កាលពីថ្ងៃសៅរ៍ លោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពិធីចែកអំណោយរបស់កាកបាទក្រហមកម្ពុជាដល់ជនរងគ្រោះដោយសារទឹកជំនន់ ដើម្បីថ្កោលទោសចំពោះការធ្វើបាតុកម្ម និងការហែក្បួនរយៈពេលបីថ្ងៃរបស់គណបក្សសង្គ្រោះជាតិនៅក្នុងក្រុងភ្នំពេញកាលពីសប្ដាហ៍មុន ដែលបានខិតខំប្រឹងប្រែងដើម្បីបោកបញ្ឆោតប្រជាជនកម្ពុជា។
លោកស្រី ប៊ុន រ៉ានី បានធ្វើជាប្រធានកាក បាទក្រហមកម្ពុជាចាប់តាំងពីបានកាន់កាប់តួនាទីនេះបន្តពីភរិយារបស់ព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ នាយករដ្ឋមន្ត្រីទី១ ដែលត្រូវបានបណ្ដេញចេញកាលពីឆ្នាំ១៩៩៨ ហើយលោកស្រីបានធ្វើដំណើរទៅក្រុងប៉ៃលិន ដើម្បីចែកអំណោយឲ្យជនរងគ្រោះដោយសារទឹកជំនន់នៅពេលបច្ចុប្បន្នប្រហែល២.១៨៨នាក់។ ទឹកជំនន់នេះបានសម្លាប់មនុស្សអស់១៦៨នាក់នៅទូទាំងប្រទេស ហើយធ្វើឲ្យមនុស្សជាង៥០.០០០គ្រួសារបាត់បង់ទីជម្រកនៅទូទាំងប្រទេសក្នុងរយៈពេលមួយខែមកនេះ។
បន្ទាប់ពីការថ្លែងសុន្ទរកថាខ្លីមួយរបស់លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន និងជាអតីតកងអង្គរក្សរបស់ប៉ុល ពត នោះ លោកស្រី ប៊ុន រ៉ានី បានមានប្រសាសន៍ថា ការតវ៉ារបស់គណបក្សសង្គ្រោះជាតិ គឺដើម្បីចង់បានតែតួនាទីល្អនៅក្នុងរដ្ឋាភិបាលសម្រាប់មេដឹកនាំគណបក្សប្រឆាំងតែប៉ុណ្ណោះ ហើយគណបក្សនេះមិនចាប់អារម្មណ៍ពិតប្រាកដចំពោះការរកយុត្តិធម៌ឲ្យប្រជាជនទេ។
លោកស្រី ប៊ុន រ៉ានី ក៏បានមានប្រសាសន៍ទំនងជាសំដៅដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា “ពួកគេបោកបញ្ឆោតប្រជាជនជារៀងរាល់ថ្ងៃ ដើម្បីបានអំណាច ឧទាហរណ៍ ប្រសិនបើគេឲ្យតំណែងប្រធានរដ្ឋសភាទៅគាត់ គាត់នឹងទទួលយកភ្លាម”។
លោកស្រី ប៊ុន រ៉ានី បានពន្យល់ប្រាប់ថា លោកស្រីគិតថា ការខំប្រឹងប្រែងរបស់គណបក្សប្រឆាំងក្នុងការរៀបចំការហែក្បួននៅក្នុងទីក្រុងភ្នំពេញ ដែលមានមនុស្សរាប់សែននាក់ចូលរួម ដើម្បីអំពាវនាវឲ្យមានការផ្លាស់ប្ដូររដ្ឋាភិបាលនោះ គួរតែផ្ដោតលើការជួយជនរងគ្រោះដោយសារទឹកជំនន់វិញ។ លោកស្រីបានមានប្រសាសន៍ថា “ពួកគេនិយាយថា ពួកគេស្វែងរកយុត្តិធម៌សម្រាប់ឆន្ទៈរបស់ប្រជាជន ប៉ុន្តែឥឡូវនេះឆន្ទៈរបស់ប្រជាជន គឺត្រូវការអង្ករ ដូច្នេះហេតុអ្វីបានជាពួកគេមិនជួយប្រជាជនទាំងនោះ?”។ លោកស្រីបានប្រាប់ប្រជាជនថា ពួកគេអាចសុំជំនួយតែពីគណបក្សប្រជាជនកម្ពុជារបស់ស្វាមីលោកស្រីប៉ុណ្ណោះ។
លោកស្រី ប៊ុន រ៉ានី បានមានប្រសាសន៍ថា “នៅពេលមានទឹកជំនន់ ឬឧប្បត្តិហេតុផ្សេងទៀត ពុកម៉ែបងប្អូនបានមើលឃើញហើយថា មិនមានគណបក្សផ្សេងចុះមក ជួយពុកម៉ែបងប្អូននៅទីនេះទេ គឺមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ពីព្រោះមន្ត្រីរាជការទាំងអស់សុទ្ធតែជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា”។
អំឡុងពេលធ្វើបាតុកម្មរយៈពេលបីថ្ងៃលើកទី២របស់ខ្លួនកាលពីសប្ដាហ៍មុន គណបក្សសង្គ្រោះជាតិបានដាក់ញត្តិទៅការិយាល័យអង្គការសហប្រជាជាតិ ដោយមានស្នាមមេដៃប្រជាជនជាង២លាននាក់ ដើម្បីស្នើសុំឲ្យមានការអន្តរាគមពីអន្តរជាតិ បន្ទាប់ពីមានជម្លោះនៅក្នុងការបោះឆ្នោត ខណៈដែលមានមនុស្សប្រហែល២៥.០០០នាក់ដើរក្បួនតាមផ្លូវក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ ដើម្បីដាក់ញត្តិជូនស្ថានទូតបរទេស។
លោកស្រី ប៊ុន រ៉ានី បានលើកឡើងថា នៅពេលអនាគតមនុស្សទាំង២លាននាក់ដែលបានផ្ដិតមេដៃលើញត្តិរបស់គណបក្សសង្គ្រោះជាតិគួរតែទាមទារសំណងចំពោះការគំាទ្ររបស់ខ្លួនលើគណបក្សប្រឆាំង។ លោកស្រីបានមានប្រសាសន៍ថា “សូមពុកម៉ែបងប្អូនទាំងអស់ ពេលក្រោយនៅពេលដែលគេសុំឲ្យបងប្អូនផ្ដិតមេដៃ ត្រូវសួរពួកគេរកមូលហេតុ បើផ្ដិតមេដៃឲ្យដី អង្ករ ឬសម្លៀកបំពាក់ ចំាផ្ដិតមេដៃឲ្យ។ ប្រសិនបើពួកគេមិនប្រាប់មូលេហតុច្បាស់លាស់ទេ សូមបងប្អូនកុំផ្ដិតមេដៃឲ្យ”។
លោកស្រី ម៉ែន នារីសុភ័ក្រ អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយកាលពីម្សិលមិញនៅពេលសួរថា តើការដែលលោកស្រី ប៊ុន រ៉ានី រិះគន់គណបក្សប្រឆាំងនេះត្រឹមត្រូវ ឬមិនត្រឹមត្រូវក្នុងនាមជាប្រធានកាកបាទក្រហម ជាស្ថាប័ន ដែលមានឈ្មោះអព្យាក្រឹតផ្នែកនយោបាយនោះ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកគិតថា គណបក្សប្រជាជនកម្ពុជាកំពុងរកវិធីផ្សេងទៀត ដើម្បីរិះគន់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីតួនាទីរបស់លោក ហ៊ុន សែន រងការប៉ះពាល់ក្រោយពីការបាត់បង់សំឡេងឆ្នោតដ៏ច្រើននៅក្នុងការបោះឆ្នោតនេះ។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងក្រុមការងារគណបក្សសង្គ្រោះជាតិបានចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់ទាំងមុនការធ្វើបាតុកម្ម និងក្រោយការធ្វើបាតុកម្ម។ ក្នុងរយៈពេលពីរបីសប្ដាហ៍មកនេះ យើងបានអំពាវនាវទៅ ដល់ប្រជាជនខ្មែរ ដែលរស់នៅក្រៅប្រទេសឲ្យជួយផ្ដល់ជំនួយ ហើយយើងបានខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់”។លោកបានបន្ថែមថា “យោងតាមអ្នកសង្កេតការណ៍ជាច្រើនឲ្យដឹងថា តាមពិតយើងបានចែកអំណោយសកម្មជាងកាកបាទក្រហមទៅទៀត”។
កាកបាទក្រហមគឺជាអង្គការផ្ដល់ជំនួយមនុស្សធម៌ ដែលទទួលមូលនិធិច្រើននៅក្នុងប្រទេស ដោយមានពាណិជ្ជករ និងអ្នកនយោបាយសំខាន់ៗ ដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជានកម្ពុជាបានបរិច្ចាគថវិកាផ្ទាល់ដៃសរុបចំនួន១៤លានដុល្លារដល់លោកស្រី ប៊ុន រ៉ានី កាលពីថ្ងៃទី៨ ខែមីនា អំឡុងពេលប្រារព្ធទិវាកាកបាទក្រហមពិភពលោក។
ទោះជាយ៉ាងណា កាកបាទក្រហមនេះទទួលរងការរិះគន់ពីមន្ត្រីមូលដ្ឋានចំពោះការមិនផ្ដល់ជំនួយឲ្យបានទាន់ពេល ជាពិសេសនៅក្នុងដំណាក់កាលដំបូងនៃគ្រោះទឹកជំនន់។ ប្រធានកាកបាទក្រហមខេត្តមួយរូបបានប្រាប់អ្នកយកព័ត៌មាននៅពេលនោះថា កាកបាទក្រហមកម្ពុជាមិនអាចជួយប្រជាជនបានទេនៅពេលដែលបុគ្គលិកឈប់សម្រាកនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណបក្សសង្គ្រោះជាតិ ដែលបានរិះគន់គណបក្សធំៗទាំងពីរចំពោះការយកកម្មវិធីចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់នាពេលថ្មីៗនេះធ្វើនយោបាយនោះបានមានបន្ទូលថា កាកបាទក្រហមជាប់ពាក់ព័ន្ធនឹងនយោបាយយ៉ាងខ្លាំងនៅក្រោមរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។
ព្រះអង្គម្ចាស់បានមានបន្ទូលថា “គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សម៉ាកឡេនិននិយមដដែល ដូច្នេះហើយគ្រប់ស្ថានប័នទាំងអស់ត្រូវបម្រើផលប្រយោជន៍របស់គណបក្សនេះ។ រឿងនេះត្រូវបានគេយល់បែបនេះឯង”៕
ប្រែសម្រួលដោយ មូល គឹមហឿន