40.6 C
Phnom Penh

លោក​ សម រង្ស៊ី បង្ហាញ​ចំណុច​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​កិច្ច​ចរចា​ជុំ​បន្ទាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​​បាន​លើក​ឡើង​កាលពីម្សិលមិញថា គណបក្ស​សង្គ្រោះ​ជាតិនឹង​អំពាវ​នាវ​ជា​ផ្លូវការ​ដល់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​សប្ដាហ៍នេះ​ឲ្យ​ត្រឡប់​ចូល​តុចរចា​វិញ​ដើម្បី​បញ្ចប់ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នាពេលបច្ចុប្បន្ន​ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​ត្រូវ​ឆ្លើយ​​តប​ទៅ​នឹង​លក្ខខណ្ឌ​របស់​គណបក្ស​​សង្គ្រោះ​ជាតិ សម្រាប់​កិច្ច​ចរចាបន្ទាប់​។

លោក​ សម រង្ស៊ី មាន​ប្រសាសន៍​ថា “ឥឡូវ​​បាតុកម្ម​បាន​បញ្ចប់កាលពីថ្ងៃ​សុក្រ ហើយ​យើង​​​នឹង​ឆ្លើយ​តប​ទៅនឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ”។ លោក​បាន​លើក​ឡើង​បន្ថែ​ម​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​លក្ខខណ្ឌ​ជាមុន​ចំនួន​បី​ចំណុច​​សម្រាប់​ការ​ត្រឡប់ចូល​តុ​ចរចា​នេះ​។

លោក​​មាន​ប្រសាសន៍​ថា ទី១ សមាជិក​សភា​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ទទួល​​​​យក​អាសនៈ​របស់​ខ្លួន​​នៅ​ក្នុង​រដ្ឋសភា​តាម​ការ​ទាម​ទារ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ មុន​​ពេល​កិច្ច​ចរចា​ត្រូវ​បាន​ធ្វើ​ឡើង​ទេ។ លោក​បាន​បន្ត​ថា សមាជិក​ទាំង​ប្រាំបួន​រូប​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិរៀ​ប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប.) ត្រូវ​តែ​លាលែង​ពី​តំណែង​​។ លោក​ក៏​បាន​​លើក​ឡើង​ផង​ដែរ​ថា កម្មវិធី​កំណែ​ទម្រង់​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល​ត្រូវ​តែ​ផ្អែកលើ​អនុសាសន៍​របស់​លោក សូរិយា ស៊ូបេឌី (Surya Subedi) ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ (UN) ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍ថា “មុន​ពេល​ចាប់​ផ្ដើម​កិច្ច​ចរចា​ យើង​ចង់​ឲ្យ​ថ្នាក់​ដឹកនាំ​បច្ចុ​ប្បន្ន​នៅ​ គ.ជ.ប. លាលែង​ពី​​តំណែង​”។ លោក​បាន​បន្ថែម​ថា “យើង​ចង់​ឲ្យ​គណបក្ស​ប្រជា​ជន​ឯក​ភាព​ថា កិច្ច​ចរចានេះ​នឹង​មិន​ធ្វើ​ឡើង​នៅ​រដ្ឋសភា​​ទេ។ ពួកគេ​មិន​ត្រូវ​គិត​ថា យើង​នឹង​ចូល​រួម​ក្នុង​រដ្ឋសភា​មុន​ទេ”។

ទាក់​ទង​ទៅ​នឹង​កិច្ច​ប្រជុំ​អំពី​ការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈយ៉ាង​ច្រើន​ និង​ដែល​រដ្ឋា​ភិបាល​​បាន​រៀប​ចំ​គម្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​ លោក សម រង្ស៊ី បានលើក​ឡើង​ថា កិច្ច​ប្រជុំនេះ​មិន​ចាំបាច់​ទេ ដោយ​សារ​តែ​ស្ថាប័ន​ផ្សេងៗ​ដូចជា​ អង្គការ​សហ​ប្រជាជាតិ សហ​ភាព​អឺរ៉ុប (EU) វិទ្យាស្ថានជាតិ​ប្រជា​ធិបតេយ្យ​ (NDI) ​មាន​មូល​ដ្ឋាននៅសហរដ្ឋ​អាមេរិក និង​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​​​សេរី​ និង​យុត្តិធម៌​នៅកម្ពុជា (ខុម​ហ្វ្រែល​) ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ បាន​ផ្ដល់អនុសាសន៍​ជា​ច្រើន​រួច​មកហើយ ទាក់ទង​នឹង​របៀប​របប​អនុវត្ត​​ដំណើរការ​បោះ​ឆ្នោត​​ដែល​ត្រូវ​រៀប​ចំ​ឡើង​វិញ​ឲ្យ​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ​។

លោក សម រង្ស៊ី បានមាន​ប្រសាសន៍​ថា “យើង​នឹង​ប្រាប់​គណបក្ស​ប្រជា​ជន​ថា មិន​មាន​ភាព​ចាំបាច់​ដែល​ត្រូវ​រៀប​ចំ​សិក្ខាសាលា​ដើម្បី​ប្រមូល​យោបល់​ទេ ពីព្រោះគណបក្ស​ប្រជាជន​ដឹង​ថា យោបល់​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង​ដោយ​សង្គម​ស៊ីវិលរួ​ចហើយ។ សូមកុំ​ចំណាយពេល​ឥត​ប្រយោជន៍​​សម្រាប់​ប្រមូល​យោបល់​អី”។

ក៏ប៉ុន្តែ​លោក ជាម យៀប សមាជិក​សភា​ជាន់​ខ្ពស់​ និងជា​អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​លើក​ឡើង​ជា​ថ្មីម្ដង​ទៀត​កាល​ពីម្សិលមិញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​មិន​ចូល​តុ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ទេ ដរាប​ណា​សមាជិក​សភា​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្សសង្គ្រោះ​ជាតិ​មិន​ទៅ​ស្បថ​នៅ​ព្រះ​បរម​រាជវាំង​ ក្នុងនាម​ជា​សមា​ជិកសភា​ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​សភា​នា​ពេល​បច្ចុប្បន្ន​របស់​សមាជិក​សភា​ទាំង​នេះ​ទេ​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ត្រូវ​ឱន​ក្បាល​ ហើយ​ចរចា​ជាមួយ​អ្នក​ចាញ់​ទេ។ យើង​ជា​អ្នក​ឈ្នះ​ឆ្នោត​ ​​​​មិន​ស្នើ​ឲ្យ​អ្នក​​​​ចាញ់​ [ឲ្យ​ត្រឡប់​មក​រក​តុ​ចរចា​វិញ​] មុន​ទេ​ ក៏​ប៉ុន្តែ​ អ្នក​ចាញ់​ត្រូវ​ចេះ​បត់បែន​ [ប្រសិន​បើ​ពួក​គេ​ចង់​បន្ត​ការ​ចរចា​ ] ” ។ លោក ជាម យៀប បាន​មាន​ប្រសាសន៍​​បន្ត​ថា “ មាន​កិច្ច​ចរចា​ ឬ​មិន​មាន​កិច្ច​ចរចារ ​យើង​គ្រាន់​តែ​ត្រូវ​បន្ត​ការ​ងារ​របស់​យើង​”។

បន្ទាប់​ពី​កិច្ច​ចរចា​ជុំ​ដំបូង​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​១៦ និ​ង​ទី​១៧​ ខែកញ្ញា មេដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាព​គ្នា​ថា ប្រព័ន្ធ​បោះ​ឆ្នោត​ចាំ​បាច់​ត្រូវ​មាន​ការ​កែទម្រង់​។ ទោះជា​យ៉ាង​ណា ​មិន​មាន​កម្មវិធីកែទម្រង់​ជាក់លាក់​​ត្រូវ​បាន​កំណត់​ទេ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​ជោគ​ជ័យ​បន្តិច​បន្តួច​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​បង្កើត​គណៈកម្មាធិការ​រួម​មួយ​ជាមួយ​គណបក្ស​ប្រជា​ជនកម្ពុជា ដើម្បី​ស៊ើប​អង្កេត​​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដាកន្លង​ទៅនេះ​។

ក្រោយ​បាតុកម្ម​រយៈ​ពេល​បីថ្ងៃ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​ លោក ហ៊ុន សែន បាន​អប​អរ​សាទរ​អាជ្ញាធរ​រដ្ឋាភិបាល​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដែល​មិន​បាន​បង្ក​អំពើ​ហិង្សា​អំឡុង​បាតុកម្ម​ទាំង​នេះ​ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​ចេញផ្សាយ​ដោយ​អង្គ​ភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។ ការ​អប​អរ​សាទរ​របស់​លោក​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​។ សេចក្ដី​ថ្លែង​ការណ៍​នោះ មានខ្លឹម​សារ​ថា “ [លោក ហ៊ុន សែន ] សូម​សម្ដែង​ការកោត​​សរ​​សើរ​ដល់​បាតុករ​តវ៉ា​ និង​មេដឹកនាំ​របស់​ពួកគេ​ដែល​បាន​រក្សា​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​​​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ដើម្បី​ជៀស​ផុត​ពីសកម្មភាព​មិន​ប្រក្រតី​”៕

ប្រែសម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស