្នុង​គោល​បំណងក្នុង​ការ​ប្រឹង​ប្រែង​ទាក់​ទាញ​ប្រិយមិត្តអ្នក​អាន​ឲ្យ​បាន​កាន់​តែ​ច្រើន​ពី​មជ្ឈ​ដ្ឋាន​គាំទ្រ​គណបក្ស​​នយោ​បាយ​ទាំងពីរ។

លោក​បាន​មានប្រសាសន៍ថា “យើង​បាន​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​យើង​ដើម្បី​ទាក់​ទាញ​ប្រិយមិត្តអ្នក​អាន​ឲ្យ​បានកាន់​តែ​ច្រើន​ឡើងៗ”។ លោក​បាន​លើកឡើងបន្ថែម​ទៀតថា “គ្មាន​កាសែត​ណា​មួយ​អព្យាកឹ្រត ឬ​ឯករាជ្យ​១០០ភាគ​រយ​ទេ។ យើង​ត្រូវ​ធ្វើ​ឲ្យ​ស្ថាន​ភាព​​មានភាពប្រសើរ​ឡើង​ តាម​រយៈ​[ការ​ចេញ​ផ្សាយ​] អត្ថបទព័ត៌មាន​ដែល​មិន​លម្អៀង​​”។

ទោះ​ជា​យ៉ាង​ណា​ លោក មឿន ឈាន​ណារិទ្ធ នាយក​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​បាន​លើក​ឡើង​ថា បើទោះ​ជា​រូប​ភាពបង្ហាញ​ពីសកម្មភាព​ធ្វើ​​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ពេល​​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រមុខ​នៃ​កាសែត​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​នៅ​លើ​កម្មវិធី​ព័ត៌មាន​តាម​កញ្ចក់ទូរទស្សន៍​ក៏​ដោយ​ ក៏​ខ្លឹម​សារ​សំខាន់នៃព័ត៌មាន​នៅ​តែ​លម្អៀង​ទៅ​រក​គណបក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដដែល។

លោក មឿន ឈាន​ណារិទ្ធ បាន​លើក​ឡើង​​​បន្ថែម​ទៀតថា ដូចក្នុង​ឆ្នាំ​១៩៩៣ នៅ​ពេល​ដែល​ការ​បោះឆ្នោតប្រជា​ធិបតេយ្យ​ដំបូង​នៅ​កម្ពុជា​ឧបត្ថម្ភ​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយដែល​​គាំទ្រ​ គណបក្ស​ប្រជា​ជនកម្ពុជា​​បាន “បន្ត​រក្សា​ទំនាក់ ​ទំនង​នយោបាយ​របស់​ខ្លួន​ជាមួយ​គណ​បក្ស​កាន់​អំណាច​ ដោយ​នៅតែ​បន្តរក្សា​ការ​ផ្តោត​អារម្មណ៍​សំខាន់ទៅ​លើ​ផ្នែ​ក​វិជ្ជ​មាន​របស់​រដ្ឋា​ភិបាល និង​ផ្នែក​អវិជ្ជមាន​របស់​គណបក្ស​ប្រឆាំង​”។

លោក​ឈានណារិទ្ធ បាន​មាន​ប្រសាសន៍​បន្ត​ដូច្នេះថា “ពីមុន​ អំឡុងពេល​ និង​ក្រោយ​ពេល​បោះ​ឆ្នោត​ចប់​ភ្លាម [មាន​គោល​ន​យោ​បាយ​មួយ​] កំណត់​មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌​មាន​ទាក់​ទង​នឹង​គណបក្ស​ប្រឆាំង​។ ក៏ប៉ុន្តែ ពេល​នេះ​ ពួកគេ​ត្រូវ​មាន​វិជ្ជាជីវៈ​ឲ្យ​បានច្រើនជាង​ មុន​ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ព័ត៌មាន​ដោយ​ធ្វើ​តាម​អ្វី​ដែល​អ្នក​អាន​ចង់​បាន”។

ក្នុង​ច្បាប់​ចេញផ្សាយចុង​សប្តាហ៍​របស់​សារព័ត៌​មាន​ កោះ​សន្តិភាព​ កថាខណ្ឌ​ចំនួន​ពីរ​​ជួរឈរ ដែល​បង្ហាញ​រូប​ភាព​​របស់​មេគណ​បក្ស​ប្រឆាំង​ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​បានដឹក​នាំ​ការ​ដើរហែ​ក្បួន​​ទៅ​កាន់​ទីស្នាក់​ការ​របស់​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​​​នៅ​​​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចុះ​ផ្សាយ​ នៅ​លើផ្នែក​ខាង​លើនៃទំព័រ​មុខ​។ ​​​​ចំណង​ជើងអមរូប​ភាព​នៅ​លើ​អត្ថ​បទ​ជួរ​ឈរ​​មាន​ខ្លឹម​សារថា “​ដូរ​ក្រោយ​ការ​បោះ​ឆ្នោត​=រដ្ឋ​ប្រហារ​៖ សហ​ប្រជាជាតិ​មិន​អាច​ឲ្យ​កម្ពុជា​វិល​ត្រ​ឡប់​ទៅ​រក​សោក​នាដកម្ម​វិញ​ទេ”។

នៅ​ក្នុង​​អត្ថបទរូប​ភាព​នេះ​ មានការ​វែក​ញែក​ ​​​​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ក្នុងការ​ជំរុញ​​សហ​គមន៍​អន្តរជាតិ​ ឲ្យធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​ក្រោយ​ការ​បោះ​ឆ្នោត​នៅកម្ពុជា មិនមាន​​​លទ្ធផល​ប្រកប​ដោយ​​​ផ្លែផ្កាទេ​។

អត្ថ​បទ​​សារ​ព័ត៌មានកោះ​សន្តិភាពដែល​ត្រូវ​​បាន​ចេញ​ផ្សាយ​ តាមបែប​ប្រពៃណី​ នេះ​ មាន​ខ្លឹម​សារ​​ថា “ នៅថ្ងៃ​ទី​២៣ ខែតុលា បក្ស​ប្រឆាំង​បានយកលេស​ជាថ្មីថា ពួកគេ​ប្រារព្ធ​ពិធី​២៣ ខែ​តុលា ​​​ដើម្បីរំឭក​​​ខួបគម្រប់​​​២២ឆ្នាំ​នៃការ​ចុះហត្ថលេខា​លើកិច្ចព្រម​​​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ការ​ពិត​ ពួក​បក្ស​ប្រ​ឆាំង បានយក​ទិវា​នេះ​បំផុស​បំផុល​ចលនា​មិន​​ទទួល​ស្គាល់​ភាពស្របច្បាប់នៃរាជ​រដ្ឋា​ភិ​បាល​ថ្មី”។

កាលពីថ្ងៃសុក្រ អត្ថបទ​ក្នុងសារព័ត៌​មាន​​កម្ពុជា​ថ្មី​​ ដែល​ជាកម្មសិទ្ធិ​​របស់​កូន​ស្រីលោក នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ថា ក្រុម​​មេដឹក​នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ថត​រូប​ និង​ផ្សាយ​នៅ​លើ​ទំព័រ​មុខ​ ពេល​យក​​​ញត្តិ​ទៅ​ឲ្យ​ស្ថានទូត​សហរដ្ឋ​អា​មេ​រិក​ប្រចាំ​​​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ។         ចំណង​ជើង​អម​មាន​ខ្លឹម​សារ​​ថា “ គណ​បក្ស​សង្គ្រោះ​​ជាតិ​ធ្វើ​បាតុកម្ម​ខុស​ពី​ការ​កំណត់​​តាម​​ដែល​​​បាន​ព្រម​ព្រៀង​គ្នា​” ខណៈ​ដែល​អត្ថ​បទ​នេះ​បាន​បន្ត​ខ្លឹមសារ​យ៉ាង​លម្អិត​​​ថា តើ​គណ​​​​​​បក្ស​សង្គ្រោះជាតិ​បាន​រំលោភ​កិច្ច​ព្រម​ព្រៀង​របស់​ខ្លួន​ជាមួយ​ក្រសួងមហា​​​​​​​​​​ផ្ទៃ ដោយ​​​របៀប​​​ណា​។ អត្ថ​បទ​​​នេះ​​គូស​​​​បញ្ជាក​​​​​​់​​​​
ថា ចំនួន​បាតុករ​របស់​គណបក្ស​ប្រឆាំង​បាន​ធ្លាក់​ចុះ​គួរ​ឲ្យកត់​សម្គាល់​តាំង​​​ពីថ្ងៃ​ដំបូង​នៃ​ការ​ត​វ៉ា​។

លោក ប៉ែន សមិទ្ធិ  និពន្ធ​នាយក​សារ​ព័ត៌​មាន​រស្មី​កម្ពុជា​ ដ៏​មាន​ប្រជាប្រិយភាព និង​​​​បាន​ផ្តោត​សំខាន់បំផុត​ទៅ​លើ​វិសាល​ភាព​នៃ​បាតុ​​កម្ម​របស់​គណបក្សសង្គ្រោះជាតិ​ ទៅ​លើ​ការ​ព្រួយ​បារម្ភរបស់​រដ្ឋាភិបាល​ អំពី​ស្ថាន​ភាព​សន្តិ​សុខ​ បាន​លើក​ឡើង​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សារព័ត៌មានលោក​​​​ឲ្យ​កាន់​តែ​អព្យា​ក្រឹតថែម​​​​ទៀត​ ក្នុង​ការ​ចេញ​ផ្សាយ​ អំពី​បាតុកម្ម​កាល​ពី​សប្តាហ៍​មុន ​មិន​បាន​​​ទទួល​ជោគ​ជ័យ​ទេ​ ​ដោយ​សារ​អ្នក​នយោ​បាយ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក សមិទ្ធិ​ បាន​មានប្រសាសន៍​ដូច្នេះ​ថា “យើង​បាន​ប្រឈម​នឹង​ការ​លំបា​ក​ក្នុង​ការ​ចេញ​ផ្សាយ​ព្រឹត្តិការណ៍​នេះ ពីព្រោះ​គណ​​​បក្ស​​​​​ប្រឆាំង​មិន​ចូលចិត្ត​កាសែត​របស់​យើង​ និង​បាន​រិះ​គន់​ថា ជា​កាសែត​គាំទ្រ​គណបក្ស​ប្រជា​​​​​​ជន​កម្ពុជា​ ហើយ​ពេល​ខ្លះ​មន្ត្រី​គណ​​​បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​មិន​ផ្តល់​អត្ថា​​​ធិប្បាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់​យើង​ទេ”។

លោក ឆាយ សុផល គ្រូឧទ្ទេស​ផ្នែក​សារព័ត៌មាន​ និង​ជា​អ្នក​និពន្ធ​របស់​គេហទំព័រ​ ខេមបូឌា ញូស (Cambodia News) បាន​លើក​ឡើង​ថា ខណៈដែល​អ្នក​និពន្ធ​ និង​ចាង​ហ្វាង​​កំពុង​តែ​ធ្វើការ​ប្រឹង​ប្រែង​ចុះ​ផ្សាយ​ព័ត៌មាន​ឲ្យ​កាន់​តែមាន​តុល្យភាព​ក្នុង​ការ​ប្រឹង​ប្រែង​ ក្នុង​ការទាក់​ទាញ​ប្រិយមិត្តអ្នក​អាន​ឲ្យ​បាន​កាន់​តែ​ច្រើន​ពី​គណបក្ស​ប្រ​ឆាំង​ ពួកគេ​នៅ​តែ​ភ័យ​ខ្លាច​អំពី​ការ​ចេញ​ផ្សាយ​អត្ថបទ​រិះ​គន់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

លោក​ សុផល បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា “នេះ​ជា​ការ​ប្រកួត​ប្រជែង​ក្នុង​ប្រព័ន្ធ​ផ្សព្វ​​​ផ្សាយ​ ដូច្នេះ​ពួកគេ​ព្យាយាម​ទាក់​ទាញ​អ្នក​អាន​ និង​អ្នក​ទស្សនា​របស់​ខ្លួន​។ នោះ​ជា​មូល​ហេតុ​ដែល​ពួកគេ​ធ្វើការ​កែ​ប្រែ​ការ​ចេញ​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន។ ពួកគេ​បង្ហាញ​រូប​ភាព​ [របស់​គណបក្ស​សង្គ្រោះ​ជាតិ​] ប៉ុន្តែ​នៅ​តែ​រិះ​គន់​” គណបក្ស​នេះ​ដដែល។ លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា “ពួកគេ​នៅ​តែ​ខ្លាច​ នោះ​គឺ​ជា​មូល​ហេតុ​ ដែល​ខ្លឹម​សារ​អត្ថ​បទ​នៅ​តែ​គាំទ្រ​រដ្ឋាភិបាល​​ដដែល​ ទោះបី​ជា​ពួកគេបង្ហាញ​រូប​ភាព​នោះ​ក៏​​ដោយ”៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស